« សូមកុំរង់ចាំឡើយ ! ចូរធ្វើដូចជាពួកអ្នកគង្វាល » ដើម្បីកម្លាំងនៃយុវជន ខែ ធ្នូ ឆ្នាំ ២០២២ ។
ដើម្បីកម្លាំងនៃយុវជន សារលិខិតប្រចាំខែ ធ្នូ ឆ្នាំ ២០២២
សូមកុំរង់ចាំឡើយ ! ចូរធ្វើដូចជាពួកអ្នកគង្វាល
នាយប់ដ៏សុខសាន្តមួយកាលពីយូរលង់ណាស់មកហើយ ពួកអ្នកគង្វាលបានឃ្វាលហ្វូងចៀមរបស់ពួកគេដោយឧស្សាហ៍ព្យាយាម ។
ពួកអ្នកគង្វាលមានកិច្ចការដ៏សំខាន់មួយ ។ ចៀមត្រូវការចំណី ទឹក និងការការពារពីគ្រោះថ្នាក់ ។
រំពេចនោះ ទេវតាមួយអង្គបានបង្ហាញព្រះកាយ !
« កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ ។ … ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គ … គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។
ទេវតាបានប្រាប់ពួកអ្នកគង្វាលថា ពួកគេនឹងឃើញព្រះឱរស ១ រុំនឹងសំពត់ផ្តេកនៅក្នុងស្នូកនៅបេថ្លេហិម ។
ក្រុមចម្រៀងពួកទេវតាបានមកពាសពេញមេឃ ហើយចូលរួមជាមួយទេវតានោះក្នុងការសរសើរដល់ព្រះ ។
« សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដីនៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ » ។
« ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង » ។
ពួកអ្នកគង្វាលមិនបានរង់ចាំឡើយ ។ ការណ៍នេះសំខាន់ខ្លាំងណាស់ ! ពួកគេក៏ទៅបេថ្លេហិម « ជាប្រញាប់ » ។
ពួកអ្នកគង្វាលបានឃើញព្រះយេស៊ូវរុំនឹងសំពត់ ផ្តេកនៅក្នុងស្នូក គឺដូចទេវតានោះបានមានព្រះបន្ទូល ។
នេះគឺជាព្រះមែស៊ីដែលបានសន្យាថា នឹងយាងមកធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោក និងនាំមកនូវអំណរដ៏ពិតប្រាកដដល់ពួកយើង !
ពួកអ្នកគង្វាលមានចិត្តរំភើបខ្លាំងណាស់ ! ពួកគេបានចែកចាយអំពីអ្វីដែលពួកគេបានស្តាប់ឮ និងបានឃើញ ។
« ព្រះអង្គសង្គ្រោះនៃពិភពលោកបានប្រសូតហើយ ! »
« នៅទីបំផុតព្រះមែស៊ីបានយាងមកហើយ ! »
ពួកអ្នកគង្វាល « ក៏ទៅឯព្រះយេស៊ូវជាប្រញាប់ » ។ អ្នកក៏អាចធ្វើដូច្នេះបានផងដែរ !
អ្នកអាចរៀនពីទ្រង់ ។
អ្នកអាចបម្រើទ្រង់បាន តាមរយៈការបម្រើដល់អ្នកដទៃ ។
អ្នកអាចថ្លែងទីបន្ទាល់ពីទ្រង់ ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, December 2022. Cambodian. 18318 258