« វាបានធ្វើឲ្យក្មេងប្រុសម្នាក់សង្គ្រោះដល់អ្នកភូមិ » ដើម្បីកម្លាំងនៃយុវជន ខែ មេសា ឆ្នាំ ២០២១ ទំព័រ ១០–១១ ។
ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជនសារលិខិតប្រចាំខែ មេសា ឆ្នាំ ២០២១
វាបានធ្វើឲ្យ ក្មេងប្រុស ម្នាក់ សង្គ្រោះ ដល់ អ្នកភូមិ
ថម ហ្វាន់នី មានអាយុ ១២ ឆ្នាំ ប៉ុណ្ណោះនៅពេលជំងឺ មហន្តរាយវាយប្រហារក្នុងភូមិសាម័រគាត់ត្រូវបានហៅឲ្យធ្វើកិច្ចការដ៏អស្ចារ្យនេះ ។
ឆ្នាំនេះបាវចនាយុវវ័យនិយាយថាបងប្អូន « កំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។ តាមរយៈប្រវត្តិសាស្រ្តនៃសាសនាចក្រ យុវវ័យតែងអធិស្ឋានជាញឹកញាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងគ្រាដែលចាំបាច់នៅក្នុងការស្ថាបនានរគរបស់ព្រះ ។ នេះជាឧទាហរណ៍មួយ ។
ជំងឺរាត្បាតនៅលើកោះ
១០០ឆ្នាំកន្លងទៅហើយ នៅលើកោះសាម័រនៃមហាសមុទ្រប៉ាស៊ីហ្វិក មានក្មេងប្រុសម្នាក់ឈ្មោះ ថម ហ្វាន់នី គឺជាអ្នកជួយដ៏សំខាន់ម្នាក់នៅក្នុងស្ថានភាពស្លាប់រស់ របស់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ថម រស់នៅក្នុងភូមិមួយឈ្មោះថា សានណៃធូ ដែលបានរកឃើញដោយពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងតំបន់ដែលពួកគេប្រមូលផ្តុំគ្នា ហើយបង្កើតជាសហគមន៍មួយ ។ ដូចគ្នានឹងពួកបរិសុទ្ធនៃព្រះ នៅជំនាន់ និងទីកន្លែងផ្សេងៗទៀតដែរ ពួកគេបានទទួលបទពិសោធន៍នៃការសាកល្បង ក៏ដូចជាអព្ភូតហេតុ នៅពេលពួកគេធ្វើការដើម្បីស្ថាបនានរគរបស់ព្រះជាមួយគ្នា ។ ការសាកល្បងមួយដែលកើតឡើងនៅក្នុង ឆ្នាំ ១៩១៨ គឺ ការរីករាលដាលជំងឺគ្រុនផ្ដាសាយមួយដែលបានឆ្លងរាលដាលដល់ភូមិមួយ ។
នៅពេលជំងឺនោះមកដល់ វាបានបំផ្លិចបំផ្លាញ ហើយវាឆ្លងយ៉ាងឆាប់រហ័ស ។ អ្នកភូមិប្រមាណជិត ៤០០ នាក់ ស្ទើរតែគ្រប់គ្នាមានជំងឺធ្ងន់ធ្ងរដេកនៅលើគ្រែ ។ មានតែមនុស្សប៉ុន្មាននាក់ ប៉ុណ្ណោះដែលអាចដើរបានគឺ ៖ បុរសចំណាស់ម្នាក់និង ថម ដែលមានអាយុ១២ ឆ្នាំ ។
សេចក្តីជំនឿ និង ការខិតខំប្រឹងប្រែង
ក្រុមគ្រួសាររបស់ថម បានអនុវត្តសេចក្តីជំនឿ ដែលប្រឈមមុខទៅនឹងជំងឺនេះពីមុនមកហើយ បានឃើញលទ្ធផលនៃអភ្ភូតហេតុមួយ ។ ប្អូនប្រុសរបស់ថម ឈ្មោះ អៃឡាម៉ា បានឈឺកាលពីប៉ុន្មានឆ្នាំមុន ។ ឪពុករបស់ពួកគេ អ៊ិលសាឡា បានមានសុបិនមួយដែលបានផ្តល់នូវការណែនាំយ៉ាងច្បាស់ពីអ្វីដែលត្រូវធ្វើដើម្បីថែទាំ អៃឡាម៉ា៖គឺឲ្យរកដើម វីលីវីលីបកសំបកវា ហើយបុកយកទឹកឈើនោះមក ។ អ៊ីលសាឡា បានធ្វើដូច្នេះហើយបានឲ្យទឹកសំបកឈើនោះទៅ អៃឡាម៉ា ផឹក មិនយូរប៉ុន្មានក្រោយពីផឹកហើយ គាត់បានជាសះស្បើយ ។ ដូច្នេះថម បានឃើញថា ការអនុវត្តសេចក្តីជំនឿអាចជួយយកឈ្នះលើជំងឺបាន ។
ក្នុងឆ្នាំ ១៩១៨ នៃការរីករាលដាលជំងឺគ្រុនផ្ដាសាយ ថមបានអនុវត្តសេចក្តីជំនឿ ហើយខិតខំថែទាំអ្នកភូមិរបស់គាត់ ។ គាត់បាននិយាយថា «ជារៀងរាល់ព្រឹក ខ្ញុំបានចេញ ពីផ្ទះមួយទៅផ្ទះមួយយកអាហារទៅឲ្យ និងជូតសម្អាតពួកគាត់ ហើយរកមើលថាមាននរណាស្លាប់ទេ » ។
គាត់បានរែកទឹកពីអូរ ហើយយកទឹកនោះទៅឲ្យគ្រប់ផ្ទះ ។ គាត់បានឡើងបេះផ្លែដូង កាប់យកទឹកហើយយកទៅឲ្យអ្នកជំងឺ ។ គាត់បានសម្លាប់មាន់ទាំងអស់នៅក្នុងភូមិហើយធ្វើសម្ល សម្រាប់គ្រួសារនីមួយៗ ។
ការធ្វើឲ្យមានភាពខុសគ្នា
ក្នុងអំឡុងពេលនៃការរាតត្បាតនៅកោះសាម័រ មនុស្សប្រមាណ មួយភាគបួនបានស្លាប់ដោយសារ ជំងឺគ្រុន ផ្តាសាយនេះ ។ មនុស្សមួយចំនួននៅក្នុងភូមិរបស់ ថម ក៏បានស្លាប់ផងដែរ ។ ថម បានជួយជីកផ្នូរហើយបញ្ចុះសពមនុស្សជាង២០ នាក់ រួមទាំងឪពុករបស់គាត់ អ៊ិសសាឡា ផងដែរ ។
ប៉ុន្តែក៏សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងនិងការថែរទាំយ៉ាងយកចិត្តទុកដាក់ របស់ ថម មនុស្សជាច្រើននៅក្នុងភូមិបាននៅរស់រានមានជីវិត ។ គាត់ធ្វើឲ្យមានភាពខុសគ្នា ចំពោះមនុស្សទាំងនោះនិងក្នុងការស្ថាបនានគរព្រះអម្ចាស់នៅកោះសាម័រ ។ គាត់ « កំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ » ។
ហើយបងប្អូនក៏អាចធ្វើដូច្នេះនៅក្នុងរបៀបរបស់បងប្អូនផងដែរ ។
បងប្អូនប្រហែលជាមិនត្រូវបានហៅឲ្យធ្វើកិច្ចការដូចជាថមទេ ប៉ុន្តែ បងប្អូនកំពុងអនុវត្តសេចក្តីជំនឿក្នុងរបៀបផ្សេងៗគ្នា ដែលធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះបងប្អូន អ្នកដទៃ និងនៅក្នុងការស្ថាបនានគររបស់ព្រះ ។
បងប្អូនកំពុងធ្វើជាគំរូសម្រាប់ក្រុមគ្រួសាររបស់បងប្អូន មិត្តភក្តិ និងអ្នកផ្សេងទៀតតាមរយៈការបង្ហាញគណុធម៌ ភាពអត់ធ្មត់ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ។ បងប្អូនកំពុងបម្រើអ្នកដទៃ ។ បងប្អូនកំពុងចូលរួមចំណែកនៅក្នុងការសិក្សាព្រះគម្ពីរនិងការអធិស្ឋាន ។ បងប្អូនកំពុងចែកចាយសេចក្តីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបានស្តារឡើងវិញ
កាលពីមួយឆ្នាំកន្លងទៅ បងប្អូនក៏បានធ្វើកិច្ចការដូចគ្នានេះក្នុងអំឡុងពេលនៃការរីករាលដាល ។ ប្រហែលជាបងប្អូនមិនបានយកទឹកថ្នាំ និងទឹកដូង ព្យាបាលមនុស្ស៤០០នាក់ ឲ្យជាសះស្បើយទេប៉ុន្តែបងប្អូន បាន នាំយកការលួងលោម សេចក្តីសង្ឃឹម សេចក្តីអំណរ និងភាពសុខសាន្ត នៅក្នុងរបៀបជាច្រើនទៀតផងដែរ ។
អាយុរបស់បងប្អូនមិនសំខាន់ជាងសេចក្តីជំនឿនិងឆន្ទះរបស់បងប្អូន ក្នុងការធ្វើការ និងការងារបម្រើអ្នកដទៃនោះទេ ។ ឧទាហរណ៍ ពីអតីតកាលដូចជា ថម ហ្វាន់នី អាចជួយបងប្អូនមើលឃើញថា ការដាក់គ្រឹះនៃកិច្ចការដ៏ធំត្រូវការបងប្អូនជាចាំបាច់ ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, April 2021. Cambodian.17467 258