ចូរស្មោះត្រង់ កុំវៀចវេរឡើយ
យើងត្រូវមានបំណងចំណាយពេលរាល់ថ្ងៃ ដើម្បីចេញពីពិភពលោក ហើយភ្ជាប់ទៅនឹងស្ថានសួគ៌ ។
មួយរយៈមុន ខ្ញុំបានក្រោកឡើង ហើយរៀបចំខ្លួនសិក្សាព្រះគម្ពីរ ។ ខ្ញុំចាប់យកទូរសព្ទដៃខ្ញុំ ហើយអង្គុយលើកៅអីក្បែរគ្រែក្នុងបំណងបើកកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ខ្ញុំបានដោះសោទូរសព្ទ ហើយហៀបនឹងចាប់ផ្ដើមសិក្សា ស្រាប់តែខ្ញុំឃើញសារ និងអ៊ីម៉ែលជាច្រើនលោតឡើង ដែលផ្ញើមកនៅយប់នោះ ។ ខ្ញុំគិតថា « ខ្ញុំនឹងឆែកមើលសារទាំងនោះមួយភ្លែត រួចហើយបកមកព្រះគម្ពីរភ្លាម » ។ មានឯណា ពីរម៉ោងក្រោយមក ខ្ញុំនៅតែអានសារ អ៊ីម៉ែល ព័ត៌មាន និងការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដដែល ។ ពេលខ្ញុំដឹងថាម៉ោងប៉ុន្មាន នោះខ្ញុំប្រញាប់រៀបចំខ្លួនទៅធ្វើការទាំងតក់ក្រហល់ ។ ខ្ញុំខកមិនបានសិក្សាព្រះគម្ពីរនាព្រឹកនោះ ហើយជាលទ្ធផល ខ្ញុំមិនបានទទួលការចិញ្ចឹមខាងវិញ្ញាណ ដែលខ្ញុំរំពឹងទុកឡើយ ។
ការចិញ្ចឹមខាងវិញ្ញាណ
ខ្ញុំជឿជាក់ថា បងប្អូនជាច្រើនអាចយល់បាន ។ បច្ចេកវិទ្យាទំនើបផ្ដល់ពរដល់យើងតាមរបៀបជាច្រើន ។ វាអាចភ្ជាប់យើងទៅនឹងមិត្តភក្ដិ និងគ្រួសារ ទៅនឹងព័ត៌មាន និងដំណឹងនានាអំពីព្រឹត្តិការណ៍ថ្មីៗជុំវិញពិភពលោក ។ ប៉ុន្ដែ វាក៏អាចរំខានយើងពីការភ្ជាប់ដ៏សំខាន់បំផុតផងដែរ ៖ ការភ្ជាប់យើងទៅនឹងស្ថានសួគ៌ ។
ខ្ញុំសូមលើកឡើងវិញនូវអ្វីដែលព្យាការីរបស់យើង ប្រធាន រ័សុល អិម ណិលសុន ដែលលោកបានមានប្រសាសន៍ថា « យើងរស់នៅក្នុងពិភពលោកមួយដែលស្មុគសា្មញ ហើយមានជម្លោះជាបន្តបន្ទាប់ ។ លទ្ធភាពដ៏ខ្ជាប់ខ្ជួននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងវដ្ដសារព័ត៌មាន ២៤ ម៉ោង ធ្វើឲ្យយើងថប់បារម្ភជាមួយនឹងសារលិខិតឥតឈប់ឈរ ។ បើសិនជាយើងចង់មានសេចក្តីសង្ឃឹមក្នុងការពិនិត្យមើលរកភស្ដុតាងចំពោះសំឡេង និងទស្សនវិជ្ជាជាច្រើនរបស់មនុស្ស ដែលវាយប្រហារសេចក្ដីពិត នោះយើងត្រូវតែរៀនដើម្បីទទួលវិវរណៈ » ។
ប្រធានណិលសុនបានបន្ដព្រមានថា « នៅគ្រាខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធទេនោះ » ។
ច្រើនឆ្នាំកន្លងទៅ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានតំណាលរឿងក្ដាន់មួយហ្វូង ដែលបានជាប់នៅខាងក្រៅជម្រកធម្មជាតិវា ហើយប្រឈមនឹងការអត់អាហារ ដោយសារតែព្រិលធ្លាក់ខ្លាំង ។ ជាកិច្ចខិតខំសង្គ្រោះក្ដាន់នោះ មនុស្សមានបំណងល្អមួយចំនួនបានចាក់ចំបើងមួយឡានជុំវិញតំបន់នោះ—វាមិនមែនជាអ្វីដែលសត្វក្ដាន់ស៊ីទេជាធម្មតា តែគេសង្ឃឹមថា យ៉ាងហោចវាជួយក្ដាន់នោះឲ្យរស់ក្នុងរដូវត្រជាក់ ។ ជាអកុសល ក្រោយមក សត្វក្ដាន់ភាគច្រើនបានងាប់ ។ វាបានស៊ីចំបើងនោះ ប៉ុន្ដែវាមិនបានផ្ដល់ជីវជាតិដល់ក្ដាន់ទេ ដូច្នេះវាឃ្លានដល់ស្លាប់ដោយមានពោះពេញ ។
សារជាច្រើនដែលវាយលុកយើងក្នុងសម័យព័ត៌មាននេះគឺស្មើនឹងការឲ្យចំបើងទៅក្ដាន់ស៊ីខាងវិញ្ញាណ—យើងអាចបរិភោគវាពេញមួយថ្ងៃ តែវាមិនផ្ដល់ជីវជាតិដល់យើងទេ ។
តើយើងរកឃើញជីវជាតិខាងវិញ្ញាណពិតនៅឯណា ? ជារឿយៗបំផុត វាមិនមែនជាការនិយមលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ។ យើងរកឃើញវា នៅពេលយើង « ប្រជ្រៀតគ្នាទៅមុខ » នៅលើផ្លូវសេចក្ដីសញ្ញា « ដោយកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ច » ហើយទទួលទានផ្លែនៃដើមជីវិត ។ នេះមានន័យថា យើងត្រូវមានបំណងចំណាយពេលរាល់ថ្ងៃ ដើម្បីចេញពីពិភពលោក ហើយភ្ជាប់ទៅនឹងស្ថានសួគ៌ ។
នៅក្នុងសុបិន្តរបស់គាត់ លីហៃបានឃើញមនុស្សដែលទទួលទានផ្លែឈើ រួចហើយបោះវាចោល ដោយសារតែឥទ្ធិពលនៃអគារដ៏ធំស្កឹមស្កៃ ជាសេចក្ដីឆ្មើងឆ្មៃនៃលោកិយ ។ វាអាចកើតឡើងបាន ពេលយុវវ័យធំឡើងនៅក្នុងផ្ទះពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលរួមការប្រជុំ និងថ្នាក់រៀនក្នុងសាសនាចក្រទាំងអស់ ថែមទាំងចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធទៀត រួចហើយដើរទៅ « ផ្លូវហាមឃាត់ទាំងឡាយ ហើយវង្វេងបាត់អស់ទៅ » ។ ហេតុអ្វីរឿងនេះកើតឡើង ? ក្នុងករណីជាច្រើន វាកើតដោយសារ ខណៈពួកគេអាចឆ្លងកាត់ចលនាខាងវិញ្ញាណ តែពួកគេមិនបានប្រែចិត្តជឿពិតទេ ។ ពួកគេបានទទួលទាន តែមិនបានទទួលជីវជាតិទេ ។
ផ្ទុយទៅវិញ ខ្ញុំបានជួបនឹងពួកបរិសុទ្ធថ្ងៃចុងក្រោយក្មេងៗជាច្រើនដូចបងប្អូនដែលឈ្លាសវៃ រឹងមាំ និងស្មោះត្រង់ ។ បងប្អូនដឹងថា បងប្អូនគឺជាបុត្រាបុត្រីរបស់ព្រះ ហើយថា ទ្រង់មានកិច្ចការមួយឲ្យបងប្អូនធ្វើ ។ បងប្អូនស្រឡាញ់ព្រះឲ្យអស់ពី « ចិត្ត គំនិត កម្លាំង និង ពលំ » របស់បងប្អូន ។ បងប្អូនរក្សាសេចក្ដីសញ្ញារបស់បងប្អូន ហើយបម្រើមនុស្សដទៃ ដោយចាប់ផ្ដើមពីក្នុងផ្ទះទៅ ។ បងប្អូនអនុវត្តសេចក្ដីជំនឿ ប្រែចិត្ត និងកែលម្អខ្លួនរាល់ថ្ងៃ ហើយការណ៍នេះនាំអំណរដ៏យូរអង្វែងដល់បងប្អូន ។ បងប្អូនរៀបចំខ្លួនសម្រាប់ពរជ័យព្រះវិហារបរិសុទ្ធ និងឱកាសផ្សេងទៀត ដែលបងប្អូននឹងមានក្នុងនាមជាអ្នកដើរតាមដ៏ពិតរបស់ព្រះអង្គសង្គ្រោះ ។ ហើយបងប្អូនជួយរៀបចំពិភពលោកសម្រាប់ការយាងមកលើកទីពីរ ដោយការអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ ហើយទទួលពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ បងប្អូនភ្ជាប់ខ្លួនទៅនឹងស្ថានសួគ៌ ។
មែនហើយ បងប្អូនជួបនឹងឧបសគ្គ ។ ប៉ុន្ដែមនុស្សគ្រប់ជំនាន់ក៏បានជួបដែរ ។ នេះគឺជាជំនាន់របស់យើង ហើយយើងត្រូវស្មោះត្រង់ កុំវៀចវេរឡើយ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ជ្រាបពីឧបសគ្គរបស់យើង ហើយតាមរយៈភាពដឹកនាំរបស់ប្រធានណិលសុន ទ្រង់កំពុងរៀបចំយើងឲ្យជួបនឹងឧបសគ្គនោះ ។ ខ្ញុំជឿថា ការហៅរបស់ព្យាការីថ្មីៗនេះឲ្យមានសាសនាចក្រដែលផ្ដោតលើគេហដ្ឋាន ហើយគាំទ្រដោយអ្វីដែលយើងធ្វើនៅក្នុងអគារយើង ត្រូវបានរៀបចំឡើងដើម្បីជួយយើងឲ្យរស់រាន—ឬជោគជ័យ—ក្នុងជំនាន់នៃការខ្វះសារធាតុចិញ្ចឹមខាងវិញ្ញាណនេះ ។
ផ្ដោតទៅលើគេហដ្ឋាន
តើសាសនាចក្រដែលផ្ដោតទៅលើគេហដ្ឋានមានន័យដូចម្ដេច ? គេហដ្ឋានអាចមានភាពខុសៗគ្នាទូទាំងពិភពលោក ។ បងប្អូនអាចមានគ្រួសារមួយ ដែលនៅក្នុងសាសនាចក្រជាច្រើនជំនាន់ ។ ឬ បងប្អូនអាចជាសមាជិកនៃសាសនាចក្រតែម្នាក់ឯងនៅក្នុងគ្រួសារបងប្អូន ។ បងប្អូនអាចរៀបការហើយ ឬនៅលីវ មាន ឬគ្មានកូននៅផ្ទះ ។
មិនថាស្ថានភាពបងប្អូនយ៉ាងណាទេ បងប្អូនអាចធ្វើឲ្យផ្ទះបងប្អូនផ្ដោតទៅលើការរៀនសូត្រ និងការរស់នៅតាមដំណឹងល្អបាន ។ វាមានន័យសាមញ្ញថា បងប្អូនទទួលខុសត្រូវផ្ទាល់ខ្លួនលើការប្រែចិត្តជឿ និងការរីកចម្រើនខាងវិញ្ញាណរបស់បងប្អូន ។ វាមានន័យថា ធ្វើតាមការប្រឹក្សារបស់ប្រធានណិលសុន « ដើម្បី [ ផ្លាស់ប្រែ ] គេហដ្ឋានរបស់បងប្អូនទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ » ។
សត្រូវនឹងព្យាយាមបញ្ចុះបញ្ចូលបងប្អូនថា ជីវជាតិខាងវិញ្ញាណមិនចាំបាច់ទេ ឬកាន់តែប៉ិនប្រសប់ថា វាអាចរង់ចាំបាន ។ វាគឺជាមេនៃការរំខាន ហើយជាបិតានៃការតក់ក្រហល់ ។ វានឹងនាំការយកចិត្តទុកដាក់បងប្អូនទៅលើរឿងផ្សេង ដែលមើលទៅបន្ទាន់ តែតាមពិតមិនសូវសំខាន់ទេ ។ វានឹងឲ្យបងប្អូនប្រែទៅជា « ព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើន » ណាស់រហូតបងប្អូនប្រហែសនឹង « សេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ » ។
ខ្ញុំមានអំណរចំពោះ « ឪពុកម្ដាយល្អ »របស់ខ្ញុំ ដែលបានចិញ្ចឹមគ្រួសារក្នុងផ្ទះមួយដែលផ្ដល់ជីវជាតិខាងវិញ្ញាណឥតដាច់ មានទំនាក់ទំនងពេញដោយក្ដីស្រឡាញ់ និងសកម្មភាពកម្សាន្ដដ៏ល្អត្រឹមត្រូវ ។ ការបង្រៀនដែលពួកគាត់បានផ្ដល់កាលពីយុវវ័យរបស់ខ្ញុំ បានដាក់ខ្ញុំក្នុងទីដ៏ល្អ ។ ឪពុកម្ដាយអើយ សូមបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយកូនៗបងប្អូន ។ ពួកគេត្រូវការពេលវេលារបស់បងប្អូនបន្ថែម មិនមែនបន្ថយទេ ។
សាសនាចក្រផ្ដល់ការគាំទ្រ
ពេលបងប្អូនធ្វើដូច្នេះ សាសនាចក្រគាំទ្រដល់បងប្អូន ។ បទពិសោធន៍របស់យើងក្នុងសាសនាចក្រអាចពង្រឹងការចិញ្ចឹមខាងវិញ្ញាណ ដែលកើតមានក្នុងគេហដ្ឋាន ។ កន្លងមកក្នុងឆ្នាំនេះ យើងបានឃើញការគាំទ្រពីសាសនាចក្រប្រភេទនេះនៅសាលាថ្ងៃអាទិត្យ និងថ្នាក់កុមារ ។ យើងនឹងឃើញបន្ថែមទៀតនៅក្នុងការប្រជុំបព្វជិតភាពអើរ៉ុន និងយុវនារីផងដែរ ។ ចាប់ពីខែមករានេះទៅ កម្មវិធីសិក្សាសម្រាប់ការប្រជុំទាំងនេះនឹងត្រូវកែសម្រួលបន្ដិច ។ វានឹងនៅតែផ្ដោតលើប្រធានបទដំណឹងល្អ តែប្រធានបទទាំងនោះនឹងស្របតាមសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ នេះគឺជាការផ្លាស់ប្ដូរដ៏តូចមួយ តែវាអាចមានឥទ្ធិពលដ៏ខ្លាំងលើការផ្ដល់ជីវជាតិខាងវិញ្ញាណរបស់យុវវ័យ ។
តើសាសនាចក្រផ្ដល់ការគាំទ្រប្រភេទណាខ្លះទៀត ? នៅព្រះវិហារ យើងទទួលទានសាក្រាម៉ង់ ដែលជួយយើងឲ្យធ្វើការតាំងចិត្តជាថ្មីចំពោះព្រះអង្គសង្គ្រោះរាល់សប្ដាហ៍ ។ ហើយនៅព្រះវិហារ យើងប្រជុំគ្នាជាមួយអ្នកជឿផ្សេងទៀត ដែលមានសេចក្ដីសញ្ញាដូចគ្នានោះ ។ ទំនាក់ទំនងពេញដោយក្ដីស្រឡាញ់ ដែលយើងបង្កើតជាមួយសិស្សផ្សេងទៀតរបស់ព្រះយេស៊ូវគ្រីស្ទ អាចជាការគាំទ្រដ៏ខ្លាំងមួយដល់ភាពជាសិស្សដែលផ្ដោតលើគេហដ្ឋានផ្ទាល់របស់យើង ។
នៅពេលខ្ញុំអាយុ ១៤ ឆ្នាំ គ្រួសារខ្ញុំបានផ្លាស់ទៅផ្ទះថ្មី ។ ឥឡូវ នេះអាចជារឿងធម្មតាចំពោះបងប្អូន ប៉ុន្ដែក្នុងចិត្តខ្ញុំនៅពេលនោះ វាអន្ដរាយណាស់ ។ វាមានន័យថា ខ្ញុំត្រូវជួបនឹងមនុស្សដែលខ្ញុំមិនស្គាល់ ។ វាមានន័យថា យុវជនផ្សេងទៀតទាំងអស់ក្នុងវួដខ្ញុំនឹងចូលរៀននៅសាលាខុសពីខ្ញុំ ។ ហើយក្នុងគំនិត ១៤ ឆ្នាំរបស់ខ្ញុំនោះ ខ្ញុំគិតថា « តើឪពុកម្ដាយខ្ញុំអាចធ្វើរឿងនេះដាក់ខ្ញុំយ៉ាងម៉េចកើត ? » ខ្ញុំមានអារម្មណ៍ថា ជីវិតខ្ញុំត្រូវបានបំផ្លាញ ។
ប៉ុន្ដែតាមរយៈសកម្មភាពយុវជនរបស់យើង ខ្ញុំអាចចងមិត្តភាពនឹងសមាជិកផ្សេងទៀតក្នុងកូរ៉ុមខ្ញុំ ហើយពួកគេក្លាយជាមិត្តខ្ញុំ ។ លើសពីនេះ សមាជិកគណៈប៊ីស្សព និងអ្នកប្រឹក្សាបព្វជិតភាពអើរ៉ុនបានចាប់ផ្ដើមចាប់អារម្មណ៍លើជីវិតខ្ញុំ ។ ពួកគាត់បានចូលរួមព្រឹត្តិការណ៍កីឡារបស់ខ្ញុំ ។ ពួកគាត់បានសរសេរសំបុត្រលើកទឹកចិត្តខ្ញុំ ដែលខ្ញុំបានទុកដល់សព្វថ្ងៃនេះ ។ ពួកគាត់បានបន្ដទាក់ទងខ្ញុំ ក្រោយពីខ្ញុំបានទៅមហាវិទ្យាល័យ និងពេលខ្ញុំចេញទៅបេសកកម្ម ។ ពួកគាត់ម្នាក់ថែមទាំងបានទៅព្រលានយន្ដហោះ ពេលខ្ញុំមកដល់ផ្ទះទៀតផង ។ ខ្ញុំមានអំណរគុណជារៀងរហូតចំពោះបងប្អូនប្រុសដ៏ល្អទាំងនេះ និងក្ដីស្រឡាញ់រួមនឹងការរំពឹងខ្ពស់របស់ពួកគាត់ ។ ពួកគាត់បានចង្អុលប្រាប់ខ្ញុំពីផ្លូវទៅស្ថានសួគ៌ ហើយជីវិតបានភ្លឺថ្លា រីករាយ និងពេញដោយអំណរ ។
តើយើងដែលជាឪពុកម្ដាយ និងថ្នាក់ដឹកនាំ ជួយយុវវ័យឲ្យដឹងថា ពួកគេមិនឯកោ ពេលពួកគេដើរលើផ្លូវសេចក្ដីសញ្ញាដោយរបៀបណា ? បន្ថែមលើការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន យើងអញ្ជើញពួកគេឲ្យទៅការប្រជុំមិនថាធំ ឬតូច—សន្និសីទដើម្បីកម្លាំងនៃយុវជន និងការបោះជំរំយុវវ័យ ឬសកម្មភាពកូរ៉ុម និងថ្នាក់រៀនរាល់សប្ដាហ៍ ។ សូមកុំមើលងាយកម្លាំង ដែលកើតពីការឈររួមគ្នាជាមួយមនុស្សដទៃ ដែលព្យាយាមរឹងមាំដែរនោះឡើយ ។ ប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀត សូមផ្ដោតលើការផ្ដល់ជីវជាតិដល់កូនៗ និងយុវវ័យក្នុងវួដរបស់បងប្អូន ។ ពួកគេត្រូវការពេលវេលារបស់បងប្អូនបន្ថែម មិនមែនបន្ថយទេ ។
មិនថាបងប្អូនជាអ្នកដឹកនាំ អ្នកជិតខាង សមាជិកកូរ៉ុម ឬពួកបរិសុទ្ធម្នាក់ឡើយ ប្រសិនបើបងប្អូនមានឱកាសប៉ះជីវិតរបស់យុវវ័យម្នាក់ សូមជួយគាត់ឲ្យភ្ជាប់ទៅនឹងស្ថានសួគ៌ ។ ឥទ្ធិពលរបស់បងប្អូនអាចជា « ការគាំទ្រដោយសាសនាចក្រ » ដែលយុវវ័យរូបនោះត្រូវការយ៉ាងខ្លាំង ។
បងប្អូនប្រុសស្រី ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះសិរនៃសាសនាចក្រនេះ ។ ទ្រង់បំផុសគំនិតថ្នាក់ដឹកនាំរបស់យើង ហើយដឹកនាំយើងទៅរកជីវជាតិខាងវិញ្ញាណ ដែលយើងត្រូវការដើម្បីរស់រាន និងជោគជ័យក្នុងថ្ងៃចុងក្រោយនេះ ។ ជីវជាតិខាងវិញ្ញាណនោះនឹងជួយយើងឲ្យស្មោះត្រង់ ហើយមិនវៀចវេរឡើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។