ដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យ
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក • ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ • រោងឧបោសថ សលត៍ លេក
អែលឌើរ ឌេល ជី រិនឡាន់ ៖ សូមអរគុណ ។ យើងជួបជុំគ្នានៅក្នុងរោងឱបោសថ ទីក្រុង សលត៍ លេកជាប្រវត្តិសាស្ត្រ ប៉ុន្តែអ្នកស្ដាប់ទាំងឡាយរបស់យើងមាននៅជុំវិញពិភពលោក ។ នៅក្នុងបទគម្ពីរ ព្រះអម្ចាស់បង្គាប់ឲ្យយើង ចងចាំ ។ ការចងចាំនូវមរតករួមរបស់យើងអំពីសេចក្ដីជំនឿ ការលះបង់ និងការតស៊ូផ្ដល់ឲ្យយើងនូវទស្សនវិស័យ និងកម្លាំង កាលយើងជួបនឹងការប្រឈមក្នុងជំនាន់របស់យើង ។
វាមាននូវគោលបំណងដើម្បី « នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស »១ ដែលយើងមានសៀវភៅទាំងបួនភាគនៃ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ នេះ ។ ភាគទីបីត្រូវបានបោះពុម្ពរួចរាល់ ។ ប្រវត្តិនិទាននេះមានបញ្ចូលនូវដំណើររឿងអំពីពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់នៅសម័យមុន ។ វាផ្តល់ឲ្យយើងនូវគំរូក្នុងជីវិតពិតនៃមនុស្សដែលស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បានធ្វើសេចក្តីសញ្ញា ហើយបានផ្លាស់ប្រែតាមផ្លូវនៃសេចក្តីសញ្ញា ដើម្បីមកស្គាល់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។
ស៊ីស្ទើរ រុស្ស អិល រិនឡាន់ ៖យើងរីករាយដើម្បីផ្ដោតទៅលើបទពិសោធន៍ជីវិតពិតដែលប្អូនៗអាចអានបាននាពេលឥឡូវនេះនៅក្នុង ពួកបរិសុទ្ធ: ដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យដែលជាភាគទីបីនៃសៀវភៅនេះ ។ ភាគនេះរៀបរាប់ពីប្រវត្តិសាសនាចក្រនៅចន្លោះការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធសលត៍ លេក ក្នុងឆ្នាំ ១៨៩៣ និងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ប៊ឺន ស្វីស ក្នុងឆ្នាំ ១៩៥៥ ។ ក្នុងអំឡុងពេលនេះ វិវរណៈជាបន្តបន្ទាប់ត្រូវបានបើកសម្ដែងនៅក្នុងសាសនាចក្រតាមរយៈពួកព្យាការីរបស់ព្រះអម្ចាស់ និងចំពោះសមាជិកម្នាក់ៗ ។ សៀវភៅ ពួកបរិសុទ្ធភាគ ទីបីជួយយើងឲ្យយល់ដឹងអំពីប្រវត្តិរបស់យើងផ្ទាល់ ប្រជាជនដែលបានរស់នៅក្នុងប្រវត្តិសាស្ត្រនោះ និងព្រះអង្គសង្គ្រោះរបស់យើង ។
អែលឌើរ រិនឡាន់ ៖ក្នុងអំឡុងពេលនេះ ជីដូនជីតារបស់ខ្ញុំទាំងបួនរូបបានចូលជាសមាជិកសាសនាចក្រ ។ ឪពុកម្ដាយរបស់ខ្ញុំបានធ្វើចំណាកស្រុកទៅកាន់ទីក្រុងសលត៍ លេក ដោយសារពួកគាត់បានធ្វើការសន្យាមួយដើម្បីរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅទ្វីបអឺរ៉ុបក្នុងឆ្នាំ ១៩៥០ គឺគ្មានព្រះវិហារបរិសុទ្ធទេ ។ ពួកគាត់ម្នាក់ៗបានទទួលអំណោយទានពិសិដ្ឋរបស់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក ដោយស្ដាប់សេចក្ដីណែនាំជាភាសាអង់គ្លេសដោយការយល់បានបន្តិចបន្តួច ។ ពួកគាត់បានរៀបការ ហើយបានផ្សារភ្ជាប់ ព្រមទាំងបានចាត់ទុកថាពួកគាត់មានពរដ៏នៅអស់កល្ប ។ ពួកគាត់ ជ្រើសរើសដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធនោះ បានមានឥទ្ធិពលដ៏អស់កល្បមកលើជីវិតរបស់ខ្ញុំផងដែរ ។
សៀវភៅភាគទីបីពួកបរិសុទ្ធគឺជាមរតករបស់យើង មិនថាយើងជាកូនចៅអ្នកត្រួសត្រាយផ្លូវជំនាន់ដើម ដូចស៊ីស្ទើរ រិនឡាន់ បានធ្វើ ឬជាកូនចៅអ្នកត្រួសត្រាយផ្លូវជំនាន់ក្រោយ ដូចរូបខ្ញុំ ឬបើប្អូនៗគឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងសេចក្តីជំនឿ ។ ប្អូនៗគឺជាផ្នែកដ៏សំខាន់មួយនៃប្រវត្តិសាស្ត្រជាបន្តបន្ទាប់នៃសាសនាចក្រនេះ ។ យើងសូមអរគុណចំពោះអ្វីៗដែលប្អូនៗធ្វើដើម្បីបន្តស្ថាបនាគ្រឹះនៃសេចក្ដីជំនឿដែលដូនតារបស់ប្អូនៗបានសង់ឡើង ។ « យើងសូមអធិស្ឋានថាសៀវភៅ [ ពួកបរិសុទ្ធ ] ភាគនេះនឹងពង្រីកការយល់ដឹងរបស់ប្អូនៗអំពីអតីតកាល ពង្រឹងសេចក្ដីជំនឿរបស់ប្អូនៗ ហើយជួយប្អូនៗឲ្យចុះ និងរក្សាសេចក្ដីសញ្ញាដែលដឹកនាំទៅរកភាពតម្កើងឡើង និងជីវិតដ៏នៅអស់កល្បជានិច្ច » ។២
ស៊ីស្ទើរ រិនឡាន់ ៖ ខ្ញុំសប្បាយចិត្តដើម្បីចែកចាយដំណើររឿងចេញពីសៀវភៅ ពួកបរិសុទ្ធ ភាគ ៣ នេះ ។ តោះយើង ចាប់ផ្ដើម !
អែលឌើររិនឡាន់ ៖ ចូរយើងចាប់ផ្ដើមជាមួយនឹងឧទាហរណ៍មួយអំពីការស្ដារឡើងវិញជាបន្តបន្ទាប់របស់សាសនាចក្រនេះ ។ ប្រធាន រ័សុល អិម ណិលសុន បង្រៀនជាញឹកញាប់ថាការស្តារឡើងវិញ « គឺជាដំណើរការមួយ ពុំមែនជាព្រឹត្តិការណ៍មួយនោះទេ ហើយវានឹងបន្តកែលម្អ រហូតដល់ព្រះអម្ចាស់យាងមកម្តងទៀត » ។៣ គំរូមួយមកពីចុងបញ្ចប់នៃជីវិតរបស់ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ គឺជាការបង្ហាញមួយដ៏អស្ចារ្យ ។
នៅឆ្នាំ ១៩១៨ ប្រធាន ស្ម៊ីធ មានសុខភាពទ្រុឌទ្រោម ហើយលោកប្រហែលជាបានដឹងថា លោករស់នៅមិនបានយូរទេ ។ សេចក្ដីស្លាប់ហាក់ដូចជាបានក្រោបដណ្តប់លើលោក ។ ដំបូង កូនប្រុសបង្អស់របស់លោក ឈ្មោះ ហៃរ៉ុម បានធ្លាក់ខ្លួនឈឺ ហើយបានស្លាប់ដោយសារជំងឺរលាកខ្នែងពោះវៀន ។ ប្រធាន ស្ម៊ីធ បានសរសេរពីការឈឺចាប់របស់លោកនៅក្នុងសៀវភៅកំណត់ហេតុថា « ព្រលឹងខ្ញុំបានបែកខ្ញែកជាពីរ ។ … ឱ ! ព្រះអើយសូមជួយទូលបង្គំផង ! »៤ ទីពីរទុក្ខសោករបស់ប្រធាន ស្ម៊ីធ កាន់តែធ្ងន់ធ្ងរពេល អាយដា ដែលជាភរិយារបស់ហៃរ៉ុម បានស្លាប់ដោយសារជំងឺគាំងបេះដូងក្រោយមកមិនយូរប៉ុន្មាន ។
ទីបី លោកបានអានរបាយការណ៍ដ៏រន្ធត់អំពីសង្គ្រាមដែលបានកើតឡើងក្នុងពិភពលោក ។ អំឡុងសង្គ្រាមលោកលើកទី១ កងទ័ព និងប្រជាជនស៊ីវិល ២០ លាននាក់បានស្លាប់ ។ ទីបួន ជំងឺគ្រុនផ្តាសាយដ៏សាហាវមួយបានសម្លាប់មនុស្សជុំវិញពិភពលោក ។ ចំនួនមនុស្សស្លាប់ជុំវិញពិភពលោកមានយ៉ាងហោចណាស់ ៥០ លាននាក់ ។ ការស្លាប់ទាំងនេះបាននាំមកនូវទុក្ខសោក និងការឈឺចាប់ដែលមិនអាចរៀបរាប់បានដល់គ្រួសារទាំងឡាយ ។ ប្រធាន ស្ម៊ីធ បានទួញយំចំពោះការបាត់បង់ជីវិតទាំងនោះ ។ បន្ថែមពីលើនេះ លោកបានដេកលើគ្រែអស់រយៈពេលប្រាំខែ ។ យើងអាចនិយាយបានថា សេចក្ដីស្លាប់គឺស្ថិតនៅក្នុងគំនិតរបស់ព្យាការីរូបនេះ ។ ។
ខ្ញុំមានព្រះគម្ពីរប៊ីបរបស់ប្រធាន ស្ម៊ីធ នៅទីនេះ ។ លោកប្រហែលជាបានប្រើវាមួយឬមួយផ្សេងទៀតដូចជាដើម្បីជំរុញឲ្យមានវិវរណៈសំខាន់មួយ ។
ស៊ីស្ទើរ រិនឡាន់ ៖នៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ពេលលោក បានអង្គុយនៅក្នុងបន្ទប់របស់លោក « សញ្ជឹងគិតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីប្រោសលោះនៃពិភពលោកនេះ ។ លោកបានបើក … ទៅពេត្រុស ទី១ ហើយអានអំពីព្រះអង្គសង្គ្រោះប្រកាសដំណឹងល្អទៅកាន់ពួកវិញ្ញាណនៅក្នុងពិភពវិញ្ញាណ ។ … ព្រះវិញ្ញាណបានគ្របដណ្ដប់មកលើ [ ប្រធាន ស្ម៊ីធ ] [ ដោយ ] ប្រទានការយល់ដឹងដល់ [ លោក ] » ។ លោកបានឃើញពិភពវិញ្ញាណមាន « បុរស និងស្ត្រីសុចរិតជាច្រើនដែលបានស្លាប់ពីមុនការងារបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរមែងស្លាប់ បានរង់ចាំការយាងមកដល់របស់ទ្រង់នៅទីនោះពោរពេញដោយអំណរដើម្បីប្រកាសពីសេរីភាពរបស់ពួកគេឲ្យរួចផុតពីចំណងនៃសេចក្ដីស្លាប់ ។
« ព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយ … ហើយពួកវិញ្ញាណសុចរិតបានរីករាយ … ។ ពួកគេបានលុតជង្គង់នៅចំពោះទ្រង់ ដោយទទួលស្គាល់ទ្រង់ជាព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសរបស់ពួកគេឲ្យរួចពីសេចក្ដីស្លាប់ និងច្រវ៉ាក់នៃស្ថាននរក ។…
« … [ ប្រធាន ស្ម៊ីធ ]យល់ដឹងផងដែរថា ព្រះអង្គសង្គ្រោះមិនបានទៅជួបនឹងពួកវិញ្ញាណដែលមិនបានគោរពប្រតិបត្តិដោយផ្ទាល់នោះទេ ។ ផ្ទុយទៅវិញ ទ្រង់បានរៀបចំពួកវិញ្ញាណសុចរិត … ឲ្យនាំយកសារលិខិតដំណឹងល្អទៅកាន់ពួកវិញ្ញាណនៅក្នុងសេចក្ដីងងឹត ។ តាមរបៀបនេះ មនុស្សទាំងអស់ដែលបានស្លាប់ក្នុងអំពើរំលង ឬដោយគ្មានចំណេះដឹងអំពីសេចក្ដីពិតអាចរៀនអំពីសេចក្ដីជំនឿលើព្រះ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងរាល់គោលការណ៍ចាំបាច់ផ្សេងទៀតនៃដំណឹងល្អបាន ។…
អែលឌើរ រិនឡាន់ ៖« បន្ទាប់មក ព្យាការីបានយល់ឃើញថា អ្នកស្មោះត្រង់ … នៃគ្រាកាន់កាប់ត្រួតត្រានេះ នឹងបន្តការងាររបស់ពួកគេក្នុងជីវិតបន្ទាប់ ដោយប្រកាសដំណឹងល្អដល់វិញ្ញាណដែលស្ថិតក្នុងសេចក្ដីងងឹត និងនៅក្រោមចំណងនៃអំពើបាប ។ [ លោកបានសង្កេតឃើញថា ] ‹ មនុស្សស្លាប់ដែលប្រែចិត្តនឹងទទួលបានការប្រោសលោះ តាមរយៈការគោរពប្រតិបត្តិចំពោះពិធីបរិសុទ្ធនៃដំណាក់របស់ព្រះ…ហើយបន្ទាប់ពីពួកគេបានសងទោសនៃអំពើរំលងទាំងឡាយរបស់ពួកគេ ហើយត្រូវបានសម្អាតឲ្យបានស្អាតហើយ នោះនឹងបានទទួលរង្វាន់តាមការដែលគេបានប្រព្រឹត្ត ព្រោះពួកគេជាអ្នកគ្រងសេចក្ដីសង្គ្រោះទុកជាមរតក › ។
ស៊ីស្ទើរ រិនឡាន់ ៖ « … លុះព្រឹកស្អែក [ ប្រធាន ស្ម៊ីធ បានចូលរួម ] សម័យប្រជុំទីមួយនៃសន្និសីទទូទៅខែតុលា ទោះជាសុខភាពលោកទ្រុឌទ្រោមក្ដី ។ ដោយតាំងចិត្តថ្លែងទៅកាន់ក្រុមជំនុំ លោកបានឈរទាំងទ្រេតទ្រោតនៅលើវេទិកា ខ្លួនរបស់លោក[ នៅក្នុងអគារនេះ ]បានញ័រដោយសារតែប្រឹងឈរ ។ … ដោយគ្មានកម្លាំងនិយាយអំពីការនិមិត្តរបស់លោក និងដោយមិនចង់ឲ្យមានការរំជួលចិត្ត នោះលោកបានថ្លែងខ្លីៗពីរឿងនេះប៉ុណ្ណោះ ។ លោកបានប្រាប់ក្រុមជំនុំថា ‹ ខ្ញុំពុំបានរស់នៅតែឯងឡើយក្នុងរយៈពេលប្រាំខែមកនេះ › ។ លោកបានបន្តថា ‹ ខ្ញុំបាននៅក្នុងវិញ្ញាណនៃការអធិស្ឋាន ការទូលអង្វរ សេចក្ដីជំនឿ និងការប្តេជ្ញាចិត្ត ហើយខ្ញុំបានបន្តទាក់ទងជាមួយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ វាគឺជាការប្រជុំដ៏រីករាយមួយសម្រាប់ខ្ញុំនាព្រឹកនេះ › ។ ‹ សូមព្រះប្រទានពរដល់បងប្អូន › » ។៥
ប្រធាន ស្ម៊ីធ បានសរសេរវិវរណៈនេះទុកឲ្យកូនប្រុសរបស់លោកឈ្មោះ យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បន្ទាប់ពីសន្និសីទ ។ នេះគឺជាសំណៅមួយដែលលោកបានចុះហត្ថលេខា ហើយបានដាក់ស្នើទៅកាន់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពួកលោកបានអានការនិមិត្តនេះ ហើយបានយល់ស្របទាំងស្រុង៦ ហើយវាត្រូវបានប្រកាសថាជា កណ្ឌទី ១៣៨ នៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ឥឡូវនេះ យើងបានយល់ដឹងថា ព្រះខ្វល់ព្រះទ័យពីមនុស្សដែលនៅផ្នែកម្ខាងទៀតនៃវាំងនននៃជីវិតរមែងស្លាប់ ។ ទ្រង់មានព្រះទ័យខ្វល់ខ្វាយពីសេចក្ដីប្រោសលោះរបស់ពួកគេ ។ ប៉ុន្តែ« សេចក្តីស្លាប់ »ពិតជាមិនស្លាប់នោះទេ ។ ការស្ដារឡើងវិញជាបន្តបន្ទាប់បាននាំយកការយល់ដឹងនេះដល់យើង ហើយនាំយកការលួងលោម និងការបញ្ជាក់អំពីជីវិតបន្ទាប់នេះដល់យើងផងដែរ ។
អែលឌើរ រិនឡាន់ ៖ តាមរបៀបជាច្រើន វិវរណៈផ្ទាល់ខ្លួនតម្រូវឲ្យមានដំណើរការដូចគ្នាដែរ ។ ចំពោះខ្ញុំ ខ្ញុំត្រូវផ្ដោតលើបញ្ហា ។ ខ្ញុំត្រូវតែសិក្សាវា ហើយគិតអំពីវា ។ ខ្ញុំត្រូវរៀបចំដំណោះស្រាយមួយចំនួនយ៉ាងជាក់លាក់ ។ វាហាក់ដូចជាមានតែតាមរបៀបនេះប៉ុណ្ណោះទើបវិវរណៈផ្ទាល់ខ្លួនអាចសង្ឃឹមថានឹងកើតឡើងបាន ។ ជារឿយៗ វិវរណៈកើតឡើងចំពោះខ្ញុំជាសេចក្ដីបង្គាប់ខ្លីៗ ហើយច្បាស់ៗ ដូចជា « ទៅ » « ធ្វើ » ឬ « និយាយ ! »
ស៊ីស្ទើរ រិនឡាន់ ៖ ខ្ញុំក៏មានបទពិសោធន៍ដូចគ្នានេះដែរ ។ បន្ទាប់ពីខ្ញុំបានពិចារណា សិក្សា និងអធិស្ឋាន ជាញឹកញាប់ ខ្ញុំមានគំនិតនៅក្នុងចិត្តរបស់ខ្ញុំដែលខ្ញុំដឹងថា វាពុំមែនជាគំនិតរបស់ខ្ញុំឡើយ ។ វាតែងតែលើកទឹកចិត្តខ្ញុំថា ព្រះជ្រាបដឹងពីខ្ញុំ ហើយបំផុសគំនិតខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើល្អ ។
អែលឌើរ រិនឡាន់ ៖ជាញឹកញាប់ វិវរណៈកើតឡើង ដោយសារមានសេចក្ដីត្រូវការជាក់លាក់មួយ ។ គំរូដ៏អស្ចារ្យមួយបានកើតឡើងនៅសន្និសីទទូទៅ ខែ មេសា ឆ្នាំ ១៨៩៤ ។ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានប្រកាសទៅកាន់ទីប្រឹក្សារបស់លោក និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា លោកបានទទួលវិវរណៈមួយអំពីពិធីបរិសុទ្ធនៃការផ្សាភ្ជាប់ ។ លោកបានថ្លែងថា « ព្រះអម្ចាស់បានមានបន្ទូលប្រាប់ខ្ញុំថា វាគឺជារឿងត្រឹមត្រូវដើម្បីឲ្យកូនៗផ្សារភ្ជាប់ជាមួយឪពុកម្តាយរបស់ពួកគេ ហើយពួកគេទៅនឹងឪពុកម្ដាយរបស់ពួកគេតាមដែលយើងអាចមានកំណត់ត្រាបាន » ។៧ វិវរណៈនេះបានកើតឡើងលើសពី ៥០ ឆ្នាំបន្ទាប់ពីអេលីយ៉ាបានស្ដារសិទ្ធិអំណាចនៃពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។
ស៊ីស្ទើរ រិនឡាន់ ៖ នៅថ្ងៃអាទិត្យក្នុងសន្និសីទទូទៅឆ្នាំ ១៨៩៤ នោះ ប្រធាន វូឌដ្រុហ្វ បានប្រកាសថា « ‹ យើងមិនទាន់មានវិវរណៈទាំងអស់ឡើយ ។ … យើងពុំទាន់បានធ្វើចប់សព្វគ្រប់នូវកិច្ចការរបស់ព្រះទេ › ។ លោកបានលើកឡើងពីរបៀបដែលព្រិកហាំ យ៉ង់ បានបន្តកិច្ចការរបស់យ៉ូសែប ស្ម៊ីធ ដើម្បីសង់ព្រះវិហារបរិសុទ្ធ និងរៀបចំពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ប្រធាន វូឌដ្រុហ្វ បានរំឭកក្រុមជំនុំថា ‹ ប៉ុន្តែលោកមិនបានទទួលគ្រប់វិវរណៈទាំងអស់ ដែលទាក់ទងនឹងកិច្ចការនេះទេ › ។ ‹ សូម្បីតែប្រធាន ថៃលើរ ឬប្រធាន វិលហ្វួឌ វូឌដ្រុព្វ ក៏មិនទាន់មានគ្រប់ដែរ ។ កិច្ចការនេះពុំមានទីបញ្ចប់ឡើយ រហូតដល់វាបានល្អឥតខ្ចោះ › » ។៨
ចាប់តាំងពីជំនាន់ណៅវូមក សមាជិកបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនសម្រាប់សមាជិកគ្រួសារដែលបានស្លាប់ ។ ប៉ុន្តែសារៈសំខាន់នៃការផ្សាភ្ជាប់ចំពោះបុព្វការីជនរបស់ខ្លួនមិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងនៅឡើយទេ ។ ប្រធាន វូឌដ្រុហ្វ បានពន្យល់ថា « ចាប់ពីពេលនេះទៅ យើងចង់ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយស្វែងរកប្រភពពង្សាវលីរបស់ពួកគេទៅជំនាន់ដើមវិញតាមដែលគេអាចធ្វើបាន ហើយផ្សារភ្ជាប់នឹងឪពុក និងម្ដាយរបស់ពួកគេ ។ … ចូរឲ្យកូនៗផ្សារភ្ជាប់នឹងឪពុកម្ដាយរបស់ពួកគេ ហើយប្រើការតជាខ្សែតំណនេះទៅកាន់ជំនាន់ដើមតាមដែលអ្នកអាចរកបាន » ។៩
ប្រធាន វូឌដ្រុហ្វ « បានរំឭកពួកបរិសុទ្ធអំពីការនិមិត្តរបស់យ៉ូសែប ស្ម៊ីធ អំពីបងប្រុសរបស់លោកឈ្មោះ អាល់វិន នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ « មនុស្សទាំងអស់ដែលបានស្លាប់ទៅ ដោយគ្មានការចេះដឹងអំពីដំណឹងល្អនេះ គឺជាពួកអ្នកដែលនឹងទទួលដំណឹងល្អ បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យនៅ នោះនឹងទៅជាពួកអ្នកគ្រងនគរសេឡេស្ទាលទុកជាមរតក » ។
ប្រធាន វូឌដ្រុហ្វ បានថ្លែងអំពីអស់អ្នកនៅក្នុងពិភពវិញ្ញាណថា « ‹ ដូនតារបស់បងប្អូនក៏ដូច្នោះដែរ › ។ ‹ បើទោះជាមាន ក៏ជាចំនួនតិចតួចប៉ុណ្ណោះដែលនឹងមិនទទួលយកដំណឹងល្អ › ។
« ពីមុនបញ្ចប់ការបង្រៀនរបស់លោក លោកបានជំរុញឲ្យពួកបរិសុទ្ធ …ស្វែងរកសាច់ញាតិរបស់ពួកគេដែលបានស្លាប់ ។ លោកបានថ្លែងថា ‹ បងប្អូនប្រុសស្រី ចូរយើងបន្តកំណត់ត្រារបស់យើង បំពេញវាដោយសេចក្ដីសុចរិតថ្វាយព្រះអម្ចាស់ ហើយអនុវត្តគោលការណ៍នេះ ហើយពរជ័យរបស់ព្រះនឹងកើតមានដល់យើង និងអស់ដែលត្រូវបានប្រោសលោះ នឹងផ្ដល់ពរជ័យដល់យើងនៅថ្ងៃខាងមុខ › » ។១០ វិវរណៈនេះបានផ្តល់នូវហេតុផលសម្រាប់សមាជិកដើម្បីត្រឡប់ទៅព្រះវិហារបរិសុទ្ធជាញឹកញាប់ដើម្បីធ្វើពិធីបរិសុទ្ធជំនួស និងពិធីបរិសុទ្ធសម្រាប់បុព្វការីរបស់ពួកគេដែលបានស្លាប់។ ។ ក្រុមគ្រួសារបានចាប់ផ្តើមរក្សាកំណត់ត្រានៃពិធីបរិសុទ្ធ និងកិច្ចការរបស់ពួកគេដោយប្រុងប្រយ័ត្នដើម្បីបំពេញវានៅក្នុងសៀវភៅនេះ ដែលបង្ហាញពីកិច្ចការដែលបានធ្វើសម្រាប់សមាជិកគ្រួសាររបស់ ជេន ភីតធើរ និង ម៉ារី ឌេម ។
អែលឌើរ រិនឡាន់ ៖ សព្វថ្ងៃនេះ គោលលទ្ធិនៃពិធីផ្សារភ្ជាប់សម្រាប់គ្រប់ជំនាន់ហាក់ដូចជារឿងធម្មតាសម្រាប់យើង ប៉ុន្តែវាតម្រូវឲ្យមានវិវរណៈមកពីព្រះអម្ចាស់ដើម្បីរៀបចំពិធីផ្សារភ្ជាប់ក្រុមគ្រួសារដោយត្រឹមត្រូវ ។ វិវរណៈនេះមានឥទ្ធិពលដោយ ផ្ទាល់មួយមកលើគ្រួសារខ្ញុំដែលរស់នៅដ៏សែនឆ្ងយលើកោះ ឡាស្មូ ឆ្នេរភាគខាងលិចនៃប្រទេសហ្វាំងឡង់ ។ ដំណើររឿងនេះគឺមិនមាននៅក្នុង ពួកបរិសុទ្ធ ភាគ ៣ ទេប៉ុន្តែមានតម្លៃនៅក្នុងគ្រួសារខ្ញុំ ។ នៅឆ្នាំ ១៩១២ ជីដូនជីតាខាងឪពុកខ្ញុំឈ្មោះ ឡេណា សូហ្វីយ៉ា និង ម៉ាត លីនឌើរ រិនឡាន់ បានស្ដាប់ពួកអ្នកផ្សព្វផ្សាយសាសនាមកពីប្រទេសស៊ុយអែតប្រកាសដំណឹងល្អដែលបានស្ដារឡើងវិញ ។ លុះស្អែកឡើងឡេណា សូហ្វីយ៉ា និងលីនឌើរ បានជ្រមុជទឹក ។ ពួកគាត់បានរកឃើញអំណរនៅក្នុងសេចក្ដីជំនឿថ្មីរបស់ពួកគាត់ និងក្នុងការធ្វើជាចំណែកនៃសាខាតូចមួយ ដែលជាសាខាដំបូងគេបង្អស់នៅប្រទេសហ្វាំងឡង់ ។ ជាអកុសល សំណាងនៃជីវិតបានផ្លាស់ប្ដូរនៅពេលគ្រោះមហន្តរាយបានកើតឡើង ។
នៅឆ្នាំ ១៩១៧ លីនឌើរ បានស្លាប់ដោយសារជំងឺរបេង ដោយទុកឲ្យឡេណា សូហ្វីយ៉ា ក្លាយជាស្ត្រីមេម៉ាយ ហើយកំពុងមានពរពោះកូនទីដប់របស់គាត់ ។ កូននោះដែលជាឪពុកខ្ញុំ បានកើត ២ ខែក្រោយ លីនឌើរបានស្លាប់ ។ មានសមាជិកគ្រួសារជាច្រើនបានស្លាប់ដោយសារជំងឺរបេង ។ នៅទីបំផុត ក្រៅពីលីនឌើរ ឡេណាក៏បានកប់កូន៧នាក់ក្នុងចំណោមកូនទាំង១០របស់គាត់ដែរ ។ វាជាការតស៊ូដ៏ធំមួយសម្រាប់គាត់ ដែលជាស្ត្រីកសិករក្រីក្រ ដើម្បីរក្សាអ្វីដែលនៅសេសសល់ក្នុងគ្រួសាររបស់គាត់ឲ្យនៅដដែល ។
អស់រយៈពេលជិតពីរទស្សវត្សរ៍ គាត់សម្រាកមិនបានស្រួលទេនៅពេលយប់ ។ គាត់រវល់នឹងការងារចម្លែកៗនៅពេលថ្ងៃដើម្បីប្រមូលអាហារទុកហូប ។ នៅពេលយប់ គាត់បានមើលថែសមាជិកគ្រួសារដែលហៀបនឹងស្លាប់ ។ វាពិបាកដើម្បីនឹកស្រមៃថាតើឡេណា សូហ្វីយ៉ា ធ្វើការងារនេះបានដោយរបៀបណា ។
ខ្ញុំបានជួបនឹងឡេណា សូហ្វីយ៉ា បានម្ដងនៅខែ ធ្នូ ឆ្នាំ ១៩៦៣ ។ ខ្ញុំមានអាយុ ១១ ឆ្នាំ រីឯគាត់មានអាយុ ៨៧ ឆ្នាំ ។ គាត់បានធ្វើការងារលំបាកពេញមួយជីវិត ។ ស្បែកមុខ និងស្បែកដៃគាត់ឡើងក្រិន ហើយមានស្នាមជ្រួញច្រើនដោយសារតែអាកាសធាតុ ។ ពេលយើងជួបគ្នា គាត់បានឈរចង្អុលទៅរូបភាពរបស់លីនឌើរ ហើយប្រាប់ខ្ញុំជាភាសាស៊ុយអែតថា « Det här är min gubbe ( ដេត ហា រ៉ា មីន ហ្គូប៊ឹ ) » ។ « នេះ ជា ស្វាមីលោកយាយ » ។
ខ្ញុំបានគិតថា គាត់ប្រើកិរិយាសព្ទសម្រាប់បច្ចុប្បន្នកាលមិនត្រឹមត្រូវទេ ។ ដោយសារ លីនឌើរ បានស្លាប់ទៅ ៤៦ ឆ្នាំហើយ នោះខ្ញុំបានលើកឡើងពីកំហុសនេះប្រាប់ម្ដាយរបស់ខ្ញុំ ។ ម្ដាយរបស់ខ្ញុំគ្រាន់តែប្រាប់ខ្ញុំថា « កូនមិនយល់ទេ » ។ ខ្ញុំមិនបានយល់មែន ។ ឡេណា សូហ្វីយ៉ា បានដឹងថា ស្វាមីរបស់គាត់ដែលបានស្លាប់ទៅយូរហើយនោះបានជា និងនៅតែជាស្វាមីរបស់គាត់ដដែល រហូតដល់ភាពអស់កល្បជានិច្ច ។ តាមរយៈគោលលទ្ធិនៃក្រុមគ្រួសារដ៏អស់កល្បជានិច្ច លីនឌើរបានបន្តមានវត្តមាននៅក្នុងជីវិតគាត់ និងជាផ្នែកមួយនៃសេចក្ដីសង្ឃឹមដ៏ធំសម្រាប់អនាគតរបស់គាត់ ។
ពីមុនការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ហេលស៊ីនគី ហ្វាំងឡង់ នៅឆ្នាំ ២០០៦ បងស្រីខ្ញុំបានពិនិត្យដើម្បីដឹងថាតើកិច្ចការពិធីបរិសុទ្ធអ្វីខ្លះដែលត្រូវធ្វើសម្រាប់ខ្សែស្រឡាយខាងឪពុករបស់យើង ។ អ្វីដែលគាត់បានរកឃើញគឺជាការបញ្ជាក់យ៉ាងខ្លាំងអំពីសេចក្ដីជំនឿរបស់ ឡេណា សូហ្វីយ៉ា ក្នុងសិទ្ធិអំណាចនៃពិធីផ្សារភ្ជាប់ ។ ឡេណា សូហ្វីយ៉ា បានដាក់ស្នើកំណត់ត្រាគ្រួសារសម្រាប់កូនៗរបស់គាត់ដែលបានស្លាប់ ដែលមានអាយុលើសពី ៨ ឆ្នាំ ដើម្បីអាចធ្វើកិច្ចការព្រះវិហារបរិសុទ្ធបាននៅឆ្នាំ ១៩៣៨ ។ ពិធីបរិសុទ្ធទាំងនេះគឺស្ថិតនៅក្នុងចំណោមពិធីបរិសុទ្ធដំបូងគេបង្អស់ដែលបានដាក់ស្នើមកពីប្រទេសហ្វាំងឡង់ទៅកាន់ព្រះវិហារបរិសុទ្ធ ។
ឡេណា បានស៊ូទ្រាំតាមរយៈការចងចាំពីគោលលទ្ធិនៃសេចក្ដីសង្គ្រោះ ។ គាត់បានចាត់ទុកថា វាជាសេចក្ដីមេត្តាករុណាដ៏ធំមួយរបស់ព្រះ ដែលគាត់បានដឹងថា គ្រួសារមានភាពអស់កល្បជានិច្ច មុនពេលមហន្តរាយទាំងនេះបានកើតឡើងចំពោះគាត់ ។ សញ្ញាសម្គាល់សម្រាប់ការប្រែចិត្តជឿដ៏អស់ពីចិត្តពីថ្លើមរបស់គាត់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ គឺជាកិច្ចការរបស់គាត់នៅក្នុងពង្សប្រវត្តិ ជាកិច្ចការដែលបានបង្ហាញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ, វិលហ្វួឌ វូឌដ្រុព្វ និង យ៉ូសែប អេហ្វ ស្ម៊ីធ ។ គាត់ក៏ដូចគ្នានឹងអស់អ្នកដែល « បានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចម្ងាយ ហើយក៏ទទួលគំនាប់ដែរ » ។១១
ស៊ីស្ទើរ រិនឡាន់ ៖ដោយសារការស្ដារឡើងវិញគឺជាដំណើរការជាបន្តបន្ទាប់មួយ នោះយើងមានរឿងច្រើនដែលត្រូវទន្ទឹងរង់ចាំ ។ កាលពីឆ្នាំមុន ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ការកែតម្រូវនីតិវិធីនៃព្រះវិហារបរិសុទ្ធបច្ចុប្បន្ន និងការកែតម្រូវផ្សេងទៀតនៅពេលខាងមុខគឺជាភស្ដុតាងជាបន្តបន្ទាប់ថា ព្រះអម្ចាស់កំពុងដឹកនាំសាសនាចក្ររបស់ទ្រង់យ៉ាងសកម្ម ។ ទ្រង់កំពុងប្រទានឱកាសឲ្យយើងម្នាក់ៗចាក់គ្រឹះខាងវិញ្ញាណរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព ដោយធ្វើឲ្យជីវិតរបស់យើងផ្ដោតលើទ្រង់ ព្រមទាំងលើពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។១២ ប្រធានណិលសុនបានពន្យល់ថា ការកែតម្រូវទាំងនេះត្រូវបានធ្វើឡើង « នៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ និងជាការឆ្លើយតបនឹងការអធិស្ឋានរបស់យើង » ដោយសារព្រះអម្ចាស់សព្វព្រះទ័យឲ្យយើង « យល់ឲ្យបានច្បាស់លាស់អំពីអ្វីដែល [ យើង ] កំពុងចុះសេចក្តីសញ្ញាពិតប្រាកដនោះ ។ … យល់ដឹងពីឯកសិទ្ធិ ការសន្យា និងការទទួលខុសត្រូវរបស់ [ យើង ] … [ ហើយ ] មានការយល់ដឹងខាងវិញ្ញាណ និងការភ្ញាក់ដឹងខ្លួនខាងវិញ្ញាណ » ។១៣
ពេលខ្លះ វិវរណៈកើតឡើងចំពេលវេលា ។ រឿងនេះបានកើតឡើងជាមួយនឹងគំរូមួយទៀតអំពីការស្ដារឡើងវិញជាបន្តបន្ទាប់ នៅពេល ឡូរែនសូ ស្នូ គឺជាប្រធានសាសនាចក្រ ។ នៅឆ្នាំ ១៨៩៨ សាសនាចក្របានស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកមួយ ។ នៅកម្រិតខ្ពស់នៃយុទ្ធនាការប្រឆាំងពហុពន្ធភាពរបស់ខ្លួន សភាសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យរឹបអូសទ្រព្យសម្បត្តិសាសនាចក្រ ។ ដោយបារម្ភថា រដ្ឋាភិបាលនឹងរឹបអូសយកប្រាក់ដង្វាយរបស់ពួកគេ នោះពួកបរិសុទ្ធជាច្រើនបានឈប់បង់ដង្វាយមួយភាគក្នុងដប់ ដោយកាត់បន្ថយប្រភពមូលនិធិដ៏សំខាន់របស់សាសនាចក្រយ៉ាងច្រើន ។ សាសនាចក្របានខ្ចីប្រាក់ដើម្បីផ្តល់មូលនិធិគ្រប់គ្រាន់ក្នុងការរក្សាកិច្ចការរបស់ព្រះអម្ចាស់ឲ្យដំណើរការទៅមុខ ។ សាសនាចក្រថែមទាំងបានខ្ចីប្រាក់ដើម្បីរ៉ាប់រងចំណាយលើការបញ្ចប់ព្រះវិហារបរិសុទ្ធ សលត៍ លេក ទៀតផង ។ ស្ថានភាពហិរញ្ញវត្ថុរបស់សាសនាចក្រនេះបានធ្វើឲ្យព្យាការីដែលមានវ័យ ៨៥ ឆ្នាំមានការខ្វល់ខ្វាយយ៉ាងខ្លាំង ។១៤
« មានព្រឹកមួយនៅដើមខែឧសភា ប្រធានស្នូបានអង្គុយនៅលើគ្រែ ពេលកូនប្រុសរបស់លោកឈ្មោះ ឡឺរ៉យ បានដើរចូលមកក្នុងបន្ទប់ ។ … ព្យាការីបានរាក់ទាក់នឹងគាត់ ហើយបានប្រាប់ថា ‹ ប៉ានឹងទៅសេន ចច › ។
« ឡឺរ៉យ មានការភ្ញាក់ផ្អើល ។ សេន ចច មាន…ចម្ងាយប្រហែលជាបួនរយគីឡូម៉ែត្រ » ។ ដើម្បីទៅដល់ទីនោះ ពួកគាត់ត្រូវជិះរថភ្លើងជាង ៣០០ គីឡូម៉ែត្រនៅភាគខាងត្បូងទៅ មីលហ្វ័ដ រួចហើយធ្វើដំណើរតាមរទេះប្រមាណជា ១៥០ គីឡូម៉ែត្រទៀត ។ ការធ្វើដំណើរនេះអាចជារឿងលំបាកសម្រាប់មនុស្សចាស់ ។ ទោះជាយ៉ាងណា ពួកគាត់បានធ្វើដំណើរដ៏វែងឆ្ងាយនេះ ។ « ពេលពួកគាត់ទៅដល់ … ទាំងនឿយហត់ … ប្រធានស្តេក[ មា្នក់ ]បានសួរថាហេតុអ្វីបានជាពួកគាត់មក ។ « ប្រធាន ស្នូ បានតបថា ‹ ខ្ញុំមិនបានដឹងថាហេតុអ្វីយើងមកសេន ចចនេះទេ ប៉ុន្តែព្រះវិញ្ញាណបានប្រាប់យើងឲ្យមក › ។
« លុះស្អែកឡើង នៅថ្ងៃទី ១៧ ខែ ឧសភា ព្យាការីបានជួបនឹងសមាជិកនៅក្នុងរោងឧបោសថសេន ចច ដែលជាអគារឥដ្ឋពណ៌ក្រហមមួយ នៅពីរបីប្លក់ភាគពាយព្យពីព្រះវិហារបរិសុទ្ធ » ។ ពេលប្រធាន ស្នូ ឈរថ្លែងសុន្ទរកថាទៅកាន់ពួកបរិសុទ្ធ លោកបានថ្លែងថា « យើងប្រហែលជាពិបាកប្រាប់ពីមូលហេតុដែលយើងមកទីនេះ ប៉ុន្តែព្រះអម្ចាស់នឹងមានអ្វីមួយដើម្បីមានបន្ទូលមកកាន់យើង » ។
អែលឌើរ រិនឡាន់ ៖ « នៅក្នុងការបង្រៀននេះ ប្រធាន ស្នូ បានឈប់និយាយទាំងមិនបានរំពឹងទុក ហើយបន្ទប់នោះមានភាពស្ងាត់ជ្រងំ ។ ភ្នែក និងទឹកមុខរបស់់លោកបានមានរស្មីភ្លឺថ្លា ។ ពេលលោកបើកមាត់ លោកមានសំឡេងខ្លាំង ។ ការបំផុសគំនិតរបស់ព្រះហាក់ដូចជាមានពាសពេញក្នុងបន្ទប់នោះ ។ បន្ទាប់មក លោកបានថ្លែងអំពីដង្វាយមួយភាគក្នុងដប់ ។ … គាត់បានទួញសោកដោយសារ … ពួកបរិសុទ្ធជាច្រើននាក់ស្ទាក់ស្ទើរក្នុងការបង់ដង្វាយមួយភាគក្នុងដប់ពេញលេញ ។ … លោកបានថ្លែងថា ‹ នេះគឺជាការរៀបចំខ្លួនដ៏ចាំបាច់សម្រាប់ទីក្រុងស៊ីយ៉ូន › ។
« នៅរសៀលបន្ទាប់ ប្រធាន ស្នូ [ បានបង្រៀន ] ថា ‹ ពេលវេលាបានមកដល់ហើយ ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូបដែលរាប់ថាបានរៀបចំខ្លួនសម្រាប់អនាគត និងដើម្បីឈរជើងឲ្យមាំនៅលើគ្រឹះដ៏ត្រឹមត្រូវ ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ និងដើម្បីបង់ដង្វាយមួយភាគក្នុងដប់របស់ខ្លួនឲ្យបានពេញលេញ ។ នោះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់បងប្អូន ហើយវានឹងជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់គ្រប់ទិសទីលើដែនដីក្រុងស៊ីយ៉ូននេះ › » ។
ក្រោយមកទៀត ប្រធានស្នូបានបង្រៀនថា « ‹ យើងស្ថិតនៅក្នុងស្ថានភាពមួយគួរឲ្យភ័យខ្លាច ហើយដោយសារបញ្ហានេះហើយទើបសាសនាចក្រស្ថិតនៅក្នុងសេវកភាព ។ ដំណោះស្រាយតែមួយគត់គឺពួកបរិសុទ្ធត្រូវរក្សាក្រឹត្យវិន័យនេះ › ។ លោកបានសំណូមពរឲ្យ [ សមាជិក ] គោរពតាមក្រឹត្យវិន័យនេះឲ្យបានពេញលេញ ហើយបានសន្យាថា ព្រះអម្ចាស់នឹងប្រទានពរសម្រាប់ការខិតខំរបស់ពួកគេ ។ លោកក៏បានប្រកាសផងដែរថា ការបង់ដង្វាយមួយភាគក្នុងដប់នៅពេលនេះនឹងក្លាយជាតម្រូវការដ៏ម៉ឺងម៉ាត់មួយសម្រាប់ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ » ។១៥
ស៊ីស្ទើរ រិនឡាន់ ៖ចាប់ពីពេលនោះមក មានមនុស្សជាច្រើនអាចថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ពិតជាបានចាក់ស្រោចពរជ័យដ៏ច្រើនរបស់ទ្រង់មកលើអស់អ្នកដែលស្ម័គ្រចិត្តរក្សាក្រឹត្យវិន័យដ៏សាមញ្ញានេះមែន ។ បងប្រុស អាឡូអ៊ីស ហ្សីប បានបម្រើជាប្រធានសាខា វីយែន អូទ្រីស ។ គាត់បានរក្សាកំណត់ត្រាដង្វាយមួយភាគក្នុងដប់ និងកំណត់ត្រាផ្សេងទៀតរបស់សាខានៅក្នុងប្រអប់ដ៏រឹងមាំមួយនេះ ។ អំឡុងការវាយឆ្មក់តាមអាកាសក្នុងសង្គ្រាមលោកលើកទី២ ប្រអប់នេះគឺជារបស់ទីមួយដែលប្រធាន ហ្សីប និងគ្រួសាររបស់គាត់បានការពារ ពីមុនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ ។
មានមនុស្សមួយចំនួនបានថ្លែងទីបន្ទាល់ផងដែរអំពីឧបសគ្គក្នុងការទទួលយកក្រឹត្យវិន័យនេះ និងអំពីការទទួលបានពរជ័យដ៏អស្ចារ្យជាការតបស្នងមកវិញ ។
បទពិសោធន៍របស់គ្រួសារ យ៉ាណាគីដា នៅប្រទេសជប៉ុនក៏ជាគំរូមួយដ៏អស្ចារ្យដែរ ។ នៅឆ្នាំ ១៩៤៨ គណៈប្រធានទីមួយបានចាត់ពួកអ្នកផ្សព្វផ្សាយសាសនាឲ្យទៅប្រទេសជប៉ុនជាថ្មីម្ដងទៀត ។ ពេល តូស៊ីកូ យ៉ាណាគីដា បានសួរឪពុករបស់នាងអំពីសាសនា គាត់បានលើកទឹកចិត្តនាងឲ្យចូលរួមកម្មវិធីរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់បានចូលជាសមាជិកសាសនាចក្រក្នុងឆ្នាំ ១៩១៥ ។
បងស្រី យ៉ាណាគីដា បានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា បានប្រែចិត្តជឿ និងបានជ្រមុជទឹកនៅខែ សីហា ឆ្នាំ ១៩៤៩ ដោយមានវត្តមានរបស់ឪពុកនាងដែរ ។ ក្រោយមក ស្វាមីរបស់គាត់បានស្វែងរកពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានជ្រមុជទឹកដោយអ្នកផ្សព្វផ្សាយសាសនាដដែលដែលបានបង្រៀនបងស្រី យ៉ាណាគីដា ។១៦
អែលឌើរ រិនឡាន់ ៖ បងប្រុស និងបងស្រី យ៉ាណាគីដា បានជួបបញ្ហាក្នុងការបង់ដង្វាយមួយភាគក្នុងដប់ ។ ពួកគាត់ « រកប្រាក់មិនបានច្រើនទេ ហើយពេលខ្លះពួកគាត់ងឿងឆ្ងល់ថា តើពួកគាត់មានប្រាក់គ្រប់គ្រាន់បង់ថ្លៃអាហារថ្ងៃត្រង់ឲ្យកូនប្រុសរបស់ពួកគាត់នៅឯសាលាបានដែរឬអត់ ។ ពួកគាត់ក៏ចង់ទិញផ្ទះផងដែរ ។ បន្ទាប់ពីការប្រជុំមួយនៅឯព្រះវិហារ [ បងស្រី យ៉ាណាគីដា ] បានសួរអ្នកផ្សព្វផ្សាយសាសនាម្នាក់អំពីការបង់ដង្វាយមួយភាគក្នុងដប់ ។ គាត់បានថ្លែងថា ‹ បន្ទាប់ពីសង្គ្រាមមក ឥឡូវនេះប្រជាជនជប៉ុនក្រខ្លាំងណាស់ ។ ‹ ការបង់ដង្វាយមួយភាគក្នុងដប់គឺជារឿងដ៏លំបាកសម្រាប់យើង ។ តើយើងត្រូវបង់ដែរទេ ? ›
‹ អែលឌើររូបនោះបានតបថា ព្រះបានបង្គាប់មនុស្សគ្រប់រូបឲ្យបង់ដង្វាយមួយភាគក្នុងដប់ ហើយបានថ្លែងអំពីពរជ័យនៃការគោរពតាមគោលការណ៍នេះ ។ [ បងស្រី យ៉ាណាគីដា ] បានសង្ស័យ—ហើយរាងខឹងបន្តិច ។ គាត់បានប្រាប់ខ្លួនឯងថា ‹ នេះគឺជាការគិតរបស់ប្រជាជនអាមេរិក › ។
« … អ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរម្នាក់បានសន្យា [ បងស្រីយ៉ាណាគីដា ] ថាការបង់ដង្វាយមួយភាគក្នុងដប់អាចជួយគ្រួសាររបស់គាត់ឲ្យសម្រេចគោលដៅនៃការមានផ្ទះផ្ទាល់ខ្លួនបាន ។ ដោយចង់ធ្វើជាមនុស្សគោរពតាម [ បងប្រុស និងបងស្រី យ៉ាណាគីដា ] បានសម្រេចចិត្តបង់ដង្វាយមួយភាគក្នុងដប់របស់ពួកគាត់ ហើយទុកចិត្តថា ពរជ័យនឹងកើតឡើង ។ …
« [ ពួកគាត់ ] បានចាប់ផ្ដើមមើលឃើញពរជ័យ [ ទាំងនោះ ] … ។ ពួកគាត់បានទិញដីតម្លៃសមរម្យមួយនៅក្នុងទីក្រុង ហើយបានគូរប្លង់ផ្ទះ ។ បន្ទាប់មក ពួកគាត់បានដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះតាមរយៈកម្មវិធីថ្មីរបស់រដ្ឋាភិបាល ហើយពេលពួកគាត់បានទទួលការអនុម័តដើម្បីសាងសង់ នោះពួកគាត់បានចាប់ផ្ដើមបុកគ្រឹះ ។
« ដំណើរការនោះបានដំណើរការយ៉ាងរលូនរហូតដល់អធិការត្រួតពិនិត្យអគារបានកត់សម្គាល់ឃើញថា ដីរបស់ពួកគាត់មិនអាចឲ្យរថយន្តអគ្គីភ័យចូលបានទេ ។ គាត់បានប្រាប់ពួកគេថា ‹ ដីនេះមិនមែនជាដីដែលសមសម្រាប់សង់ផ្ទះទេ › ។ ‹ អ្នកមិនអាចធ្វើការសាងសង់បន្តទៀតបានទេ › ។
« ដោយមិនប្រាកដថាត្រូវធ្វើអ្វី [ បងប្រុស និងបងស្រី យ៉ាណាគីដា ] បាននិយាយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ មានអែលឌើរម្នាក់បានប្រាប់ពួកគាត់ថា ‹ ពួកយើងទាំងប្រាំមួយនាក់នឹងតមអាហារ ហើយអធិស្ឋានឲ្យបងស្រី › ។ ‹ អ្នកគួរធ្វើរឿងដូចគ្នាដែរ › ។ នៅរយៈពេលពីរថ្ងៃខាងមុខ យ៉ាណាគីដា បានតមអាហារ និងអធិស្ឋានជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ បន្ទាប់មក អធិការត្រួតពិនិត្យអគារម្នាក់ទៀតបានមកវាយតម្លៃដីរបស់ពួកគាត់ឡើងវិញ ។ … ដំបូងគាត់មិនសូវឲ្យយ៉ាណាគីដា មានសង្ឃឹមច្រើនពីការជាប់ការត្រួតពិនិត្យនោះទេ ។ ប៉ុន្តែពេលគាត់មើលទៅដី គាត់បានសង្កេតឃើញដំណោះស្រាយ ។ ក្នុងគ្រាអាសន្ន នាយកដ្ឋានពន្លត់អគ្គីភ័យអាចទៅដល់ផ្ទះនោះដោយគ្រាន់តែរុះរើរបងក្បែរនោះបន្តិចប៉ុណ្ណោះ ។ ក្រោយពីរឿងរ៉ាវនោះមក យ៉ាណាគីដា អាចសង់ផ្ទះរបស់ពួកគាត់វិញបាន ។
អធិការត្រួតពិនិត្យអគារបានប្រាប់ពួកគាត់ថា « ‹ ខ្ញុំគិតថាអ្នកទាំងពីរប្រហែលជាបានធ្វើអ្វីមួយល្អយ៉ាងពិសេសកាលពីមុនហើយ › ។ ‹ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំមិនដែលរីករាយខ្លាំងនោះទេ › ។ [ បងប្រុស និងបងស្រី យ៉ាណាគីដា ] រីករាយណាស់ ។ ពួកគាត់បានតមអាហារ និងបានអធិស្ឋាន និងបានថ្វាយដង្វាយមួយភាគក្នុងដប់របស់ពួកគាត់ ។ ហើយដូចជាពួកអ្នកផ្សព្វផ្សាយសាសនា[ ដ៏អស្ចារ្យនោះ ]ជាស៊ីស្ទើររបស់ពួកគាត់បានសន្យាដែរ គឺពួកគាត់នឹងមានផ្ទះរបស់ខ្លួនឯងផ្ទាល់ ។១៧
ពួកបរិសុទ្ធនៅជុំវិញពិភពលោកមានបទពិសោធន៍ស្រដៀងគ្នានេះ នៅពេលពួកគេបានបង់ដង្វាយមួយភាគក្នុងដប់ ។ ព្រះអម្ចាស់បានប្រទានពរដល់ប្រជារាស្រ្តរបស់ទ្រង់ដែលស្មោះត្រង់ និងគោរពប្រតិបត្តិ ។ ហើយវាជាការថ្វាយដង្វាយមួយភាគក្នុងដប់ដ៏ស្មោះត្រង់ដែលនាំឲ្យព្រះវិហារបរិសុទ្ធជាច្រើនបានសង់ឡើងនៅជុំវិញពិភពលោកនេះ ។
ស៊ីស្ទើរ រិនឡាន់ ៖ ខ្ញុំដឹងថា ជីវិតរបស់យើងមានពរជ័យតាមរបៀបដ៏ហ្មត់ហ្មង និងចាំបាច់ដោយការរស់នៅតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ ពេលខ្លះពរជ័យគឺមិនមែនជាអ្វីដែលយើងបានរំពឹងទុក និងអាចមើលឃើញដោយងាយនោះទេ ។ ប៉ុន្តែវាជាការពិត ។ យើងធ្លាប់ដកពិសោធន៍ការណ៍នេះហើយ ។១៨
ដំណើររឿងមួយដែលខ្ញុំចូលចិត្តបានប្រាប់នៅក្នុងសៀវភៅ ពួកបរិសុទ្ធគឺជារបៀបដែលបងប្អូនស្រីដំបូងៗត្រូវបានហៅឲ្យបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ នៅប្រទេសអង់គ្លេសនាចុងទសវត្សរ៍ឆ្នាំ ១៨៩០ មានពាក្យចចាមអារ៉ាមសាយភាយថា ស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាមនុស្សល្ងីល្ងើ មិនចេះគិតគូរដោយឯករាជ្យឡើយ ។ បន្ទាប់មក ពួកបរិសុទ្ធថ្ងៃចុងក្រោយមកពីទីក្រុងសលត៍ លេក ដែលមានឈ្មោះថា អេលីហ្សាបែត ម៉ាកឃូន និងកូនស្រីរបស់គាត់បានមកទីក្រុងឡុងដ៍ ដើម្បីធ្វើទស្សនកិច្ច ។
នៅពេលពួកគាត់ចូលរួមសន្និសីទសាសនាចក្រក្នុងទីក្រុងឡុងដ៍ អេលីហ្សាបែត បានភ្ញាក់ផ្អើលនៅពេល « អំឡុងសម័យប្រជុំពេលព្រឹក យ៉ូសែប ម៉ាកមឺរិន ជាទីប្រឹក្សាក្នុងគណៈប្រធានបេសកកម្មបានថ្លែង … ពាក្យពេចន៍មិនសមរម្យអំពីស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយ [ ហើយបានប្រកាសថា ] ‹ យើងមានស្ត្រីម្នាក់មកពីយូថាហ៍ ចូលរួមជាមួយយើងឥឡូវនេះ … ។ យើងនឹងសូមឲ្យស៊ីស្ទើរ ម៉ាកឃូន ថ្លែងមកកាន់យើងនៅល្ងាចនេះ ហើយប្រាប់បងប្អូនពីបទពិសោធន៍របស់គាត់នៅយូថាហ៍ ។ បន្ទាប់មក គាត់បានលើកទឹកចិត្តមនុស្សគ្រប់គ្នានៅក្នុងសន្និសីទនោះឲ្យនាំមិត្តភក្តិរបស់ពួកគេមកស្តាប់សុន្ទរកថារបស់នាង » ។
« កាលដែលជិតដល់ម៉ោងប្រជុំ មនុស្សម្នានៅកកកុញពេញបន្ទប់ ។ អេលីហ្សាបែត បានពោលពាក្យអធិស្ឋានស្ងាត់ៗ ហើយបានឡើងថ្លែងលើវេទិកា » ។ នាងបាននិយាយទៅកាន់បណ្តាជនអំពីសេចក្តីជំនឿរបស់នាង និងគ្រួសាររបស់នាង ដោយថ្លែងទីបន្ទាល់យ៉ាងក្លាហានពីភាពពេញលេញនៃដំណឹងល្អ ។ នាងក៏បានថ្លែងផងដែរថា « ‹ សាសនារបស់យើងបង្រៀនថា ភរិយាឈរកៀកស្មានឹងស្វាមី › ។ នៅពេលការប្រជុំចប់ ជនដែលពុំស្គាល់ម្នាក់បានមកចាប់ដៃរបស់អេលីហ្សាបែត ។ បុគ្គលនោះបាននិយាយថា ‹ ប្រសិនបើមានបងប្អូនស្រ្តីៗរបស់បងស្រីអញ្ជើញមកទីនេះថែមទៀត នោះកិច្ចការល្អៗជាច្រើននឹងបានសម្រេច › » ។
« បន្ទាប់ពីបានឃើញឥទ្ធិលរបស់អេលីហ្សាបែត លើអ្នកស្តាប់ហើយ [ ប្រធាន ម៉ាកមឺរិន បានសរសេរលិខិតទៅប្រធាននៃសាសនាចក្រ ៖ ] ‹ ប្រសិនបើស្ត្រីដ៏ចំណាន និងឆ្លាតវៃមួយចំនួនត្រូវបានហៅឲ្យបម្រើបេសកកម្មនៅប្រទេសអង់គ្លេស … នោះលទ្ធផលនឹងល្អឥតខ្ចោះ › » ។ « ការសម្រេចចិត្តហៅបងប្អូនស្ត្រីៗឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកផ្សព្វផ្សាយពេញម៉ោងគឺជាផ្នែកមួយមកពីការអធិប្បាយរបស់ អេលីហ្សាបែត ម៉ាកឃូន » ។១៩
នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ១៨៩៨ អ៊ីណេស ណៃ និង ជេននី ប្រីមហល បានចូលចតនៅកំពង់ផែទីក្រុងលីវើភូល ប្រទេសអង់គ្លេស ។ ពួកគាត់គឺជាស្រ្តីដំបូងដែលបានញែកចេញជា « អ្នកផ្សព្វផ្សាយសាសនាស្រ្តី » សម្រាប់សាសនាចក្រ ។
ពួកគាត់បានអមដំណើរប្រធាន ម៉ាកមឺរិន និងពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀតទៅកាន់ក្រុងភាគខាងកើតនៃទីក្រុងលីវើភូល ។ នៅពេលល្ងាចមួយ មហាជនបានចូលរួមការប្រជុំនៅតាមផ្លូវជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ « ប្រធាន ម៉ាកមឺរិន បានប្រកាសថា ការប្រជុំពិសេសមួយនឹងត្រូវធ្វើឡើងនៅថ្ងៃបន្ទាប់ ហើយគាត់បានអញ្ជើញមនុស្សគ្រប់គ្នាឲ្យមកស្តាប់ការបង្រៀនពី ‹ ស្ត្រីមរមនដែលមានជីវិតរស់ពិតៗ › » ។២០ នេះគឺជាកំណត់ហេតុរបស់អ្នកផ្សព្វផ្សាយសាសនា អ៊ីណេស ណៃ ។ នាងបានសរសេរថា « នៅល្ងាចនោះ ខ្ញុំនិយាយទាំងភ័យ និងញាប់ញ័រ ប៉ុន្តែបានភ្ញាក់ផ្អើលខ្លួនឯង » ។២១ នាងបានដឹងថា ស្ថានសួគ៌បានជួយនាងឲ្យទទួល នៅពេលនាងបានសរសេរថា « ខ្ញុំបាននិយាយទៅមហាជនជាច្រើន ប៉ុន្តែបានទទួលពរដោយមានការអធិស្ឋានពីពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀត » ។២២ « ស្ត្រីមរមនដែលមានជីវិតរស់ពិតៗ » ទាំងនេះធ្វើការងារពួកគេបានយ៉ាងល្អដោយការទៅពីផ្ទះមួយទៅផ្ទះមួយ ហើយថ្លែងទីបន្ទាល់ជាញឹកញាប់នៅតាមការប្រជុំនៅតាមផ្លូវ ។ មិនយូរប៉ុន្មាន ពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរដទៃទៀតដែលធ្វើការនៅក្នុងប្រទេសអង់គ្លេសទាំងមូលបានចូលរួមជាមួយពួកគេ ។
អែលឌើរ រិនឡាន់ ៖ ស៊ីស្ទើរ ណៃ និងស៊ីស្ទើរ ប្រីមហល គឺជាអ្នកចាប់ផ្តើម ។ នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ មានពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើររាប់រយពាន់នាក់បានបម្រើ ។២៣ អ្វីមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍អំពីពួកអ្នកផ្សព្វផ្សាយសាសនាស៊ីស្ទើរគឺថា ពួកគេអាចមានប្រសិទ្ធភាពដោយការធ្វើខ្លួនធម្មតាៗ ។ ពួកគេគឺជាស្រ្តីពួកបរិសុទ្ធថ្ងៃចុងក្រោយពិតប្រាកដមែន ។ ដូចជាស៊ីស្ទើរ ណៃ និងស៊ីស្ទើរ ប្រីមហល ដែរ ពួកគេនិយាយទៅកាន់មនុស្សថាតើពួកគេជានរណា ហើយហេតុអ្វីពួកគេជឿដូចដែលពួកគេជឿ ។
ឥទ្ធិពលរបស់ពួកអ្នកផ្សព្សផ្វាយសាសនាជាស៊ីស្ទើរអំពីការប្រមូលផ្ដុំអ៊ីស្រាអែលគឺអស្ចារ្យណាស់ ។ ថ្មីៗនេះ អែលឌើរវ័យក្មេងម្នាក់បានសួរខ្ញុំក្នុងវគ្គសំណួរ និងចម្លើយថា ហេតុអ្វីបានជាវួដក្នុងបេសកកម្មរបស់គាត់ចូលចិត្តពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរជាង ។ ចម្លើយរបស់ខ្ញុំគឺសាមញ្ញថា « ដោយសារពួកស៊ីស្ទើរឲ្យបេះដូង និងព្រលឹងដល់ការងារ ។ សមាជិកស្រឡាញ់ពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ដែលធ្វើដូច្នេះ ដោយមិនចង់បានអ្វីឡើយ » ។
ការឆ្លើយតបរបស់ពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរចំពោះការហៅឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាបានកើតឡើង ហើយបន្តជាផ្នែកដ៏សំខាន់មួយនៃការផ្សព្វផ្សាយដំណឹងល្អ ។ ប្រធាន ណិលសុនបានមានប្រសាសន៍នៅក្នុងសន្និសីទទូទៅក្នុងខែ មេសាថា « ពួកយើង ស្រឡាញ់ ស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា ហើយស្វាគមន៍ពួកគេដោយអស់ពីចិត្ត ។ អ្វីដែលអ្នកបានធ្វើនៅក្នុងកិច្ចការនេះ គឺអស្ចារ្យណាស់ ! »២៤
ស៊ីស្ទើរ រិនឡាន់ ៖ខ្ញុំក៏ស្ងើចសរសើរចំពោះការណ៍ល្អដែលបានមកពីស៊ីស្ទើរ ម៉ាកឃូន ដែលមិនបានហៅ និងញែកចេញជាអ្នកផ្សព្វផ្សាយសាសនាដែរ ។ ប៉ុន្តែស៊ីស្ទើរជាទីស្រឡាញ់រូបនេះបានធ្វើឲ្យមានការណ៍ជាច្រើនកើតឡើងដោយសារសេចក្ដីជំនឿរបស់នាង ។២៥
ការណ៍នេះនាំយើងទៅកាន់ដំណើររឿងដ៏អស្ចារ្យផ្សេងទៀតនៃ ពួកបរិសុទ្ធភាគ ៣ ។ យើងបានឃើញគំរូរបស់ពួកបរិសុទ្ធដែលបានបង្ហាញភាពជាសិស្សរបស់ខ្លួននៅក្រោមកាលៈទេសៈដ៏លំបាកបំផុត ។ ពួកសត្រូវពីអតីតបានយកឈ្នះលើភាពសម្អប់ ហើយបានរួបរួមគ្នានៅពេលពួកគេពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីសង្គ្រាមលោកលើកទី២ « ប្រទេសហូឡង់ស្ថិតក្នុងស្ថានភាពដ៏គួរឲ្យសោកស្ដាយមួយ បន្ទាប់ពីការកាន់កាប់រយៈពេលប្រាំឆ្នាំ [ ដោយរបប ណាស៊ី អាល្លឺម៉ង់ ] ។ ប្រជាជនហូឡង់ជាងពីរសែននាក់បានស្លាប់ក្នុងអំឡុងសង្គ្រាមនេះ ហើយផ្ទះរយពាន់ខ្នងត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញ ។ ពួកបរិសុទ្ធជាច្រើននៅក្នុង … ប្រទេសហូឡង់មានគំនុំចំពោះពួកអាល្លឺម៉ង់ » និងចំពោះគ្នាទៅវិញទៅមក ដោយសារអ្នកខ្លះបានប្រឆាំង ហើយខ្លះទៀតបានសហការជាមួយអ្នកកាន់កាប់ ។ ការបែកបាក់គឺជាក់ច្បាស់ ។
អែលឌើរ រិនឡាន់ ៖ « ប្រធានបេសកកម្មឈ្មោះ កូនេលាស ហ្សាភៃ បានលើកទឹកចិត្តដល់សាខាសាសនាចក្រឲ្យបំពេញបង្គ្រប់ការផ្គត់ផ្គង់អាហាររបស់ពួកគេ ដោយចាប់ផ្តើមគម្រោងដាំដំឡូងដោយប្រើគ្រាប់ពូជដំឡូងពីរដ្ឋាភិបាលហូឡង់ » ។ ដោយមានការលើកទឹកចិត្តនេះ « សាខាទាំងឡាយនៅប្រទេសហូឡង់ … បានចាប់ផ្តើមដាំដំឡូងនៅគ្រប់ទីកន្លែងដែលពួកគេអាចរកបាន ដោយដាំដំឡូងនៅដីខាងក្រោយផ្ទះ សួនផ្កា ដីទំនេរ និងតាមទ្រូងផ្លូវ ។
« ជិតដល់ពេលប្រមូលផលហើយ [ ប្រធាន ហ្សាភៃ ] បានធ្វើសន្និសីទបេសកកម្មមួយនៅទីក្រុង រ៉ូធឺដាម ។ គាត់បានដឹងមកពីការសន្ទនាជាមួយប្រធានបេសកកម្មអាល្លឺម៉ង់ខាងកើត « ថាពួកបរិសុទ្ធជាច្រើននាក់នៅអាល្លឺម៉ង់បានជួបការលំបាកដោយសារកង្វះអាហារយ៉ាងធ្ងន់ធ្ងរ ។ [ ប្រធាន ហ្សាភៃ ] ចង់ធ្វើអ្វីមួយដើម្បីជួយ ដូច្នេះហើយលោកបានសួរថ្នាក់ដឹកនាំក្នុងមូលដ្ឋានថា តើពួកគាត់ស្ម័គ្រចិត្តផ្តល់ដំឡូងដែលពួកគាត់បានប្រមូលផលដល់ពួកបរិសុទ្ធនៅអាល្លឺម៉ង់ដែរឬទេ ។
លោកបានទទួលស្គាល់ថា ៖ « ‹ សត្រូវដ៏កាចសាហាវបំផុត ដែលយើងបានជួបប្រទះ ដែលជាលទ្ធផលមកពីសង្រ្គាមនេះគឺពួកអាល្លឺម៉ង់ › ។ ‹ តែមនុស្សទាំងនោះឥឡូវនេះវេទនាជាងយើងទៅទៀត › ។
« ដំបូងឡើយ ពួកបរិសុទ្ធហូឡង់មួយចំនួនបានប្រឆាំងនឹងផែនការនេះ ។ ហេតុអ្វីបានជាពួកគេគួរតែចែកចាយដំឡូងរបស់ពួកគេជាមួយពួកអាល្លឺម៉ង់ ? [ អ្នកខ្លះបានបាត់បង់ផ្ទះសម្បែង ] ដោយសារការទម្លាក់គ្រាប់បែករបស់ពួកអាល្លឺម៉ង់ ឬ [ មើល ] មនុស្សជាទីស្រឡាញ់ស្រេកឃ្លានដល់ស្លាប់ ដោយសារអ្នកកាន់កាប់អាល្លឺម៉ង់បានយកអាហាររបស់ពួកគេ » ។
ប្រធាន ហ្សាភៃ បានស្នើឲ្យ ភីធើរ វ្លាម ដែលជាអតីតអ្នកទោសសង្គ្រាមជាអ្នកដឹកនាំនៃសាខារបស់សាសនាចក្រនៅទីក្រុង អេមស្ទើរដាំ « ដើម្បីទៅចុះទស្សនកិច្ចសាខានានានៅទូទាំងប្រទេសហូឡង់ ហើយលើកទឹកចិត្តពួកគេឲ្យគាំទ្រដល់ផែនការនេះ » ដោយធ្វើឲ្យមានភាពខុសគ្នារវាងរបបណាស៊ី និងប្រជាជនអាល្លឺម៉ង់ ។ « ភីធើរ គឺជាអ្នកដឹកនាំសាសនាចក្រដែលមានបទពិសោធន៍ម្នាក់ ដែលគេគ្រប់គ្នាបានដឹងយ៉ាងច្បាស់ពីការជាប់ឃុំឃាំងដោយអយុត្តិធម៌នៅជំរំរបស់អាល្លឺម៉ង់របស់គាត់ ។ ប្រសិនបើពួកបរិសុទ្ធហូឡង់ស្រឡាញ់ និងទុកចិត្តនរណាម្នាក់ក្នុងបេសកកម្ម នោះគឺជាលោក ភីធើរ ហ្វ្រេម » ។
នៅពេលដែល ភីធើរ បានជួបជាមួយសាខាទាំងឡាយ « គាត់បានប្រាប់ពីទុក្ខលំបាករបស់គាត់នៅក្នុងគុក ។ គាត់បាននិយាយថា ‹ ខ្ញុំបានឆ្លងកាត់ទុក្ខលំបាកទាំងនេះ ។ ‹ អ្នកដឹងហើយថា ខ្ញុំបានរងទុក្ខទាំងនេះ › ។ គាត់បានលើកទឹកចិត្តពួកគេឲ្យអភ័យទោសដល់ប្រជាជនអាល្លឺម៉ង់ ។ គាត់បាននិយាយថា ‹ ខ្ញុំដឹងថា វាលំបាកប៉ុណ្ណាសម្រាប់ពួកគេ › ។ ‹ ប្រសិនបើពួកគាត់ទាំងនោះគឺជាបងប្អូនប្រុសស្រីរបស់យើង នោះពួកយើងគួរតែប្រព្រឹត្តចំពោះពួកគេដូចជាបងប្អូនប្រុសស្រីរបស់យើងដែរ › ។
ស៊ីស្ទើរ រិនឡាន់ ៖ « ពាក្យសម្តីរបស់គាត់ និងពាក្យសម្តីរបស់ប្រធានសាខាដទៃទៀតបានរំជួលចិត្តពួកបរិសុទ្ធ ហើយកំហឹងរបស់មនុស្សជាច្រើនបានរលាយបាត់អស់ទៅ កាលដែលពួកគេប្រមូលផលដំឡូងឲ្យ [ បងប្អូនប្រុសស្រី ] ជនជាតិអាល្លឺម៉ង់របស់ពួកគេ » ។ មិនត្រឹមតែប៉ុណ្ណឹងទេ ភាពមិនចុះសម្រុង និងការមិនទុកចិត្តដែលធ្លាប់មានក្នុងចំណោមសមាជិកក្នុងសាខាក៏ចាប់ផ្តើមរលាយបាត់ដែរ ។ សមាជិក « បានដឹងថា ពួកគេអាចធ្វើការជាមួយគ្នាឆ្ពោះទៅមុខបាន ។
« ទន្ទឹមនឹងនោះ [ ប្រធាន ហ្សាភៃ ] បានធ្វើការដើម្បីធានាឲ្យមានការអនុញ្ញាតឲ្យដឹកជញ្ជូនដំឡូងទៅអាល្លឺម៉ង់ ។… នៅពេលមន្ត្រីមួយចំនួនបានព្យាយាមបញ្ឈប់ផែនការដឹកជញ្ជូននោះ [ ប្រធាន ហ្សាភៃ ] បានប្រាប់ពួកគេថា ‹ ដំឡូងទាំងនេះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ហើយប្រសិនបើវាជាបំណងរបស់ទ្រង់ ព្រះអម្ចាស់នឹងទតឃើញថា ដំឡូងទាំងនេះត្រូវមកដល់អាល្លឺម៉ង់ › ។
« ទីបំផុត នៅខែវិច្ឆិកា ឆ្នាំ ១៩៤៧ ពួកបរិសុទ្ធ និងពួកអ្នកផ្សព្វផ្សាយសាសនាហូឡង់បានជួបគ្នានៅទីក្រុងឡាអេ …ដើម្បីជញ្ជូនដំឡូងច្រើនជាងចិតសិបតោនចេញពីឡាន ។ មួយរយៈក្រោយមក ដំឡូងបានមកដល់អាល្លឺម៉ង់ ដើម្បីចែកចាយដល់ពួកបរិសុទ្ធ ។…
« ពាក្យនិយាយតៗគ្នាអំពីគម្រោងដំឡូងនេះ មិនយូរប៉ុន្មានបានឮដល់គណៈប្រធានទីមួយ ។ ដោយភ្ញាក់ផ្អើល ប្រធាន ដេវីឌ អូ មិកឃេ បានមានប្រសាសន៍ថា ‹ នេះជាទង្វើដ៏អស្ចារ្យបំផុតមួយនៃការធ្វើសកម្មភាពរបស់ពួកគ្រីស្ទានពិតប្រាកដដែលបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ › » ។២៦
អែលឌើរ រិនឡាន់ ៖ នៅឆ្នាំបន្ទាប់ សមាជិកហូឡង់បានបញ្ជូនដំណាំដំឡូងយ៉ាងច្រើន ទៅកាន់ប្រជាជនអាល្លឺម៉ង់ម្តងទៀត ។ ហើយពួកគេបានបន្ថែម ត្រីដែលធ្វើឲ្យអំណោយនោះកាន់តែផ្ទុកផ្គង់បានកាន់តែល្អ ។ ប៉ុន្មានឆ្នាំក្រោយមក នៅ១៩៥៣ សមុទ្រខាងជើងបានជន់លិចនៅត្រង់ផ្នែកសំខាន់ៗនៃប្រទេសហូឡង់ ដែលធ្វើឲ្យសមាជិកហូឡង់ត្រូវការជំនួយ ។ លើកនេះពួកបរិសុទ្ធអាល្លឺម៉ង់បានបញ្ជូនជំនួយទៅប្រទេសហូឡង់ ដើម្បីជួយពួកគេនៅពេលពួកគេខ្វះខាត ។ សកម្មភាពសប្បុរសធម៌របស់ពួកបរិសុទ្ធហូឡង់ បានឮខ្ទរខ្ទារអស់ជាច្រើនឆ្នាំ ហើយផ្តល់ជាសក្ខីកម្មដ៏យូរអង្វែងពីសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសដែលអាចធ្វើទៅបាន សូម្បីតែរវាងសត្រូវក្ដី នៅពេលដែលមនុស្សធម្មតាស្រឡាញ់ព្រះជាមុន និងអ្នកជិតខាងដូចខ្លួនឯងនោះ ។
ឆន្ទៈក្នុងការអត់ទោសបាននាំមកនូវការព្យាបាលដល់សមាជិកហូឡង់ ។ ខ្ញុំបានរកឃើញសេចក្តីពិតដូចគ្នានេះ សម្រាប់ខ្ញុំដែរ ។ ប្រសិនបើខ្ញុំប្រកាន់គុំ នោះវិញ្ញាណសោកសៅ ។ ប្រសិនបើខ្ញុំខឹងសម្បារ នោះខ្ញុំមិនសូវមានចិត្តល្អ និងមិនសូវដូចព្រះគ្រីស្ទតាមអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នកដទៃទេ ។ ការពិតនេះត្រូវបានថ្លែងយ៉ាងល្អដោយតួអង្គនៅក្នុងរឿងប្រលោមលោកឆ្នាំ ១៩៥៣ របស់ អាឡិន ប៉ាតុន ដែលមានចំណងជើងថា Too Late the Phalaropeដែលបានថតនៅ អាផាថេត អាហ្រ្វិកខាងត្បូង « មានច្បាប់ដ៏ពិបាកមួយ … ថានៅពេលដែលរបួសធ្ងន់ធ្ងរបានកើតឡើងចំពោះយើង នោះយើងមិនអាចជាសះស្បើយទេ រហូតដល់យើងអត់ទោសឲ្យគេសិន » ។២៧
ស៊ីស្ទើរ រិនឡាន់ ៖មានរឿងបំផុសគំនិតច្រើនណាស់មកពីប្រវត្តិសាសនាចក្រនៅអំឡុងពេលនេះដែលបានប្រាប់នៅក្នុងសៀវភៅ ពួកបរិសុទ្ធភាគ ៣ គឹជាដំណើររឿងមកពីគ្រប់ទីកន្លែងទាំងអស់នេះពិភពលោក ។ ប្រហែលជាប្អូនៗចង់ដឹងនូវរឿងមួយអំពី វិល្លាម ដានីយ៉ែល ដែលបានបម្រើយ៉ាងស្មោះត្រង់អស់ពេលជាច្រើនឆ្នាំនៅ ខេបថោន អាហ្វ្រិកខាងត្បូង ។ ទោះជាគាត់មិនបានតែងតាំងក្នុងតំណែងបព្វជិតភាពមួយក្ដី ក៏គាត់មានទីបន្ទាល់ដ៏រឹងមាំ ហើយបានបម្រើដោយស្មោះត្រង់ដែរ ។២៨
អែលឌើរ រិនឡាន់ ៖ ឬ រ៉ាហ្វាអេល មុនរ៉យ និង វិនសិន ម៉ូរ៉ាឡេស នៅប្រទេសម៉ិកស៊ិកដែលត្រូវបានគេសម្លាប់ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ។ ហើយម្ដាយរបស់ រ៉ាហ្វាអេល ឈ្មោះ ជេស៊ីតា និងភរិយាឈ្មោះ គូអាដាលូពេ ដែលបានដឹកនាំគ្រួសាររបស់ពួកគេ និងសហគមន៍យ៉ាងក្លាហាន ទោះជាមានការគំរាមកំហែងជាបន្តបន្ទាប់ក្ដី ។២៩
ស៊ីស្ទើរ រិនឡាន់ ៖ឬ អាលម៉ា រីឆាដ ជាពួកបរិសុទ្ធថ្ងៃចុងក្រោយដំបូងគេដែលឈ្នះមេដាយអូឡាំពិក ដោយសារតែគាត់បានជ្រើសរើសរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។៣០
អែលឌើរ រិនឡាន់ ៖ឬ ហ៊ីរីនី វ៉ាអាង៉ា ដែលបានគាំទ្រដោយភរិយាដ៏ស្មោះត្រង់របស់គាត់ឈ្មោះ មេរេ បានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនៅប្រទេសនូវវែលសេឡង់ជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដើម្បីប្រកាស និងប្រមូលឈ្មោះសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ ។៣១
ស៊ីស្ទើរ រិនឡាន់ ៖ឬ ហេលហ្គា មីសហ្សុស ដែលបានរក្សាសេចក្ដីជំនឿក្នុងនាមជាយុវនារីពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់នៅអាល្លឺម៉ង់ ទោះជាមានការសម្លុតមកពីមិត្តមុនៗ គ្រូបង្រៀន និងអ្នកដឹកនាំសាលាក្ដី ។៣២
អែលឌើរ រិនឡាន់ ៖ឬ អេវេលីន ហ័ច ដែលបានធ្វើការជាបុគ្គលិកផ្នែកសង្គមកិច្ចឲ្យសមាគមសង្គ្រោះដើម្បីជួយក្រុមគ្រួសារអាចក្រោកឈរឡើងវិញអំឡុងវិបត្តិសេដ្ឋកិច្ចដ៏ធំ ។៣៣
ស៊ីស្ទើរ រិនឡាន់៖យើងគ្មានពេលដើម្បីបង្ហាញទៀតទេ ប៉ុន្តែខ្ញុំដឹងថា ប្អូនៗនឹងចង់អានសៀវភៅ ពួកបរិសុទ្ធភាគបីនេះដោយខ្លួនឯង ។
អែលឌើរ រិនឡាន់ ៖ចំពោះខ្ញុំ ភ្លេងជាតិដ៏ល្អបំផុតសម្រាប់គ្រានេះនៅក្នុងប្រវត្តិសាសនាចក្រគឺ « ស្តាប់សំឡេងសួគ៌ាជាតិសាសាន៍ទាំងឡាយ ! »៣៤ដែលក្រុមចម្រៀងនឹងច្រៀងដើម្បីការប្រជុំរបស់យើង ។ « ស្ដាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ ! » ដែលនិពន្ធឡើងដោយ លូអីស អែហ្វ ម៉ក ជាជនជាតិអាល្លឺម៉ង់ដែលបានចូលរួមជាសមាជិកក្នុងសាសនាចក្រកាលធ្វើដំណើរកាត់ទីក្រុងសលត៍ លេក ។ ក្រោយមក គាត់បានបម្រើជាអ្នកផ្សព្វផ្សាយសាសនាសម្រាប់សាសនាចក្រនៅប្រទេសនូវែលសេឡង់ និងអាល្លឺម៉ង់ ។ កាលកំពុងបម្រើបេសកកម្មនេះ គាត់បានចេញផ្សាយសម្ភារជាច្រើនជាភាសាអាល្លឺម៉ង់ រួមទាំងបទ « ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ ! » ផងដែរ ។ វាបានក្លាយជាទំនុកតម្កើងមួយ ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយអាល្លឺម៉ង់ជាច្រើននាក់ស្រឡាញ់ចូលចិត្តបំផុត ។ វាត្រូវបានបោះពុម្ពលើកដំបូងនៅប្រទេសអាល្លឺម៉ង់នៅក្នុងទំនុកតម្កើងនៅឆ្នាំ ១៨៩០ ។ វាត្រូវបានបកប្រែជាភាសាផ្សេង និងបានបោះពុម្ពជាផ្នែកមួយនៃសៀវភៅទំនុកតម្កើងដែលយើងប្រើនៅសព្វថ្ងៃនេះ ។ កំណែនោះបានទុកវគ្គទីបីរបស់គាត់ឲ្យក្រុមចម្រៀងនឹងច្រៀងផងដែរ ។
វគ្គទីបីនេះពិពណ៌នាអំពីអ្វីដែលពួកបរិសុទ្ធ ដែលបានយើងបានលើកឡើងមកនេះ បានធ្វើនៅក្នុងយុគសម័យនេះ ។ ។ ពួកគេបាន « [ គោរព ] ព្រះដ៏មានព្រះជន្មរស់នៅពិតតែមួយ ។ [ មក ] ហើយ [បាន] ទទួលបុណ្យជ្រមុជទឹក [ កាន់ ] ដំបងដែក ។ [ ថ្វាយ ] ដួងចិត្ត [ ពួកគេ ] ចំពោះទ្រង់ដោយសេចក្ដីជំនឿលើព្រះរាជបុត្រាទ្រង់—ព្រះយេស៊ូវ ព្រះដ៏បរិសុទ្ធ » ។
ខ្ញុំសូមអញ្ជើញប្អូនៗឲ្យអានសៀវភៅ ពួកបរិសុទ្ធ ដើម្បីរៀនសូត្រ ហើយយល់ដឹងអំពីប្រវត្តិសាសនាចក្រ និងរៀនសូត្រមកពីគំរូរបស់សមាជិកសាសនាចក្រ ។ សៀវភៅពួកបរិសុទ្ធត្រូវបានស្រាវជ្រាវយ៉ាងល្អ និងគួរឲ្យទុកចិត្តបាន ។ វាគឺជាទីបន្ទាល់មួយចំពោះការស្ដារឡើងវិញជាបន្តបន្ទាប់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ប្រវត្តិសាស្ត្ររបស់យើងមាននូវការបំផុសគំនិត ។ ប្រវត្តិសាស្ត្រនេះគឺជាមរតករបស់យើង មិនថាយើងជាប់ញាតិសន្ដាននឹងពួកអ្នកត្រួសត្រាយផ្លូវ ជំនាន់មុន ឬ ពួកអ្នកត្រួសត្រាយផ្លូវជំនាន់ក្រោយ ឬបើយើងគឺជាអ្នកត្រួសត្រាយផ្លូវដែលជឿននៅក្នុងសាសនាចក្រនេះ ។
ហេតុអ្វីនេះបញ្ហា ? ហេតុអ្វីបានជាយើងចំណាយពេលច្រើនក្នុងការនិយាយដំណើររឿងទាំងនេះ ? គឺដោយសារតែដំណើររឿងទាំងនេះផ្តល់ឲ្យយើងនូវឧទាហរណ៍ក្នុងជីវិតពិតនៃអំណាចក្នុងការមកស្គាល់ព្រះអង្គសង្គ្រោះរបស់យើង ។ ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយដឹកនាំសាសនាចក្រនេះ ហើយមើលថែរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ដែលពេញដោយព្រះចេស្តានៃព្រះនៃសិរីរុងរឿង ។ ខ្ញុំសូមប្រសិទ្ធិពរថា ប្អូនៗនឹងទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ប្អូនៗ នៅដែលប្អូនខិតទៅជិតទ្រង់ និងសាសនាចក្ររបស់ទ្រង់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕