ប្រវត្ថិខ្លីៗនៃសាសនាចក្រនៅ
ប្រទេសកម្ពុជា
ទិដ្ឋភាពទូទៅ
នៅពេលសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជាចាប់ផ្តើមនៅឆ្នាំ ១៩៧០ ក្រុមតូចរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានកំពុងធ្វើការប្រជុំនៅក្នុងផ្ទះរបស់ពួកគេបានចាកចេញ ។ សង្គ្រាមនេះមានរយៈពេលជាងពីរទសវត្សរ៍ និងបាននាំឲ្យមានអំពើហិង្សា និងមានអំណត់អត់ដ៏ធំ ។ ប្រជាជនខ្មែររាប់លាននាក់បានស្លាប់ ហើយមនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនទៅជ្រកកោននៅក្នុងប្រទេសថៃ បារាំង និងសហរដ្ឋអាមេរិក ។ នៅសហរដ្ឋអាមេរិកមានជនភៀសខ្លួនជាប្រជាជនខ្មែរជាច្រើននាក់បានជួបពួកបរិសុទ្ធថ្ងៃចុងក្រោយ បានរៀនដំណឹងល្អ ហើយបានទទួលបុណ្យជ្រមុជទឹក ។ នៅទសវត្សឆ្នាំ ១៩៩០ សាខានិយាយភាសាខ្មែរជាង ២០ ត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋចំនួន ៧ របស់សហរដ្ឋអាមេរិក ។
បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ ហើយកិច្ចព្រមព្រៀងសន្តិភាពមួយបានធ្វើឡើង នោះពួកបរិសុទ្ធជាប្រជាជនខ្មែរជាច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញ ។ នៅឆ្នាំ ១៩៩៤ សាសនាចក្របានចាប់ផ្ដើមរៀបចំការប្រជុំ និងផ្សព្វផ្សាយដំណឹងល្អដែលបានស្ដារឡើងវិញនៅប្រទេសកម្ពុជា ។ នៅខែ កញ្ញា ឆ្នាំនោះ សាខាទី ១ នៅភ្នំពេញត្រូវបានរៀបចំឡើង ។ នៅឆ្នាំ ២០០០ មណ្ឌលមួយត្រូវបានរៀបចំឡើងដោយមានសាខានៅភ្នំពេញ តាខ្មៅ និងកំពង់ចាម ។ នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៤ ស្តេកពីរដំបូងបង្អស់នៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅភ្នំពេញ ។ នៅឆ្នាំ ២០១៨ ការសាងសង់ព្រះវិហារបរិសុទ្ធនៅទីក្រុងភ្នំពេញត្រូវបានប្រកាស ។
ពួកបរិសុទ្ធជាប្រជាជនខ្មែរបានឈោងទៅជួយដោយក្តីស្រឡាញ់ជាបន្តបន្ទាប់ ក្នុងការចែកចាយដំណឹងល្អ និងផ្ដល់ជំនួយដែលបានឧទ្ទិសដល់អ្នកជិតខាងរបស់ខ្លួន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៣០–៣១ ) ។ នៅខែ មករា ឆ្នាំ ១៩៩៥ សមាជិកក្នុងមូលដ្ឋានបានទៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីចែកអាហារ និងសម្លៀកបំពាក់ដល់អ្នកភូមិនៅជនបទដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ។ នៅឆ្នាំ ២០០៨ សមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនាបានជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជំនឿចំនួនពីរ ។ ពួកបរិសុទ្ធជាប្រជាជនខ្មែរក៏បានរៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗគ្នា ចូលរួមប្រកួតសិល្បៈនៅទូទាំងសាសនាចក្រ និងបានស្ម័គ្រចិត្តធ្វើគម្រោងបម្រើដើម្បីលើកទឹកចិត្តឲ្យមានភាពសុខដុមរម្យនា និងជំនឿលើសហគមន៍របស់ខ្លួន ។
ការពិតរហ័ស
-
ឈ្មោះផ្លូវការ ៖ Kingdom of Cambodia/ព្រះរាជាណាចក្រកម្ពុជា
-
រាជធានី ៖ ភ្នំពេញ
-
ទីក្រុងដែលធំជាងគេ ៖ ភ្នំពេញ
-
ភាសាផ្លូវការ ៖ ខ្មែរ
-
ផ្ទៃដី ៖ ១៨១,០៣៥ គ.ម.២ ( ៦៩,៨៩៨ ម៉ែល២ )
-
តំបន់សាសនាចក្រ ៖ អាស៊ី
-
បេសកកម្ម ៖ ១ ( ភ្នំពេញ )
-
ក្រុមជំនុំ ៖ ២៨
-
ព្រះវិហារបរិសុទ្ធ ៖ ១ ( ភ្នំពេញ )