សារលិខិតប្រចាំខែនៃទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែធ្នូ ឆ្នាំ២០២៤
ប្រសូតិកម្ម
ស្វែងយល់អំពីឈុតឆាកបុណ្យគ្រីស្ទម៉ាស់ដែលធ្លាប់ស្គាល់នេះ និងរបៀបដែលវាជួយយើងផ្តោតលើព្រះអង្គសង្គ្រោះ ។
បេថ្លេហិម
បេថ្លេហិម មានន័យថា « ផ្ទះនំបុ័ង » ជាភាសាហេព្រើរ ។ ជួនកាល វាត្រូវបានគេហៅថាក្រុងនៃហ្លួងដាវីឌ ពីពូជពង្សដែលព្រះមែស៊ីត្រូវបានព្យាករថានឹងយាងមក ( សូមមើល យេរេមា ២៣:៥ យ៉ូហាន ៧:៤២ ) ។ សាំយូអែលបានចាក់ប្រេងតាំងដាវីឌជាសេ្ដចនៅបេថ្លេហិម ( សូមមើល សាំយូអែលទី ១ ១៦:១–១៣ ) ។ វាត្រូវបានគេព្យាករថា ព្រះមែស៊ីនឹងប្រសូតនៅទីនោះ ( សូមមើល មីកា ៥:២ ) ។
ផ្ទះសំណាក់
ពាក្យជាភាសាក្រិកសម្រាប់ ផ្ទះសំណាក់ អាចមានន័យថាជាផ្ទះស្នាក់បណ្ដោះអាសន្ន រួមទាំងបន្ទប់សម្រាប់ភ្ញៀវផងដែរ ។ ម៉ារា « ផ្ដេក [ ព្រះឱរសព្រះគ្រីស្ទ ] ក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ » (លូកា ២:៧ ) ។ ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ បកប្រែថា « ផ្ទះសំណាក់ » ។ ) « គ្មានកន្លែងណានៅទេ » អាចមានន័យថាពួកគេត្រូវបានបដិសេធមិនឲ្យចូល ឬថាកន្លែងដែលពួកគេអាចស្នាក់នៅបាន គឺគ្មានកន្លែងសម្រាប់សម្រាលកូននោះទេ ។ ក្នុងករណីណាមួយក៏ដោយ ពួកគេបានទៅទីកន្លែងមួយដែលមានស្នូក ។
ស្នូក
ស្នូកគឺជាប្រអប់ដែលខ្ពស់ ឬស្នូកសម្រាប់ដាក់ចំណីឲ្យសត្វ ។ នៅសម័យយូដាបុរាណ វត្ថុទាំងនេះត្រូវបានធ្វើឡើងពីថ្ម ។ ផ្ទះសំណាក់ទាំងឡាយមានទីធ្លាដែលមានស្នូក ហើយនៅតាមផ្ទះជាច្រើនក៏មានស្នូកនៅចំកណ្ដាលបន្ទប់ធំមួយផងដែរ ដើម្បីទុកសត្វទាំងឡាយនៅទីនោះនៅពេលយប់ ។
ក្រណាត់សម្រាប់រុំទារក
ម្ដាយទាំងឡាយបានរុំទារកទើបកើត ( រុំទារកនៅក្នុងភួយ ឬក្រណាត់ ) អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ។ ការរុំបែបនេះធ្វើឲ្យទារកស្ងប់ និងទទួលបានការលួងលោម បន្ទាប់ពីពួកគេទទួលរងនូវភាពភ័យតក់ស្លុតពេលចេញពីផ្ទៃរបស់ម្ដាយ ។ ក្រណាត់ដែលម៉ារាបានប្រើប្រហែលជាមានសញ្ញាពិសេសមួយសម្រាប់គ្រួសាររបស់នាង ។
ម៉ារា និងយ៉ូសែប
ពួកគេជាមនុស្សល្អ និងសុចរិត ហើយទាំងពីរនាក់គឺជាពូជពង្សហ្លួងដាវីឌ ។ ពួកគេម្នាក់ៗត្រូវបានទេវតាលេចមកជួប ដើម្បីរៀបចំពួកគេសម្រាប់ការប្រសូតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨ ) ។ ពួកគេបានធ្វើដំណើរ ១០០–១៤០ គ.ម ( ៦០–៩០ ម៉ាលយ៍ ) ទៅកាន់បេថ្លេហិម ។ ម៉ារាគឺកំពុងពរពោះអំឡុងពេលធ្វើដំណើរ ។
អ្នកគង្វាល
អ្នកគង្វាលកំពុងឃ្វាលចៀមរបស់ពួកគេនៅជិតបេថ្លេហិម ។ យោងតាមអ្នកប្រាជ្ញមួយចំនួន មានតែចៀមដែលត្រៀមទុកសម្រាប់ការបូជាយញ្ញនៅព្រះវិហារបរិសុទ្ធប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចិញ្ចឹមនៅជិតទីក្រុង ។ ដូចនេះ ពួកអ្នកគង្វាលទាំងនេះអាចនឹងបានកំពុងមើលថែចៀមដែលតំណាងឲ្យការបូជារបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់យើង (សូមមើល ម៉ូសេ ៥:៦–៧ ) ។ ពួកគេបានទុកចៀមរបស់ពួកគេចោលដើម្បីទៅមើលព្រះមែស៊ី ជាអង្គដែលបញ្ឈប់នូវការបូជាសត្វដោយការពលិកម្មដ៏ធួនរបស់ទ្រង់ ។
ព្រះឱរសព្រះគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គសំខាន់បំផុតក្នុងឈុតឆាកនៃ Nativity ( ប្រសូតិកម្ម )—និងជីវិតរបស់ពួកយើង ។
© ឆ្នាំ២០២៤ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, December 2024. Cambodian. 19346 258