២០០០–២០០៩
តែ​បើ​មិន​ជួយ​ទេ …
ខែ មេសា ឆ្នាំ ២០០៤


តែ​បើ​មិន​ជួយ​ទេ …

បុរស​សម្រេច​បាន​ការណ៍​ដ៏អស្ចារ្យ​ជាច្រើន តាមរយៈ​ការទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់—តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ ទោះជា​ពេល​ពួកគេ​មិន​ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ដុសខាត់​ពួកគេ​ក្ដី ។

កាលនៅ​ជា​យុវជន ខ្ញុំ​បាន​ត្រឡប់​មកផ្ទះ​វិញ​ពី​ការប្រកួត​បាល់បោះ​ថ្នាក់​ទី​ប្រាំបី​ទាំង​ស្រពាប់​ស្រពោន អន់ចិត្ត និង​ភាន់​ច្រឡំ ។ ខ្ញុំ​បាន​របូត​មាត់​និយាយ​ទៅ​ម្ដាយ​របស់​ខ្ញុំ​ថា « កូន​មិន​ដឹង​ថា ហេតុអ្វី​យើង​ចាញ់​នោះ​ទេ—កូន​បាន​មាន​សេចក្ដី​ជំនឿ​ថា យើង​នឹង​ឈ្នះ ! »

ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ពេលនោះ​ខ្ញុំ​មិន​បាន​ដឹង​ថា តើ​សេចក្ដី​ជំនឿ​គឺជា​អ្វី​នោះទេ ។

សេចក្ដី​ជំនឿ​មិនមែន​ជា​ការសម្ដែង​សេចក្ដី​ក្លាហាន មិនមែន​គ្រាន់តែ​ជា​ការប៉ង​ប្រាថ្នា ឬ​គ្រាន់តែ​ជា​សេចក្ដី​សង្ឃឹម​នោះ​ទេ ។ សេចក្ដី​ជំនឿ​ដ៏ពិត​គឺជា​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ—ទំនុកចិត្ត និង​ការទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ដឹកនាំ​បុគ្គល​ម្នាក់​ឲ្យ​ធ្វើតាម​ទ្រង់ ។

ជាច្រើន​សតវត្សរ៍​កន្លង​ទៅ ដានីយ៉ែល និង​មិត្តភក្ដិ​វ័យក្មេង​របស់​លោក​ត្រូវបាន​រុញ​ចេញពី​សុខ​សុវត្ថិភាព​ភ្លាមៗ ចូលទៅ​ពិភពលោក​មួយ—ជា​ពិភព​ដែល​មិន​ស្គាល់ និង​មាន​ការគំរាម​កំហែង ។ នៅពេល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បាន​បដិសេធ​មិន​ព្រម​ឱនក្បាល ហើយ​ថ្វាយ​បង្គំ​រូបសំណាក​មាស ដែល​បាន​តំឡើង​ដោយ​ស្ដេច នោះ​នេប៊ូក្នេសា​ដ៏ពិរោធ​បាន​ប្រាប់​ពួកគេ​ថា ប្រសិនបើ​ពួកគេ​មិន​ព្រម​ថ្វាយ​បង្គំ​តាម​ការបញ្ជា​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បោះ​ចូល​ទៅក្នុង​គុកភ្លើង​ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ភ្លាម ។ « តើ​មាន​ព្រះ​ឯណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់គ្នា ឲ្យ​រួចពី​កណ្តាប់​ដៃ​យើង​បាន ? »

យុវជន​ទាំងបី​នាក់​បាន​ឆ្លើយតប​ភ្លាម និង​ដោយ​មាន​ទំនុកចិត្ត​ថា « បើ​ជា​យ៉ាង​នោះ​មែន [ ប្រសិនបើ​ទ្រង់​បោះ​យើង​ទៅក្នុង​គុកភ្លើង​មែន ] នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ » ។ ការណ៍​នោះ​ស្ដាប់​ទៅ​ដូចជា​ប្រភេទ​នៃ​សេចក្ដី​ជំនឿ​កាល​ថ្នាក់ទី​ប្រាំបី​របស់​ខ្ញុំ ។ ប៉ុន្ដែ ពេលនោះ​ពួកគេ​បាន​បង្ហាញ​ថា ពួកគេ​បាន​យល់ដឹង​យ៉ាង​ច្បាស់លាស់​ថា តើ​សេចក្ដី​ជំនឿ​គឺជា​អ្វី ។ ពួកគេ​បាន​បន្ដ​ថា « តែ​បើ​មិន​ជួយ​ទេ … យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិនព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ » ។ នោះ​គឺជា​សេចក្ដី​ថ្លែង​នៃ​សេចក្ដី​ជំនឿ​ដ៏ពិត​ប្រាកដ ។

ពួកគេ​បាន​ដឹង​ថា ពួកគេ​អាច​ទុកចិត្ត​លើ​ព្រះ​បាន—ទោះបីជា​បើ​រឿង​មិន​កើត​តាម​របៀប​ដែល​ពួកគេ​បាន​សង្ឃឹម​ក្ដី ។ ពួកគេ​បាន​ដឹង​ថា សេចក្ដី​ជំនឿ​គឺ​ហួសពី​ការយល់ព្រម​ខាង​ផ្លូវចិត្ត ហួសពី​ការទទួល​ស្គាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ សេចក្តី​ជំនឿ​គឺជា​ការទុកចិត្ត​ទាំងស្រុង​ទៅលើ​ទ្រង់ ។

សេចក្ដី​ជំនឿ​គឺជា​ការជឿ​ថា ទោះបីជា​យើង​មិន​យល់​គ្រប់​កិច្ចការ​ទាំងអស់​ក្ដី ប៉ុន្ដែ​ទ្រង់​ញាណដឹង ។ សេចក្ដី​ជំនឿ​គឺជា​ការដឹង​ថា ទោះបីជា​អំណាច​របស់​យើង​មាន​ដែន​កំណត់​ក្ដី ប៉ុន្ដែ​ព្រះចេស្ដា​ទ្រង់​គឺ​គ្មាន​ដែន​កំណត់​នោះទេ ។ សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​រួមមាន​នូវ​ការពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទ្រង់ ។

សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បាន​ដឹង​ថា ពួកគេ​អាច​ពឹងផ្អែក​លើ​ទ្រង់​បាន​ជានិច្ច ដោយសារ​ពួកគេ​បាន​ដឹង​ពី​ផែនការ​របស់​ទ្រង់ ហើយ​ពួកគេ​បាន​ដឹង​ថា ទ្រង់​មិន​ផ្លាស់ប្ដូរ​ឡើយ ។ ពួកគេ​បាន​ដឹង ដូច​ដែល​យើង​ដឹង​ដែរ​ថា ជីវិត​រមែង​ស្លាប់​មិនមែន​ជា​រឿងចៃដន្យ​នៃ​ធម្មជាតិ​នោះទេ ។ វា​គឺជា​ផ្នែក​ដ៏ខ្លី​មួយ​នៃ​ផែនការ​ដ៏ធំ របស់​ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ដើម្បី​ធ្វើឲ្យ​វា​កើតឡើង​បាន​សម្រាប់​យើង ដែលជា​បុត្រា និង​បុត្រី​របស់​ទ្រង់ ដើម្បី​ទទួល​បាន​ពរជ័យ​ដូចគ្នា​នឹង​ពរជ័យ​ដែល​ទ្រង់​សព្វ​ព្រះទ័យ ប្រសិនបើ​យើង​ស្ម័គ្រចិត្ត​នោះ ។

ពួកគេ​បាន​ដឹង ដូច​ដែល​យើង​ដឹង​ដែរ​ថា នៅក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង យើង​ត្រូវបាន​ណែនាំ​ដោយ​ទ្រង់ អំពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ ៖ « យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួកគេ​ទាំងនេះ​អាច​រស់នៅ​លើ ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិនជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ។

ដូច្នេះ យើង​មាន​ចម្លើយ​ហើយ—វា​គឺជា​ការសាកល្បង ។ ពិភពលោក​នេះ​គឺជា​ទីកន្លែង​នៃ​ការសាកល្បង​សម្រាប់​បុរស និង​ស្ដ្រី​នៃ​ជីវិត​រមែង​ស្លាប់ ។ នៅពេល​យើង​ដឹង​ថា គ្រប់យ៉ាង​គឺជា​ការសាកល្បង ដែល​បាន​គ្រប់គ្រង​ដោយ​ព្រះវរបិតាសួគ៌​របស់​យើង ដែល​សព្វ​ព្រះទ័យ​ចង់​ឲ្យយើង​ទុកចិត្ត​លើ​ទ្រង់ ហើយ​ដើម្បី​អនុញ្ញាត​ឲ្យទ្រង់​ជួយ​យើង​បាន នោះ​យើង​អាច​មើល​ឃើញ​អ្វីៗ​គ្រប់យ៉ាង​បាន​កាន់តែ​ច្បាស់​ថែមទៀត ។

ទ្រង់​បាន​មាន​បន្ទូល​មក​យើង​ថា កិច្ចការ​របស់​ទ្រង់ និង​សិរីល្អ​របស់​ទ្រង់​គឺ « ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។ ទ្រង់​សម្រេច​បាន​ភាពជា​ព្រះ​រួចហើយ ។ ឥឡូវ​នេះ ព្រះរាជបំណង​តែមួយ​គត់​របស់​ទ្រង់​គឺ​ដើម្បី​ជួយ​យើង—ឲ្យ​យើង​អាច​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ហើយ​ក្លាយ​ដូចជា​ទ្រង់ និង​រស់នៅ​ជីវិត​ដ៏អស់កល្ប​ជានិច្ច​ដូចជា​ទ្រង់​ដែរ ។

ដោយ​ដឹងពី​អ្វី​ទាំងអស់​នេះ នោះ​វា​មិន​ពិបាក​សម្រាប់​បុរស​ហេព្រើរ​វ័យក្មេង​ទាំងបី​នាក់​នេះ​ធ្វើការ​សម្រេច​ចិត្ត​នោះទេ ។ ពួកគេ​បាន​ធ្វើតាម​ព្រះ ហើយ​ពួកគេ​បាន​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ ។ ទ្រង់​បាន​ដោះលែង​ពួកគេ តែ​បើ​មិន​ជួយ​ទេ—ហើយ​យើង​ដឹង​ដំណើររឿង​នេះ​ទាំង​ប៉ុន្មាន​ទៀត ។

ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​យើង ជា​សិទ្ធិ និង​ការទទួល​ខុសត្រូវ​ដើម្បី​សម្រេច​ចិត្ត ។ ទ្រង់​សាកល្បង​យើង តាមរយៈ​ការអនុញ្ញាត​ឲ្យ​យើង​ទទួល​នូវ​ឧបសគ្គ ។ ទ្រង់​ធានា​យើង​ថា ទ្រង់​នឹង​មិន​ធ្វើឲ្យ​យើង​រងទុក្ខ​នឹង​ការល្បួង ខ្លាំង​ជាង​សមត្ថភាព​របស់​យើង​ដើម្បី​ទ្រាំទ្រ​វា​បាន​នោះ​ទេ ។១០ ប៉ុន្ដែ​យើង​ត្រូវ​យល់​ថា ឧបសគ្គ​ធំ​ធ្វើឲ្យ​មនុស្ស​ខ្លាំង​អស្ចារ្យ ។ យើង​មិន​ហៅរក​ទុក្ខ​វេទនា​នោះទេ ប៉ុន្ដែ​ប្រសិនបើ​យើង​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះអម្ចាស់​នឹង​ពង្រឹង​យើង ។ ពាក្យ តែ​បើ​មិន​ជួយ​ទេ អាច​ក្លាយជា​ពរជ័យ​ដ៏អស្ចារ្យ​បាន ។

សាវក​ប៉ុល​បាន​រៀន​មេរៀន​ដ៏សំខាន់​នេះ ហើយ​បន្ទាប់ពី​រាប់​ទសវត្សរ៍​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដ៏ស្មោះត្រង់​មក លោក​បាន​ប្រកាស​ថា « យើង​នៅតែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ … ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ » ។១១

ទ្រង់​បាន​បញ្ជាក់​ដល់​លោក​ថា « គុណ​របស់​យើង​ល្មម​ដល់​ឯង​ហើយ ដ្បិត​កម្លាំង​យើង​បាន​ពេញ​ខ្នាត​ដោយ​សេចក្តី​កម្សោយ » ។១២

ប៉ុល​បាន​ឆ្លើយតប​ថា « ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ ។ … ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្តី​កម្សោយ ក្នុង​កាល​ដែល​គេ​ត្មះតិះដៀល ក្នុង​សេចក្តី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត​ចង្អល់ ដោយ​យល់​ដល់​ព្រះគ្រីស្ទ ដ្បិត​កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ » ។១៣ នៅពេល​ប៉ុល​បាន​ជួប​នឹង​ឧបសគ្គ​របស់​លោក​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​សេចក្ដី​ជំនឿ​របស់​លោក​បាន​កើនឡើង ។

« ដោយសារ​សេចក្តី​ជំនឿ នោះ​អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក » ។១៤ ដោយសារតែ​សេចក្ដី​ជំនឿ​ដ៏មហិមា​របស់​លោក នោះ​អ័ប្រាហាំ​ទទួល​បាន​សន្យា​ឲ្យមាន​កូនចៅ​ច្រើន​ជាង​ចំនួន​ផ្កាយ​នៅលើ​មេឃ​ទៅ​ទៀត ហើយ​ថា​កូនចៅ​ទាំងនោះ​នឹង​កើត​មាន​តាមរយៈ​អ៊ីសាក ។ ប៉ុន្ដែ អ័ប្រាហាំ​បាន​ធ្វើតាម​ការបង្គាប់​របស់​ព្រះអម្ចាស់​ភ្លាម ។ ព្រះ​បាន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់ តែ​បើ​មិនជួយទេ តាម​របៀប​ដែល​អ័ប្រាហាំ​បាន​រំពឹង​ទុក​ នោះ​លោក​នៅតែ​ទុកចិត្ត​លើ​ទ្រង់​ទាំងស្រុង​ដដែល ។

បុរស​សម្រេច​បាន​ការណ៍​ដ៏អស្ចារ្យ​ជាច្រើន តាមរយៈ​ការទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់—តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ ទោះជា​ពេល​ពួកគេ​មិន​ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ដុសខាត់​ពួកគេ​ក្ដី ។

« ដោយសារ​សេចក្តី​ជំនឿ កាល​ម៉ូសេ … មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ ។

« លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្តី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែតនោះ​វិញ ។

« ដោយ​បាន​រាប់​សេចក្តី​ដំនៀល​ដែល​គេ​តិះដៀល​ដល់​ព្រះគ្រីស្ទ ទុក​ជា​ទ្រព្យសម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ។ …

« ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ។ …

« ដោយសារ​សេចក្តី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក ។ …

« ដោយសារ​សេចក្តី​ជំនឿ នោះ​កំផែង​ទីក្រុង​ក៏​រលំ​ទៅ » ។១៥

ដែល « ដោយសារ​សេចក្តី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ … បាន​ទទួល​សេចក្តី​សន្យា បាន​បិទ​មាត់​សិង្ហ

« បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កម្លាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង » ។១៦

ប៉ុន្ដែ​នៅក្នុង​ចំណោម​លទ្ធផល​ដ៏រុងរឿង​ទាំងអស់​នោះ ដែល​អ្នកចូលរួម​បាន​សង្ឃឹម និង​រំពឹង​ទុក នោះ​តែងមាន​ឃ្លា តែ​បើ​មិន​ជួយ​ទេ ជានិច្ច ។

« ខ្លះ​ទៀត​ត្រូវ​សេចក្តី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ … ទាំង​ជាប់​ចំណង និង​ជាប់​គុក​ផង ។

« ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីមវាម ទាំង … ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់សង្កិន ហើយ​ធ្វើ​បាប … ១៧

« ព្រះ​បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​មួយ​ចំនួន សម្រាប់​ពួកគេ​តាមរយៈ​ការរងទុក្ខ​របស់​ពួកគេ ដោយសារ​បើ​មិនមាន​ការរងទុក្ខ​ទេ នោះ​ពួកគេ​មិន​អាច​បាន​គ្រប់​លក្ខណ៍​ឡើយ » ។១៨

បទគម្ពីរ​របស់​យើង និង​ប្រវតិ្តសាស្ដ្រ​របស់​យើង​មាន​ពោរពេញ​ទៅ​ដោយ​ដំណើររឿង​នៃ​បុរស និង​ស្ដ្រី​ដ៏​អស្ចារ្យ​របស់​ព្រះ​ដែល​បាន​ជឿ​ថា ទ្រង់​នឹង​រំដោះ​ពួកគេ តែ​បើ​មិន​ជួយ​ទេ នោះ​ពួកគេ​ក៏​បាន​បង្ហាញ​ថា ពួកគេ​នឹង​ទុកចិត្ត ហើយ​ស្មោះត្រង់​នឹង​ទ្រង់​ដែរ ។

ទ្រង់​មាន​ព្រះចេស្ដា ប៉ុន្ដែ​វា​គឺជា​ការសាកល្បង​របស់​យើង ។

តើ​ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​អ្វីខ្លះ ទាក់ទង​ទៅនឹង​ឧបសគ្គ​របស់​យើង ? ទ្រង់​រំពឹង​ចង់​ឲ្យ​យើង​ធ្វើឲ្យ​អស់ពី​លទ្ធភាព​ដែល​យើង​អាច​ធ្វើទៅ​បាន ។ ទ្រង់​ធ្វើ​កិច្ចការ​ដែល​នៅ​សេសសល់​ទាំងប៉ុន្មាន​ទៀត ។ នីហ្វៃ​បាន​និយាយ​ថា « ដ្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ។១៩

យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​ដូចជា​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​ដែរ ។

ព្រះ​របស់​យើង​នឹង​រំដោះ​យើង​ចេញពី​ការសើច​ចំអក និង​ការបៀតបៀន តែ​បើ​មិន​ជួយ​ទេ ។​… ព្រះ​របស់​យើង​នឹង​រំដោះ​យើង​ចេញពី​ជំងឺ និង​រោគា តែ​បើ​មិន​ជួយ​ទេ ។​… ទ្រង់​នឹង​ដោះលែង​យើង​ចេញពី​ភាពឯកោ បាក់​ទឹកចិត្ត ឬ​ភាពភ័យ​ខ្លាច តែ​បើ​មិន​ជួយ​ទេ ។ … ព្រះ​របស់​យើង​នឹង​ដោះលែង​យើង​ចេញពី​ការគំរាម​កំហែង ការចោទ​ប្រកាន់ និង​អសន្តិសុខ តែ​បើ​មិន​ជួយ​ទេ ។ … ទ្រង់​នឹង​រំដោះ​យើង​ចេញពី​សេចក្ដី​ស្លាប់ ឬ​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ តែ​បើ​មិន​ជួយ​ទេ​… ក៏​យើង​នឹង​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដែរ ។

ព្រះ​របស់​យើង​នឹង​ទតឃើញ​ថា យើង​ទទួល​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ តែ​បើ​មិន​ជួយ​ទេ ។ … ទ្រង់​នឹង​ប្រាកដ​ថា យើង​ត្រូវបាន​ស្រឡាញ់ និង​បាន​ទទួល​ស្គាល់ តែ​បើ​មិន​ជួយ​ទេ ។ … យើង​នឹង​ទទួលដៃគូ​ដ៏ល្អ​ឥតខ្ចោះ និង​សុចរិត​ព្រមទាំង​កូន​ដែល​គោរព​ប្រតិបត្តិ​តាម តែ​បើ​មិន​ជួយទេ​នោះ … យើង​នឹង​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដោយ​ដឹង​ថា ប្រសិនបើ​យើង​ធ្វើ​អស់​ពី​សមត្ថភាព​របស់យើង នោះ​តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ យើង​នឹង​ត្រូវបាន​ដោះលែង និង​ទទួល​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។២០ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕