ព្រះគម្ពីរ
សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ 2


សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ ទី​២

ជូន​ចំពោះ​លោក​អ្នក​ទូ​ទៅ​សូមជ្រាប ៖

នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៧៨ សន្និសីទ​ទូ​ទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​១៤៨ នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការណ៍​ដែល​មាន​ដូច​ត​ទៅ​នេះ​ត្រូវ​បាន​ថ្លែង​ដោយ​ប្រធាន អែន អែលដុន ថែនណើរ ជាទី​ប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ ថា ៖

នៅ​ដើមខែ​មិថុនា​ឆ្នាំ​នេះ គណៈប្រធាន​ទី​មួយ​បាន​ប្រកាស​ប្រាប់​ថា មាន​វិវរណៈ​មួយ​ដែល​បាន​ទទួល​ដោយ​ប្រធាន​ស្ពែនសើរ ដ័បបុលយូ គិមបុល ដែល​លាត​សន្ធឹង​ព្រះ​ពរ​ទាំង​ឡាយ​ខាង​បព្វជិតភាព និង​ព្រះ​វិហារ​បរិសុទ្ធ​ទៅ​ដល់​គ្រប់​សមាជិក​ប្រុសៗ​ទាំង​អស់​ក្នុង​សាសនាចក្រ​ដែល​សក្ដិសម។ ប្រធាន​គិមបុល​បាន​សូម​ឲ្យ​ខ្ញុំ​ប្រាប់​សន្និសីទ​ថា បន្ទាប់​ពី​លោក​បាន​ទទួល​វិវរណៈ​នេះ ដែល​បាន​មក​ដល់​លោក បន្ទាប់​ពី​បាន​ភាវនា និង​អធិស្ឋាន​ជា​យូរលង់​នៅ​ក្នុង​បន្ទប់​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ នោះ​លោក​បាន​ថ្លែង​ប្រាប់​ពី​វិវរណៈ​នេះ​ដល់​ពួក​ទីប្រឹក្សា ដែល​បាន​ទទួល​ស្គាល់ ហើយ​អនុម័ត។ ខណៈ​នោះ ទើប​បាន​ថ្លែង​ប្រាប់​ដល់​កូរ៉ុម​នៃ​ពួក​សាវក​១២​នាក់ ដែល​បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ ហើយ​បន្ទាប់​មក​ទើប​បាន​ថ្លែង​ប្រាប់​ដល់​គ្រប់​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូ​ទៅ ដែល​បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​ដូច្នោះ​ដែរ។

ប្រធាន​គិមបុល​បាន​សុំឲ្យ​ខ្ញុំ​អាន​សំបុត្រ​នេះ​នៅ​ពេល​ឥឡូវ​នេះ​ថា ៖

ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​១៩៧៨

ជូន​ចំពោះ​អស់​ទាំង​ពួក​អ្នក​កាន់​តំណែង​ក្នុង​បព្វជិតភាព​ទូ​ទៅ និង​ប្រចាំ​ភូមិ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពាស​ពេញ​ពិភពលោក​សូមជ្រាប ៖

ជូន​ចំពោះ​បង​ប្អូន​ប្រុស​ទាំង​ឡាយ ៖

ប្រាកដ​ដូច​ជា​យើង​បាន​ធ្វើ​សាក្សី​អំពី​ការ​ពង្រីក​កិច្ចការ​នៃ​ព្រះ​អម្ចាស់​នៅ​លើ​ផែនដី នោះ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ប្រជាជន​ពី​សាសន៍​ជា​ច្រើន ដែល​បាន​ទទួល​សារ​អំពី​ដំណឹង​ល្អ​ដែល​បាន​សាង​ឡើង​វិញ ហើយ​បាន​ចូល​សាសនាចក្រ​ក្នុង​ចំនួន​ដ៏​ច្រើន​ឡើងៗ។ ម្ល៉ោះ​ហើយ ទើប​ការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ប៉ងប្រាថ្នា​ចង់​លាត​សន្ធឹង​ដល់​សមាជិក​គ្រប់​រូប​ដែល​សក្ដិសម​នៅ​ក្នុង​សាសនាចក្រ​ឲ្យ​មាន​ឯកសិទ្ធិ និង​ព្រះ​ពរ​ទាំង​ឡាយ​ដែល​ដំណឹង​ល្អ​ផ្ដល់។

ដោយ​យល់​ពី​សេចក្ដី​សន្យា​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ដោយ​ពួក​ព្យាការី និង​ពួក​ប្រធាន​នៃ​សាសនាចក្រ​ពី​មុន​យើង​ថា នៅ​គ្រា​ណា​មួយ តាម​ផែនការ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ព្រះ នោះ​គ្រប់​អស់​ទាំង​បង​ប្អូន​ប្រុសៗ​របស់​យើង​ដែល​សក្ដិសម អាច​បាន​ទទួល​បព្វជិតភាព ហើយ​ដោយ​បាន​ឃើញ​នូវ​សេចក្ដី​ស្មោះត្រង់​របស់​អស់​អ្នក​ដែល​បព្វជិតភាព​ត្រូវ​បាន​បដិសេធ នោះ​យើង​បាន​ទូល​អង្វរ​យ៉ាង​យូរ​លង់ និង​ដោយ​អស់​ពី​ចិត្ត​ជំនួស​ពួក​គេ​ទាំង​នេះ ដែល​ជា​បង​ប្អូន​ប្រុស​របស់​យើង​ដែល​ស្មោះត្រង់ គឺ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​បន្ទប់​ព្រះ​វិហារ​ខាង​លើ អំពាវនាវ​ដល់​ព្រះ​អម្ចាស់​សូម​ការ​ណែនាំ​ពី​ព្រះ។

ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​យើង ហើយ​ដោយ​វិវរណៈ ទើប​បាន​បញ្ជាក់​ថា ថ្ងៃ​សន្យា​ដ៏​យូរលង់​បាន​មក​ដល់​ហើយ ក្នុង​កាល​បុរស​ដែល​ស្មោះត្រង់​គ្រប់​រូប និង​សក្ដិ​សម​នៅ​ក្នុង​សាសនាចក្រ អាច​បាន​ទទួល​បព្វជិតភាព ព្រម​ទាំង​អំណាច​ដើម្បី​អនុវត្ត​សិទ្ធិ​អំណាច​ពី​ព្រះ ហើយ​អាច​មាន​ចិត្ត​អរ​ជាមួយ​ពួក​ស្ងួនភ្ងា​របស់​ខ្លួន ចំពោះ​ព្រះ​ពរ​នានា​ដែល​បាន​ហូរ​មក​ពី​បព្វជិតភាព​នោះ ព្រម​ទាំង​ព្រះ​ពរ​ទាំង​ឡាយ​នៃ​ព្រះ​វិហារ​ផង។ ហេតុ​ដូច្នោះ​ហើយ គ្រប់​អស់​ទាំង​សមាជិក​ប្រុសៗ​ក្នុង​សាសនាចក្រ អាច​បាន​តែងតាំង​ឲ្យ​កាន់​បព្វជិតភាព​បាន​ដោយ​គ្មាន​គិត​ដល់​សញ្ជាតិ ឬ​សម្បុរ​ឡើយ។ ពួក​អ្នក​ដឹកនាំ​ខាង​បព្វជិតភាព​ត្រូវ​បាន​បង្គាប់​ឲ្យ​ដើរ​តាម​ច្បាប់​នៃ​ការ​សម្ភាស​យ៉ាង​ល្អិត​ល្អន់​នូវ​បេក្ខជន​ទាំង​អស់​សម្រាប់​ការ​តែងតាំង​ឲ្យ​កាន់​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​ម៉ិលគីស្សាដែក​ដើម្បី​បញ្ជាក់​ថា ពួក​គេ​សម​នឹង​បមាណីយ​សម្រាប់​ភាព​សក្ដិសម។

យើង​សូម​ប្រកាស​ដោយ​ភាព​ម៉ឺង​មាត់​ថា ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ដឹង​នូវ​ព្រះ​ហឫទ័យ​ដែល​ទ្រង់​មាន​ចំពោះ​ការ​ប្រទាន​ពរ​ដល់​កូន​ចៅ​ទាំង​អស់​របស់​ទ្រង់​ពាស​ពេញ​លើ​ផែនដី ដែល​ស្ដាប់​តាម​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដែល​មាន​សិទ្ធិ​អំណាច ហើយ ត្រៀម​ខ្លួន​ដើម្បី​ទទួល​ព្រះ​ពរ​គ្រប់​ប្រការ​នៃ​ដំណឹង​ល្អ៕

ដោយ​ស្មោះ​ស្ម័គ្រ

ស្ពែនសើរ ដ័បបុលយូ គិមបុល

អែន អែលដុន ថែនណើរ

ម៉ារីយ៉ុន ជី រ៉មនីយ

គណៈប្រធាន​ទី​មួយ

ដោយ​ទទួល​ស្គាល់​ថា​ស្ពែនសើរ ដ័បបុលយូ គិមបុល ជា​ព្យាការី អ្នក​មើល​ឆុត និង​ជា​អ្នក​ទទួល​វ​វិវរណៈ ហើយ​ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​ត្រូវ​បាន​ស្នើ​ថា យើង​ដែល​ជា​ពួក​ជំនុំ​សូម​ទទួល​ស្គាល់​វិវរណៈ​នេះ​ថា ជា​ព្រះ​បន្ទូល និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់។ ទាំង​អស់​គ្នា​ដែល​យល់​ព្រម សូម​លើក​ដៃ​ស្ដាំ។ បើ​មាន​អ្នក​ណា​ជំទាស់ សូម​ឲ្យ​សំគាល់​ដូច្នោះ​ផង។

ការ​បញ្ចេញ​មតិ​សូម​ឲ្យ​គាំទ្រ​ការណ៍​ដែល​បាន​ពោល​ដល់​នោះ គឺជា​ឯកច្ឆន្ទ​ក្នុង​ការ​យល់​ព្រម។

ទី​ក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៧៨៕