ដើម្បី​កម្លាំង​នៃ​យុវជន
The Nativity ( ប្រសូតិកម្ម )
ខែធ្នូ ឆ្នាំ២០២៤


សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែធ្នូ ឆ្នាំ២០២៤

ប្រសូតិកម្ម

ស្វែង​យល់​អំពី​ឈុតឆាក​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ធ្លាប់​ស្គាល់​នេះ និង​របៀប​ដែល​វា​ជួយ​យើង​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ។

បេថ្លេហិម

រចនា​រូបភាព ដោយ ខារ៉ូលីន វីប៊ឺត

បេថ្លេហិម

បេថ្លេហិម មានន័យ​ថា « ផ្ទះ​នំបុ័ង » ជា​ភាសា​ហេព្រើរ ។ ជួនកាល វាត្រូវ​បាន​គេ​ហៅ​ថា​ក្រុង​នៃ​ហ្លួង​ដាវីឌ ពី​ពូជពង្ស​ដែល​ព្រះមែស៊ី​ត្រូវ​បាន​ព្យាករថា​នឹង​យាង​មក ( សូមមើល យេរេមា ២៣:៥ យ៉ូហាន ៧:៤២ ) ។ សាំយូអែល​បាន​ចាក់​ប្រេងតាំង​ដាវីឌ​ជា​សេ្ដច​នៅ​បេថ្លេហិម ( សូមមើល សាំយូអែល​ទី ១ ១៦:១–១៣ ) ។ វា​ត្រូវ​បាន​គេ​ព្យាករថា ព្រះមែស៊ី​នឹង​ប្រសូត​នៅ​ទីនោះ ( សូមមើល មីកា ៥:២ ) ។

ផ្ទះ​សំណាក់

ផ្ទះ​សំណាក់

ពាក្យ​ជា​ភាសា​ក្រិក​សម្រាប់ ផ្ទះ​សំណាក់ អាច​មាន​ន័យ​ថា​ជា​ផ្ទះស្នាក់​បណ្ដោះអាសន្ន រួមទាំង​បន្ទប់​សម្រាប់​ភ្ញៀវ​ផងដែរ ។ ម៉ារា « ផ្ដេក [ ព្រះ​ឱរស​ព្រះ​គ្រីស្ទ ] ក្នុង​ស្នូក ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ » (លូកា ២:៧ ) ។ ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ បកប្រែ​ថា « ផ្ទះ​សំណាក់ » ។ ) « គ្មាន​កន្លែង​ណា​នៅ​ទេ » អាច​មានន័យ​ថា​ពួកគេ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល ឬ​ថា​កន្លែង​ដែល​ពួកគេ​អាច​ស្នាក់នៅ​បាន គឺ​គ្មាន​កន្លែង​សម្រាប់​សម្រាល​កូន​នោះ​ទេ ។ ក្នុង​ករណី​ណា​មួយ​ក៏ដោយ ពួកគេ​បានទៅ​ទីកន្លែង​មួយ​ដែល​មាន​ស្នូក ។

ទិដ្ឋភាព Nativity ( ប្រសូតិកម្ម )

ស្នូក

ស្នូក​គឺជា​ប្រអប់​ដែល​ខ្ពស់ ឬ​ស្នូក​សម្រាប់​ដាក់​ចំណី​ឲ្យ​សត្វ ។ នៅ​សម័យ​យូដា​បុរាណ វត្ថុ​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ម ។ ផ្ទះ​សំណាក់​ទាំងឡាយ​មាន​ទីធ្លា​ដែល​មាន​ស្នូក ហើយ​នៅតាម​ផ្ទះ​ជា​ច្រើន​ក៏​មាន​ស្នូក​នៅ​ចំកណ្ដាល​បន្ទប់​ធំ​មួយ​ផងដែរ ដើម្បី​ទុក​សត្វ​ទាំងឡាយ​នៅ​ទីនោះ​នៅពេល​យប់ ។

ក្រណាត់​សម្រាប់​រុំ​ទារក

ម្ដាយ​ទាំងឡាយ​បាន​រុំ​ទារក​ទើប​កើត ( រុំ​ទារក​នៅក្នុង​ភួយ ឬ​ក្រណាត់ ) អស់​រយៈ​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ។ ការរុំ​បែប​នេះ​ធ្វើ​ឲ្យ​ទារក​ស្ងប់ និង​ទទួល​បាន​ការលួងលោម បន្ទាប់​ពី​ពួកគេ​ទទួល​រង​នូវ​ភាពភ័យ​តក់ស្លុត​ពេល​ចេញ​ពី​ផ្ទៃ​របស់​ម្ដាយ ។ ក្រណាត់​ដែល​ម៉ារា​បានប្រើ​ប្រហែល​ជា​មាន​សញ្ញា​ពិសេស​មួយ​សម្រាប់​គ្រួសារ​របស់​នាង ។

ម៉ារា និង​យ៉ូសែប

ពួកគេ​ជា​មនុស្ស​ល្អ និង​សុចរិត ហើយ​ទាំងពីរ​នាក់​គឺ​ជា​ពូជពង្ស​ហ្លួង​ដាវីឌ ។ ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ទេវតា​លេចមក​ជួប ដើម្បី​រៀបចំ​ពួកគេ​សម្រាប់​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨ ) ។ ពួកគេ​បាន​ធ្វើ​ដំណើរ ១០០–១៤០ គ.ម ( ៦០–៩០ ម៉ាលយ៍ ) ទៅកាន់​បេថ្លេហិម ។ ម៉ារា​គឺ​កំពុង​ពរពោះ​អំឡុង​ពេល​ធ្វើ​ដំណើរ ។

អ្នកគង្វាល

អ្នកគង្វាល

អ្នកគង្វាល​កំពុង​ឃ្វាល​ចៀម​របស់​ពួកគេ​នៅជិត​បេថ្លេហិម ។ យោងតាម​អ្នកប្រាជ្ញ​មួយ​ចំនួន មានតែ​ចៀម​ដែល​ត្រៀមទុក​សម្រាប់​ការបូជាយញ្ញ​នៅ​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​នៅជិត​ទីក្រុង ។ ដូចនេះ ពួកអ្នកគង្វាល​ទាំងនេះ​អាច​នឹង​បាន​កំពុង​មើលថែ​ចៀម​ដែល​តំណាង​ឲ្យ​ការបូជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​យើង (សូម​មើល ម៉ូសេ ៥:៦–៧ ) ។ ពួកគេ​បាន​ទុក​ចៀម​របស់​ពួកគេ​ចោល​ដើម្បី​ទៅមើល​ព្រះមែស៊ី ជា​អង្គ​ដែល​បញ្ឈប់​នូវ​ការបូជា​សត្វ​ដោយ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។

ព្រះ​ឱរស​ព្រះ​គ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​តួអង្គ​សំខាន់​បំផុត​ក្នុង​ឈុតឆាក​នៃ Nativity ( ប្រសូតិកម្ម )—និង​ជីវិត​របស់​ពួកយើង ។

កំណត់​ចំណាំ

  1. ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លូកា ២:៧ ( នៅក្នុង លូកា ២:៧ លេខ​យោង  ) ។

  2. សូម​មើល អ៊ែនឌី ម៊ីកែលសុន « An Improbable Inn: Texts and Tradition Surrounding Luke 2:7 » Studia Antiqua វ៉ុល ១៤ លេខ ១ ( ខែ​ឧសភា ឆ្នាំ​២០១៥ ) ។

  3. សូម​មើល អ៊ែនឌី ម៊ីកែលសុន « An Improbable Inn » ។

  4. សូម​មើល រ័សុល អិម ណិលសុន « The Peace and Joy of Knowing the Savior Lives » Liahona ខែ​ធ្នូ ឆ្នាំ​២០១១ ទំព័រ ១៩–២០ ។

  5. សូមមើល អាល់ហ្វ្រេដ អេឌើរសែម The Life and Times of Jesus the Messiah កំណែទី ៨ ឆ្នាំ ( ១៩០៧ ) ១:១៨៦ ។