កណ្ឌទី ៤២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៨៣១ (History of the Church, ១:១៤៨–១៥៤)។ វិវរណៈនេះត្រូវបានទទួលនៅមុខពួកអែលឌើរ១២នាក់ ហើយជាការបំពេញសេចក្ដីសន្យាដែលព្រះអម្ចាស់ទ្រង់បានធ្វើរួចមកហើយថា ក្រឹត្យវិន័យនឹងត្រូវបានប្រទានឲ្យមកនៅរដ្ឋអូហៃអូ (សូមមើលកណ្ឌទី ៣៨:៣២)។ ព្យាការីបញ្ជាក់ថាវិវរណៈនេះ « មានក្រឹត្យវិន័យនៃសាសនាចក្រ » (History of the Church, ១:១៤៨)។
១–១០, ពួកអែលឌើរត្រូវបានហៅឲ្យទៅផ្សាយដំណឹងល្អ ធ្វើបុណ្យជ្រមុជទឹកឲ្យពួកអ្នកដែលប្រែចិត្តជឿ ហើយស្ថាបនាសាសនាចក្រឡើង; ១១–១២, ពួកគេត្រូវបានហៅ និងតែងតាំង ហើយត្រូវទៅបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដែលឃើញមាននៅក្នុងព្រះគម្ពីរ; ១៣–១៧, ពួកគេត្រូវទៅបង្រៀន និងព្យាករ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណ; ១៨–២៩, ពួកបរិសុទ្ធត្រូវបានបញ្ជាមិនឲ្យសម្លាប់ លួច កុហក មានតម្រេកសម្រើប ប្រព្រឹត្តអំពើកំផិត ឬនិយាយអាក្រក់ពីអ្នកណាឡើយ; ៣០–៣៩, ក្រឹត្យវិន័យទាំងឡាយសម្រាប់ត្រួតលើការថ្វាយទ្រព្យសម្បត្តិត្រូវបានចែងប្រាប់; ៤០–៤២, សេចក្ដីឆ្មើងឆ្មៃ និងសេចក្ដីខ្ជិលច្រអូសត្រូវបានដាក់ទោស; ៤៣–៥២, អ្នកឈឺត្រូវបានព្យាបាលឲ្យជា តាមរយៈការប្រសិទ្ធិពរ និងដោយសារសេចក្ដីជំនឿ; ៥៣–៦០, ព្រះគម្ពីរត្រួតត្រាលើសាសនាចក្រ ហើយត្រូវប្រកាសប្រាប់ដល់ពិភពលោក; ៦១–៦៩, កន្លែងសម្រាប់ក្រុងយេរូសាឡិមថ្មី និងសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរនឹងត្រូវបានបង្ហាញ; ៧០–៧៣, ទ្រព្យសម្បត្តិទាំងឡាយណាដែលបានថ្វាយ នោះត្រូវយកមកប្រើប្រាស់ដើម្បីគាំទ្រពួកអ្នកដឹកនាំសាសនាចក្រ; ៧៤–៩៣, ក្រឹត្យវិន័យទាំងឡាយដែលត្រួតត្រាលើអំពើសហាយស្មន់ អំពើកំផិត ការសម្លាប់ ការលួច និងការសារភាពទោសនោះត្រូវបានចែងប្រាប់។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្រយើងអើយ ជាពួកអ្នកដែលបានជួបជុំគ្នានៅក្នុងនាមយើង គឺព្រះយេស៊ូវ គ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ពីព្រោះអ្នករាល់គ្នាជឿដល់ព្រះនាមយើង ហើយកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង។
២យើងប្រាប់អ្នកទៀតថា ចូរប្រុងស្ដាប់ ហើយឮ ហើយចូរគោរពតាមក្រឹត្យវិន័យ ដែលយើងនឹងប្រទានដល់អ្នកចុះ។
៣ត្បិតយើងប្រាប់ជាប្រាកដថា ដរាបណាអ្នករាល់គ្នាជួបជុំគ្នា តាមព្រះបញ្ញត្តិដែលយើងបានបញ្ជាដល់អ្នក ហើយព្រមព្រៀងគ្នាពីការណ៍មួយនេះ ហើយបានសូមដល់ព្រះវរបិតា ដោយនូវព្រះនាមយើង នោះឈ្មោះថាអ្នករាល់គ្នានឹងបានទទួលហើយ។
៤មើលចុះ យើងប្រាប់អ្នកជាប្រាកដថា យើងប្រទានបញ្ញត្តិទី១នេះដល់អ្នកថា អ្នករាល់គ្នាត្រូវចេញទៅដោយនូវព្រះនាមយើង គឺអ្នករាល់គ្នា លើកលែងតែ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និងស៊ីឌនី រិកដុន ជាពួកអ្នកបម្រើរបស់យើងប៉ុណ្ណោះ។
៥ហើយយើងប្រទានដល់ពួកគេនូវបញ្ញត្តិមួយថា ពួកគេត្រូវចេញទៅមួយរដូវខ្លី ហើយនឹងត្រូវបានបង្ហាញប្រាប់ដោយព្រះចេស្ដានៃព្រះវិញ្ញាណ នៅពេលណាពួកគេត្រូវវិលមកវិញ។
៦ហើយអ្នករាល់គ្នាត្រូវចេញទៅដោយនូវព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង ដោយផ្សាយដំណឹងល្អរបស់យើងពីរនាក់ៗដោយនូវព្រះនាមយើង ដោយបន្លឺសំឡេងឡើង ហាក់ដូចជាសំឡេងត្រែ ដោយប្រកាសប្រាប់ព្រះបន្ទូលយើង ដូចជាពួកទេវតានៃព្រះ។
៧ហើយអ្នករាល់គ្នាត្រូវចេញទៅធ្វើបុណ្យជ្រមុជដោយទឹក ដោយនិយាយថា ៖ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ។
៨ហើយចេញពីទីនេះ អ្នករាល់គ្នាត្រូវចេញទៅក្នុងភូមិភាគនៃទិសខាងលិចទាំងឡាយ; ហើយដរាបណាអ្នករាល់គ្នារកឃើញពួកអ្នកដែលនឹងទទួលអ្នក នោះអ្នករាល់គ្នាត្រូវស្ថាបនាសាសនាចក្ររបស់យើងឡើងនៅគ្រប់ភូមិភាគនានា —
៩លុះត្រាពេលនោះមកដល់ នៅពេលការណ៍នោះត្រូវបានបើកសម្ដែងដល់អ្នកមកពីលើ នៅពេលទីក្រុងយេរូសាឡិមថ្មីនឹងត្រូវបានរៀបចំ ដើម្បីឲ្យអ្នករាល់គ្នាអាចបានប្រមូលគ្នាតែមួយ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានទៅជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់អ្នក។
១០ហើយជាថ្មីទៀត យើងប្រាប់អ្នកថា អែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ត្រូវបំពេញតំណែង ដែលយើងបានតែងតាំងគាត់។ ហើយហេតុការណ៍នឹងកើតឡើងថា បើសិនជាគាត់ប្រព្រឹត្តរំលង នោះអ្នកណាមួយផ្សេងទៀតនឹងត្រូវបានតែងតាំងឡើងជំនួសគាត់។ គឺដូច្នោះមែន។ អាម៉ែន។
១១ជាថ្មីទៀត យើងប្រាប់អ្នកថា ការណ៍នេះមិនបានអនុញ្ញាតដល់អ្នកណាមួយ ដើម្បីឲ្យចេញទៅផ្សាយដំណឹងល្អរបស់យើង ឬដើម្បីឲ្យស្ថាបនាសាសនាចក្ររបស់យើងឡើងឡើយ លើកលែងតែអ្នកនោះបានតែងតាំងឡើង ដោយនរណាម្នាក់ដែលមានសិទ្ធិអំណាច ហើយដែលបានស្គាល់ដោយសាសនាចក្រ ថាអ្នកនោះមានសិទ្ធិអំណាច ហើយបានតែងតាំងដោយត្រឹមត្រូវ ដោយពួកអ្នកដឹកនាំនៃសាសនាចក្រ។
១២ហើយជាថ្មីទៀត ពួកអែលឌើរ ពួកសង្ឃ និងពួកគ្រូក្នុងសាសនាចក្រនេះ ត្រូវបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង ដែលមាននៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន គឺជាភាពពោរពេញនៃដំណឹងល្អ។
១៣ហើយពួកគេត្រូវគោរព ដើម្បីធ្វើតាមសេចក្ដីសញ្ញា និងមាត្រាទាំងឡាយនៃសាសនាចក្រ ហើយអ្វីៗទាំងនេះ ត្រូវទៅជាសេចក្ដីបង្រៀនរបស់ពួកគេ ដូចជាពួកគេនឹងត្រូវបានដឹកនាំពីព្រះវិញ្ញាណ។
១៤ហើយព្រះវិញ្ញាណត្រូវបានប្រទានដល់អ្នក ដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿ ហើយបើសិនជាអ្នករាល់គ្នាមិនបានទទួលព្រះវិញ្ញាណទេ នោះអ្នករាល់គ្នានឹងមិនត្រូវបង្រៀនឡើយ។
១៥ហើយគ្រប់ទាំងអស់នេះ អ្នករាល់គ្នាត្រូវគោរពធ្វើតាម ដូចជាយើងបានបញ្ជាអំពីសេចក្ដីបង្រៀនរបស់អ្នក រហូតដល់ភាពពោរពេញនៃព្រះគម្ពីររបស់យើង ត្រូវបានប្រទានឲ្យមកសិន។
១៦ហើយដូចជាអ្នករាល់គ្នាត្រូវបន្លឺសំឡេងរបស់អ្នកឡើងដោយព្រះដ៏ជាជំនួយ នោះអ្នករាល់គ្នាក៏ត្រូវនិយាយ ហើយព្យាករ ដូចដែលឃើញថាល្អដល់យើង
១៧ត្បិតមើលចុះ ព្រះដ៏ជាជំនួយ ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយធ្វើទីបន្ទាល់ពីព្រះវរបិតា និងពីព្រះរាជបុត្រា។
១៨ហើយឥឡូវនេះ មើលចុះ យើងមានបន្ទូលដល់សាសនាចក្រ។ កុំឲ្យសម្លាប់មនុស្សឲ្យសោះ ហើយអ្នកណាដែលសម្លាប់ នោះនឹងពុំបានការអត់ទោសឡើយ ទោះនៅនាលោកិយនេះ ឬនៅបរលោកនាយក្ដី។
១៩ហើយជាថ្មីទៀត យើងប្រាប់ថា កុំឲ្យសម្លាប់មនុស្សឲ្យសោះ ប៉ុន្តែអ្នកណាដែលសម្លាប់ នោះនឹងត្រូវស្លាប់។
២០ចូរកុំឲ្យលួចប្លន់ឲ្យសោះ អ្នកណាដែលលួចប្លន់ ហើយមិនប្រែចិត្ត នោះនឹងត្រូវបណ្ដេញចេញ។
២១កុំឲ្យកុហកឲ្យសោះ អ្នកណាដែលកុហក ហើយមិនប្រែចិត្ត នោះនឹងត្រូវបណ្ដេញចេញ។
២២ត្រូវស្រឡាញ់ប្រពន្ធខ្លួនឲ្យអស់អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ។
២៣ហើយអ្នកណាដែលក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះនឹងបោះបង់ចោលសេចក្ដីជំនឿ ហើយនឹងមិនត្រូវមានព្រះវិញ្ញាណឡើយ ហើយបើសិនជាអ្នកនោះមិនប្រែចិត្តទេ នោះនឹងត្រូវបណ្ដេញចេញ។
២៤កុំឲ្យផិតគ្នាឲ្យសោះ ហើយអ្នកណាដែលផិតគ្នា ហើយមិនប្រែចិត្តទេ នោះនឹងត្រូវបណ្ដេញចេញ។
២៥ប៉ុន្តែអ្នកណាដែលផិតគ្នា ហើយប្រែចិត្តដោយអស់អំពីចិត្ត ហើយបោះបង់ចោលអំពើនោះ ហើយមិនប្រព្រឹត្តទៀតទេ នោះអ្នកត្រូវអភ័យទោសឲ្យ
២៦ប៉ុន្តែបើសិនជាអ្នកនោះប្រព្រឹត្តទៀត អ្នកនោះនឹងមិនត្រូវអភ័យទោសឲ្យឡើយ ប៉ុន្តែនឹងត្រូវបណ្ដេញចេញវិញ។
២៧កុំឲ្យនិយាយអាក្រក់ពីអ្នកជិតខាងខ្លួនឲ្យសោះ ឬធ្វើទុក្ខអ្វីដល់គាត់ឡើយ។
២៨អ្នកដឹងពីក្រឹត្យវិន័យទាំងឡាយរបស់យើង ដែលស្ដីអំពីការណ៍ទាំងនេះ ត្រូវបានប្រទានឲ្យនៅក្នុងព្រះគម្ពីររបស់យើងហើយ អ្នកណាដែលធ្វើបាប ហើយមិនប្រែចិត្តទេ នោះនឹងត្រូវបណ្ដេញចេញ។
២៩បើសិនជាអ្នកស្រឡាញ់យើង ចូរបម្រើយើង ហើយកាន់តាមបញ្ញត្តិទាំងអស់របស់យើងចុះ។
៣០ហើយមើលចុះ ចូរនឹកដល់មនុស្សទាល់ក្រ ហើយថ្វាយទ្រព្យសម្បត្តិទាំងឡាយរបស់ខ្លួនសម្រាប់គាំទ្រពួកគេនូវអ្វីៗដែលអ្នកមាន ដើម្បីចែករំលែកដល់ពួកគេ ដោយសេចក្ដីសញ្ញា និងសំបុត្រស្នាម ដែលមិនអាចផ្ដាច់បាន។
៣១ហើយដរាបណាអ្នករាល់គ្នាចែករំលែកទ្រព្យដល់មនុស្សទាល់ក្រ នោះឈ្មោះថា បានធ្វើដល់យើងដែរ ហើយចូរដាក់ទ្រព្យទាំងនោះនៅខាងមុខប៊ីស្សពនៃសាសនាចក្ររបស់យើង និងទីប្រឹក្សាទាំងឡាយរបស់គាត់ គឺអែលឌើរ ឬសង្ឃជាន់ខ្ពស់ពីរនាក់ ដូចជាអ្នកនោះត្រូវបានតែងតាំង ឬបានតែងតាំង ហើយញែកចេញ សម្រាប់គោលបំណងនោះ។
៣២ហើយហេតុការណ៍នឹងកើតឡើងថា បន្ទាប់ពីបានដាក់ទ្រព្យទាំងនោះ នៅខាងមុខប៊ីស្សពនៃសាសនាចក្ររបស់យើង និងបន្ទាប់មកគាត់បានទទួលទីបន្ទាល់ទាំងនេះ ស្ដីអំពីការថ្វាយទ្រព្យសម្បត្តិទាំងឡាយនៃសាសនាចក្ររបស់យើង ដើម្បីកុំឲ្យទ្រព្យសម្បត្តិទាំងនេះ ត្រូវបានយកពីសាសនាចក្រឡើយ ដោយយល់ព្រមតាមបញ្ញត្តិទាំងឡាយរបស់យើងរួចហើយ នោះមនុស្សគ្រប់រូបនឹងត្រូវបានធ្វើឲ្យទទួលខុសត្រូវចំពោះយើង គឺធ្វើជានាយតម្រួតការលើទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្វីដែលគាត់បានទទួល ដោយសារការថ្វាយដែលច្រើនគ្រប់គ្រាន់សម្រាប់ខ្លួន និងគ្រួសារ។
៣៣ហើយជាថ្មីទៀត បើសិនជាមានទ្រព្យសម្បត្តិទាំងឡាយនៅក្នុងកណ្ដាប់ដៃនៃសាសនាចក្រ ឬនៅក្នុងដៃអ្នកណាមួយនៃសាសនាចក្រ ដែលមានច្រើនជាងត្រូវការសម្រាប់ការគាំទ្រដល់ពួកគេ បន្ទាប់ពីការថ្វាយដំបូងនេះ គឺដែលនៅសល់ទាំងប៉ុន្មាន នោះត្រូវថ្វាយដល់ប៊ីស្សព ទ្រព្យសម្បត្តិនោះនឹងត្រូវរក្សាទុក ដើម្បីឧបត្ថម្ភចែកដល់អស់អ្នកណាដែលពុំមានម្ដងម្កាល ប្រយោជន៍ឲ្យមនុស្សគ្រប់រូបណាដែលត្រូវការ អាចបានផ្គត់ផ្គង់ ហើយទទួលតាមដែលគេប៉ងប្រាថ្នា។
៣៤ហេតុដូច្នេះហើយ របស់ដែលនៅសល់ទាំងប៉ុន្មាន នឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងរបស់យើង ដើម្បីឧបត្ថម្ភចែកដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុគ៌ត ដូចដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃសាសនាចក្រ ហើយប៊ីស្សព និងក្រុមប្រឹក្សារបស់គាត់។
៣៥ហើយសម្រាប់គោលបំណងនៃការទិញដីធ្លី សម្រាប់ប្រយោជន៍ដល់សមាជិកទូទៅនៃសាសនាចក្រ និងការកសាងសាលាសម្រាប់ថ្វាយបង្គំទាំងឡាយ និងការស្ថាបនាក្រុងយេរូសាឡិមថ្មីឡើង ដែលនឹងបានបើកសម្ដែងប្រាប់បន្ទាប់ពីពេលនេះទៅ —
៣៦ប្រយោជន៍ឲ្យរាស្ត្ររបស់យើង ដែលនៅក្នុងសេចក្ដីសញ្ញា អាចបានប្រមូលគ្នាតែមួយ នៅក្នុងថ្ងៃនោះ កាលដែលយើងនឹងយាងមកព្រះវិហាររបស់យើង។ ហើយការនេះយើងធ្វើសម្រាប់សេចក្ដីសង្គ្រោះដល់រាស្ត្ររបស់យើង។
៣៧ហើយហេតុការណ៍នឹងកើតឡើងថា អ្នកណាដែលធ្វើបាប ហើយមិនប្រែចិត្តសោះ នោះនឹងត្រូវបណ្ដេញចេញពីសាសនាចក្រ ហើយនឹងមិនត្រូវទទួលទៀតឡើយនូវអ្វីដែលគេបានថ្វាយដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុគ៌តនៃសាសនាចក្ររបស់យើង ឬម្យ៉ាងទៀតដល់យើង —
៣៨ត្បិតដរាបណាអ្នករាល់គ្នាធ្វើការទាំងនេះ ដល់អ្នកតូចបំផុតក្នុងពួកមនុស្សទាំងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។
៣៩ត្បិតហេតុការណ៍នឹងកើតឡើងថា អ្វីៗដែលយើងមានបន្ទូលដោយមាត់នៃពួកព្យាការីរបស់យើង នោះនឹងត្រូវបានសម្រេច ត្បិតយើងនឹងយកទ្រព្យសម្បត្តិទាំងឡាយនៃអស់អ្នកណាដែលឱបក្រសោបដំណឹងល្អរបស់យើងក្នុងចំណោមពួកមនុស្សដទៃ ឲ្យដល់មនុស្សទាល់ក្រក្នុងរាស្ត្រយើង ដែលជាវង្សអ៊ីស្រាអែល។
៤០ហើយជាថ្មីទៀត កុំឲ្យមានសេចក្ដីឆ្មើងឆ្មៃក្នុងចិត្តឲ្យសោះ ចូរឲ្យសំលៀកបំពាក់ទាំងអស់របស់អ្នកមានសម្បុរធម្មតា ហើយឲ្យសម្រស់នៃសំលៀកបំពាក់របស់អ្នកទៅជាសម្រស់ពីស្នាដៃរបស់អ្នកចុះ
៤១ហើយចូរឲ្យគ្រប់ទាំងអស់ បានធ្វើដោយភាពស្អាតបាតនៅចំពោះយើង។
៤២កុំឲ្យខ្ជិលច្រអូសឲ្យសោះ ត្បិតអ្នកណាដែលខ្ជិលច្រអូស នោះនឹងមិនត្រូវបរិភោគអាហារ ឬស្លៀកពាក់សំលៀកបំពាក់នៃអ្នកដែលធ្វើការនោះឡើយ។
៤៣ហើយអស់អ្នកណាដែលឈឺនៅក្នុងចំណោមអ្នក ហើយឥតមានសេចក្ដីជំនឿដើម្បីឲ្យបានជាស្បើយ ប៉ុន្តែជឿ នោះនឹងត្រូវបានថែទាំឲ្យចំណីដោយអស់ពីភាពទន់ភ្លន់ ដោយរុក្ខជាតិ និងអាហារសាបៗ ហើយពុំត្រូវធ្វើដោយដៃនៃខ្មាំងសត្រូវឡើយ។
៤៤ហើយពួកអែលឌើរនៃសាសនាចក្រពីរនាក់ ឬលើស នឹងត្រូវហៅ ហើយត្រូវអធិស្ឋានឲ្យ ហើយដាក់ដៃលើពួកគេដោយនូវព្រះនាមរបស់យើង ហើយបើសិនជាពួកគេស្លាប់ នោះពួកគេនឹងស្លាប់ដើម្បីយើង ហើយបើសិនជាពួកគេរស់ នោះពួកគេនឹងរស់ដើម្បីយើងដែរ។
៤៥ចូររស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ រហូតដល់អ្នកត្រូវយំសោកចំពោះការបាត់បង់នៃមនុស្សដែលស្លាប់ ហើយជាពិសេសទៀត ចំពោះអស់អ្នកណាដែលគ្មានសេចក្ដីសង្ឃឹមដល់ដំណើររស់ឡើងវិញដ៏រុងរឿង។
៤៦ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលស្លាប់ក្នុងយើង នោះនឹងមិនត្រូវភ្លក់សេចក្ដីស្លាប់ឡើយ ត្បិតសេចក្ដីស្លាប់នឹងបានទៅជាសេចក្ដីផ្អែមល្ហែមដល់ពួកគេវិញ។
៤៧ហើយពួកអ្នកដែលពុំបានស្លាប់ក្នុងយើងទេ នោះវេទនាដល់ពួកគេហើយ ត្បិតសេចក្ដីស្លាប់របស់ពួកគេ គឺជាសេចក្ដីល្វីងជូរចត់។
៤៨ហើយជាថ្មីទៀត ហេតុការណ៍នឹងកើតឡើងថា អ្នកណាដែលមានសេចក្ដីជំនឿជឿដល់យើង ដើម្បីឲ្យបានជាស្បើយ ហើយដែលពុំបានកំណត់ឲ្យស្លាប់ នោះនឹងត្រូវបានជាស្បើយហើយ។
៤៩អ្នកណាដែលមានសេចក្ដីជំនឿ ដើម្បីឲ្យបានមើលឃើញ នោះនឹងត្រូវបានមើលឃើញ។
៥០អ្នកណាដែលមានសេចក្ដីជំនឿ ដើម្បីឲ្យបានស្ដាប់ឮ នោះនឹងត្រូវបានស្ដាប់ឮ។
៥១មនុស្សខ្វិនណាដែលមានសេចក្ដីជំនឿដើម្បីឲ្យបានលោតរួច នោះនឹងត្រូវបានលោតរួច។
៥២ហើយពួកអ្នកណាដែលពុំមានសេចក្ដីជំនឿដើម្បីធ្វើការទាំងនេះ ប៉ុន្តែជឿដល់យើង នោះមានអំណាចដើម្បីត្រឡប់ទៅជាកូនរបស់យើង ហើយដរាបណាពួកគេមិនបានបំបាក់ក្រឹត្យវិន័យទាំងឡាយរបស់យើងទេ នោះអ្នកត្រូវទ្រាំទ្រនឹងជំងឺឈឺស្កាត់របស់ពួកគេផង។
៥៣ចូរឈរក្នុងកន្លែងនៃការកាន់កាប់ត្រួតត្រារបស់អ្នកចុះ។
៥៤កុំឲ្យយកសំលៀកបំពាក់របស់បងប្អូនរបស់អ្នកឲ្យសោះ អ្នកត្រូវបង់ថ្លៃចំពោះអ្វីដែលអ្នកបានទទួលពីបងប្អូនរបស់អ្នកវិញ។
៥៥ហើយបើសិនជាអ្នកបានទទួលច្រើនជាងដែលត្រូវការសម្រាប់គាំទ្រខ្លួន នោះអ្នកត្រូវឲ្យទៅឃ្លាំងរបស់យើង ដើម្បីឲ្យគ្រប់ទាំងអស់អាចបានសម្រេច តាមអ្វីដែលយើងបានមានបន្ទូលមក។
៥៦ចូរសូម ហើយបទគម្ពីររបស់យើងនឹងត្រូវបានប្រទានឲ្យមក ដូចជាយើងបានកំណត់ទុក ហើយបទគម្ពីរទាំងនោះនឹងត្រូវបានរក្សាទុកឲ្យបានគង់វង្សក្នុងកន្លែងមានសុវត្ថិភាព
៥៧ហើយជាការចាំបាច់ដែលអ្នកគួរនៅស្ងៀមស្ងាត់អំពីបទគម្ពីរទាំងនោះ ហើយចូរកុំបង្រៀនបទគម្ពីរទាំងនោះឡើយ លុះត្រាអ្នករាល់គ្នាបានទទួលបទគម្ពីរទាំងនោះសព្វគ្រប់សិន។
៥៨ហើយយើងប្រទានបញ្ញត្តិមួយដល់អ្នកថា នៅពេលនោះ អ្នកត្រូវបង្រៀនបទគម្ពីរទាំងនោះដល់មនុស្សទាំងអស់ ត្បិតបទគម្ពីរទាំងនោះ នឹងត្រូវបានបង្រៀនដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន។
៥៩ចូរយកអ្វីៗដែលអ្នកបានទទួលមក ដែលបានប្រទានដល់អ្នកនៅក្នុងព្រះគម្ពីររបស់យើង ទុកសម្រាប់ជាក្រឹត្យវិន័យ ទៅធ្វើជាក្រឹត្យវិន័យដើម្បីត្រួតត្រាសាសនាចក្ររបស់យើងចុះ
៦០ហើយអ្នកណាដែលធ្វើតាមការទាំងនេះ នោះនឹងបានសង្គ្រោះ ហើយអ្នកណាដែលពុំបានធ្វើតាមការទាំងនេះទេ នោះនឹងត្រូវជាប់ទោស បើសិនជាអ្នកនោះនៅតែធ្វើតទៅទៀត។
៦១បើសិនជាអ្នកសូម នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ ដើម្បីឲ្យអ្នកអាចបានស្គាល់សេចក្ដីអាថ៌កំបាំងទាំងឡាយ និងរបស់ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ត — ដែលនឹងនាំឲ្យមានសេចក្ដីអំណរ ជាអ្វីដែលនាំឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច។
៦២ចូរសូម ហើយនឹងត្រូវបានបើកសម្ដែងដល់អ្នក តាមពេលដែលយើងកំណត់ អំពីកន្លែងដែលក្រុងយេរូសាឡិមថ្មីនឹងត្រូវបានសង់។
៦៣ហើយមើលចុះ ហេតុការណ៍នឹងកើតឡើងថា ពួកអ្នកបម្រើរបស់យើង នឹងត្រូវបានចាត់ឲ្យចេញទៅទិសខាងកើត ទៅទិសខាងលិច ទៅទិសខាងជើង និងទៅទិសខាងត្បូង។
៦៤ហើយសូម្បីតែពេលឥឡូវនេះ ចូរឲ្យអ្នកណាដែលទៅទិសខាងកើត បង្រៀនពួកអ្នកដែលនឹងប្រែចិត្តជឿ ឲ្យភៀសខ្លួនចេញទៅទិសខាងលិច ហើយនេះពីព្រោះតែអ្វីដែលនឹងមានមកលើផែនដី និងអំពីបក្សព័ន្ធសម្ងាត់ទាំងឡាយ។
៦៥មើលចុះ ចូរគោរពតាមគ្រប់ការណ៍ទាំងអស់នេះចុះ ហើយរង្វាន់របស់អ្នកនឹងបានធំណាស់ហ្ន៎ ត្បិតចំពោះអ្នក ត្រូវបានអនុញ្ញាតឲ្យដឹងសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ ប៉ុន្តែចំពោះមនុស្សលោក ពុំបានអនុញ្ញាតឲ្យដឹងឡើយ។
៦៦អ្នករាល់គ្នាត្រូវគោរពតាមក្រឹត្យវិន័យទាំងឡាយ ដែលអ្នករាល់គ្នាបានទទួល ហើយចូរមានចិត្តស្មោះត្រង់ចុះ។
៦៧ហើយបន្ទាប់ពីពេលនេះទៅ អ្នករាល់គ្នានឹងបានទទួលសេចក្ដីសញ្ញាទាំងឡាយ សម្រាប់សាសនាចក្រ ដូចដែលបានគ្រប់គ្រាន់ដើម្បីតាំងអ្នកឡើង ព្រមទាំងនៅទីនេះ និងនៅក្នុងក្រុងយេរូសាឡិមថ្មី។
៦៨ហេតុដូច្នេះហើយ អ្នកណាដែលខ្វះប្រាជ្ញា មានតែសូមដល់យើង ហើយយើងនឹងប្រទានដល់អ្នកនោះ ដោយសទ្ធាឥតបន្ទោសផង។
៦៩ចូរលើកចិត្តឡើង ហើយអរសប្បាយចុះ ត្បិតដល់អ្នកនោះនគរ ឬម្យ៉ាងទៀត កូនសោទាំងឡាយនៃសាសនាចក្រ ត្រូវបានប្រទានឲ្យហើយ។ គឺដូច្នោះមែន។ អាម៉ែន។
៧០ពួកសង្ឃ និងពួកគ្រូ ត្រូវមានការកាន់កាប់ត្រួតត្រារបស់ខ្លួន ដូចជាសមាជិកផងទាំងឡាយ។
៧១ហើយពួកអែលឌើរ ឬពួកសង្ឃជាន់ខ្ពស់ណាដែលបានតែងតាំងឲ្យជួយប៊ីស្សព ជាទីប្រឹក្សាក្នុងគ្រប់ការណ៍ទាំងអស់ នោះត្រូវឲ្យគាំទ្រគ្រួសាររបស់ពួកគេចេញពីទ្រព្យសម្បត្តិ ដែលបានថ្វាយដល់ប៊ីស្សព សម្រាប់ប្រយោជន៍ល្អដល់មនុស្សទាល់ក្រ និងសម្រាប់ប្រយោជន៍ផ្សេងៗទៀត ដូចជាបានពោលដល់ហើយនោះ
៧២ឬក៏ពួកគេត្រូវទទួលសំណងត្រឹមត្រូវ ចំពោះការទាំងអស់ដែលពួកគេបម្រើ ចំពោះការកាន់កាប់ត្រួតត្រា ឬការផ្សេងៗទៀត ដូចដែលឃើញថាល្អបំផុត ឬដែលបានសម្រេចដោយទីប្រឹក្សាទាំងឡាយ និងប៊ីស្សព។
៧៣ហើយប៊ីស្សពក៏ត្រូវទទួលការគាំទ្រដល់ខ្លួនដែរ ឬក៏សំណងត្រឹមត្រូវ ចំពោះការទាំងអស់ ដែលគាត់បម្រើនៅក្នុងសាសនាចក្រ។
៧៤មើលចុះ យើងប្រាប់អ្នកជាប្រាកដថា អស់អ្នកណាក៏ដោយនៅក្នុងចំណោមអ្នក ដែលបានលែងគូស្រកររបស់ខ្លួនចេញ ហេតុតែមកពីសហាយស្មន់ ឬម្យ៉ាងទៀត បើសិនជាពួកគេនឹងធ្វើទីបន្ទាល់នៅចំពោះមុខអ្នក ដោយអស់ពីចិត្តដ៏សុភាពរាបសា ថានេះជាហេតុមែន នោះអ្នករាល់គ្នាមិនត្រូវបណ្ដេញពួកគេចេញពីចំណោមអ្នករាល់គ្នាឡើយ
៧៥ប៉ុន្តែបើសិនជាអ្នករាល់គ្នារកឃើញថា នរណាមួយបានទុកចោលគូស្រកររបស់ខ្លួន ព្រោះតែមានបំណងចង់ផិត ហើយខ្លួនគេផ្ទាល់ជាអ្នកធ្វើខុស ហើយគូស្រកររបស់ខ្លួននៅរស់នៅឡើយ ពួកអ្នកនោះហើយដែលត្រូវបណ្ដេញចេញពីចំណោមអ្នករាល់គ្នាវិញ។
៧៦ហើយជាថ្មីទៀត យើងប្រាប់អ្នកថា ចូរចាំយាម ហើយប្រយ័ត្នប្រយែង ដោយសាកសួរឲ្យបានហ្មត់ចត់ចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលមនុស្សបែបនេះ នៅក្នុងចំណោមអ្នករាល់គ្នាឡើយ បើសិនជាពួកគេបានរៀបការហើយនោះ។
៧៧ហើយបើសិនជាពួកគេមិនទាន់បានរៀបការទេ ពួកគេត្រូវប្រែចិត្តឲ្យអស់ពីអំពើបាបរបស់ខ្លួន បើពុំនោះសោតទេ ចូរកុំទទួលពួកគេឡើយ។
៧៨ហើយជាថ្មីទៀត ចូរឲ្យមនុស្សគ្រប់រូបណាដែលជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ត្រូវគោរពកាន់តាមអស់ទាំងបញ្ញត្តិ និង សេចក្ដីសញ្ញាទាំងឡាយនៃសាសនាចក្រ។
៧៩ហើយហេតុការណ៍នឹងកើតឡើងថា បើសិនជានរណាមួយក្នុងចំណោមអ្នករាល់គ្នាសម្លាប់គេ នោះពួកគេនឹងត្រូវបញ្ជូន ហើយកាត់ក្ដីតាមច្បាប់ទាំងឡាយនៃប្រទេស ត្បិតចូរចងចាំចុះថា អ្នកនោះគ្មានការអភ័យទោសឡើយ ហើយនឹងត្រូវបានបញ្ជាក់តាមច្បាប់ទាំងឡាយនៃប្រទេស។
៨០ហើយបើសិនជាបុរស ឬស្ត្រីណាមួយបានផិតគ្នា បុរសឬស្ត្រីនោះត្រូវយកមកកាត់ក្ដីនៅចំពោះពួកអែលឌើរពីរនាក់ ឬលើសក្នុងសាសនាចក្រ ហើយគ្រប់ទាំងពាក្យសម្ដីនឹងត្រូវបានយកមកចោទបុរស ឬស្ត្រីនោះ ដោយសាក្សីពីរនាក់ក្នុងសាសនាចក្រ ហើយមិនមែនពីខ្មាំងសត្រូវទេ ប៉ុន្តែបើសិនជាមានសាក្សីច្រើនជាងពីរនាក់ នោះកាន់តែប្រសើរឡើង។
៨១ប៉ុន្តែបុរស ឬស្ត្រីនោះនឹងត្រូវកាត់ទោសដោយមាត់នៃសាក្សីពីរនាក់ ហើយពួកអែលឌើរនឹងដាក់បណ្ដឹងក្ដីនៅចំពោះសាសនាចក្រ ហើយសាសនាចក្រត្រូវលើកដៃទាស់នឹងបុរស ឬស្ត្រីនោះ ប្រយោជន៍ឲ្យពួកគេអាចកាត់ក្ដីបាន តាមក្រឹត្យវិន័យនៃព្រះ។
៨២ហើយបើសិនជាអាចធ្វើទៅបាន ជាការចាំបាច់ត្រូវមានប៊ីស្សពនៅទីនោះដែរ។
៨៣ហើយចូរអ្នករាល់គ្នាធ្វើ ចំពោះបណ្ដឹងគ្រប់យ៉ាង ដែលមាននៅចំពោះមុខអ្នក តាមរបៀបនេះហើយ។
៨៤ហើយបើសិនជាបុរស ឬស្ត្រីណាមួយបានប្លន់គេ បុរស ឬស្ត្រីនោះត្រូវបញ្ជូនឡើងទៅរកច្បាប់នៃប្រទេស។
៨៥ហើយបើសិនជាបុរស ឬស្ត្រីនោះបានលួចរបស់គេ បុរស ឬស្ត្រីនោះត្រូវបញ្ជូនឡើងទៅរកច្បាប់នៃប្រទេស។
៨៦ហើយបើសិនជាបុរស ឬស្ត្រីនោះកុហក បុរស ឬស្ត្រីនោះត្រូវបញ្ជូនឡើងទៅរកច្បាប់នៃប្រទេស។
៨៧ហើយបើសិនជាបុរស ឬស្ត្រីនោះប្រព្រឹត្តសេចក្ដីទុច្ចរិតណាមួយ បុរស ឬស្ត្រីនោះត្រូវបញ្ជូនឡើងទៅរកច្បាប់ គឺជាក្រឹត្យវិន័យនៃព្រះ។
៨៨ហើយបើសិនជាបងប្អូនប្រុស ឬស្រីរបស់ខ្លួនណាម្នាក់មានហេតុទាស់នឹងអ្នក នោះអ្នកត្រូវជួបបងប្អូនប្រុស ឬស្រីនោះ ក្នុងកាលមានតែអ្នក ហើយនិងបងប្អូនប្រុស ឬស្រីនោះ ហើយបើសិនជាបងប្អូនប្រុស ឬស្រីនោះសារភាព នោះអ្នកត្រូវរាប់រកគ្នាវិញ។
៨៩ហើយបើសិនជាបងប្អូនប្រុស ឬស្រីនោះមិនសារភាពទេ អ្នកត្រូវបញ្ជូនបងប្អូនប្រុស ឬស្រីនោះទៅសាសនាចក្រ ពុំមែនចំពោះសមាជិកទាំងឡាយទេ ប៉ុន្តែចំពោះពួកអែលឌើរវិញ។ ហើយត្រូវសម្រេចនៅក្នុងការប្រជុំមួយ ហើយពុំមែននៅចំពោះពិភពលោកឡើយ។
៩០ហើយបើសិនជាបងប្អូនប្រុស ឬស្រីរបស់ខ្លួនណាម្នាក់មានហេតុទាស់នឹងមនុស្សដ៏ច្រើន បងប្អូនប្រុស ឬស្រីនោះត្រូវផ្ចាញ់ផ្ចាលនៅចំពោះមនុស្សជាច្រើន។
៩១ហើយបើសិនជាជនណាមួយមានហេតុទាស់បើកមុខ បុរស ឬស្ត្រីនោះ នឹងត្រូវបន្ទោសបើកមុខ ប្រយោជន៍ឲ្យបុរស ឬស្ត្រីនោះ អាចមានសេចក្ដីខ្មាស។ ហើយបើសិនជាបុរសឬស្ត្រីនោះមិនសារភាពទេ បុរស ឬស្ត្រីនោះនឹងត្រូវបញ្ជូនឡើងទៅរកក្រឹត្យវិន័យនៃព្រះ។
៩២បើសិនជាជនណាមួយមានហេតុទាស់ដោយសម្ងាត់ បុរស ឬស្ត្រីនោះ នឹងត្រូវបន្ទោសដោយសម្ងាត់ ប្រយោជន៍ឲ្យបុរស ឬស្ត្រីនោះ អាចមានឱកាស ដើម្បីសារភាពដោយសម្ងាត់ ដល់បុរស ឬស្ត្រីណាដែលបុរស ឬស្ត្រីនោះបានទាស់ ហើយដល់ព្រះ ប្រយោជន៍កុំឲ្យ សាសនាចក្រអាចនិយាយបន្ទោសដល់បុរស ឬស្ត្រីនោះឡើយ។
៩៣ហើយអ្នករាល់គ្នាត្រូវប្រព្រឹត្ត ក្នុងគ្រប់កាលៈទេសៈទាំងអស់យ៉ាងដូច្នេះហើយ៕