ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់យើង
កាលយើងធ្វើតាមសំឡេងរបស់ព្រះ និងផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ទ្រង់នឹងពង្រឹងយើងនៅក្នុងការសាកល្បងរបស់យើង ។
ពេលខ្ញុំនៅក្មេង សមាជិកសាសនាចក្រម្នាក់បានជួយឲ្យគ្រួសារខ្ញុំធ្វើដំណើរពីប្រទេសព័រតូរីកូ ទៅទីក្រុងសលត៍ លេក ដើម្បីយើងអាចផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែមិនយូរប៉ុន្មានឧបសគ្គបានចាប់ផ្ដើមកើតមានឡើង ។ ប្អូនស្រីខ្ញុំម្នាក់ឈ្មោះ ម៉ារីវីដ បានធ្លាក់ខ្លួនឈឺ ។ ដោយមិនដឹងជាស្ថានភាពយ៉ាងណា ឪពុកម្ដាយខ្ញុំបានអធិស្ឋានសួរអ្វីដែលត្រូវធ្វើ ប៉ុន្ដែនៅតែមានអារម្មណ៍បំផុសគំនិតឲ្យធ្វើដំណើរនេះ ។ ពួកគាត់ទុកចិត្តថា បើពួកគាត់ធ្វើតាមការបំផុសគំនិតពីព្រះអម្ចាស់ដោយស្មោះត្រង់ នោះគ្រួសារយើងនឹងត្រូវបានថែរក្សា និងមានពរ—ហើយយើងពិតជាមានពរមែន ។
មិនថាមានឧបសគ្គអ្វីដែលយើងជួបក្នុងជីវិតទេ យើងអាចទុកចិត្តថា ព្រះយេស៊ូវគ្រីស្ទនឹងរៀបចំំផ្លូវមួយនៅខាងមុខ កាលយើងដើរដោយសេចក្ដីជំនឿ ។ ព្រះសន្យាថា មនុស្សទាំងអស់ដែលរស់នៅតាមសេចក្ដីសញ្ញា ដែលពួកគេបានចុះជាមួយទ្រង់ នឹងទទួលបានពរជ័យដែលបានសន្យាទាំងអស់តាមពេលវេលាទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិនបានបង្រៀនថា « ពរជ័យខ្លះកើតឡើងលឿន ខ្លះមកយឺត ហើយខ្លះមិនកើតមានឡើយ រហូតដល់ពេលរស់នៅឯស្ថានសួគ៌ ប៉ុន្ដែសម្រាប់អស់អ្នកដែលឱបក្រសោបដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ វានឹងកើតមានឡើង » ។
មរ៉ូណៃបានបង្រៀនថា « សេចក្ដីជំនឿគឺជាអ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ ហេតុដូច្នោះហើយចូរកុំជំទាស់ឡើយ ដោយព្រោះអ្នករាល់គ្នាមើលមិនឃើញ ត្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ។
សំណួរយើងគួរតែ ៖ « តើយើងគួរធ្វើអ្វីខ្លះឲ្យបានល្អបំផុត ដើម្បីប្រឈមនឹងការសាកល្បងដែលកើតមានឡើងចំពោះយើង ? »
នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកក្នុងនាមជាប្រធានសាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « ក្នុងនាមជាគណៈប្រធានថ្មី ពួកយើងចង់ចាប់ផ្តើមជាមួយនឹងទស្សនវិស័យចុងបញ្ចប់ ។ ដោយសារតែហេតុផលនេះ ពួកយើងកំពុងនិយាយទៅកាន់បងប្អូនចេញពីព្រះវិហារបរិសុទ្ធ ។ នៅចុងបញ្ចប់ ពួកយើងម្នាក់ៗព្យាយាមដើម្បីទទួលបានអំណោយទានពិសិដ្ឋជាមួយនឹងអំណាចនៅក្នុងដំណាក់នៃព្រះអម្ចាស់ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារ ស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យយើងស័ក្តិសមទទួលអំណោយទានដ៏មហិមារបស់ព្រះ—ជីវិតអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាដែលបងប្អូនធ្វើនៅទីនោះគឺជាគន្លឹះដើម្បីពង្រឹងជីវិតរបស់បងប្អូន អាពាហ៍ពិពាហ៍ និងគ្រួសាររបស់បងប្អូន ព្រមទាំងលទ្ធភាពរបស់បងប្អូនដើម្បីទប់ទល់នឹងការវាយប្រហារពីមារសត្រូវ ។ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូន នឹងប្រទានពរដល់បងប្អូនឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងភាពសុខសាន្តកាន់តែច្រើន ព្រមទាំងពង្រឹងការតាំងចិត្តរបស់បងប្អូនដើម្បីបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា » ។
កាលយើងធ្វើតាមសំឡេងរបស់ព្រះ និងផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ទ្រង់នឹងពង្រឹងយើងនៅក្នុងការសាកល្បងរបស់យើង ។
ដំណើរទៅព្រះវិហារបរិសុទ្ធរបស់គ្រួសារខ្ញុំកាលពីជាច្រើនឆ្នាំកន្លងទៅមានការពិបាកណាស់ ប៉ុន្តែពេលយើងបានទៅដល់ព្រះវិហារបរិសុទ្ធសលត៍ លេក ម្ដាយខ្ញុំដែលពោរពេញដោយសេចក្ដីជំនឿបានពោលថា « យើងនឹងមិនអីទេ ព្រះអម្ចាស់នឹងការពារយើង » ។ យើងបានផ្សារភ្ជាប់ជាគ្រួសារហើយប្អូនស្រីខ្ញុំបានជាសះស្បើយ ។ ការណ៍នេះកើតឡើង តែក្រោយពីការសាកល្បងនៃសេចក្ដីជំនឿឪពុកម្ដាយខ្ញុំ និងនៅក្នុងការធ្វើតាមការបំផុសគំនិតរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។
គំរូរបស់ឪពុកម្ដាយខ្ញុំនេះនៅតែជះឥទ្ធិពលដល់គ្រួសារយើងសព្វថ្ងៃនេះ ។ គំរូរបស់ពួកគាត់បានបង្រៀនយើងពី មូលហេតុ នៃគោលលទ្ធិដំណឹងល្អ ហើយជួយយើងឲ្យយល់ពីអត្ថន័យ គោលបំណង និងពរជ័យដែលដំណឹងល្អផ្ដល់ឲ្យ ។ ការយល់ពី មូលហេតុ នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក៏អាចជួយយើងឲ្យប្រឈមនឹងការសាកល្បងសេចក្ដីជំនឿយើងបានដែរ ។
ទីបំផុត អ្វីៗដែលព្រះអញ្ជើញ និងបញ្ជាយើងឲ្យធ្វើគឺជាការបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង និងព្រះទ័យទ្រង់ដើម្បីប្រទានដល់យើងនូវពរដែលបម្រុងទុកសម្រាប់អ្នកស្មោះត្រង់ ។ យើងមិនអាចសន្មតថា កូនៗយើងនឹងរៀនស្រឡាញ់ដំណឹងល្អដោយខ្លួនគេទេ វាជាទំនួលខុសត្រូវរបស់យើងដើម្បីបង្រៀនពួកគេ ។ កាលយើងជួយកូនៗយើងឲ្យរៀនពីរបៀបប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដោយឆ្លាតវៃ គំរូរបស់យើងអាចបំផុសពួកគេឲ្យជ្រើសរើសសុចរិតដោយខ្លួនគេបាន ។ ការរស់នៅដោយស្មោះត្រង់របស់ពួកគេនឹងជួយកូនៗរបស់គេ ឲ្យដឹងពីសេចក្តីពិតនៃដំណឹងល្អសម្រាប់ខ្លួនពួកគេផ្ទាល់ ។
យុវជន និងយុវនារី សូមស្ដាប់ព្យាការីនៅថ្ងៃនេះថ្លែងមកកាន់អ្នករាល់គ្នា ។ ចូរព្យាយាមរៀនពីសេចក្ដីពិត និងព្យាយាមយល់ពីដំណឹងល្អដោយខ្លួនឯង ។ ប្រធាន ណិលសុន បានទូន្មានថ្មីៗនេះថា « តើបងប្អូនខ្វះប្រាជ្ញាអ្វីខ្លះ ? … សូមធ្វើតាមគំរូរបស់ព្យាការីយ៉ូសែប ។ ស្វែងរកកន្លែងស្ងប់ស្ងាត់មួយ ។ … សូមធ្វើចិត្តរាបសានៅចំពោះព្រះ ។ សូមចាក់ស្រោចដួងចិត្តរបស់បងប្អូនទៅរកព្រះវរបិតាសួគ៌ ។ សូមងាកមករកទ្រង់ទូលសូមចម្លើយ » ។ កាលបងប្អូនស្វែងរកការដឹកនាំមកពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់បងប្អូន ស្ដាប់តាមការទូន្មានរបស់ព្យាការីនៅរស់ និងមើលគំរូរបស់ឪពុកម្ដាយដ៏សុចរិត បងប្អូនក៏អាចក្លាយជាតំណដ៏រឹងមាំមួយនៃសេចក្ដីជំនឿក្នុងគ្រួសាររបស់បងប្អូនបានដែរ ។
ចំពោះឪពុកម្ដាយដែលមានកូនដើរចេញពីផ្លូវនៃសេចក្ដីសញ្ញា សូមទៅរកពួកគេដោយទន់ភ្លន់ ។ សូមជួយពួកគេឲ្យយល់ដឹងអំពីសេចក្ដីពិតនៃដំណឹងល្អ ។ សូមចាប់ផ្ដើមឥឡូវនេះ វាមិនដែលហួសពេលទេ ។
គំរូក្នុងការរស់នៅសុចរិតរបស់យើងអាចធ្វើឲ្យមានភាពខុសគ្នាដ៏ខ្លាំងមួយ ។ ប្រធាន រ័សុល អិម ណិលសុន មានប្រសាសន៍ ៖ « ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងបានស៊ាំនឹងការគិតថា ‹ សាសនាចក្រ › ជាអ្វីមួយដែលធ្វើឡើងនៅក្នុងសាលាប្រជុំរបស់យើង គេហដ្ឋានជាអ្នកគាំទ្រ ។ យើងចាំបាច់ត្រូវកែសម្រួលគំនិតនេះ ។ វាគឺជាពេលសម្រាប់សាសនាចក្រផ្ដោតទៅលើគេហដ្ឋានដែលបានគាំទ្រដោយអ្វីដែលធ្វើឡើងនៅក្នុងអគារសាខា វួដ និងស្តេករបស់យើង » ។
ព្រះគម្ពីរបង្រៀនថា « ចូរ បង្ហាត់ កូន ក្មេង ឲ្យ ប្រព្រឹត្ត តាម ផ្លូវ ដែល គួរ ប្រព្រឹត្ត នោះ វា នឹង មិន លះបង់ ពី ផ្លូវ នោះ ដរាប ដល់ ចាស់ » ។
ប៉ុន្តែដោយព្រួយបារម្ភពីបងប្អូនរបស់លោកជាពួកសាសន៍សូរាំ នោះអាលម៉ា បានដាក់ស្នើនូវវិធីមួយដ៏ប្រសើរជាងនេះថា ៖« ហើយឥឡូវនេះដោយការផ្សាយព្រះបន្ទូល មានបណ្តាការដ៏ធំក្នុងការដឹកនាំប្រជាជន ឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវ —មែនហើយ វាមានប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើន ជាងផ្លែដាវ ឬ អ្វីផ្សេងៗទៀត ដែលកើតឡើងដល់គេ —ហេតុដូច្នេះហើយ អាលម៉ាបានគិតថា ជាការចាំបាច់ដែលគេត្រូវពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះ » (
មានរឿងមួយអំពីស្ដ្រីម្នាក់ ដែលអន់ចិត្ត ព្រោះកូនប្រុសនាងហូបស្ករគ្រាប់ច្រើនពេក ។ មិនថានាងបន្ទោសគាត់យ៉ាងណាទេ គាត់នៅតែចូលចិត្តហូបស្ករ ។ ដោយមានចិត្តមួរម៉ៅខ្លាំង នាងសម្រេចចិត្តថានឹងយកកូនប្រុសនាងទៅជួបនឹងបុរសវាងវៃម្នាក់ ដែលកុមារនោះគោរព ។
នាងមកជួបគាត់ ហើយពោលថា « លោកអើយ កូនប្រុសខ្ញុំហូបស្ករគ្រាប់ច្រើនណាស់ ។ សូមលោកជួយប្រាប់គាត់ឲ្យឈប់ហូបស្ករគ្រាប់បានទេ ? »
គាត់បានស្ដាប់យ៉ាងប្រុងប្រយ័ត្ន រួចបាននិយាយទៅកូនប្រុសនាងថា « ទៅផ្ទះចុះ ហើយមកវិញក្នុងពេលពីរសប្ដាហ៍ទៀត » ។
នាងបាននាំកូនប្រុសនាង ទៅផ្ទះ ហើយឆ្ងល់ពីមូលហេតុដែលលោកមិនបានសុំឲ្យក្មេងប្រុសនោះឈប់ហូបស្ករគ្រាប់ ។
ពីរសប្ដាហ៍ក្រោយមក ពួកគេបានត្រឡប់មកវិញ ។ បុរសវៃឆ្លាតនោះបានមើលទៅក្មេងប្រុសនោះចំ ហើយថ្លែងថា « ក្មួយប្រុស ឯងគួរឈប់ហូបស្ករគ្រាប់ទៅ ។ វាមិនល្អចំពោះសុខភាពឯងទេ » ។
ក្មេងប្រុសនោះបានងក់ក្បាល ហើយសន្យាថាគាត់នឹងឈប់ ។
ម្ដាយក្មេងប្រុសនោះបានសួរថា « ហេតុអ្វីលោកមិនប្រាប់គាត់ពីពីរសប្ដាហ៍មុន ពេលខ្ញុំនាំគាត់មកជួបលោកនៅទីនេះ ? »
បុរសវាងវៃនោះបានញញឹម ។ « ពីរសប្ដាហ៍មុន ខ្ញុំនៅហូបស្ករគ្រាប់ច្រើនខ្លួនឯងដែរ » ។
បុរសនេះបានរស់នៅដោយសេចក្ដីទៀងត្រង់ ព្រោះគាត់ដឹងថា ដំបូន្មានរបស់លោកនឹងមានអំណាច ទាល់តែបានរស់នៅតាមវាដោយខ្លួនលោកសិន ។
ឥទ្ធិពលដែលយើងមានលើកូនៗរបស់យើងមានអនុភាពយ៉ាងខ្លាំង កាលពួកគេឃើញយើងដើរលើផ្លូវសេចក្ដីសញ្ញាដោយស្មោះត្រង់ ។ ព្យាការីយ៉ាកុបក្នុងព្រះគម្ពីរមរមនគឺជាគំរូមួយនៃសុចរិតភាពបែបនោះ ។ កូនប្រុសលោក អេណុស បានសរសេរពីឥទ្ធិពលរបស់ការបង្រៀនរបស់ឪពុកលោក ៖
« មើលចុះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ អេណុស ដឹងថា ឪពុកខ្ញុំជាមនុស្សសុចរិត— ព្រោះលោកបានបង្រៀនខ្ញុំតាមភាសារបស់លោក និងតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ — ហើយសូមឲ្យព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរចំពោះរឿងនេះចុះ ។ …
« … ហើយពាក្យទាំងឡាយដែលខ្ញុំតែងបានឮឪពុកខ្ញុំនិយាយជាញឹកញាប់អំពីជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរនៃពួកបរិសុទ្ធបានជ្រួតជ្រាបទៅក្នុងដួងចិត្តខ្ញុំ » ។
ម្ដាយរបស់កងទ័ពកម្លោះបានរស់នៅតាមដំណឹងល្អហើយកូនៗរបស់គាត់បានពោរពេញដោយការប្រែចិត្តជឿ ។ មេទ័ពរបស់ពួកគេបានរាយការណ៍ ៖
« ពួកគេត្រូវបានបង្រៀនដោយម្តាយគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងពួកគេឲ្យរួច ។
ហើយពួកគេបានរៀបរាប់ប្រាប់ខ្ញុំនូវពាក្យពេចន៍របស់ម្ដាយគេថា ៖ យើងខ្ញុំមិនសង្ស័យសោះថា ម្ដាយយើងដឹងការណ៍នេះ » ។
អេណុស និងកងទ័ពកម្លោះត្រូវបានពង្រឹងដោយសេចក្ដីជំនឿរបស់ឪពុកម្ដាយគេ ដែលបានជួយពួកគេឲ្យប្រឈមនឹងការសាកល្បងនៃសេចក្ដីជំនឿរបស់ពួកគេផ្ទាល់ ។
យើងមានពរពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនៅជំនាន់របស់យើង ដែលលើកស្ទួយយើង ពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត ឬមានបញ្ហា ។ យើងដឹងជាថ្មីថា ការខិតខំរបស់យើងនឹងចេញជាផ្លែផ្កាតាមពេលកំណត់របស់ព្រះអម្ចាស់ផ្ទាល់ ប្រសិនបើយើងឈានទៅមុខឆ្លងកាត់ការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ។
ថ្មីៗនេះ ភរិយាខ្ញុំ និងខ្ញុំបានអមដំណើរអែលឌើរ ដេវីឌ អេ បែដណា ទៅការឧទ្ទិសព្រះវិហារបរិសុទ្ធ ហៃទី ផតអូព្រីន ។ កូនប្រុសរបស់យើង ជត បានមកជាមួយយើងបានប្រាប់ពីបទពិសោធន៍របស់គាត់ថា « អស្ចារ្យណាស់ ប៉ា ! គ្រាន់តែអែលឌើរ បែដណា បានចាប់ផ្ដើមអធិស្ឋានឧទ្ទិសភ្លាម ខ្ញុំអាចមានអារម្មណ៍ថាបន្ទប់នោះពេញដោយភាពកក់ក្ដៅ និងពន្លឺ ។ ការអធិស្ឋាននោះបានបន្ថែមការយល់ដឹងជាច្រើនដល់ទស្សនវិស័យខ្ញុំអំពីគោលបំណងនៃព្រះវិហារបរិសុទ្ធ ។ វាពិតជាដំណាក់របស់ព្រះអម្ចាស់ » ។
នៅក្នុងព្រះគម្ពីរមរមន នីហ្វៃបង្រៀនថា កាលយើងចង់ដឹងពីព្រះទ័យរបស់ព្រះ នោះទ្រង់នឹងពង្រឹងយើង ។ លោកបានសរសេរថា « ខ្ញុំ នីហ្វៃ ពេលនោះនៅក្មេងណាស់ … ហើយមានចិត្តមោះមុត ចង់ដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ ហេតុដូច្នោះហើយ ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់ ហើយមើលចុះ ទ្រង់បានយាងមកជួបនឹងខ្ញុំ ហើយបន្ទន់ចិត្តខ្ញុំ បណ្ដាលឲ្យខ្ញុំជឿអស់ទាំងពាក្យដែលបានពោលមកដោយឪពុកខ្ញុំ ហេតុដូច្នោះហើយ ខ្ញុំមិនបានបះបោរទាស់នឹងលោក ដូចជាបងៗខ្ញុំនោះទេ » ។
បងប្អូនប្រុសស្រី ចូរយើងជួយកូនៗយើង និងមនុស្សទាំងអស់នៅជុំវិញយើងឲ្យធ្វើតាមផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះ ដើម្បីឲ្យព្រះវិញ្ញាណអាចបង្រៀនពួកគេ ហើយបន្ទន់ចិត្តគេឲ្យចង់ធ្វើតាមទ្រង់ពេញមួយជីវិតគេ ។
កាលខ្ញុំពិចារណាពីគំរូរបស់ឪពុកម្ដាយខ្ញុំ ខ្ញុំដឹងថា សេចក្ដីជំនឿរបស់យើងលើព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងបង្ហាញយើងពីផ្លូវត្រឡប់ទៅផ្ទះសួគ៌ាយើង ។ ខ្ញុំដឹងថា អព្ភូតហេតុនឹងកើតឡើង ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។ ខ្ញុំដឹងថា ទ្រង់ជាព្រះអង្គសង្រ្គោះ និងព្រះរំដោះរបស់យើង ។ ទ្រង់ និងព្រះវរបិតាសួគ៌របស់យើងបានយាងមកនាព្រឹកនោះ ក្នុងរដូវផ្ការីកឆ្នាំ ១៨២០ ជួបនឹងយ៉ូសែប ស្មីធវ័យក្មេង ដែលជាព្យាការីនៃការស្ដារឡើងវិញ ។ ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីនៅជំនាន់របស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។