« ស្វែងរកកម្លាំងដើម្បីអភ័យទោស » ដើម្បីកម្លាំងនៃយុវជន ខែ មិថុនា ឆ្នាំ ២០២១ ទំព័រ ១០–១១ ។
ចូរមកតាមខ្ញុំ
ស្វែងរក កម្លាំង ដើម្បី អភ័យទោស
ព្រះអម្ចាស់បានបញ្ជាយើងឲ្យអភ័យទោសដល់មនុស្សដទៃទៀត ។ ទ្រង់នឹងជួយយើងឲ្យរក្សាបទបញ្ញត្តិរបស់ទ្រង់ រួមទាំងបទបញ្ញត្តិមួយនេះផងដែរ ។
តើមានបទបញ្ញត្តិណាផ្សេងទៀតដែលមើលទៅហាក់ដូចជាពិបាកជាងបទបញ្ញត្តិដទៃទៀតដែរឬទេ ?
នេះជាបទបញ្ញត្តិមួយដែលបំភ័យមនុស្សជាច្រើន ៖ « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០ ) ។
ឈប់សិន ។ យើងត្រូវតែអភ័យទោសដល់ មនុស្សគ្រប់គ្នា ដែលបានធ្វើខុសចំពោះយើង ? តើនោះអាចទៅរួចបានយ៉ាងដូម្តេច ?!
វាជារឿងមួយដើម្បីអភ័យទោសដល់នរណាម្នាក់ ដែលនិយាយគ្រោតគ្រាតដាក់អ្នក ឬដែលយកនំប៉័ងចុងក្រោយនៅតុអាហារ ។ ប៉ុន្តែ ចុះចំពោះរបួសដ៏ជ្រៅវិញនោះ ? ចុះបទល្មើសដ៏ធ្ងន់ធ្ងរទាំងនោះដែលអាចបង្អាក់ ឬថែមទាំងផ្លាស់ប្ដូរដំណើរជីវិតរបស់យើងទៀតផងនោះ ?
ជួនកាល សមត្ថភាពដើម្បីអភ័យទោសឲ្យនរណាម្នាក់ ដែលបានធ្វើឲ្យយើងឈឺចាប់យ៉ាងក្រៃលែង អាចមានអារម្មណ៍ថាហួសពីអ្វីដែលយើងអាចធ្វើបាន ។
នេះជាដំណឹងល្អ ៖ ដោយមានជំនួយពីព្រះយេស៊ូវគ្រីស្ទ យើងមិនដែលត្រូវបានកំណត់ចំពោះអ្វីដែលយើងអាចធ្វើបានដោយខ្លួនឯងនោះឡើយ ។
ជំនួយដែលគាត់ត្រូវការ
គ្រិស្ដសាសនិកដ៏ស្មោះត្រង់ម្នាក់មកពីប្រទេសហូឡង់ឈ្មោះ ខូរី ធេន ប៊ូម បានរកឃើញដោយផ្ទាល់នូវអំណាចនៃការទូលសូមពីព្រះ ដើម្បីជួយគាត់ឲ្យអភ័យទោសដល់មនុស្សម្នាក់ ។
គាត់ និងបងស្រីគាត់ ប៊េតស៊ី ត្រូវបានគេដាក់គុកនៅក្នុងបន្ទាយកសាងនៅអំឡុងសង្គ្រាមលោកលើកទី ២ ។ ខូរី និងអ្នកផ្សេងទៀតបានស៊ូទ្រាំនឹងការរំលោភបំពានដ៏ឃោរឃៅពីអ្នកយាមគុកណាស៊ី ។ បងស្រីរបស់គាត់ ប៊េតស៊ី បានស្លាប់ ដោយសារតែការរំលោភបំពាននោះ ។ ខូរី នៅរស់រានមានជីវិត ។
បន្ទាប់ពីសង្គ្រាម ខូរី បានរកឃើញអំណាចនៃការព្យាបាលមកពីការអភ័យទោសឲ្យមនុស្សដទៃ ។ គាត់បានចែកចាយសាររបស់គាត់នៅកន្លែងសាធារណៈជាញឹកញាប់ ។ ប៉ុន្តែនៅថ្ងៃមួយ គាត់បានមានបទពិសោធន៍ដែលសាកល្បងថា តើគាត់ជឿលើពាក្យដែលគាត់និយាយនោះយ៉ាងដូម្តេច ។
ក្រោយពីសុន្ទរកថាជាសាធារណៈមួយ អ្នកយាមគុកដ៏ឃោរឃៅបំផុតម្នាក់ពីបន្ទាយបានមករក ខូរី ។
គាត់បានប្រាប់ ខូរី ថា គាត់បានក្លាយជាគ្រិស្ដសាសនិកម្នាក់ដែរ តាំងពីសង្គ្រាមចប់មក ហើយបានប្រែចិត្តពីការណ៍ដ៏អាក្រក់ទាំងឡាយ ដែលគាត់បានធ្វើពេលជាអ្នកយាមគុក ។
គាត់បានហុចដៃគាត់ ហើយបាននិយាយថា « តើបងស្រីនឹងអភ័យទោសឲ្យខ្ញុំបានដែរទេ » ?
ទោះបីជាគាត់បានរៀន និងចែករំលែកអំពីការអភ័យទោសដល់អ្នកដទៃក៏ដោយ ក៏ ខូរី ពុំអាចចាប់ដៃរបស់បុរសនេះ ហើយអភ័យទោសឲ្យគាត់បានដែរ—ពោលគឺ មិនអាចធ្វើបានដោយខ្លួនគាត់ទេ ។
ក្រោយមក គាត់បានសរសេរថា « ទោះជាការខឹងសម្បារមិនព្រមអភ័យទោសបានឆាបឆេះក្នុងចិត្តខ្ញុំក្ដី ក៏ខ្ញុំបានឃើញពីអំពើបាបនៃទង្វើនេះដែរ ។ ខ្ញុំបានអធិស្ឋានថា ឱ ព្រះអម្ចាស់ព្រះយេស៊ូវអើយ សូមព្រះរាជទានទោសដល់ទូលបង្គំផង ហើយជួយទូលបង្គំឲ្យអភ័យទោសដល់គាត់ផងចុះ ។
« ខ្ញុំខំញញឹម [ ហើយ ] ខ្ញុំពិបាកនឹងលើកដៃខ្ញុំណាស់ ។ ខ្ញុំមិនអាចធ្វើបានទេ ។ ខ្ញុំគ្មានអារម្មណ៍អ្វីទាំងអស់ សូម្បីតែភាពកក់ក្ដៅ ឬចិត្តសប្បុរសតិចតួចក៏គ្មានដែរ ។ ហើយខ្ញុំក៏បានអធិស្ឋានម្ដងទៀត ។ ឱ ព្រះយេស៊ូវអើយ ទូលបង្គំមិនអាចអភ័យទោសឲ្យគាត់ឡើយ ។ សូមប្រទានការអភ័យទោសរបស់ទ្រង់ដល់ទូលបង្គំផង ។
« ពេលខ្ញុំចាប់ដៃគាត់ រឿងដ៏អស្ចារ្យបំផុតបានកើតឡើង ។ តាំងពីស្មារហូតដល់ដៃខ្ញុំហាក់ដូចជាមានចរន្តមួយដែលឆ្លងកាត់ខ្ញុំទៅរកគាត់ ខណៈដែលក្នុងចិត្តខ្ញុំផ្ទុះក្ដីស្រឡាញ់មួយយ៉ាងខ្លាំងចំពោះបុរសម្នាក់នេះ ដែលវាសឹងតែសន្ធប់មកលើខ្ញុំ ។
« ដូច្នោះហើយ ខ្ញុំបានរកឃើញថា វាពុំមែនជាការអភ័យទោសរបស់យើង ដែលការព្យាបាលខាងលោកិយត្រូវពឹងផ្អែកឡើយ តែជាការអភ័យទោសរបស់ទ្រង់វិញទេ ។ ពេលទ្រង់មានបន្ទូលឲ្យយើងស្រឡាញ់សត្រូវយើង ទ្រង់ក៏ប្រទានបញ្ញត្តិពីក្ដីស្រឡាញ់ដែរ » ។២
ព្រះគង់នៅទីនោះដើម្បីជួយអ្នកឲ្យរក្សាបទបញ្ញត្តិរបស់ទ្រង់ រួមទាំងបទបញ្ញត្តិដើម្បីអភ័យទោសផងដែរ—សូម្បីតែពេលវាពិបាកក្ដី ។ ទ្រង់អាចជួយអ្នកបាន ដូចជាទ្រង់បានជួយ ខូរី ធេន ប៊ូម ផងដែរ ។
ការព្យាបាលដែលអ្នកសមនឹងទទួល
ជីវិតគឺពិបាក ។ វារញ៉េរញ៉ៃ ។ ហើយវាពិតជាពោរពេញដោយមនុស្សដែលមានសិទ្ធិជ្រើសរើសដែលព្រះប្រទានឲ្យ ។
អំឡុងពេលទាំងនោះ នៅពេលដែលមនុស្សម្នាក់ធ្វើការជ្រើសរើសមួយ ដែលធ្វើឲ្យអ្នកឈឺចាប់យ៉ាងខ្លាំង—ឬសូម្បីតែធ្វើដូច្នោះដោយចៃដន្យក្ដី—ក៏អ្នកនៅតែអាចទទួលបានអំណាចនៃការព្យាបាលបានដដែល កាលដែលអ្នកអធិស្ឋានសូមជំនួយ ហើយព្យាយាមដើម្បីអភ័យទោស ។
ការអភ័យទោសឲ្យអ្នកដទៃនាំមកនូវការព្យាបាលដល់ព្រលឹងរបស់យើង ។ ដោយមានជំនួយពីព្រះ កាលដែលអ្នកអភ័យទោសដល់មនុស្សម្នាក់ ដែលបានធ្វើខុសចំពោះអ្នក នោះអ្នកទម្លាក់ចុះនូវបន្ទុកដ៏ធ្ងន់ក្រៃលែងពីស្មារបស់អ្នក ដែលបន្ទុកនោះអាចទាញអ្នកចុះបាន ។ សូម្បីតែពេលដែលផ្លូវទៅកាន់ការព្យាបាលដ៏ពិត មានអារម្មណ៍ថាពិបាកក្ដី ក៏អ្នកនឹងមិនត្រូវដើរលើផ្លូវនោះតែម្នាក់ឯងដែរ ដោយសារអ្នកដើរជាមួយព្រះ ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, June 2021. Cambodian. 17470 258