« បព្វជិតភាពរបស់ព្រះ » ដើម្បីកម្លាំងនៃយុវជន ខែ សីហា ឆ្នាំ ២០២១ ទំព័រ ២០–២១ ។
សារលិខិតទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវវ័យ ប្រចាំខែ សីហា ឆ្នាំ ២០២១
បព្វជិតភាព របស់ ព្រះ
អ្វីដែលយុវវ័យគ្រប់រូបគួរតែដឹងអំពីបព្វជិតភាព និងទំនាក់ទំនងរបស់ពួកគេទៅនឹងបព្វជិតភាព ។
តើប្អូនៗធ្លាប់កត់សម្គាល់ថា តើវាអាចមានការភាន់ច្រឡំប៉ុណ្ណាទៅ នៅពេលពាក្យមួយម៉ាត់ប្រើប្រាស់បានតាមពីររបៀបនោះ ? ឧទាហរណ៍ ជាភាសាអង់គ្លេសពាក្យ earth សំដៅទៅលើភពដែលយើងរស់នៅផង និងដីនៅក្រោមជើងរបស់យើងផង ។ ពាក្យទាំងពីរនេះគឺត្រឹមត្រូវ ប៉ុន្ដែអ្វីដែលប្អូនៗចង់មានន័យដល់ ពេលប្អូនៗប្រើពាក្យនោះ គឺអាស្រ័យលើអ្វីដែលប្អូនៗកំពុងនិយាយនៅគ្រានោះ ។ ដើម្បីធ្វើឲ្យវាកាន់តែភាន់ច្រឡំថែមទៀត នៅពេល earth មានន័យថាជាភពផែនដីរបស់យើង វាក៏រួមបញ្ចូលន័យនៃពាក្យ ដី ផងដែរ ដោយសារដីមាននៅលើភពផែនដីនេះ ។
ការកំណត់និយមន័យពាក្យ បព្វជិតភាព
ពាក្យមួយដែលយើងប្រើនៅក្នុងសាសនាចក្រតាមរបៀបពីរយ៉ាងគឺ បព្វជិតភាព ។ ពាក្យនេះសំដៅទៅលើព្រះចេស្តា និងសិទ្ធិអំណាចទាំងស្រុងរបស់ព្រះ ។ ទោះយ៉ាងណាក្ដី យើងក៏ប្រើពាក្យ បព្វជិតភាព តាមរបៀបមួយដែលកាន់តែមានកម្រិតផងដែរ—ដើម្បីសំដៅទៅលើ « ព្រះចេស្ដា និងសិទ្ធិអំណាចដែលព្រះប្រទានដល់អ្នកកាន់បព្វជិតភាពដែលបានតែងតាំង ដើម្បីធ្វើសកម្មភាពក្នុងគ្រប់កិច្ចការដែលចាំបាច់ សម្រាប់សេចក្ដីសង្គ្រោះដល់បុត្រាបុត្រីរបស់ព្រះ » ។១
បព្វជិតភាពដែលបានប្រគល់ដល់បុរស មិនមែនជាព្រះចេស្ដារបស់ព្រះទាំងអស់នោះទេ ។ តារាងខាងក្រោមបង្ហាញពីចំណុចនេះ ។
នៅក្នុងតារាងនេះ ប្អូនៗឃើញមានឧទាហរណ៍មួយចំនួនអំពីព្រះចេស្ដារបស់ព្រះ ដែលមានជានិរន្ដរ ហើយគ្មានព្រំដែននោះឡើយ ។ នៅក្នុងតារាងនោះផងដែរ ប្អូនៗក៏ឃើញឧទាហរណ៍នានាអំពីអំណាច និងសិទ្ធិអំណាចនៃបព្វជិតភាពរបស់ព្រះ ដែលទ្រង់ប្រគល់ ឬប្រទានដល់បុរសដែលមានភាពស័ក្ដិសម ដើម្បីចាត់ចែងកិច្ចការក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ ។
ឧទាហរណ៍នៃសិទ្ធិអំណាចបព្វជិតភាពនៅក្នុងជីវិតរបស់ប្អូនៗ
ពរជ័យទាំងអស់នៃបព្វជិតភាពគឺមានដល់បុត្រី និងបុត្រាជាទីស្រឡាញ់គ្រប់រូបរបស់ព្រះវរបិតាសួគ៌ ។ បញ្ជីទីពីរនេះតំណាងឲ្យពរជ័យទាំងឡាយ ដែលកើតមានដល់ប្អូនៗតាមរយៈអ្នកដែលកាន់កូនសោបព្វជិតភាព ឬមានសិទ្ធិអំណាចបព្វជិតភាពដែលបានប្រគល់ជូនគាត់ ។
នេះគឺជារបៀបរៀបរយ ដែលព្រះបានស្ថាបនាសម្រាប់ការរៀបចំ និងការគ្រប់គ្រងសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះ ។ ឧទាហរណ៍ផ្សេងទៀតនៃសិទ្ធិអំណាចបព្វជិតភាពរបស់ព្រះរួមមាន ប្រធានកូរ៉ុមឌីកុន ឬប្រធានកូរ៉ុមគ្រូ ដែលមានកូនសោដើម្បីដឹកនាំកិច្ចការក្នុងកូរ៉ុមរបស់គាត់ ពរជ័យរបស់ឪពុកដែលបានធ្វើឡើងនៅឯគេហដ្ឋាន ព្រមទាំងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។
បុរស ស្ដ្រី និងបព្វជិតភាព
ទោះបីជាការតែងតាំងឲ្យមានតំណែងបព្វជិតភាព ត្រូវបានផ្ដល់ឲ្យតែបុរសក្ដី ក៏ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានពន្យល់ពីគោលការណ៍ដ៏សំខាន់នេះដែរថា « បព្វជិតភាពជាអំណាច និងសិទ្ធិអំណាចមកពីព្រះ ដែលកាន់ដោយការទុកចិត្តថា បានប្រើប្រាស់សម្រាប់កិច្ចការរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ បព្វជិតភាព មិនមែនជាអ្នកដែលត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាព ឬអ្នកដែលអនុវត្តសិទ្ធិអំណាចនេះទេ ។ បុរសដែលកាន់បព្វជិតភាពគឺពុំមែនជាបព្វជិតភាពនោះទេ ។ … យើងពុំគួរហៅបុរសដែលបានតែងតាំងថាជា បព្វជិតភាព ឡើយ » ។២
ទោះបីជាស្ដ្រីមិនទទួលបានការតែងតាំងឲ្យមានបព្វជិតភាពក្ដី ក៏ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ផងដែរថា « នៅពេលបងប្អូនត្រូវបានញែកចេញឲ្យបម្រើនៅក្នុងការហៅមួយ នៅក្រោមការដឹកនាំនៃអ្នកដែលកាន់កូនសោបព្វជិតភាព … នោះបងប្អូនត្រូវបានប្រគល់ឲ្យនូវសិទ្ធិអំណាចបព្វជិតភាពដើម្បីប្រើនៅក្នុងការហៅនោះហើយ » ។៣ ឧទាហរណ៍មួយចំនួននៃការណ៍នេះរួមមាន គណៈប្រធានថ្នាក់យុវនារី ស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនាដែលផ្សាយពីដំណឹងល្អ ថ្នាក់ដឹកនាំនៅក្នុងវួដ និងស្ដេកដែលត្រូវបានញែកចេញឲ្យបង្រៀន និងដឹកនាំ ព្រមទាំងអ្នកធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
អំណាចបព្វជិតភាពផ្ដល់ពរជ័យដល់មនុស្សគ្រប់គ្នា
ពរជ័យដែលប្អូនៗ ជាយុវជន និងយុវនារីទទួលបាន គឺជាពរជ័យរបស់ប្អូនៗ ដែលកើតមានតាមរយៈសេចក្ដីសញ្ញាដែលប្អូនបានចុះនៅឯពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាដែលប្អូនៗនឹងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ ទោះបីជាប្អូនៗមិនមានអ្នកកាន់បព្វជិតភាពនៅក្នុងគេហដ្ឋានរបស់ប្អូនៗក្ដី ក៏ប្អូនៗនៅតែអាចមានពរជ័យជាមួយនឹងអំណាចបព្វជិតភាពរបស់ព្រះនៅក្នុងជីវិតរបស់ប្អូនៗបានដែរ នៅពេលប្អូនៗរក្សាសេចក្ដីសញ្ញា ដែលប្អូនៗបានចុះជាមួយនឹងទ្រង់ ( សូមមើល នីហ្វៃទី១ ១៤:១៤ ) ។
នៅពេលយើងរស់នៅតាមសេចក្ដីសញ្ញារបស់យើង នោះយើងនឹងទទួលបានពរជ័យទាំងឡាយ ដែលពង្រឹង និងផ្ដល់ពរជ័យដល់យើង ។ យើងសូមអញ្ជើញប្អូនៗឲ្យសញ្ជឹងគិតពីពរជ័យនៃបព្វជិតភាពនៅក្នុងជីវិតរបស់ប្អូនៗ—ពរជ័យដែលកើតមានដោយសារតែអំណាចបព្វជិតភាពដ៏និរន្ដររបស់ព្រះ និងពរជ័យដែលកើតមានជាពិសេសតាមរយៈសិទ្ធិអំណាចបព្វជិតភាព ដែលបានប្រគល់ឲ្យ និងចាត់ចែងនៅក្នុងសាសនាចក្ររបស់ព្រះ ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, August 2021 Cambodian. 17472 258