ឈរនៅកន្លែងដែលអ្នកបានតែងតាំង
សូមឲ្យយើងឈោងទៅជួយ ហើយសង្គ្រោះដល់អ្នកទាំងឡាយដែលបានធ្លាក់ចុះនៅតាមផ្លូវ ដើម្បីកុំឲ្យព្រលឹងដ៏មានតម្លៃណាមួយនឹងត្រូវបាត់បង់នោះឡើយ ។
យើងបានជួបជុំគ្នាជាក្រុមបព្វជិតភាពដ៏ធំមួយនាល្ងាចនេះ ទាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនេះ និងកន្លែងផ្សេងទៀតជុំវិញពិភពលោក ។ អ្នកខ្លះកាន់បព្វជិតភាពអើរ៉ុន ខណៈដែលអ្នកដទៃទៀតកាន់បព្វជិតភាពមិលគីស្សាដែក ។
ប្រធាន ស្ទីផាន អិល រីឆាត ដែលបានបម្រើជាទីប្រឹក្សាម្នាក់របស់ប្រធាន ដាវីឌអូ មិកឃេ បានប្រកាសថា « ជាធម្មតា បព្វជិតភាពត្រូវបានឲ្យនិយមន័យដ៏សាមញ្ញថា ‹ ព្រះចេស្ដានៃព្រះផ្ទេរមកដល់មនុស្ស ›» ។ គាត់បានបន្ដថា ៖ « និយមន័យនេះ ខ្ញុំគិតថាត្រឹមត្រូវ ។ ប៉ុន្តែគោលបំណងជាក់ស្ដែង ដែលខ្ញុំចង់ឲ្យនិយមន័យនៃបព្វជិតភាពក្នុងន័យបម្រើ ហើយជាញឹកញាប់ ខ្ញុំហៅវាថា ‹ផែនការនៃការបម្រើដ៏ល្អឥតខ្ចោះ › ។… វាគឺជាឧបករណ៍នៃការបម្រើ… ហើយមនុស្សដែលពុំបានប្រើវាទេ នឹងបាត់បង់វាទៅវិញ ដ្បិតយើងត្រូវបានប្រាប់យ៉ាងច្បាស់ដោយវិវរណៈថា អ្នកដែលពុំយកចិត្តទុកដាក់ចំពោះវា ‹ នោះមិនត្រូវបានរាប់ថាសមនឹងឈរឡើយ›» ។១
នៅក្នុងស្ដេកត្រួសត្រាយផ្លូវ ដែលមានទីតាំងនៅទីក្រុងសលត៍លេក ហើយជាកន្លែងដែលខ្ញុំបានទទួលទាំងបព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែក នោះយើងត្រូវបានបង្រៀនឲ្យស្គាល់បទគម្ពីរទាំងនេះ រួមមានទាំងកណ្ឌទី ២០, ៨៤ និង ១០៧ ក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ។ នៅក្នុងកណ្ឌទាំងនេះ យើងរៀនអំពីបព្វជិតភាព និងការគ្រប់គ្រងសាសនាចក្រ ។
យប់នេះ ខ្ញុំចង់គូសបញ្ជាក់នូវខគម្ពីរមួយចេញមកពីកណ្ឌទី ១០៧ ៖ « ហេតុដូច្នេះហើយ នៅពេលឥឡូវនេះ ចូរឲ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឲ្យប្រតិបត្តិក្នុងតំណែងដែលខ្លួនត្រូវបានតាំងឡើង ដោយសេចក្ដីឧស្សាហ៍គ្រប់ជំពូក » ។២
ប្រធាន ហារ៉ូលប៊ី លី បានបង្រៀនជាញឹកញាប់ថា « នៅពេលមនុស្សម្នាក់ក្លាយជាអ្នកកាន់បព្វជិតភាព នោះគាត់បានក្លាយជាភ្នាក់ងាររបស់ព្រះអម្ចាស់ ។ គាត់គួរគិតអំពីការហៅរបស់គាត់ហាក់ដូចជាគាត់ធ្វើការរបស់ព្រះអម្ចាស់ដែរ ។៣
យើងក៏រៀនផងដែរមកពីកណ្ឌទាំងនេះអំពីកាតព្វកិច្ចនៃគណៈប្រធានកូរ៉ុម និងកត្តាដែលថាយើងមានទំនួលខុសត្រូវចំពោះអ្នកដទៃក្រៅពីខ្លួនយើង ។
ខ្ញុំជឿដោយមុតមាំថា សាសនាចក្របច្ចុប្បន្ន គឺកាន់តែរឹងមាំជាងពីមុន ។ កម្រិតសកម្មភាពរបស់យុវវ័យរបស់យើង ថ្លែងទីបន្ទាល់ថា នេះគឺជាជំនាន់នៃសេចក្ដីជំនឿ និងការលះបង់ចំពោះសេចក្ដីពិត ។ ប៉ុន្តែមនុស្សមួយចំនួនដែលធ្លាក់ចុះនៅតាមផ្លូវ ដែលស្វែងរកចំណាប់ អារម្មណ៍ផ្សេងទៀត ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យមិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចសាសនាចក្ររបស់ពួកគេ ។ យើងមិនត្រូវបាត់បង់ព្រលឹងដ៏មានតម្លៃដូច្នោះនោះទេ។
ចំនួនអ្នកដែលត្រៀមទទួលតំណែងអែលឌើរកំពុងកើនឡើង តែពុំឃើញពួកគេនៅក្នុងការប្រជុំសាសនាចក្រ ទាំងមិនបានបំពេញការចាត់តាំងក្នុងសាសនាចក្ររបស់ពួកគេផង ។ ស្ថានភាពនេះអាច និងត្រូវតែជួសជុល ។ កិច្ចការនោះគឺជារបស់យើង ។ ការទទួលខុសត្រូវចាំបាច់ត្រូវចាត់តាំង ហើយខិតខំធ្វើការដោយពុំមានពន្យាពេល ។
គណៈប្រធានរបស់កូរ៉ុមបព្វជិតភាពអើរ៉ុន នៅក្រោមថ្នាក់ដឹកនាំរបស់គណៈប៊ីស្សព និងអ្នកផ្ដល់ដំបូន្មានកូរ៉ុម អាចទទួលបានអំណាចដើម្បីឈោងទៅជួយ ហើយសង្គ្រោះ ។
ព្រះអម្ចាស់បានមានបន្ទូលថា « ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ … ហើយសេចក្ដីអំណររបស់ទ្រង់មហិមាណាស់ណា៎ ចំពោះព្រលឹងណាដែលប្រែចិត្ត ! » ៤
ពេលខ្លះការងារធ្លាក់មកជាសន្ធឹកសន្ធាប់ ។ យើងអាចទទួលបានភាពក្លាហានភ្លាមតាមរយៈបទពិសោធន៍របស់គីឌានពីជំនាន់ដើម តាមរយៈកម្លាំងដែលប្រកបដោយគុណធម៌របស់គាត់ គាត់ចេញទៅធ្វើចម្បាំងនឹងពួកម៉ាឌាន និងពួកអាម៉ាលេក ។ បងប្អូននឹងចាំអំពីរបៀបដែលគីឌាន និងទ័ពរបស់គាត់ប្រឈមមុខនឹងកម្លាំងទ័ពដែលមានឧបករណ៍ និងចំនួនដ៏ច្រើនលើសលប់ ។ ព្រះគម្ពីរសញ្ញាចាស់ នៅក្នុងគម្ពីរលោកចៅហ្វាយ បានកត់ត្រាថា សត្រូវរួមកម្លាំងពួកម៉ាឌាន និងពួកអាម៉ាលេក « គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ » ។ ៥ គីឌានបានចេញទៅរកព្រះដ៏មានមហិទ្ធិឬទ្ធិសូមកម្លាំងពីទ្រង់ ។
គីឌានបានភ្ញាក់ផ្អើល ដែលគាត់ទទួលបានដំបូន្មានមកពីព្រះថា កម្លាំងរបស់គាត់មានចំនួនយ៉ាងច្រើនដើម្បីព្រះអម្ចាស់អាចនាំពួកមារសត្រូវមកក្នុងកណ្ដាប់ដៃរបស់ពួកគេ ខ្លាចក្រែងពួកគេនិយាយថា « យើងបានជួយសង្គ្រោះខ្លួនយើងទេ» ។៦ គីឌាន ត្រូវបានណែនាំឲ្យប្រកាសទៅកាន់ប្រជាជនរបស់គាត់ថា ៖ « អ្នកណាដែលមានសេចក្ដីភ័យញ័រ ចូរឲ្យអ្នកនោះវិលពីភ្នំកាឡាតត្រឡប់ទៅវិញចុះ… ។ នោះមានមនុស្សចំនួនពីរម៉ឺនពីរពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ » ។៧
បន្ទាប់មកព្រះអម្ចាស់មានបន្ទូលថា « បណ្ដាមនុស្សនៅតែច្រើនពេកនៅឡើយ » ។៨ ទ្រង់បានណែនាំឲ្យគេឌាននាំមនុស្សទៅឯទឹក ដើម្បីមើលលក្ខណៈដែលពួកគេគួរផឹកទឹក ។ អស់អ្នកដែលលឹទ្ធទឹកត្រូវដាក់នៅមួយក្រុម ហើយអ្នកដែលឱនខ្លួនលុតជង្គង់ចុះផឹកទឹក ត្រូវដាក់នៅមួយក្រុមផ្សេងទៀត ។ ព្រះអម្ចាស់មានព្រះបន្ទូលប្រាប់គេឌានថា « យើងនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់ ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត នោះត្រូវឲ្យគេត្រឡប់ទៅឯទីកន្លែងរបស់គេវិញទៅ » ។៩
គីឌានបានត្រឡប់ទៅក្រុមរបស់គាត់ ហើយនិយាយទៅពួកគេថា « ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌានមកក្នុងកណ្ដាប់ដៃឯងរាល់គ្នាហើយ » ។១០ គាត់ក៏ចែកពួក ៣០០ នាក់ចេញជា ៣ ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមមានចន្លុះនៅខាងក្នុងផង ។ ហើយគាត់បាននិយាយទៅកាន់ពួកគេថា ៖
« ចូរមើលមកខ្ញុំ ហើយធ្វើតាមខ្ញុំ ៖ គឺកាលណាទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យអ្នករាល់គ្នាធ្វើដូចជាខ្ញុំ
« គឺកាលណាខ្ញុំផ្លុំត្រែឡើង ព្រមទាំងពួកអ្នកនៅជាមួយនឹងខ្ញុំ នោះត្រូវឲ្យអ្នករាល់គ្នា ផ្លុំត្រែឡើងនៅព័ទ្ធជុំវិញទីបោះទ័ពដែរ ហើយបញ្ចេញវាចាថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ » ។ បន្ទាប់មកគាត់និយាយដោយឥទ្ធិពលថា « ធ្វើតាមខ្ញុំ » ។ ពាក្យពិតរបស់គាត់គឺថា « នោះត្រូវឲ្យឯងធ្វើដូចជាអញ » ។១១
ពេលអ្នកដឹកនាំផ្ដល់សញ្ញា ទ័ពរបស់គីឌាន បានផ្លុំត្រែ ហើយបានបំបែកខ្អម រួចបានស្រែកឡើងថា « នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ » ។ បទគម្ពីរបានកត់ត្រាលទ្ធផលនៃការធ្វើចម្បាំងដោយមិនរុញរានេះ ៖ « គេក៏ឈរនឹងនៅត្រង់កន្លែងគេរៀងខ្លួន » ហើយបានទទួលជោគជ័យ ។ ១២
ការបង្រៀនតាមផ្ទះ គឺមានចំណែកនៅក្នុងផែនការដើម្បីសង្គ្រោះសព្វថ្ងៃនេះ ។ នៅពេលវាត្រូវបានណែនាំដោយប្រធាន ដាវីឌអូ មិកឃេ ទៅកាន់អ្នកដែលមានសិទ្ធិអំណាចទាំងអស់ លោកបានប្រឹក្សាថា ៖ « ការបង្រៀនតាមផ្ទះ គឺជាឱកាសដ៏ជារង្វាន់ និងបន្ទាន់បំផុត ដើម្បីបីបាច់ និងបំផុសគំនិត ដើម្បីប្រឹក្សា និងដឹកនាំកូនចៅរបស់ព្រះវរបិតារបស់យើង ។… [ វា ]គឺជាការបម្រើដ៏ទេវភាពមួយ ជាការហៅដ៏ទេវភាពមួយ ។ នៅក្នុងកាតព្វកិច្ចរបស់យើងក្នុងនាមជាគ្រូបង្រៀនតាមផ្ទះដើម្បីនាំព្រះវិញ្ញាណរបស់ព្រះចូលទៅគ្រប់គេហដ្ឋាន និងដួងចិត្ត » ។ ១៣
នៅក្នុងតំបន់ជាក់លាក់ដែលខ្វះកម្លាំងបព្វជិតភាពមិលគីស្សាដែក នោះប្រធានស្ដេក និងប៊ីស្សព ធ្វើការសម្របសម្រួលជាមួយនឹងប្រធានបេសកកម្ម អាចប្រើប្រាស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទៅសួរសុខទុក្ខក្រុមគ្រួសារដែលមិនសូវសកម្ម និងអ្នកដែលជាសមាជិកតែម្នាក់ឯងក្នុងគ្រួសារ ។ វាពុំគ្រាន់តែជួយដុតភ្លើងវិញ្ញាណផ្សព្វផ្សាយសាសនាឡើងវិញនៅក្នុងគេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់ឱកាសដ៏ល្អមួយដើម្បីទទួលបានអ្នករៀនដ៏ល្អផងដែរ ។
ខ្ញុំបានទៅសួរសុខទុក្ខស្ដេកជាច្រើននៅទូទាំងពិភពលោកអស់ជាច្រើនឆ្នាំ មានស្ដេកជាច្រើន ដែលថ្នាក់ដឹកនាំស្ដេក និងវួដបានឆ្លើយតបចំពោះកាតព្វកិច្ចខ្លួនដោយមិនគេចវេស ឈប់នៅគិតបារម្ភ បានមូរដៃអាវចេញទៅធ្វើការ ហើយនាំបុរសដ៏មានតម្លៃមកកាន់ក្រុមបព្វជិតភាពមិលគីស្សាដែកដោយមានជំនួយពីព្រះអម្ចាស់ ព្រមទាំងភរិយា និងកូនៗរបស់ពួកគេផង ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋសម្រាប់អំណោយទានពិសិដ្ឋនិងការផ្សារភ្ជាប់របស់ពួកគេ ។
ខ្ញុំនឹងប្រាប់អំពីគំរូមួយចំនួនដោយសង្ខេបៗ ៖
នៅក្នុងការទៅចុះសួរសុខទុក្ខស្ដេកមីលគ្រីគនៅទីក្រុងសលត៍ លេកជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដឹងថា មានបងប្អូនប្រុសជាង ១០០ នាក់គឺជាអ្នកត្រៀមទទួលបព្វជិតភាពថ្នាក់អែលឌើរ ត្រូវបានតែងតាំងជាថ្នាក់អែលឌើរ អំឡុងឆ្នាំនោះ ។ ខ្ញុំបានសួរប្រធាន ជេម ក្លេហ្គ អំពីអាថ៌កំបាំងនៃភាពជោគជ័យរបស់គាត់ ។ ទោះជាគាត់ពុំចង់ទទួលយកការសរសើរក្ដី តែទីប្រឹក្សារបស់គាត់ម្នាក់បានបើកបង្ហាញថា ប្រធាន ក្លេហ្គ បានសិក្សាអំពីបញ្ហា ហើយបានធ្វើការហៅដោយផ្ទាល់ ហើយបានរៀបចំការណាត់ជួបដោយផ្ទាល់រវាងគាត់ និងអ្នកដែលត្រៀមខ្លួនទទួលបព្វជិតភាពអែលឌើរម្នាក់ៗ ។ អំឡុងការណាត់ជួប ប្រធាន ក្លេហ្គ នឹងប្រាប់បញ្ជាក់អំពីព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយនៃការសង្គ្រោះនៅពេលនោះ ហើយនឹងបញ្ចប់ដោយសំណួរមួយនេះថា ៖ « តើអ្នកមិនចង់នាំភរិយាដ៏ល្អរបស់អ្នក និងកូនៗដ៏មានតម្លៃរបស់អ្នកមកដំណាក់របស់ព្រះអម្ចាស់ ដើម្បីអ្នកអាចរស់នៅជាមួយគ្នាជាក្រុមគ្រួសាររហូតដល់អស់កល្បជានិច្ចទេឬអី ? » បន្ទាប់មក ការចាប់ផ្តើមដំណើរការធ្វើឲ្យសកម្មឡើងវិញត្រូវបានស្វែងយល់ ហើយគោលដៅត្រូវបានសម្រេច ។
នៅក្នុងឆ្នាំ ១៩៥២ ក្រុមគ្រួសារដ៏ច្រើននៅក្នុងវួដរ៉ូសផាក ទីបី មានតែសមាជិកដែលឪពុក ឬស្វាមីកាន់តែបព្វជិតភាពអើរ៉ុនប៉ុណ្ណោះ មិនមានអ្នកកាន់បព្វជិតភាពមិលគីស្សាដែកឡើយ ។ បងប្រុស អិល ប្រេន ហ្គូត ត្រូវបានហៅឲ្យបម្រើជាប៊ីស្សព ។ គាត់បានអញ្ជើញបងប្រុសមិនសូវសកម្មម្នាក់នៅក្នុងវួដ ឈ្មោះ អើណេស ស្គីននើរ ជួយធ្វើឲ្យបងប្អូនប្រុសមជ្ឈិមវ័យ ២៩ នាក់នៅក្នុងវួដ ដែលកាន់តំណែងគ្រូនៅក្នុងបព្វជិតភាពអើរ៉ុនឲ្យសកម្មឡើងវិញ ហើយដើម្បីជួយបុរសទាំងនោះ និងគ្រួសារពួកគេឲ្យទៅព្រះវិហារបរិសុទ្ធ ។ ក្នុងនាមជាសមាជិកមិនសូវសកម្មម្នាក់បងប្រុស អើណេស ស្គីននើរ បានស្ទាក់ស្ទើរនៅពេលដំបូង ប៉ុន្តែទីបំផុតបានសឲ្យឃើញថា គាត់នឹងធ្វើអ្វីដែលគាត់អាចធ្វើ ។ គាត់បានចាប់ផ្ដើមទៅសួរសុខទុក្ខគ្រូមជ្ឈិមវ័យមិនសូវសកម្មទាំងឡាយដោយផ្ទាល់ ដោយព្យាយាមជួយពួកគេមើលឃើញពីតួនាទីរបស់ពួកគេ ក្នុងនាមជាអ្នកដឹកនាំបព្វជិតភាពនៅក្នុងគេហដ្ឋាន និងក្នុងនាមជាស្វាមី និងជាឪពុកក្នុងគ្រួសារពួកគេ ។ មិនយូរប៉ុន្មាន គាត់បានឲ្យបងប្អូនមិនសូវសកម្មមួយចំនួនមកជួយគាត់នៅក្នុងការចាត់តាំងរបស់គាត់ ។ ពួកគេបានមកសកម្មពេញលេញម្ដងទៀតម្នាក់ម្ដងៗ ហើយបាននាំគ្រួសាររបស់ពួកគេទៅកាន់ព្រះវិហារបរិសុទ្ធ ។
នៅថ្ងៃមួយ ស្មៀនវួដ បានដើរចេញពីកន្លែងតម្រង់ជួរគិតលុយក្នុងហាងទំនិញមួយ ដើម្បីជំរាបសួរដល់ក្រុមចុងក្រោយគេដែលទៅព្រះវិហារបរិសុទ្ធ ។ ដោយគាត់ជាអ្នកចុងក្រោយគេ បុរសនោះបាននិយាយថា ៖ « ខ្ញុំបានឈរនៅជិតនោះមើលក្រុមទាំងអស់ក្លាយជាសមាជិកសកម្មនៅក្នុងវួដរបស់យើង ហើយបានទៅព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានត្រឹមតែនឹកស្រមៃថាតើវាអស្ចារ្យយ៉ាងណានៅក្នុងព្រះវិហារបរិសុទ្ធ ហើយថាវានឹងផ្លាស់ប្ដូរជីវិតខ្ញុំជារៀងរហូតដោយរបៀបណា ខ្ញុំនឹងមិនបានធ្វើជាមនុស្សចុងក្រោយគេក្នុងចំណោមបងប្អូនប្រុស ២៩ នាក់ដែលត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធទេ » ។
នៅក្នុងដំណើររឿងនេះ មានធាតុបួនយ៉ាងដែលនាំពួកគេឲ្យទទួលជោគជ័យ ៖
-
ឱកាសធ្វើឲ្យសកម្មឡើងវិញ ត្រូវបានធ្វើឡើងដោយស្វិតស្វាញនៅក្នុងវួដ ។
-
ប៊ីស្សពក្នុងវួដចូលរួមចំណែក ។
-
គ្រូបង្រៀនដែលមានគុណភាព និងបំផុសគំនិតត្រូវបានផ្ដល់ឲ្យ ។
-
ផ្ដល់ការយកចិត្តទុកដាក់ដល់បុគ្គលម្នាក់ៗ ។
បងប្អូនប្រុស សូមយើងចងចាំពាក្យទូន្មានរបស់ស្ដេចបេនយ៉ាមីន ថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នា គ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ ១៤
សូមយើងឈោងទៅសង្គ្រោះដល់អស់អ្នកទាំងនោះដែលត្រូវការជំនួយរបស់យើង ហើយលើកពួកគេឲ្យខ្ពស់ឡើងដែលនៅលើផ្លូវកាន់តែល្អប្រសើរ ។ សូមយើងផ្ដោតការគិតរបស់យើងទៅលើសេចក្តីត្រូវការទាំងឡាយរបស់ពួកអ្នកកាន់បព្វជិតភាពនិង ភរិយា និងកូនៗរបស់ពួកគេដែលបានអសកម្ម ។ សូមឲ្យយើងស្ដាប់សារដែលពុំបានថ្លែងចេញជាវាចាក្នុងដួងចិត្តរបស់ពួកគេ ៖
នាំខ្ញុំ ដឹកខ្ញុំ ដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ ។
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ
ដើម្បីរស់នៅនឹងទ្រង់ ។១៥
កិច្ចការនៃការធ្វើឲ្យសកម្មឡើងវិញ គឺពុំមែនជាកិច្ចការរបស់មនុស្សខ្ជិល ឬមនុស្សរវើរវាយនោះទេ ។ កុមារតូចៗធំឡើង ឪពុកម្ដាយចាស់ជរា ពេលវេលាពុំរង់ចាំមនុស្សទេ ។ កុំពន្យាពេលការបំផុសគំនិត តែសូមធ្វើតាម ហើយព្រះអម្ចាស់នឹងបើកផ្លូវ ។
ជាញឹកញាប់ គុណធម៌សួគ៌ា នៃការអត់ធ្មត់ គឺតម្រូវឲ្យមាន ។ នៅក្នុងនាមជាប៊ីស្សព ខ្ញុំមានអារម្មណ៍បំផុសគំនិតនៅថ្ងៃមួយឲ្យទូរសព្ទទៅបុរសម្នាក់ដែលភរិយា និងកូនៗរបស់គាត់សកម្មខ្លះៗនោះ ។ ទោះជាយ៉ាងណា បុរសនេះពុំដែលឆ្លើយតបទេ ។ វាជាថ្ងៃមួយក្នុងរដូវក្តៅ ជាពេលដែលលោកបានទៅគោះទ្វារកញ្ចក់របស់ ហារ៉ូល ជី ហ្គាលាឆើរ ។ ខ្ញុំអាចមើលឃើញបងប្រុស ហ្គាលាឆើរ អង្គុយនៅលើកៅអីកំពុងអានកាសែត ។ គាត់បានសួរដោយពុំងាកមើលថា « នរណាគេហ្នឹង ? » ។
ខ្ញុំឆ្លើយវិញថា « ប៊ីស្សពរបស់បង » ។ « ខ្ញុំចង់មកស្គាល់ និង អញ្ជើញអ្នកឲ្យទៅចូលរួមការប្រជុំរបស់យើងជាមួយនឹងក្រុមគ្រួសាររបស់អ្នក ។
គាត់បានឆ្លើយបដិសេធថា « ‹ អត់ទេ ខ្ញុំរវល់ណាស់ › ។ គាត់ពុំងាកមើលសោះ ។ ខ្ញុំបានអរគុណគាត់ដែលបានស្តាប់ ហើយបានចាកចេញទៅ ។
មិនយូរប៉ុន្មាន គ្រួសាររបស់ហ្គាលាឆើរ បានផ្លាស់ទៅរដ្ឋកាលីហ្វូញ៉ា ។ ជាច្រើនឆ្នាំបានកន្លងផុតទៅ ។ បន្ទាប់មក ក្នុងនាមជាសមាជិកម្នាក់នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពេលខ្ញុំកំពុងធ្វើការនៅក្នុងការិយាល័យរបស់ខ្ញុំ លេខារបស់ខ្ញុំទូរសព្ទមកប្រាប់ថា « មានបុរសម្នាក់ ឈ្មោះ ហ្គាលាឆើរ ដែលធ្លាប់រស់នៅក្នុងវួដរបស់លោកចង់និយាយជាមួយលោក » ។ គាត់នៅក្នុងការិយាល័យរបស់ខ្ញុំ » ។
ខ្ញុំបានតបថា « សូមសួរគាត់មើល តើគាត់ឈ្មោះ ហារ៉ូល ជី ហ្គាលាឆើរ ដែលគ្រួសាររបស់គាត់ ធ្លាប់រស់នៅ វីសីង ផ្លេស នៅ West Temple និង Fifth South មែនទេ ? » ។
នាងបានប្រាប់ថា « គឺគាត់ហ្នឹងហើយលោក » ។
ខ្ញុំបានសុំឲ្យនាងនាំគាត់មកការិយាល័យខ្ញុំ ។ យើងបានសន្ទនាគ្នាយ៉ាងរីករាយអំពីគ្រួសាររបស់គាត់ ។ គាត់បានប្រាប់ខ្ញុំថា « ខ្ញុំមកដើម្បីសុំទោសដែលពុំបានងើបចេញពីកៅអីរបស់ខ្ញុំ ទៅអញ្ជើញលោកឲ្យចូលមកក្នុងផ្ទះកាលពីថ្ងៃនារដូវក្តៅមួយនោះ ដែលកន្លងផុតជាច្រើនឆ្នាំមកហើយ » ។ ខ្ញុំបានសួរគាត់ បើបានសកម្មនៅក្នុងសាសនាចក្រ ។ គាត់បានតបទាំងញញឹមថា ៖ ‹ ឥឡូវនេះ ខ្ញុំជាទីប្រឹក្សាទីពីរនៅក្នុងគណៈប៊ីស្សពវួដរបស់ខ្ញុំ ។ ការអញ្ជើញរបស់លោកឲ្យខ្ញុំមកកាន់ព្រះវិហារវិញ និងការឆ្លើយតបអវិជ្ជមានរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំរសាប់រសល់ រហូតធ្វើឲ្យខ្ញុំប្តេជ្ញាចិត្តថាត្រូវធ្វើអ្វីមួយចំពោះរឿងនេះ » ។
ហារ៉ូល និងខ្ញុំបានជួបគ្នាជាច្រើនលើកច្រើនគ្រាពីមុនគាត់ទទួលមរណភាព ។ គ្រួសារហ្គាលាឆើរ និងកូនៗរបស់ពួកគេ បានបំពេញការហៅបម្រើនៅក្នុងសាសនាចក្រជាច្រើន ។ ចៅទួតពៅគេម្នាក់ ឥឡូវនេះកំពុងបម្រើបេសកកម្មពេញម៉ោង ។
ចំពោះអ្នកផ្សព្វផ្សាយសាសនាជាច្រើន ដែលអាចស្ដាប់ឮនាល្ងាចនេះ ខ្ញុំសូមចែកចាយការសង្កេតមើលឃើញរបស់ខ្ញុំថា ជាញឹកញាប់គ្រាប់ពូជនៃទីបន្ទាល់ដុះឡើងពុំមែនចាក់ឬស ហើយចេញផ្កាភ្លាមៗនោះទេ ។ ជួនកាល ការធ្វើល្អដោយពុំរំពឹងអ្វីមកវិញ នឹងបានទទួលផលល្អនោះមកវិញ ។ វាពិតជាបានអំពើល្អមកវិញនៅពេលក្រោយ ។
ខ្ញុំបានឆ្លើយទូរសព្ទនៅល្ងាចមួយ ស្ដាប់ឮសំឡេងសួរខ្ញុំថា « តើអ្នកជាសាច់ញាតិនឹងអែលឌើរ ម៉នសុន ដែលបានបម្រើបេសកកម្មនៅនូវ អង់គ្លេសជាច្រើនឆ្នាំមុនឬទេ ? »
ខ្ញុំបានឆ្លើយថាអត់ទេ ។ អ្នកទូរសព្ទមកនោះបានណែនាំខ្លួនថា ជាបងប្រុស លីអនណាដូ ហ្គេមបាឌីឡា ហើយបន្ទាប់មកប្រាស់ថា អែលឌើរ ម៉នសុន និងអែលឌើរ បុននើរ បានទៅផ្ទះគាត់យូរមកហើយ ហើយបានថ្លែងទីបន្ទាល់ទៅកាន់គាត់ និងភរិយារបស់គាត់ ។ ពួកគេបានស្ដាប់ ប៉ុន្តែពុំបានធ្វើអ្វីដើម្បីអនុវត្តការបង្រៀនរបស់ពួកគេទេនោះទេ ។ ក្រោយមកទៀត ពួកគេបានផ្លាស់ទៅរដ្ឋកាលីហ្វូញ៉ា ជាកន្លែងដែលពួកគេរស់នៅអស់រយៈពេល ១៣ ឆ្នាំ ហើយពួកគេបានរកឃើញសេចក្ដីពិតម្ដងទៀត ហើយបានផ្លាស់ប្រែចិត្តជឿ រួចទទួលបុណ្យជ្រមុជទឹក ។ បងប្រុស ហ្គេមបាឌីឡា បានសួរថា តើមានវិធីណាអាចទាក់ទងទៅពួកអែលឌើរ ដែលបានទៅជួបពួកគេដំបូងនោះឬទេ ដើម្បីគាត់ អាចថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់គាត់ ចំពោះទីបន្ទាល់របស់ពួកគេ ដែលបានដិតជាប់នៅនឹងគាត់ និងភរិយារបស់គាត់នោះទេ ។
ខ្ញុំបានមើលក្នុងកំណត់ត្រា ។ ខ្ញុំបានរកឃើញពួកអែលឌើរ ។ តើអ្នកអាចស្រមៃមើលពីការភ្ជាក់ផ្អើលរបស់ពួកគេឬទេ ដែលឥឡូវពួកគេបានរៀបការ ហើយមានគ្រួសារ ខ្ញុំបានទូរសព្ទទៅពួកគេ ហើយបានប្រាប់ពួកគេអំពីដំណឹងល្អ— ដែលទីបំផុតកិច្ចខិតខំពីដំបូងរបស់ពួកគេបានចេញជាផ្លែផ្កាហើយ ។ ពួកគេចាំអំពីគ្រួសារ ហ្គេមបាឌីឡា ភ្លាម ។ ខ្ញុំបានរៀបចំការទូរសព្ទទាក់ទងគ្នា ដើម្បីពួកគេអាចអបអរសាទរគ្នាដោយផ្ទាល់ ហើយស្វាគមន៍ពួកគេមកក្នុងសាសនាចក្រ ។ ពួកគេបានជួបគ្នា ។ ពួកគេបានយំ ហើយទឹកភ្នែកនោះជាទឹកភ្នែកនៃសេចក្តីអំណរ ។
អេឌវីន ម៉ាកហាំ បានសរសេររៀបរាប់ពាក្យទាំងនេះថា ៖
វាជាជោគវាសនាដែលធ្វើឲ្យយើងក្លាយជាបងប្អូននឹងគ្នា
គ្មាននរណាម្នាក់ដើរក្នុងជីវិតនេះតែម្នាក់ឯងឡើយ ៖
អ្វីៗដែលយើងបានធ្វើសម្រាប់មនុស្សដទៃ
នឹងកើតមានក្នុងជីវិតយើងវិញ ។១៦
នៅយប់នេះ ខ្ញុំអធិស្ឋានសុំឲ្យយើងទាំងអស់គ្នាដែលកាន់បព្វជិតភាព បានដឹងអំពីការទទួលខុសត្រូវរបស់យើង ថាយើងគឺជាគេឌានពីជំនាន់ដើម អាចឈរនឹងនៅត្រង់កន្លែងរៀងខ្លួន ហើយជាមនុស្សម្នាក់ដែលធ្វើតាមអ្នកដឹកនាំរបស់យើង— ជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ— និងព្យាការីរបស់ទ្រង់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យយើងឈោងទៅជួយ ហើយសង្គ្រោះដល់អ្នកទាំងឡាយដែលបានធ្លាក់ចុះនៅតាមផ្លូវ ដើម្បីកុំឲ្យព្រលឹងដ៏មានតម្លៃណាមួយនឹងត្រូវបាត់បង់នោះឡើយ ។
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។