« ការជឿលើព្រះគ្រីស្ទមុនពេលទ្រង់យាងមកម្ដងទៀត » ដើម្បីកម្លាំងនៃយុវជន ខែ មេសា ២០២៤ ។
សារលិខិតប្រចាំខែ ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែ មេសា ឆ្នាំ ២០២៤
ការជឿលើព្រះគ្រីស្ទមុនពេលទ្រង់យាងមក ម្ដងទៀត
ពួកសាសន៍នីហ្វៃបានមានសេចក្ដីជំនឿមុនពេលព្រះអង្គសង្គ្រោះយាងមកដល់ ហើយយើងក៏អាចមានសេចក្ដីជំនឿមុននឹងទ្រង់មកម្ដងទៀតដែរ ។
តើអ្នកធ្លាប់គិតទេថា ការជឿលើព្រះអង្គសង្គ្រោះ មុនពេល ទ្រង់យាងមកផែនដីនេះមានសភាពយ៉ាងណា ? ពួកសាសន៍នីហ្វៃពីបុរាណត្រូវធ្វើដូចនោះឯង—« ទន្ទឹងចាំព្រះមែស៊ី ហើយឲ្យជឿដល់ទ្រង់ដែលនឹងយាងមក ហាក់ដូចជាទ្រង់បានយាងមករួចហើយដូច្នោះ » ( យ៉ារ៉ុម ១:១១ ) ។
បច្ចុប្បន្ននេះ យើងមានកំណត់ត្រាខាងព្រះគម្ពីរ និងប្រវត្តិសាស្ត្រដែលថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់នៅ បានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញម្តងទៀត ។ យើងជឿលើព្រះអង្គសង្គ្រោះដែលបានយាងមករួចហើយ ។ ប៉ុន្ដែយើងក៏ជឿលើព្រះអង្គសង្គ្រោះដែលនឹងយាងមក ម្ដងទៀត ផងដែរ ។
មុនពេលព្រះយេស៊ូវគ្រីស្ទបានយាងមក ពួកសាសន៍នីហ្វៃបានមានសេចក្ដីជំនឿចំពោះ ៖
បានទទួលការអត់ទោសចំពោះបាបរបស់ខ្លួន ។
« អស់អ្នកណាដែលជឿថា ព្រះគ្រីស្ទនឹងយាងមក នោះឈ្មោះថា នឹងបានទទួលការផ្ដាច់បាបរបស់ខ្លួន ហើយនឹងបានអររីករាយដោយសេចក្ដីអំណរដ៏អតិបរមា ហាក់បីដូចជាព្រះអង្គបានយាងមកក្នុងចំណោមពួកគេហើយ » ( ម៉ូសាយ ៣:១៣ បានបន្ថែមការសង្កត់ន័យ ) ។
អភ័យទោសដល់ខ្លួនពួកគេ ។
« ហើយស្រាប់តែមានសំឡេងបន្លឺមកខ្ញុំថា ៖ អេណុស បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ។ … ហេតុដូច្នោះហើយ ទោសរបស់ខ្ញុំបានបំបាត់ចោលទៅ ។ ហើយខ្ញុំបានទូលថា ៖ ឱព្រះអម្ចាស់អើយ ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ ? ហើយទ្រង់បានមានបន្ទូលមកខ្ញុំថា ៖ ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមានដល់ព្រះគ្រីស្ទដែលអ្នកពុំដែលបានឮ ឬបានឃើញពីមុនមកឡើយ ។ ហើយច្រើនឆ្នាំនឹងកន្លងផុតទៅ មុនទ្រង់នឹងសម្ដែងរូបអង្គទ្រង់នៅក្នុងសាច់ឈាម … សេចក្ដីជំនឿរបស់អ្នកបានជួយសង្គ្រោះអ្នកហើយ » ( អេណុស ១:៥–៨ បានបន្ថែមការសង្កត់ន័យ ) ។
ធ្វើអព្ភូតហេតុទាំងឡាយ ។
« យើងបានដឹងអំពីព្រះគ្រីស្ទ ហើយយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ជាច្រើនរយឆ្នាំមុនទ្រង់យាងមកម្ល៉េះ ។ … ដរាបដល់យើងច្បាស់ជាអាច បញ្ជាដោយនូវព្រះនាមនៃព្រះយេស៊ូវ ហើយគ្រប់ទាំងដើមឈើ ឬក៏ភ្នំ ហើយនឹងទឹករលកនៅក្នុងសមុទ្រ ក៏ធ្វើតាមបញ្ជាយើងដែរ » ( យ៉ាកុប ៤:៤, ៦ បានបន្ថែមការសង្កត់ន័យ ) ។
ទទួលវិវរណៈ ។
« មានមនុស្សជាច្រើន ដែលមានសេចក្ដីជំនឿដ៏ខ្លាំង ទាំងមុនព្រះគ្រីស្ទទ្រង់យាងមកម្ល៉េះ គេ មិនអាចត្រូវបិទបាំងពីក្នុងវាំងននបានទេ តែឃើញយ៉ាងពិតដោយភ្នែករបស់ពួកគេ » ( អេធើរ ១២:១៩ បានបន្ថែមការសង្កត់ន័យ ) ។
មុនពេលព្រះយេស៊ូវគ្រីស្ទយាងមកម្ដងទៀត យើង អាចមានជំនឿចំពោះ ៖
ការបានទទួលការអត់ទោស អត់ទោសដល់ខ្លួនយើង ធ្វើអព្ភូតហេតុទាំងឡាយ ហើយទទួលបានវិវរណៈ ( ដូចជាពួកនីហ្វៃ ) ។
ចូររៀបចំខ្លួនយើងសម្រាប់ការយាងមករបស់ទ្រង់ ។
ពេលយើងខិតខំរក្សាសេចក្ដីសញ្ញារបស់យើង យើងកំពុងត្រៀមខ្លួនដើម្បីរស់នៅក្នុងនគរសេឡេស្ទាល ។ « ដ្បិតមើលចុះ ជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ មែនហើយ មើលចុះ ពេលវេលានៃជីវិតនេះ គឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រព្រឹត្តការងារទាំងឡាយរបស់ខ្លួន » ( អាលម៉ា ៣៤:៣២ ) ។
រៀបចំពិភពលោកសម្រាប់ការយាងមករបស់ទ្រង់ ។
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យធ្វើជាផ្នែកមួយនៃ « កិច្ចការដ៏ធំបំផុតនៅលើផែនដីនេះ »—ដែលជាការប្រមូលផ្តុំអ៊ីស្រាអែល ។ « ព្រះវរបិតាសួគ៌របស់យើងបានរក្សាទុកវិញ្ញាណដ៏អស្ចារ្យៗបំផុតជាច្រើន—ប្រហែលជាខ្ញុំអាចនិយាយថាជាក្រុមដ៏ល្អបំផុតរបស់ទ្រង់—សម្រាប់ដំណាក់កាលចុងក្រោយនេះ ។ ពួកវិញ្ញាណដ៏អស្ចារ្យៗជាវិរៈបុរសទាំងនោះ—អ្នកដែលសំខាន់បំផុតទាំងនោះ—គឺជា ក្មួយៗ ! »១
មានសេចក្ដីសង្ឃឹមក្នុងអំឡុងពេលលំបាក ។
ពេលព្រះអង្គសង្គ្រោះយាងមកម្ដងទៀត ពួកសុចរិតនឹងរស់នៅដោយសុខសាន្ត ។ ព្រះអង្គសង្គ្រោះនឹងសោយរាជ្យ ហើយភាពអយុត្តិធម៌នឹងត្រូវបានធ្វើឲ្យត្រឹមត្រូវ ។ « ដ្បិតព្រះអម្ចាស់ទ្រង់នឹងគង់នៅកណ្ដាលពួកគេ ហើយសិរីល្អរបស់ទ្រង់នឹងស្ថិតនៅលើពួកគេ ហើយទ្រង់នឹងទៅជាមហាក្សត្រនៃពួកគេ និងជាអ្នកតែងច្បាប់នៃពួកគេ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥៩ ) ។
ទុកចិត្តលើដំណើររស់ឡើងវិញ ។
មនុស្សជាតិទាំងអស់នឹងរស់ឡើងវិញ ។ យើងនឹងមានរូបកាយដ៏ល្អឥតខ្ចោះ និងអមតៈ ។ យើងអាចឃើញមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ហើយ ម្ដងទៀត ។ « វិញ្ញាណ និងរូបកាយនឹងផ្គុំគ្នាជាថ្មីក្នុងប្រាណដ៏ល្អឥតខ្ចោះ អវយវៈទាំងអស់នឹងត្រូវបានផ្គុំគ្នាវិញដោយត្រឹមត្រូវ ដូចជារូបរាងយើងក្នុងពេលនេះដែរ » ( អាលម៉ា ១១:៤៣ ) ។
ពួកសាសន៍នីហ្វៃពីបុរាណបានមានសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះមុនពេលទ្រង់យាងមក ។ យើងអាចមានសេចក្ដីជំនឿថា ព្រះអង្គសង្គ្រោះនឹងយាងមក ម្ដងទៀត—នៅពេលដែល « [ យើង ] នឹងឃើញ [ ទ្រង់ ] មកលើពពកនៅលើមេឃ បំពាក់ដោយព្រះចេស្ដា និងសិរីល្អជាខ្លាំង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៤៤ សូមមើលផងដែរ កិច្ចការ ១:១១ ) ។ តើការដឹងថាទ្រង់នឹងយាងមកម្ដងទៀត ផ្លាស់ប្ដូរអ្វីដែលអ្នកនឹងធ្វើនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
© 2024 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, April 2024. Language. 19353 258