2024
ទំនាក់​ទំនង​ដ៏​មាន​ឥទ្ធិពល
ខែ​សីហា ឆ្នាំ​២០២៤


សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ​សីហា ឆ្នាំ​២០២៤

ទំនាក់​ទំនង​ ដ៏មាន​ឥទ្ធិពល

សេចក្ដី​សញ្ញា​គឺ​មិនគ្រាន់​តែជា​កិច្ចសន្យា​នោះទេ វា​គឺ​ជា​ទំនាក់ទំនង​មួយ ។

កៅអី​ពណ៌​បៃតង

ខ្ញុំ​នៅ​តែ​មាន​រូបភាព​កៅអី​ពណ៌​បៃតង​ដែល​អែលឌើរ ភីស្តូន និង​អែលឌើរ ម៉ូរ៉ាស្កូ អង្គុយ​ពេល​ពួកគាត់​បង្រៀន​គ្រួសារ​របស់​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​របស់​យើង​នៅ​ប្រទេស​អាហ្សង់ទីន ។ ពួកគាត់​បាន​បង្រៀន​ពោរពេញដោយ​អំណាច​ខាង​វិញ្ញាណ​យ៉ាងខ្លាំង ដែល​បងស្រី​អាយុ ១០ ឆ្នាំ​របស់​ខ្ញុំ និង​ខ្ញុំ ( អាយុ ៩ ឆ្នាំ ) បាន​រត់​ទៅ​ប៉ះ​កៅអី​នោះ​ក្រោយពី​ពួកគាត់​បាន​ចាកចេញ​ទៅ ដោយ​សង្ឃឹម​ថា​យើង​នឹង​បាន​ទទួល​អំណាច​ដែល​នៅ​សល់​នៅ​លើ​កៅអី​នោះ ។

មិនយូរ​ប៉ុន្មាន ខ្ញុំ​បាន​ដឹង​ថា​អំណាច​នោះ​មិន​បាន​មក​ពី​កៅអី​នោះ​ទេ ប៉ុន្តែ​គឺ​បានមក​ពី​ការ​មាន​ទំនាក់ទំនង​សេចក្តី​សញ្ញា​ជាមួយនឹង​ព្រះ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

បទពិសោធន៍​នៃ​ពិធី​បុណ្យជ្រមុជទឹក​របស់​ខ្ញុំ

ខ្ញុំ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដំបូង​របស់​ខ្ញុំ​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៧ ។ ខ្ញុំ​មិន​ចាំ​ច្រើន​អំពី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ថា​អែលឌើរ ភីស្តូន បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទឹក ហើយ​អែលឌើរ ម៉ូរ៉ាស្កូ បាន​ធ្វើ​ពិធី​បញ្ជាក់​ដល់​ខ្ញុំ​ខណៈ​ពេល​ដែល​សក់​របស់​ខ្ញុំ​នៅ​សើម​នៅ​ឡើយ ។ ខ្ញុំ​ក៏​ចងចាំ​ពី​អំណរ​ដែល​ខ្ញុំ​មាន​ផងដែរ នៅពេល​មិត្តភក្តិ​ថ្មី​នៅ​ក្នុង​វួដ​បាន​ឱប និង​ថើប​ខ្ញុំ​តាម​ទម្លាប់​របស់​ប្រទេស​អាហ្សង់ទីន និង​បំណង​ប្រាថ្នា​ដ៏​រឹងមាំ​ដែល​ខ្ញុំ​មាន​ដើម្បី​ធ្វើ​ជា​បុត្រី​ដ៏​ស្មោះត្រង់​របស់​ព្រះវរបិតា​សួគ៌ ។

គ្រួសារ​នៅឯ​ពិធីបុណ្យ​ជ្រមុជទឹក

ស៊ីស្ទើរ ស្ពែននូស កាលពី​ក្មេង ( កណ្ដាល ) ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់ ( ខាងឆ្វេង ) បងស្រី​របស់​គាត់ ស៊ីលវីណា ( ចុង​ខាងស្ដាំ ) និង​អែលឌើរ ម៉ូរ៉ាស្កូ ។

ក្រោយ​មក​ទើប​ខ្ញុំ​បាន​ដឹង​ថា អំណរ​ដែល​ខ្ញុំ​មាន​គឺ​បាន​មក​ពី​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​បាន​រៀន​ថា ពេល​ខ្ញុំ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ជាមួយនឹង​ព្រះ​ដោយ​ស្មោះត្រង់ នោះ​ព្រះ​វិញ្ញាណ​នឹង​គង់នៅ​ជាមួយ​នឹង​ខ្ញុំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​គ្រាន់តែ​ជា​ពរជ័យ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ចំណោម​ពរជ័យ​ផ្សេងទៀត​ដែល​បាន​មកពី​ទំនាក់ទំនង​សេចក្ដី​សញ្ញា​ជាមួយ​នឹងព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ឥឡូវ​នេះ ទោះបី​ជា​បំណង គំនិត និង​សកម្មភាព​របស់​ខ្ញុំ​មិន​បាន​ដូច​ការរំពឹងទុក​ក្តី ក៏​ខ្ញុំ​មាន​នូវ​សេចក្ដី​សង្ឃឹម​ដើម្បី​បន្ត​ព្យាយាម ។ ហេតុអ្វី ? ពីព្រោះ​ការទទួល​ទាន​សាក្រាម៉ង់​ធ្វើ​ឲ្យ​ខ្ញុំ​អាច​រំឭក​សេចក្តី​សញ្ញា​របស់​ខ្ញុំ និង​ចុះ​សេចក្តី​សញ្ញា​ថ្មី​ជា​រៀង​រាល់​សប្តាហ៍ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ពរជ័យ​នោះ ។

ទំនាក់​ទំនង​សេចក្ដី​សញ្ញា​ដ៏​កក់ក្ដៅ

ជារឿយៗ យើង​ឮ​ថា​សេចក្ដី​សញ្ញា​គឺ​ជា​ការ​សន្យា​គ្នាទៅវិញ​ទៅមក​រវាង​យើង និង​ព្រះ ។ ទោះបី​ជា​វា​ពិត​ក៏​ដោយ នេះ​មិនមែន​ជា​អ្វីគ្រប់​ការណ៍​ទាំង​អស់​នោះ​ទេ ។ តាម​ការពិត « ការរក្សា​សេចក្តី​សញ្ញា​គឺ​មិនគ្រាន់តែ​ជា​កិច្ចព្រមព្រៀង​អាជីវកម្ម​ធម្មតា​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ទំនាក់ទំនង​មួយ​ដ៏​កក់ក្តៅ » ។

ដូច្នេះ​តើ​ក្មួយៗ​បង្កើត​ទំនាក់ទំនង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? ទ្រង់ទាំងទ្វេ​ស្រឡាញ់​ក្មួយៗ​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​ចង់​ប្រទាន​ពរ​ដល់​ក្មួយៗ ( សូម​មើល នីហ្វៃទី​៣ ១៤:១១ ) ។ ប៉ុន្តែ​ទំនាក់ទំនង​រវាងគ្នាទៅវិញ​ទៅមក​មួយណា​ក៏​ត្រូវការ​ពេលវេលា និង​សេចក្ដី​ស្រឡាញ់​មកពី​ភាគី​ទាំង​សងខាង​ដែរ ។

តើ​ក្មួយៗ​ចង់​ចំណាយ​ពេល​ច្រើន​ជាងមុន​ជាមួយនឹង​ទ្រង់​ទាំងទ្វេ​ដែរ​ឬ​ទេ ? នៅ​ពេល​ដែល​ក្មួយៗ​ធ្វើ​រឿង​ដែល​ទ្រង់​ទាំងទ្វេ​នឹង​ធ្វើ ក្មួយៗ​កំពុងតែ​ដើរ​ជាមួយ​នឹង​ទ្រង់ទាំងទ្វេ​ហើយ ! វា​អាច​ជា​រឿងសាមញ្ញ​ដូច​ជា ការស្តាប់​មិត្តភក្តិ​ម្នាក់​អំឡុង​ពេល​ដ៏លំបាក ចំណាយ​ពេល​លេង​ជាមួយ​បងប្អូន ឬ​រួមបញ្ចូល​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ទុកចោល ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ចំណាយ​ពេល​ដើរ​ជាមួយនឹង​ព្រះ​ដោយ​ការថត​សារ​សំឡេង ហើយ​ផ្ញើ​សារ​ទៅ​មិត្តភក្តិ​ម្នាក់​នៅ​ប្រទេស​អាហ្សង់ទីន ដែល​មាន​អារម្មណ៍​ឯកោ ។ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​រក្សា​សុពលភាព​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ​ជានិច្ច ដើម្បី​ខ្ញុំ​អាច​ចំណាយ​ពេល​ជាមួយនឹង​ព្រះអម្ចាស់​នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ក្មួយៗ​អាច​អធិស្ឋាន​ទូលសុំ​គំនិត​ដែល​នឹង​ជួយ​ក្មួយៗ​ឲ្យ​ចំណាយ​ពេល​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​ក្មួយៗ ។

តើ​ក្មួយៗ​ចង់​បង្ហាញ​ដល់​ទ្រង់ទាំងទ្វេ​ថា ក្មួយៗ​ពិតជា​ខ្វល់ខ្វាយ​ដែរ​ឬ​ទេ ? សូម​ចាត់ទុក​បទបញ្ញត្តិ​ដែល​ក្មួយ​ៗបាន​ធ្វើ​សេចក្ដី​សញ្ញា ថាជា​របៀប​មួយ​ដើម្បី​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ក្មួយៗ ហើយ​មិនមែន​ចាត់ទុក​ជា​បញ្ជី​ច្បាប់​នោះ​ឡើយ ។ ឧទាហរណ៏ ដើម្បី​រស់នៅ​ស្របតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ខ្ញុំ​រៀន​ចម្អិន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ។ ឥឡូវនេះ ខ្ញុំ​កំពុង​បង្រៀន​កូនស្រី​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ដូចគ្នា​ផងដែរ ។ ពេល​ដែល​ក្មួយៗ​មាន​ឆន្ទៈ​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ក្ដី​ស្រឡាញ់​របស់​ក្មួយៗ​ចំពោះ​ទ្រង់ និង​ព្រះអង្គ​សង្គ្រោះ​នឹង​កើនឡើង ។

ទំនាក់ទំនង​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទនឹង​ជួយ​យើង​ឲ្យ​ស្គាល់​ទ្រង់ទាំងទ្វេ​ប្រសើរ​ជាងមុន ហើយ​យើង​អាច​មាន​សិទ្ធិ​ប្រើ​ព្រះចេស្ដា​របស់​ទ្រង់ទាំងទ្វេ​​នៅ​ក្នុង​ជីវិត​របស់​យើង—ជា​និរន្ដរ៍​ច្រើន​ជាង​អ្វី​ដែល​កៅអី​ពណ៌​បៃតង​នោះ​បាន​មាន​ទៅទៀត ។ ហើយ​ព្រះចេស្ដា​នោះ​ផ្លាស់​ប្ដូរ​យើង​ជា​រៀង​រហូត !

កំណត់​ចំណាំ

  1. Ann M. Madsen, in Truman G. Madsen, The Temple: Where Heaven Meets Earth ( ឆ្នាំ ២០០៨ ), ទំព័រ ៦៩ ។