គោលការណ៍ពីរសម្រាប់សេដ្ឋកិច្ចបែបណាមួយក៏បាន
ជាញឹកញាប់ ការស្ថិតនៅក្នុងការសាកល្បងនៃទុក្ខវេទនា បានធ្វើឲ្យយើងរៀននូវមេរៀនដ៏សំខាន់ជាច្រើន ដែលជួយរៀបចំអាកប្បកិរិយា និងជោគវាសនារបស់យើង ។
នៅក្នុងទស្សនកិច្ចរបស់យើងជុំវិញពិភពលោកក្នុងការសួរសុខទុក្ខសមាជិក និងបណ្តាញបព្វជិតភាពយើងទទួលដំណឹងផ្ទាល់អំពីស្ថានភាព ហើយនឹងឧបសគ្គរបស់សមាជិកយើង ។ អស់ជាច្រើនឆ្នាំហើយសមាជិករបស់យើងត្រូវបានប៉ះទង្គិចនឹងវិបត្តិជុំវិញពិភពលោកទាំងវិបត្តិធម្មជាតិ និងវិបត្តិបង្កើតដោយមនុស្សដែរ ។ យើងក៏យល់ថា គ្រួសារនានាត្រូវតែបន្ថយចាយវាយរបស់គេហើយកំពុងតែព្រួយបារម្ភអំពីគ្រាដ៏លំបាកនេះ ។
បងប្អូនអើយ យើងមានអារម្មណ៍ជិតស្និទ្ធនឹងបងប្អូនណាស់ ។ យើងស្រឡាញ់បងប្អូន ហើយយើងអធិស្ឋានឲ្យបងប្អូនជានិច្ច ។ ខ្ញុំធ្លាប់ជួបប្រទះនឹងគ្រាល្អ និងគ្រាអាក្រក់ជាច្រើនគ្រប់គ្រាន់នៅក្នុងជីវិតរបស់ខ្ញុំ ទើបខ្ញុំដឹងថាក្រោយពីភ្លៀង មេឃនឹងស្រឡះ ។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះអនាគតកាល ។ បងប្អូនអើយ នៅចំណែករបស់យើង យើងត្រូវតែបន្តរឹងមាំនៅក្នុងសេចក្តីសង្ឃឹម ធ្វើការដោយអស់ពីកម្លាំង ហើយទុកចិត្តទៅលើព្រះ ។
ពេលថ្មីៗនេះ ខ្ញុំតែងតែគិតអំពីគ្រាមួយនៅក្នុងជីវិតរបស់ខ្ញុំ គឺជាពេលដែលទម្ងន់នៃការព្រួយបារម្ភ និងសេចក្តីខ្វល់ខ្វាយ អំពីអនាគតភាពស្រពិចស្រពិលហាក់ដូចជានៅជាប់នឹងខ្ញុំជានិច្ច ។ កាលខ្ញុំមានអាយុ ១១ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសាររបស់ខ្ញុំនៅក្នុងបន្ទប់ជាប់នឹងដំបូលផ្ទះមួយខ្នងនៅឯកសិដ្ឋានមួយក្បែរទីក្រុង ហ្វ្រែងហ្វើត ប្រទេសអាល្លឺម៉ង់ ។ យើងជាជនភៀសខ្លួនជាលើកទីពីរនៅក្នុងរយៈពេលតែពីរបីឆ្នាំប៉ុណ្ណោះ ហើយយើងមានការលំបាកក្នុងការកសាងជីវិតនៅលើទឹកដីថ្មីដែលនៅយ៉ាងឆ្ងាយពីលំនៅដ្ឋានមុនរបស់យើង ។ ខ្ញុំអាចនិយាយបានថាយើងក្រ ប៉ុន្តែពាក្យនោះដូចជាខ្សោយពេក ។ យើងទាំងអស់គ្នាដេកនៅក្នុងបន្ទប់មួយដ៏តូច ស្ទើរតែគ្មានកន្លែងដើរជុំវិញគ្រែ ។ នៅក្នុងបន្ទប់តូចមួយទៀតយើងមានតុទូពីរបីដែលមិនសូវល្អ ហើយនឹងចង្ក្រានមួយដែលម្ដាយប្រើចំហិនអាហារ ។ ដើម្បីដើរពីបន្ទប់មួយទៅបន្ទប់មួយទៀត យើងត្រូវតែដើរកាត់កន្លែងដាក់ឥវ៉ាន់មួយជាកន្លែងដែលលោកកសិករម្នាក់ទុករបស់របរ និងប្រដាប់ប្រដារបស់គាត់ ព្រមទាំងសាច់ និងសាច់ក្រកផ្សេងៗដែលព្យួរពីលើដំបូល ។ ក្លិនសាច់នោះតែងតែធ្វើឲ្យខ្ញុំឃ្លានណាស់ ។ យើងគ្មានបន្ទប់ទឹកទេ មានតែបង្គន់មួយនៅក្រៅផ្ទះ—គឺត្រូវចុះជណ្ដើរដើរចម្ងាយដល់ទៅ ៥០ ហ្វីត ( ១៥ ម៉ែត្រ ) ប៉ុន្តែនៅរដូវរងារវាហាក់ដូចជាឆ្ងាយជាងនោះទៅទៀត ។
ដោយសារខ្ញុំជាជនភៀសខ្លួនម្នាក់ និងដោយសារតែភាសាអាល្លឺម៉ង់ខាងកើតរបស់ខ្ញុំ នោះក្មេងផ្សេងទៀត ជារឿយៗបានសើចចំអកឲ្យខ្ញុំ ហើយប្រើពាក្យត្រគោះបោកមកខ្ញុំដែលធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ ។ នៅគ្រាយុវវ័យរបស់ខ្ញុំទាំងអស់ ខ្ញុំជឿថា នេះគឺជាគ្រាដែលធ្វើឲ្យខ្ញុំបាក់ទឹកចិត្តបំផុត ។
ឥឡូវនេះ ខ្ញុំអាចក្រឡេកមើលទៅគ្រាទាំងនោះវិញដោយមានការយល់ដឹងដែលកើតចេញពីបទពិសោធន៍កាលពីច្រើនឆ្នាំមុននោះ ។ ទោះជាខ្ញុំនៅចាំពីការឈឺចាប់ និងការអស់សង្ឃឹមនោះក្ដី ក៏ឥឡូវនេះខ្ញុំអាចមើលឃើញពីអ្វីដែលខ្ញុំមិនអាចមើលឃើញនៅពេលនោះដែរ នេះគឺជាគ្រានៃការរីកចម្រើនផ្ទាល់ខ្លួនដ៏ធំមួយ ។ នៅគ្រានោះ គ្រួសាររបស់យើងបានសាមគ្គីគ្នា ។ ខ្ញុំបានមើល ហើយរៀនពីឪពុកម្ដាយរបស់ខ្ញុំ ។ ខ្ញុំបានស្ងើចសរសើរចំពោះការតាំងចិត្ត និងភាពសុទិដ្ឋិនិយម ។ ខ្ញុំបានរៀនពីពួកគាត់ថា ការយកឈ្នះលើទុក្ខវេទនាអាចកើតឡើងបាន នៅពេលប្រឈមមុខដោយមានសេចក្តីជំនឿ សេចក្តីក្លាហាន និងសេចក្តីតស៊ូ ព្យាយាមយកឈ្នះ ។
ដោយដឹងថា បងប្អូនមួយចំនួនកំពុងជួបប្រទះនូវគ្រានៃការព្រួយបារម្ភ និងអស់សង្ឃឹម នៅថ្ងៃនេះ ខ្ញុំចង់លើកឡើងពីគោលការណ៍សំខាន់ពីរដែលបានជួយជម្រុញខ្ញុំរហូតមកដល់គ្រាដ៏ជោគជ័យនេះក្នុងឆាកជីវិតរបស់ខ្ញុំ ។
គោលការណ៍ទីមួយ ៖
រហូតមកទល់សព្វថ្ងៃនេះ ខ្ញុំមានការស្ងើចសរសើរខ្លាំងពីរបៀបដែលគ្រួសាររបស់ខ្ញុំបានខិតខំធ្វើការ បន្ទាប់ពីបានបាត់បង់អ្វីៗគ្រប់យ៉ាងក្រោយពីសង្រ្គាមលោកលើកទីពីរ ! ខ្ញុំចាំបានថា ឪពុករបស់ខ្ញុំ—ជាពលរដ្ឋសាមញ្ញម្នាក់ដែលទទួលការអប់រំ និងបទពិសោធន៍—បានប្រឡូកក្នុងការងារដ៏លំបាកៗមួយចំនួន ដូចជាធ្វើជាកម្មកររ៉ែធ្យូង កម្មករអណ្តូងរ៉ែអ៊ុយរ៉ានីញ៉ូម ជាងម៉ាស៊ីន និងអ្នកបើករថយន្តដឹកឥវ៉ាន់ ។ គាត់បានចេញពីផ្ទះតាំងពីព្រលឹមស្រាងៗ ហើយជាញឹកញាប់ត្រឡប់មកផ្ទះវិញយប់ជ្រៅ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ ។ អ្នកម្តាយរបស់ខ្ញុំបានចាប់ផ្តើមមុខរបរបោកសម្លៀកបំពាក់ ហើយត្រូវធ្វើការច្រើនម៉ោងពីការងារដែលធ្វើច្រំដែលៗ ។ គាត់បានឲ្យបងស្រីរបស់ខ្ញុំ ហើយនឹងរូបខ្ញុំធ្វើការជាមួយគាត់ ។ ខ្ញុំបានក្លាយជាអ្នកដឹកជញ្ជូនសម្លៀកបំពាក់ដោយប្រើកង់របស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ល្អដែលអាចជួយបន្តិចបន្តួចដល់គ្រួសាររបស់ខ្ញុំ ហើយការងារដោយប្រើកម្លាំងនេះក៏បានក្លាយជាពរជ័យមួយចំពោះសុខភាពរបស់ខ្ញុំដែរ តែនៅពេលនោះខ្ញុំមិនបានដឹងឡើយ ។
វាពុំមែនជាការងារស្រួលនោះឡើយ ប៉ុន្តែការងារជួយយើងកុំឲ្យគិតច្រើនពីការលំបាកនៃស្ថានភាពរបស់យើង ។ ទោះជាស្ថានភាពរបស់យើងមិនផ្លាស់ប្តូរភ្លាមៗក៏ដោយ តែវានឹងការផ្លាស់ប្តូរពិតប្រាកដ ។ នោះជារឿងដែលទាក់ទងនឹងការងារ ។ បើយើងគ្រាន់តែធ្វើវា—ដោយថ្លៃថ្នូរ និងខ្ជាប់ខ្ជួន—នោះរឿងទាំងឡាយនឹងមានភាពប្រសើរឡើងជាប្រាកដ ។
ឱ ខ្ញុំកោតសរសើរណាស់ដល់បុរស ស្រ្តី និងកុមារទាំងឡាយដែលស្គាល់ពីរបៀបធ្វើការងារ ! ព្រះអម្ចាស់សព្វព្រះទ័យនឹងពួកអ្នកដែលធ្វើការណាស់ ! ទ្រង់មានបន្ទូលថា « ឯងនឹងបានអាហារស៊ីដោយការបែកញើស »១ ហើយ « អ្នកដែលធ្វើការនោះគួរនឹងបានឈ្នូលរបស់ខ្លួនហើយ »២ ។ ទ្រង់ក៏ប្រទានការសន្យាមួយផងដែរថា « ចូរលូកកណ្តៀវរបស់អ្នក ដោយអស់ពីព្រលឹងរបស់អ្នក ហើយបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ » ។៣ អស់អ្នកណាដែលពុំភ័យខ្លាចមូរដៃអាវ និងជើងខោឡើង ហើយចូលប្រឡូកដោយព្យាយាមតោងចាប់គោលដៅសំខាន់នោះ គឺជាពរជ័យមួយចំពោះក្រុមគ្រួសារ សហគមន៍ ប្រទេសជាតិ និងសាសនាចក្ររបស់ពួកគេហើយ ។
ព្រះអម្ចាស់មិនរំពឹងឲ្យយើងធ្វើការងារដែលហួសពីសមត្ថភាពរបស់យើងនោះទេ ។ ទ្រង់មិនបាន ( ហើយយើងក៏មិនត្រូវ ) ប្រៀបធៀបកិច្ចការរបស់យើងទៅនឹងកិច្ចការរបស់អ្នកដទៃនោះទេ ។ ព្រះវរបិតារបស់យើងបានសុំតែម្យ៉ាងប៉ុណ្ណោះគឺថា ឲ្យយើងធ្វើឲ្យអស់ពីលទ្ធភាព—ឲ្យយើងធ្វើការស្របទៅតាមសមត្ថភាពដ៏ពេញលេញរបស់យើង ទោះជាកិច្ចការនោះធំ ឬ តូចក្តី ។
ការងារ គឺជាថ្នាំបន្សាបដល់ការព្រួយបារម្ភ ជាឥទ្ធិពលនៃការព្យាបាលទុក្ខសោក និងជាច្រកទ្វារឆ្ពោះទៅរកឱកាសល្អៗ ។ បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ ទោះជាស្ថានភាពជីវិតរបស់យើងបែបណាក្តី ចូរយើងធ្វើឲ្យអស់ពីលទ្ធភាព ហើយអភិវឌ្ឍកេរ្តិ៍ឈ្មោះដ៏ល្អបំផុតមួយនៅរាល់កិច្ចការដែលយើងធ្វើ ។ ចូរយើងផ្គុំគំនិត និងរូបកាយរបស់យើងចំពោះឱកាសដ៏រុងរឿង ដើម្បីការងារដែលកើតមានជារៀងរាល់ថ្ងៃ ។
នៅពេលរទេះយើងជាប់ផុងនៅក្នុងភក់ នោះព្រះមានព្រះទ័យចាំជួយជំរុញដល់អ្នកដែលចេញមកខាងក្រៅដើម្បីរុញរទេះនោះជាជាងអ្នកដែលគ្រាន់តែធ្វើការអធិស្ឋានរបស់ខ្លួន—ទោះជាប្រសប់និយាយយ៉ាងណាក៏ដោយ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានលើកឡើងពីការងារតាមរបៀបនេះថា « ការចង់ធ្វើការ និងការ និយាយថា យើងនឹងខិតខំធ្វើការ គឺវាពុំគ្រប់គ្រាន់នោះទេ ។ … ដើម្បីសម្រេចគោលដៅរបស់យើងបាន វាទាមទារឲ្យមាន ការអនុវត្ត ពុំមែន ការគិត តែម្យ៉ាងនោះទេ ។ ជាញឹកញាប់ បើយើងផ្អាកធ្វើការងារ ដើម្បីឆ្ពោះទៅរកគោលដៅរបស់យើង នោះយើងនឹងមិនបានឃើញពីការសម្រេចគោលដៅទាំងនោះឡើយ » ។៤
ការងារអាចក្លាយទៅជាភារកិច្ចដ៏ខ្ពង់ខ្ពស់ និងជោគជ័យ ប៉ុន្តែ សូមចងចាំពីការព្រមានរបស់យ៉ាកុបថា កុំ « ចំណាយពេល…ធ្វើការសម្រាប់អ្វីដែលពុំអាចធ្វើឲ្យបានស្កប់ស្កល់ឡើយ » ។៥ បើយើងលះបង់ខ្លួនឯងដើម្បីទទួលបានទ្រព្យសម្បត្តិខាងលោកិយ និងភាពល្បីល្បាញនៃការទទួលស្គាល់ជាសាធារណៈ ដោយបោះបង់គ្រួសាររបស់យើង និងការរីកចម្រើនខាងវិញ្ញាណរបស់យើង នោះមិនយូរប៉ុន្មាន យើងនឹងរកឃើញថា យើងបានធ្វើការលះបង់ដោយឥតប្រយោជន៍ ។ ការងារសុចរិតដែលយើងធ្វើនៅក្នុងរង្វង់គ្រួសារ គឺជារឿងដ៏ពិសិដ្ឋបំផុត អត្ថប្រយោជន៍របស់វា គឺមានដ៏នៅអស់កល្បជានិច្ច ។ វាមិនអាចធ្វើការចែករំលែកបានឡើយ ។ វាគឺជាគ្រឹះនៃការងាររបស់យើងក្នុងនាមជាពួកអ្នកកាន់បព្វជិតភាព ។
សូមចងចាំថា នៅក្នុងពិភពលោកនេះ យើងគ្រាន់តែជាអ្នកដំណើរបណ្តោះអាសន្នប៉ុណ្ណោះ ។ ចូរយើងកុំលះបង់ទេពកោសល្យ និងកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីប្រមូលយកតែទ្រព្យសម្បត្តិ ដែលចាក់គ្រឹះនៅលើតែផែនដីនេះឡើយ តែផ្ទុយទៅវិញ ចូរយើងចំណាយពេលវេលារបស់យើងដើម្បីធ្វើឲ្យជីវភាពខាងវិញ្ញាណរបស់យើងមានការរីកចម្រើន ។ ដ្បិត ក្នុងនាមជាបុត្រានៃព្រះដ៏ខ្ពស់បំផុត នោះយើងត្រូវបានបង្កើតឡើង ដើម្បីស្វែងរកបទពិសោធន៍ដ៏មហិមា ។
ឥឡូវនេះ បងប្អូនប្រុសដែលមានវ័យចំណាស់ មានពាក្យសម្តីសម្រាប់យើងទាំងអស់គ្នាថា ៖ ការចូលនិវត្តន៍ពុំមែនជាផ្នែកមួយនៃផែនការសុភមង្គលរបស់ព្រះអម្ចាស់ឡើយ ។ នៅក្នុងការទទួលខុសត្រូវបព្វជិតភាពគឺគ្មានថ្ងៃសម្រាក ឬកម្មវិធីចូលនិវត្តន៍នោះទេ—ដោយមិនគិតពីអាយុ ឬសមត្ថភាពកាយសម្បទាឡើយ ។ ខណៈដែលការពោលពាក្យថា « ខ្ញុំធ្លាប់ធ្វើកិច្ចការនេះរួចហើយ » អាចជាការដោះសារមួយដ៏ល្អ ដើម្បីជៀសវាងពីការលេងជិះស្គីលើទឹកកក បដិសេធន៍ពីការបបូលគ្នាជិះម៉ូតូ ឬ ជៀសវាងពីសម្លការីហិលនៅពេលបរិភោគអាហារប៊ូហ្វេបាន ប៉ុន្តែវាពុំមែនជាការដោះសារមួយដែលអាចទទួលយកបាន ដើម្បីជៀសវាងពីការទទួលខុសត្រូវដែលបានចុះសេចក្តីសញ្ញាថានឹងញែកពេលវេលា ទេពកោសល្យ និងធនធានការងាររបស់យើងឲ្យបរិសុទ្ធក្នុងកិច្ចការនៃនគរព្រះឡើយ ។
បន្ទាប់ពីបានបម្រើនៅក្នុងសាសនាចក្រអស់រយៈពេលជាច្រើនឆ្នាំ ប្រហែលមានមនុស្សមួយចំនួនជឿថា ពួកគេអាចសម្រាកបានហើយ ហើយទុកឲ្យអ្នកដទៃទៀតធ្វើវិញម្តង ។ បងប្អូនទាំងឡាយ បើនិយាយឲ្យចំទៅ ការគិតបែបនេះ គឺមិនស័ក្តិសមជាសិស្សរបស់ព្រះគ្រីស្ទឡើយ ។ ផ្នែកដ៏សំខាន់មួយនៃកិច្ចការរបស់យើងនៅលើផែនដីនេះ គឺដើម្បីស៊ូទ្រាំ—នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។
ឥឡូវនេះ ក៏មានពាក្យមួយឃ្លាទៀតសម្រាប់បងប្អូនប្រុសដែលមានវ័យក្មេងនៅក្នុងបព្វជិតភាពមិលគីស្សាដែករបស់យើងផងដែរ ដែលកំពុងព្យាយាមសម្រេចគោលដៅដ៏ត្រឹមត្រូវ ដើម្បីទទួលបានការអប់រំ និងស្វែងរកភរិយាដ៏នៅអស់កល្បជានិច្ចម្នាក់ ។ បងប្អូនប្រុសរបស់ខ្ញុំ គោលដៅទាំងនេះ គឺជារឿងត្រឹមត្រូវណាស់ តែសូមចងចាំថា ៖ ការធ្វើការដោយឧស្សាហ៍ព្យាយាម នៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នឹងជួយបង្កើនឱកាសទទួលបានជោគជ័យ នៅក្នុងគោលដៅដ៏ស័ក្តិសមទាំងពីរនេះ ។
មិនថាអ្នករាល់គ្នាជាយុវជនថ្នាក់ឌីកុន ឬជាបុរសចំណាស់ក្នុងថ្នាក់សង្ឃជាន់ខ្ពស់នោះទេ គឺមានកិច្ចការដែលត្រូវធ្វើដូចគ្នា !
គោលការណ៍ទីពីរ ៖ រៀនសូត្រ
នៅគ្រានៃវិបត្តិសេដ្ឋកិច្ចក្រោយសង្រ្គាមរបស់អាល្លឺម៉ង់ នោះឱកាសទទួលការអប់រំពុំមានច្រើនដូចយើងសព្វថ្ងៃនេះឡើយ ។ ប៉ុន្តែ ទោះជាមានជម្រើសពុំច្រើនក្តី ក៏ខ្ញុំតែងតែមាន អារម្មណ៍ស្រេកឃ្លានចំពោះការរៀនសូត្រជានិច្ច ។ ខ្ញុំនៅចាំថា មានថ្ងៃមួយពេលដែលខ្ញុំបានយកកង់ចេញដើម្បីដឹកជញ្ជូនសម្លៀកបំពាក់ នោះខ្ញុំបានចូលទៅ ផ្ទះរបស់មិត្តរួមថ្នាក់ខ្ញុំម្នាក់ ។ នៅក្នុងបន្ទប់មួយ មានដាក់តុតូចចំនួនពីរទល់នឹងជញ្ជាំង ។ នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យខ្លាំងណាស់ ! ក្មេងទាំងនោះមានសំណាងអ្វីម្ល៉េះទេ ដោយមានតុរៀនផ្ទាល់ខ្លួននោះ ! ខ្ញុំអាចស្រមើស្រមៃឃើញថា ពួកគេកំពុងអង្គុយនៅទីនេះដោយបើកសៀវភៅសិក្សាមេរៀន និងធ្វើកិច្ចការសាលារបស់ពួកគេ ។ ខ្ញុំបានមានអារម្មណ៍ថា ការមានតុផ្ទាល់ខ្លួនគឺជារឿងដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោកនេះ ។
ខ្ញុំត្រូវរង់ចាំយ៉ាងយូរ ពីមុនបំណងប្រាថ្នានោះបានសម្រេច ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំបានមានការងារមួយក្នុងស្ថាប័នស្រាវជ្រាវដែលមានបណ្ណាល័យដ៏ធំ ។ ខ្ញុំនៅចាំបានពីការចំណាយពេលទំនេររបស់ខ្ញុំជាច្រើន នៅក្នុងបណ្ណាល័យនោះ ។ នៅទីបំផុត ខ្ញុំអាចមានតុអង្គុយ—តែម្នាក់ឯង—ហើយអានពីព័ត៌មាន និងចំណេះដឹងដែលសៀវភៅទាំងឡាយបានផ្តល់ឲ្យ ។ ខ្ញុំចូលចិត្តអានសៀវភៅ និងការរៀនសូត្រខ្លាំងណាស់ ! នៅពេលនោះ ខ្ញុំបានចាប់ផ្តើមយល់ពីពាក្យចាស់លោកពោលថា ៖ ការអប់រំពុំមែនគ្រាន់តែជាការចាក់បំពេញធុងឲ្យច្រើននោះទេ ប៉ុន្តែវាគឺជាការដុតបំភ្លឺភ្លើងវិញ ។
ចំពោះសមាជិកសាសនាចក្រ ការអប់រំពុំមែនគ្រាន់តែជាគំនិតដ៏ល្អប៉ុណ្ណោះទេ—វាគឺជាព្រះបញ្ញត្តិ ។ យើងត្រូវតែរៀន « អំពីរបស់ទាំងឡាយនៅលើទាំងស្ថានសួគ៌ និងនៅលើផែនដី និងនៅក្រោមផែនដីផង របស់ទាំងឡាយដែលធ្លាប់មានមក របស់ទាំងឡាយដែលមានពេលនេះ របស់ទាំងឡាយដែលនឹងកើតឡើងនៅពេលឆាប់ របស់ទាំងឡាយដែលនៅក្នុងផ្ទះ របស់ទាំងឡាយនៅស្រុកផ្សេង » ។៦
យ៉ូសែប ស្ម៊ីធ លោកចូលចិត្តការរៀនសូត្រណាស់ ទោះជាលោកមានឱកាសតិចតួចសម្រាប់ការអប់រំត្រឹមត្រូវក៏ដោយ ។ នៅក្នុងសៀវភៅកំណត់ហេតុរបស់លោក នោះលោកបានមានប្រសាសន៍យ៉ាងរីករាយអំពីពេលវេលាដែលបានចំណាយនៅក្នុងការសិក្សា ហើយជាញឹកញាប់លោកបានសម្តែងចេញនូវសេចក្តីស្រឡាញ់ចំពោះការរៀនសូត្ររបស់លោក ។៧
យ៉ូសែប បានបង្រៀនពួកបរិសុទ្ធថា ចំណេះដឹងគឺជាផ្នែកដ៏ចាំបាច់មួយនៃជីវិតរមែងស្លាប់របស់យើង ដ្បិត « មនុស្សម្នាក់នឹងត្រូវបានសង្រ្គោះ ដរាបណាគាត់បាន [ ទទួល ] ចំណេះដឹង៨ ហើយថា « គោលការណ៍ផ្នែកបញ្ញាណាក៏ដោយ ដែលយើងបាននៅក្នុងជីវិតនេះ នោះនឹងនៅជាប់នឹងយើងក្នុងដំណើររស់ឡើងវិញ » ។៩ នៅក្នុងគ្រាដ៏លំបាក ការរៀនសូត្រគឺមានសារៈសំខាន់កាន់តែខ្លាំងថែមទៀត ។ ព្យាការី យ៉ូសែប បានបង្រៀនថា « ចំណេះដឹងអាចលុបបំបាត់សេចក្តីងងឹត [ ការព្រួយបារម្ភ ] នឹងការសង្ស័យបាន ដ្បិតការណ៍ទាំងនេះមិនអាចកើតឡើងនៅទីកន្លែងដែលមានចំណេះដឹងបានឡើយ » ។១០
បងប្អូនប្រុសទាំងឡាយ អ្នករាល់គ្នាមានកាតព្វកិច្ចមួយ ត្រូវរៀនសូត្រឲ្យបានច្រើនទៅតាមលទ្ធភាពរបស់អ្នក ។ សូមលើកទឹកចិត្តក្រុមគ្រួសាររបស់អ្នក សមាជិកកូរ៉ុមរបស់អ្នក និងមនុស្សគ្រប់គ្នាឲ្យរៀនសូត្រ ហើយក្លាយជាមនុស្សដែលមានការអប់រំដ៏ប្រសើរ ។ បើជម្រើសទទួលការអប់រំត្រឹមត្រូវពុំមានទេ សូមកុំបណ្តោយឲ្យការណ៍នោះរារាំងបងប្អូនពីការទទួលបាននូវរាល់ចំណេះដឹងដែលអ្នករាល់គ្នាអាចទទួលបានឡើយ ។ ជាទូទៅ នៅក្នុងស្ថានភាពបែបនេះ នោះសៀវភៅល្អៗជាច្រើនអាចក្លាយជា « សាកលវិទ្យាល័យ » របស់បងប្អូនបានដែរ—សៀវភៅគឺជាថ្នាក់រៀនមួយដែលតែងតែត្រៀមខ្លួនបើក ហើយវាព្រមទទួលយកអស់អ្នកដែលអនុវត្តតាម ។ ចូរព្យាយាមបង្កើនចំណេះដឹងរបស់បងប្អូនអំពីអ្វីគ្រប់យ៉ាងដែលមាន « គុណធម៌ គួរឲ្យស្រឡាញ់ ឬឈ្មោះល្អ ឬក៏ គួរឲ្យសរសើរ » ។១១ ចូរស្វែងរកការរៀនសូត្រ « ដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង » ។១២ សូមស្វែងរកដោយវិញ្ញាណរាបសា និងចិត្តទន់ទាប ។១៣ នៅពេលបងប្អូនរាល់គ្នាអនុវត្តទិដ្ឋភាពនៃសេចក្តីជំនឿខាងវិញ្ញាណទៅនឹងការសិក្សារបស់បងប្អូន—ព្រមទាំងជាមួយនឹងការសិក្សារឿងខាងសាច់ឈាមរបស់បងប្អូនក្តី—នោះបងប្អូនរាល់គ្នាអាចបង្កើតសមត្ថភាពផ្នែកប្រាជ្ញារបស់បងប្អូនបាន ដ្បិត « បើសិនជាភ្នែករបស់អ្នកស្មោះស្ម័គ្រទាំងស្រុងទៅចំពោះសិរីល្អ[ របស់ព្រះ ] នោះ[ រូបកាយ ]របស់អ្នកទាំងមូលនឹងបានពោរពេញទៅដោយពន្លឺ ហើយនឹង … [ យល់ ] គ្រប់ទាំងអស់ » ។១៤
នៅក្នុងការរៀនសូត្ររបស់យើង ចូរយើងកុំបដិសេធនឹងប្រភពទឹកនៃវិវរណៈឡើយ ។ ព្រះគម្ពីរ និងប្រសាសន៍របស់សាវក និងព្យាការីសម័យបច្ចុប្បន្ន គឺជាប្រភពនៃប្រាជ្ញា ចំណេះដឹងដ៏ទេវភាព និងវិវរណៈផ្ទាល់ខ្លួន ដើម្បីជួយយើងស្វែងរកចម្លើយដោះស្រាយរាល់ឧបសគ្គនៅក្នុងជីវិត ។ ចូរយើងរៀនពីព្រះគ្រីស្ទ ចូរយើងស្វែងរកចំណេះដឹងដែលដឹកនាំ ទៅរកសេចក្តីសុខសាន្ត សេចក្តីពិត និងអាថ៌កំបាំងដ៏វិសេសវិសាលនៃភាពដ៏នៅអស់កល្បជានិច្ច ។៥
សេចក្តីសន្និដ្ឋាន
បងប្អូនប្រុសទាំងឡាយ ពេលខ្ញុំគិតត្រឡប់ទៅវិញ កាលពីខ្ញុំមានអាយុ ១១ ឆ្នាំ រស់នៅក្នុងទីក្រុង ហ្វ្រែងហ្វើត ប្រទេស អាល្លឺម៉ង់ ជាមនុស្សមានការព្រួយបារម្ភចំពោះអនាគតរបស់ខ្លួន ហើយបានទទួលអារម្មណ៍ឈឺចាប់ដ៏នៅយូរអង្វែង ដោយសារតែពាក្យសម្តី មិនសមរម្យ ។ នៅពេលនេះ ខ្ញុំបានចងចាំដោយដិតជាប់នូវអារម្មណ៍សោកសៅ ។ នៅខណៈនោះ បើខ្ញុំមិនព្រមទទួលយកការសាកល្បង និងឧបសគ្គទាំងនោះទេ នោះខ្ញុំនឹងមិនដឹងថា មេរៀនទាំងឡាយដែលខ្ញុំបានរៀន គឺជារឿងដ៏ចាំបាច់ដើម្បី រៀបចំខ្លួនសម្រាប់ឱកាសនាពេលអនាគតនោះឡើយ ។ តែឥឡូវនេះ ជាច្រើនឆ្នាំ ក្រោយមក ខ្ញុំបានដឹងយ៉ាងច្បាស់ថា ៖ ជាញឹកញាប់ ការស្ថិតនៅក្នុងការសាកល្បងនៃទុក្ខវេទនា បានធ្វើឲ្យយើងរៀនសូត្រមេរៀនដ៏សំខាន់ជាច្រើន ដែលជួយរៀបចំអាកប្បកិរិយា និងជោគវាសនារបស់យើង ។
ខ្ញុំសូមអធិស្ឋានថា នៅក្នុងខែ និងឆ្នាំថ្មីនេះ សូមឲ្យយើងអាចបំពេញពេលវេលារបស់យើងជាមួយនឹងកិច្ចការសុចរិត ។ ខ្ញុំសូមអធិស្ឋានថា យើងនឹងព្យាយាមរៀនសូត្រ និងកែលម្អគំនិត និងដួងចិត្តរបស់យើង តាមរយៈការទទួលទានចេញពីប្រភពទឹកនៃសេចក្តីពិត ។ ខ្ញុំសូមបន្សល់ទុកជាមួយនឹងបងប្អូននូវសេចក្តីស្រឡាញ់របស់ខ្ញុំ និងពរជ័យទាំងឡាយនៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ។