ផ្លែឈើ
សូមរក្សាភ្នែក និងដួងចិត្តរបស់បងប្អូនផ្ដោតលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងអំណរដ៏នៅអស់កល្បជានិច្ចដែលកើតឡើងតែតាមរយៈទ្រង់ប៉ុណ្ណោះ ។
ខ្ញុំដឹងពីអ្វីដែលបងប្អូនកំពុងគិត ! នៅសល់តែអ្នកឡើងនិយាយមួយរូបទៀតទេ យើងនឹងបានស្ដាប់ប្រសាសន៍ប្រធាន ណិលសុន ហើយ ។ ដោយសង្ឃឹមថាអាចទប់បងប្អូនកុំឲ្យងងុយគេងឲ្យបានពីរបីនាទីទៀត កាលដែលយើងរង់ចាំព្យាការីជាទីស្រឡាញ់របស់យើង នោះខ្ញុំបានជ្រើសរើសប្រធានបទដ៏ទាក់ទាញមួយ ៖ ប្រធានបទរបស់ខ្ញុំគឺ ផ្លែឈើ ។
ជាមួយនឹងពណ៌ វាយនភាព និងជាតិផ្អែមរបស់ផ្លែបែរី ចេក ឪឡឹក និងស្វាយ ឬរបស់ផ្លែឈើមកពីបរទេសដូចជា ផ្លែឃីវ៉ាណូ ឬផ្លែទទឹម នោះផ្លែឈើជាអាហារដ៏គួរឲ្យប្រាថ្នាជាយូរណាស់មកហើយ ។
អំឡុងការបម្រើនៅផែនដីរបស់ទ្រង់ ព្រះអង្គសង្រ្គោះបានប្រៀបធៀបផ្លែឈើល្អទៅនឹងអ្វីៗដែលមានតម្លៃដ៏អស់កល្បជានិច្ច ។ ទ្រង់មានបន្ទូលថា « អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត » ។ « អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ » ។ ទ្រង់បានលើកទឹកចិត្តយើងឲ្យប្រមូល « ផលសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច » ។
ក្នុងសុបិនដ៏រស់រវើកដែលយើងគ្រប់គ្នាស្គាល់ច្បាស់ក្នុងព្រះគម្ពីរមរមន ព្យាការីលីហៃបានឃើញថាខ្លួនលោកនៅក្នុង « ទីរហោស្ថានដ៏ងងឹត និងអាប់អួមួយ » ។ មានទឹកកខ្វក់ អ័ព្ទនៃសេចក្ដីងងឹត ផ្លូវចម្លែកៗ និងផ្លូវហាមឃាត់ ក៏ដូចជាដំបងដែកនៅតាមផ្លូវមួយតូច ហើយចង្អៀតដែលនាំទៅកាន់ដើមឈើមួយដ៏ស្រស់ស្អាតមានដោយ « ផ្លែ [ ដែលធ្វើឲ្យ ] មនុស្សសប្បាយរីករាយ » ។ ដោយនិទានពីសុបិននោះ លីហៃបានពោលថា « ឪពុកបាន … ទទួលទាន … វាមានរស់ជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗដែលឪពុកធ្លាប់[បាន]ភ្លក់ … ។ … [ហើយ]ព្រលឹងវិញ្ញាណឪពុកក៏ពោរពេញទៅដោយសេចក្ដីអំណរជាអតិបរមា » ។ផ្លែឈើនេះ« គួរឲ្យមានប្រាថ្នា[លើស]ជាងផ្លែឈើណាៗទាំងអស់ » ។
អត្ថន័យនៃដើមឈើ និងផ្លែនោះ
តើដើមឈើដែលមានផ្លែដ៏មានតម្លៃបំផុតនេះតំណាងឲ្យអ្វី ? វាតំណាងឲ្យ « សេចក្ដីស្រឡាញ់នៃព្រះ »ហើយប្រកាសពីផែនការប្រោសលោះដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌របស់យើង ។ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។
ផ្លែឈើដ៏មានតម្លៃនេះតំណាងឲ្យពរជ័យដ៏អស្ចា្យនៃដង្វាយធួនមិនអាចប្រៀបផ្ទឹមបានរបស់ព្រះអង្គសង្គ្រោះ ។ យើងមិនត្រឹមតែនឹងរស់ឡើងវិញម្ដងទៀតបន្ទាប់ពីជីវិតរមែងស្លាប់របស់យើងនោះទេ តែតាមរយៈជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និងរក្សាបទបញ្ញត្តិរបស់យើង នោះយើងអាចទទួលការអត់ទោសពីអំពើបាបរបស់យើង ហើយថ្ងៃមួយឈរយ៉ាងជ្រះស្អាត និងបរិសុទ្ធនៅពីមុខព្រះបិតា និងព្រះរាជបុត្រាទ្រង់ ។
ការទទួលទានផ្លែនៃដើមឈើនោះក៏ជាតំណាងថា យើងឱបក្រសោបពិធីការបរិសុទ្ធ និងសេចក្ដីសញ្ញានៃដំណឹងល្អដែលបានស្ដារឡើងវិញផងដែរ—ទទួលបុណ្យជ្រមុជទឹក ទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ និងការចូលក្នុងដំណាក់នៃព្រះដើម្បីទទួលពិធីអំណោយទានពិសិដ្ឋដែលមកជាមួយនឹងព្រះចេស្ដាពីស្ថានលើ ។ តាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ និងការតម្កើងសេចក្ដីសញ្ញារបស់យើង នោះយើងទទួលនូវការសន្យាដែលគ្មានដែនកំណត់បាន ជាការរស់នៅជាមួយគ្រួសារសុចរិតរបស់យើងអស់កល្បជានិច្ច ។
មិនមានអ្វីឆ្ងល់ទេដែលទេវតាពិពណ៌នាពីផ្លែនោះថា « សេចក្ដីរីករាយបំផុតដល់ព្រលឹង » ។ វាពិតជាដូច្នោះមែន !
ឧបសគ្គនៃការបន្តនៅពិត
ដូចដែលយើងទាំងអស់គ្នាបានរៀនហើយថា សូម្បីបន្ទាប់ពីទទួលទាននូវផ្លែឈើដ៏មានតម្លៃនៃដំណឹងល្អដែលបានស្ដារឡើងវិញ ការបន្តពិត ហើយស្មោះត្រង់ចំពោះព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទនៅតែមិនងាយស្រួលធ្វើឡើយ ។ ដូចជាធ្លាប់បានលើកឡើងជាច្រើនហើយនៅក្នុងសន្និសីទនេះ យើងបន្តប្រឈមនឹងការរំខាន និង ការបោកប្រាស់ ការភាន់ច្រឡំ ព្រមទាំងភាពចលាចល ការបញ្ចុះបញ្ចូល និងការល្បួងនានា ដែលព្យាយាមទាញដួងចិត្តយើងឲ្យឆ្ងាយពីព្រះអង្គសង្គ្រោះ ព្រមទាំងអំណរ និងភាពស្រស់ស្អាតដែលយើងបានដកពិសោធន៍ ។
ដោយសារតែទុក្ខលំបាកនេះ សុបិនរបស់លីហៃក៏ដាក់បញ្ចូលនូវការព្រមានផងដែរ ! ខាងម្ខាងទៀតនៃទន្លេនោះគឺជាអគារដ៏ធំទូលាយដែលមានមនុស្សគ្រប់វ័យចង្អុលដៃ និងសើចចំអកដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដោយសុចរិត ។
ប្រជាជននៅក្នុងអគារនោះកំពុងតែប្រមាថ និងសើចចំអកដល់ពួកអ្នកដែលរក្សាបទបញ្ញត្តិ ដោយសង្ឃឹមថានឹងបំបាក់ និងមើលងាយដល់ជំនឿពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ហើយដោយសារតែការវាយប្រហារតាមពាក្យសម្ដីនៃការសង្ស័យ និងការមើលងាយដែលជះទៅលើពួកអ្នកជឿ នោះពួកគេមួយចំនួនដែលបានភ្លក់ផ្លែឈើនោះចាប់ផ្ដើមមានអារម្មណ៍ខ្មាស់អៀនចំពោះដំណឹងល្អដែលពួកគេបានឱបក្រសោប នៅគ្រាមួយ ។ ការទាក់ទាញខុសឆ្គងនៃលោកិយលួងប្រលោមពួកគេ ពួកគេបែរចេញពីដើមឈើ និងពីផ្លែឈើនោះ ហើយតាមពាក្យពេចន៍នៃបទគម្ពីរ « [ ធ្លាក់ ] តាមផ្លូវហាមឃាត់ទាំងឡាយ ហើយវង្វេងបាត់អស់ទៅ » ។
ក្នុងពិភពលោកយើងសព្វថ្ងៃនេះ ក្រុមវិស្វកររបស់មារសត្រូវ ដែលធ្វើការបន្ថែមម៉ោង ដោយពង្រីកទំហំនៃអគារដ៏ធំហើយទូលាយនោះយ៉ាងឆាប់រហ័ស ។ ការពង្រីកនោះរីករាលដាលទៅតាមទន្លេ ដោយសង្ឃឹមថានឹងលុកលុយដល់គេហដ្ឋានរបស់យើង ខណៈដែលពួកអ្នកចង្អុលដៃ និងអ្នកចំអកស្រែកជាមួយនឹងប្រដាប់បំពងសម្លេងដ៏រំពងទាំងយប់ទាំងថ្ងៃតាមអ៊ិនធើរណិតរបស់ពួកគេ ។
ប្រធាន ណិលសុន បានពន្យល់ថា « មារសត្រូវកំពុងបង្កើនការខិតខំរបស់វាដើម្បីរំខានដល់ទីបន្ទាល់ ហើយរារាំងកិច្ចការរបស់ព្រះអម្ចាស់ » ។ ចូរយើងចាំពីសម្ដីរបស់លីហៃថា « ពួកយើងឥតយកចិត្តទុកដាក់ដល់គេឡើយ » ។
ទោះជាយើងមិនបាច់ខ្លាចក្ដី ក៏យើងត្រូវតែប្រុងប្រយ័ត្នដែរ ។ ពេលខ្លះរឿងតូចតាចអាចផ្លាស់ប្ដូរតុល្យភាពខាងវិញ្ញាណរបស់យើងបាន ។ សូមកុំអនុញ្ញាតឲ្យសំណួររបស់អ្នក ការជេរប្រមាថរបស់មនុស្សដទៃ មិត្តភក្ដិមិនស្មោះត្រង់ ឬកំហុស និងការខកចិត្តដ៏អាក្រក់របស់បងប្អូនបង្វែរបងប្អូនចេញពីពរជ័យដ៏ផ្អែមបរិសុទ្ធ ហើយបំពេញដល់ព្រលឹង ដែលកើតចេញពីផលផ្លែនៃដើមឈើដ៏មានតម្លៃនោះឲ្យសោះ ។ សូមរក្សាភ្នែក និងដួងចិត្តរបស់បងប្អូនផ្ដោតលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងអំណរដ៏នៅអស់កល្បជានិច្ចដែលកើតឡើងតែតាមរយៈទ្រង់ប៉ុណ្ណោះ ។
សេចក្ដីជំនឿនៃជេសិន ហល
ក្នុងខែមិថុនា ភរិយាខ្ញុំ ខាធី និងខ្ញុំបានចូលរួមបុណ្យសព ជេសិន ហល ។ គាត់មានអាយុ ៤៨ ឆ្នាំ ពេលគាត់ស្លាប់ ហើយកំពុងតែបម្រើជាប្រធានកូរ៉ុមអែលឌើរ ។
នេះជាពាក្យសម្ដីរបស់ជេសិន អំពីព្រឹត្តិការណ៍មួយដែលបានផ្លាស់ប្ដូរជីវិតគាត់ ៖
« [កាលខ្ញុំអាយុ ១៥ ឆ្នាំ]ខ្ញុំ[បាន]ស្ថិតនៅក្នុងគ្រោះថ្នាក់រថយន្តមួយ ។ … ខ្ញុំ [ បានធ្វើឲ្យបាក់ ] កខ្ញុំ ហើយពុំអាចកម្រើកបានពីទ្រូងដល់ចុងជើង ។ ខ្ញុំបានបាត់បង់ការគ្រប់គ្រងជើងខ្ញុំទាំងស្រុង ហើយអាចគ្រប់គ្រង់ដៃខ្ញុំនៅផ្នែកខ្លះ ។ ខ្ញុំពុំអាចដើរ ឈរ…ឬបញ្ចុកខ្លួនឯងបានទៀតទេ ។ ខ្ញុំស្ទើរតែមិនអាចដកដង្ហើម ឬនិយាយបាន » ។
« ខ្ញុំបានទូលអង្វរ ‹ ព្រះវរបិតា [ ដែលគង់នៅស្ថានសួគ៌ ] បើកូនគ្រាន់តែមានដៃកូន នោះកូនដឹងថា កូណអាចធ្វើអ្វីៗបាន ។ ព្រះបិតា កូនសូមអង្វរ ។…
« …‹ ព្រះបិតាអើយ ទុកជើងរបស់កូនចុះ កូនគ្រាន់តែ [ អធិស្ឋានសូម ] ឲ្យកូនអាចប្រើដៃកូនបានប៉ុណ្ណោះ › » ។
ជេសិន មិនដែលបានអាចប្រើដៃរបស់គាត់បានទេ ។ តើបងប្អូនអាចឮសំឡេងចេញពីអគារដ៏ទូលាយនោះទេ ? « ជេសិន ហល ព្រះមិនឮការអធិស្ឋានរបស់ឯងទេ ! បើព្រះពិតជាព្រះពេញដោយក្ដីស្រឡាញ់មែន ហេតុអ្វីទ្រង់ទុកឲ្យឯងក្លាយជាបែបនេះ ? ហេតុអ្វីត្រូវមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ? » ជេសិន ហល បានឮសំឡេងរបស់ពួកគេ តែគាត់ឥតយកចិត្តទុកដាក់ដល់វាឡើយ ។ ផ្ទុយទៅវិញ គាត់បានផ្អែកទៅលើផលផ្លែនៃដើមឈើនោះ ។ សេចក្ដីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទប្រែជាមិនវៀចវេរ ។ គាត់បានបញ្ចប់សាកលវិទ្យាល័យ ហើយបានរៀបការនឹង ខូលេត ខូលមែន ក្នុងព្រះវិហារបរិសុទ្ធ ដោយពិពណ៌នាអំពីនាងថាជា « ម្ចាស់ជីវិតគាត់ » ។ បន្ទាប់ពីរៀបការអស់ ១៦ ឆ្នាំ អព្ភូតហេតុមួយទៀតគឺកូនប្រុសដ៏មានតម្លៃរបស់ពួកគេបានកើតមក ។
តើពួកគេបានពង្រីកជំនឿពួកគេតាមរបៀបណា ? ខូលេតបានពន្យល់ ៖ « យើងទុកចិត្តលើផែនការរបស់ព្រះ ។ ហើយវាផ្ដល់សង្ឃឹមដល់យើង ។ យើងដឹងថា ជេសិននឹងបានជា [ នៅថ្ងៃខាងមុខ ]។… យើងដឹងថា ព្រះប្រទានដល់យើងនូវព្រះអង្គសង្គ្រោះមួយអង្គ ដែលពលិកម្មធួនរបស់ទ្រង់អាចជួយយើងឲ្យបន្តសម្លឹងឆ្ពោះទៅមុខ ពេលយើងចង់បោះបង់ចោល » ។
ខូលមែនអាយុ ១០ ឆ្នាំ បាននិយាយនៅឯបុណ្យសពរបស់ជេសិនថា ប៉ាគាត់បានបង្រៀនគាត់ថា « ព្រះវរបិតាសួគ៌ [ មាន ] ផែនការមួយសម្រាប់យើង ជីវិតនៅលើផែនដីនឹងអស្ចារ្យ ហើយអាចរស់ជាក្រុមគ្រួសារ ។… តែ…យើងនឹងត្រូវឆ្លងកាត់ការលំបាក ហើយយើងនឹងធ្វើកំហុស » ។…
ខូលមែនបន្ត ៖ « ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវ មកផែនដី ។ កិច្ចការរបស់ទ្រង់គឺដើម្បីឲ្យបានល្អឥតខ្ចោះ ។ ដើម្បីព្យាបាលមនុស្ស ។ ដើម្បីស្រឡាញ់ពួកគេ ។ បន្ទាប់មករងទុក្ខសម្រាប់ការឈឺចាប់ ទុក្ខព្រួយ និងអំពើបាបរបស់យើងទាំងអស់ ។ ហើយទ្រង់បានសុគតជំនួសយើង » ។ រួច ខូលមែន បានបន្ថែមទៀតថា « ដោយសារទ្រង់បានធ្វើការណ៍នេះ ព្រះយេស៊ូវជ្រាបពីអារម្មណ៍ដែលយើងមានឥឡូវនេះ ។
« បន្ទាប់ពីព្រះយេស៊ូវសុគតបានបីថ្ងៃ ទ្រង់…បានមានព្រះជន្មរស់ឡើងវិញដោយមានព្រះកាយល្អឥតខ្ចោះ ។ ការណ៍នេះសំខាន់ចំពោះខ្ញុំ ព្រោះខ្ញុំដឹងថា…រូបកាយរបស់ [ ប៉ា ] ខ្ញុំនឹងបានឥតខ្ចោះ ហើយយើងនឹងបានជួបជុំគ្នាវិញជាគ្រួសារមួយ » ។
ខូលមែនបញ្ចប់ថា « រៀងរាល់យប់ តាំងពីខ្ញុំនៅជាទារក ប៉ាបាននិយាយមកខ្ញុំថា ‹ ប៉ាស្រឡាញ់កូន ព្រះវរបិតាសួគ៌ស្រឡាញ់កូន កូនជាក្មេងល្អ › » ។
អំណរកើតឡើងដោយសារតែ ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាពីមូលហេតុដែលគ្រួសារហលមានអំណរ និងក្ដីសង្ឃឹម ។ ទ្រង់បានមានប្រសាសន៍ថា
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ អំណរដែលយើងមាននោះ វាមានឥទ្ធិពលតិចតួចលើកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ ។
« ពេលយើងផ្ដោតជីវិតរបស់យើងលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ យើងអាចមាននូវអំណរ ទោះជាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងក៏ដោយ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ ។…
« ប្រសិនបើយើងមើលទៅពិភពលោកនេះ… នោះយើងនឹងពុំស្គាល់អំណរឡើយ ។ … [អំណរ]ជាអំណោយទានដែលកើតមកពីការមានចេតនាព្យាយាមរស់នៅក្នុងជីវិតសុចរិត ដូចបានបង្រៀនដោយព្រះយេស៊ូវគ្រីស្ទ » ។
ការសន្យាមួយកាលអ្នកត្រឡប់មកវិញ
បើបងប្អូនមិនបានមានផ្លែនៃដើមឈើនោះអស់មួយរយៈហើយ សូមដឹងថា ព្រះហស្ដរបស់ព្រះអង្គសង្គ្រោះតែងតែលាតសន្ធឹងទៅបងប្អូនជានិច្ច ។ ទ្រង់ហៅដោយក្ដីស្រឡាញ់ថា « ប្រែចិត្ត ហើយមករកយើង » ។ ផ្លែឈើរបស់ទ្រង់មានបរិបូរ និងឥតដាច់រដូវ ។ វាពុំអាចទិញដោយប្រាក់បានទេ ហើយគ្មាននរណាម្នាក់ដែលមានបំណងប្រាថ្នាចង់បានវាដោយស្មោះត្រង់ត្រូវបានបដិសេធឡើយ ។
ប្រសិនបើបងប្អូនប្រាថ្នាចង់ត្រឡប់ទៅកាន់ដើមឈើវិញ ហើយភ្លក់ផ្លែឈើម្ដងទៀត សូមចាប់ផ្ដើមដោយអធិស្ឋានទៅព្រះវរបិតាបងប្អូន ។ សូមជឿលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដានៃការលះបង់ដ៏ធួនរបស់ទ្រង់ ។ ខ្ញុំសូមសន្យានឹងបងប្អូនថា ពេលបងប្អូនសម្លឹងទៅកាន់ព្រះអង្គសង្គ្រោះ « ដោយនូវគ្រប់ទាំងគំនិត »នោះផ្លែនៃដើមឈើនោះនឹងជារបស់បងប្អូនម្ដងទៀត មានរសជាតិឆ្ងាញ់សម្រាប់បងប្អូន ពេញដោយអំណរដល់ព្រលឹងបងប្អូន « គឺជាអំណោយទានដ៏មហិមាបំផុតនៃព្រះ » ។
បីសប្ដាហ៍កន្លងទៅ ខ្ញុំបានឃើញក្ដីអំណរនៃផ្លែឈើរបស់ព្រះអង្គសង្គ្រោះបង្ហាញយ៉ាងពេញលេញ កាលដែលខាធី និងខ្ញុំបានចូលរួមនៅការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ លីសប៊ន ព័រទុយហ្កាល់ ។ សេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញបានបើកនៅប្រទេសព័រទុយហ្កាល់ក្នុងឆ្នាំ ១៩៧៥ ពេលសេរីភាពខាងសាសនាបានមានដល់ប្រទេសនេះ ។ ពួកបរិសុទ្ធដ៏ល្អជាច្រើន ដែលបានភ្លក់ផ្លែឈើពេលដែលមិនទាន់មានក្រុមជំនុំ គ្មានសាលាប្រជុំ និងគ្មានព្រះវិហារបរិសុទ្ធនៅជិតជាង ១៦០០ គីឡូម៉ែត្រនោះ បានរីករាយជាមួយយើងដែលផ្លែដ៏មានតម្លៃនៃដើមឈើនោះ ឥឡូវនេះស្ថិតនៅក្នុងដំណាក់នៃព្រះអម្ចាស់នៅទីក្រុងលីសប៊ន ប្រទេសព័រទុយហ្កាល់ ។ ឱ ខ្ញុំតម្កើង និងគោរពដល់ពួកបរិសុទ្ធទាំងនេះណាស់ ដែលបានរក្សាដួងចិត្តពួកគេមិនឲ្យដាច់ពីព្រះអង្គសង្គ្រោះ ។
ព្រះអង្គសង្គ្រោះមានបន្ទូលថា « ខ្ញុំជាគល់អ្នករាល់គ្នាជាខ្នែង ៖ អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើនដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ »។
ដោយថ្លែងទៅ កាន់សមាជិកសាសនាចក្រទូទាំងពិភពលោកកាលពីព្រឹកមិញនេះ ប្រធានណិលសុន បានថ្លែងថា « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ បងប្អូនគឺជាគំរូដ៏រស់រវើកនៃផលផ្លែដែលកើតចេញមកពីការធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក លោកបានបន្ថែមថា « ខ្ញុំសូមអរគុណ ! ខ្ញុំស្រឡាញ់បងប្អូន ! »
ពួកយើងស្រឡាញ់លោក ប្រធាន ណិលសុន ។
ខ្ញុំជាសាក្សីផ្ទាល់ភ្នែកចំពោះអំណាចនៃវិវរណៈដែលមាននៅលើប្រធានជាទីស្រឡាញ់របស់យើង ។ លោកគឺជាព្យាការីរបស់ព្រះ ។ ដូចជាលីហៃពីបុរាណ ប្រធាន រ័សុល អិម ណិលសុនដង្ហោយហៅយើង និងគ្រួសារទាំងអស់នៃព្រះ ឲ្យមក ហើយទទួលទានផ្លែនៃដើមឈើនោះ ។ សូមឲ្យយើងមានការបន្ទាបខ្លួន និងកម្លាំងដើម្បីធ្វើតាមការប្រឹក្សារបស់លោក ។
ខ្ញុំសូមថ្លែងជាសាក្សីដោយរាបសាថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។ សេចក្ដីស្រឡាញ់ ព្រះចេស្ដា និងព្រះគុណរបស់ទ្រង់ នាំមកនូវការណ៍គ្រប់យ៉ាងដ៏មានតម្លៃយូរអង្វែង ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕