សេចក្ដីប្រកាសជាផ្លូវការទី១
ជូនចំពោះលោកអ្នកទូទៅសូមជ្រាប ៖
ការឃោសនាព័ត៌មានត្រូវបានបញ្ជូនទៅសម្រាប់គោលបំណងខាងនយោបាយពីទីក្រុងសលត៍ លេក ដែលបានផ្សាយទូទៅដោយថ្លែងថា គណៈកម្មការនៃរដ្ឋយូថាហ៍ ក្នុងសេចក្ដីរាយការណ៍ថ្មីៗរបស់គេទៅកាន់លេខាធិការនៃក្រសួងមហាផ្ទៃ បានរាយការណ៍ថា អាពាហ៍ពិពាហ៍ខាងការមានប្រពន្ធច្រើន នៅតែប្រព្រឹត្តនៅឡើយ ហើយថាអាពាហ៍ពិពាហ៍បែបនេះមានដល់ទៅ៤០ ឬច្រើនជាងនេះ ដែលបានចូលពិធីធ្វើនៅរដ្ឋយូថាហ៍ ចាប់តាំងពីខែមិថុនា ឬកំឡុងឆ្នាំនេះ ហើយថានៅក្នុងការនិយាយទូទៅ នោះពួកអ្នកដឹកនាំនៃសាសនាចក្របានបង្រៀន លើកទឹកចិត្ត ហើយជំរុញឲ្យមានការប្រព្រឹត្តពហុពន្ធភាពតទៅ —
ហេតុដូច្នេះហើយ ខ្ញុំជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមប្រកាសប្រាប់តាមមាគ៌ានេះ គឺតាមបែបបទដ៏មុតមាំបំផុតថា ការចោទទាំងប៉ុន្មាននោះសុទ្ធតែមិនពិត។ យើងខ្ញុំពុំបានបង្រៀនអំពីពហុពន្ធភាព ឬអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ឬក៏អនុញ្ញាតឲ្យមនុស្សណាមួយចូលក្នុងពិធីនោះឡើយ ហើយខ្ញុំបដិសេធថា ពុំមានអាពាហ៍ពិពាហ៍ប្រពន្ធច្រើនដល់ទៅចំនួន៤០ ឬក៏ក្នុងចំនួនណាក្ដីនៅគ្រានោះ បានរៀបពិធីនៅក្នុងព្រះវិហារបរិសុទ្ធទាំងឡាយរបស់យើង ឬនៅក្នុងកន្លែងណាក្នុងទឹកដី រដ្ឋយូថាហ៍ឡើយ។
មានរឿងមួយដែលបានរាយការណ៍ ក្នុងកាលមនុស្សចោទថា អាពាហ៍ពិពាហ៍នោះត្រូវបានចូលធ្វើពិធីឡើងនៅក្នុងដំណាក់ខាងអំណោយទានពិសិដ្ឋ នៅទីក្រុងសលត៍ លេក នៅនិទាឃៈរដូវក្នុងឆ្នាំ១៨៨៩ ប៉ុន្តែខ្ញុំពុំអាចរកឃើញថា នរណាមួយបានប្រព្រឹត្តពិធីនោះឡើយ អ្វីដែលបានសម្រេចតាមរបៀបនោះ នោះខ្ញុំពុំបានដឹងទេ។ បើមានការប្រព្រឹត្តដូចការចោទនេះដែលថាបានកើតឡើង នោះដំណាក់ខាងអំណោយទានពិសិដ្ឋត្រូវរើចេញដោយឥតបង្អង់តាមការបង្គាប់របស់ខ្ញុំ។
ដរាបណាដែលមានច្បាប់ចែងឡើងដោយសភា ហាមប្រាមមិនឲ្យមានអាពាហ៍ពិពាហ៍ប្រពន្ធច្រើន គឺជាច្បាប់ដែលបានប្រកាសថា ជាច្បាប់ពេញលេញដោយតុលាការខ្ពស់បំផុត នោះខ្ញុំសូមប្រកាសប្រាប់ពីបំណងចិត្តខ្ញុំថា យល់ព្រមគោរពតាមច្បាប់ទាំងនោះ ហើយនឹងប្រើឥទ្ធិពលដែលខ្ញុំមាននឹងសមាជិកនៃសាសនាចក្រដែលខ្ញុំត្រួតត្រាលើ ដើម្បីឲ្យពួកគេប្រព្រឹត្តតាមបែបនោះដែរ។
គ្មានអ្វីនៅក្នុងការបង្រៀនរបស់ខ្ញុំទៅកាន់សាសនាចក្រ ឬនៅក្នុងការបង្រៀនរបស់សហការីរបស់ខ្ញុំ នៅគ្រាដែលបានពោលដល់នោះ ដែលអាចបកស្រាយថា បានបង្ខំ ឬលើកទឹកចិត្តឲ្យប្រព្រឹត្តពហុពន្ធភាពនោះឡើយ ហើយកាលណាមានអែលឌើរក្នុងសាសនាចក្រណាម្នាក់ បានប្រើសម្ដីក្នុងការបង្រៀនដែលឃើញថា ឲ្យន័យបែបនេះ អ្នកនោះត្រូវស្ដីបន្ទោសមួយរំពេច។ ហើយឥឡូវនេះ ខ្ញុំប្រកាសទូទៅថា ពាក្យទូន្មានរបស់ខ្ញុំទៅកាន់ពួកបរិសុទ្ធ គឺសូមឲ្យឈប់ចូលពិធីអាពាហ៍ពិពាហ៍ណា ដែលបានហាមប្រាមដោយច្បាប់នៃដែនដី។
វិលហ្វួឌ វូឌដ្រុព្វ
ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ប្រធាន ឡូរិនសូ ស្នូវ បានថ្លែងដូចដែលមានតទៅនេះថា ៖
« ខ្ញុំសូមស្នើទទួលស្គាល់ថា វិលហ្វួឌ វូឌដ្រុព្វ ជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយជាបុរសតែមួយគត់នៅលើផែនដីនៅពេលនេះដែលកាន់កូនសោទាំងឡាយនៃពិធីភ្ជាប់ទាំងឡាយ នោះយើងគិតថាលោកមានសិទ្ធិអំណាចត្រឹមត្រូវ ដោយសារគុណធម៌នៃតំណែងរបស់លោក ដើម្បីចេញសេចក្ដីប្រកាសដែលបានអានឲ្យអ្នកស្ដាប់នោះ ហើយដែលចុះនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៨៩០ ហើយថា ដោយសារសាសនាចក្រដែលបានប្រជុំក្នុងសន្និសីទទូទៅ នោះយើងសូមទទួលសេចក្ដីប្រកាសរបស់លោក ស្ដីអំពីអាពាហ៍ពិពាហ៍ប្រពន្ធច្រើនទុកថាជាមានសិទ្ធិអំណាច ហើយមានអានុភាព »។
ការបញ្ចេញមតិសូមឲ្យគាំទ្រការណ៍ដែលបានពោលដល់នោះ គឺជាឯកច្ឆន្ទ។
ទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ថ្ងៃទី ៦ តុលា ១៨៩០
ជម្រើសចេញពីសុន្ទរកថាបីដោយ
ប្រធាន វិលហ្វួឌ វូឌដ្រុព្វ
អំពីសេចក្ដីប្រកាសនេះ
ព្រះអម្ចាស់ទ្រង់នឹងមិនអនុញ្ញាតឲ្យខ្ញុំ ឬនរណាផ្សេងទៀត ដែលឈរជាប្រធាននៃសាសនាចក្រនេះដឹកនាំអ្នកឲ្យវង្វេងចេញឡើយ។ គឺពុំមាននៅក្នុងកម្មវិធីឡើយ។ គឺមិនមែននៅក្នុងព្រះហឫទ័យនៃព្រះឡើយ។ បើសិនជាខ្ញុំខំធ្វើដូច្នោះ នោះព្រះអម្ចាស់ទ្រង់នឹងដកខ្ញុំចេញពីកន្លែងខ្ញុំទៅហើយ ហើយទ្រង់ក៏នឹងប្រព្រឹត្តយ៉ាងដូច្នោះដល់អ្នកណាដែលខំដឹកនាំកូនចៅមនុស្សចេញពីព្រះបន្ទូលទាំងឡាយនៃព្រះ និងចេញពីភារកិច្ចរបស់គេដែរ។ (សន្និសីទទូទៅនៃសាសនាចក្រប្រចាំឆ្នាំទី ៦១ នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ១៨៩០ ទីក្រុងសលត៍ លេក រដ្ឋយូថាហ៍។ បានរាយការណ៍នៅក្នុង Deseret Evening News, ថ្ងៃទី១១ ខែតុលា ឆ្នាំ១៨៩០, ទំព័រលេខ ២)។
មិនសំខាន់ទេដែលអ្នកណាត្រូវរស់ ឬអ្នកណាត្រូវស្លាប់ ឬអ្នកណាត្រូវបានហៅឲ្យដឹកនាំសាសនាចក្រនេះ គឺពួកគេគ្រាន់តែត្រូវដឹកនាំដោយការបំផុសគំនិតពីព្រះដ៏មានមហិទ្ធិឫទ្ធិប៉ុណ្ណោះ។ បើសិនជាពួកគេមិនធ្វើដូច្នោះទេ នោះពួកគេមិនអាចធ្វើបានឡើយ …។
នៅពេលឆាប់ៗនេះ ខ្ញុំបានទទួលវិវរណៈខ្លះៗ ហើយខ្លះៗទៀតសំខាន់ដល់ខ្ញុំ ហើយខ្ញុំនឹងប្រាប់អ្នកនូវអ្វីដែលព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកកាន់ខ្ញុំ។ ខ្ញុំសូមរំឭកប្រាប់អ្នកពីអ្វីដែលហៅថាសេចក្ដីប្រកាស …។
ព្រះអម្ចាស់ទ្រង់បានប្រាប់ខ្ញុំឲ្យសួរពួកបរិសុទ្ធនូវសំណួរមួយ ហើយទ្រង់ក៏បានប្រាប់ខ្ញុំថា បើសិនជាពួកគេព្រមស្ដាប់តាមអ្វីដែលខ្ញុំប្រាប់ដល់ពួកគេ ហើយឲ្យឆ្លើយសំណួរដែលខ្ញុំសួរគេ ដោយព្រះវិញ្ញាណ និងព្រះចេស្ដានៃព្រះ នោះពួកគេទាំងអស់គ្នានឹងឆ្លើយដូចគ្នា ហើយពួកគេ ទាំងអស់គ្នានឹងជឿដូចគ្នាចំពោះការណ៍នេះ។
នេះគឺជាសំណួរថា ៖ តើអ្វីជាផ្លូវដ៏វាងវៃបំផុតសម្រាប់ឲ្យពួកបរិសុទ្ធធ្វើ — តើត្រូវបន្តការប្រព្រឹត្តអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ដោយមានការជំទាស់ពីច្បាប់នៃប្រទេស និងការជំទាស់ពីមនុស្សដល់ទៅ៦០លាននាក់ និងដោយត្រូវទទួលការរឹបអូស និងការបាត់បង់ព្រះវិហារបរិសុទ្ធទាំងអស់ និងការបញ្ឈប់នូវពិធីទាំងអស់ដែលប្រព្រឹត្តនៅទីនោះផង ទាំងសម្រាប់ពួកអ្នកនៅរស់ និងសម្រាប់ពួកអ្នកស្លាប់ផងដែរ និងការដាក់គុកនូវគណៈប្រធានទីមួយ និងពួក១២នាក់ និងមេគ្រួសារទាំងឡាយនៅក្នុងសាសនាចក្រ និងការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាជន (គ្រប់ការណ៍ទាំងអស់នេះនឹងបញ្ឈប់ការប្រព្រឹត្តអាពាហ៍ពិពាហ៍ប្រពន្ធច្រើន) ឬក៏បន្ទាប់ពីអ្វីៗដែលយើងបានប្រព្រឹត្ត ហើយរងទុក្ខ តាមរយៈការស្មោះចិត្តគោរពតាមគោលការណ៍នេះ យើងត្រូវឈប់ប្រព្រឹត្ត ហើយយល់ព្រមស្ដាប់តាមច្បាប់ ហើយដោយការប្រព្រឹត្តនេះ ទើបអាចទុកឲ្យពួកព្យាការី ពួកសាវក និងពួកឪពុកនៅផ្ទះបាន ដើម្បីឲ្យពួកគេអាចបង្គាប់ប្រជាជន ហើយប្រព្រឹត្តការងារទាំងឡាយនៃសាសនាចក្របាន ហើយព្រមទាំងទុកព្រះវិហារបរិសុទ្ធទាំងឡាយឲ្យនៅក្នុងកណ្ដាប់ដៃនៃពួកបរិសុទ្ធ ដើម្បីឲ្យពួកគេអាចប្រព្រឹត្តពិធីទាំងឡាយនៃដំណឹងល្អ ទាំងសម្រាប់ពួកអ្នកនៅរស់ និងសម្រាប់ពួកអ្នកស្លាប់ផងដែរឬ?
ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំដោយការនិមិត្ត និងវិវរណៈនូវអ្វីដែលនឹងកើតឡើងជាពិតប្រាកដ បើសិនជាយើងមិនឈប់ប្រព្រឹត្តនេះ។ បើសិនជាយើងមិនបានឈប់ទេ នោះអ្នកក៏មិនចាំបាច់ត្រូវការ … អ្នកណាមួយនៅក្នុងព្រះវិហារបរិសុទ្ធឡូកាន់ឡើយ ព្រោះពិធីទាំងអស់នឹង ត្រូវឈប់ឈឹងពេញដែនដីស៊ីយ៉ូន។ ចលាចលនឹងសោយរាជ្យពេញស្រុកអ៊ីស្រាអែល ហើយពួកបុរសជាច្រើននឹងត្រូវជាប់គុក។ បញ្ហានេះនឹងមានមកលើសាសនាចក្រទាំងមូល ហើយយើងក៏នឹងត្រូវបង្ខំឲ្យឈប់ប្រព្រឹត្តជាមិនខានឡើយ។ ឥឡូវនេះ នេះគឺជាសំណួរ ថាតើការប្រព្រឹត្តនោះត្រូវឈប់ដោយបែបនោះ ឬក៏តាមផ្លូវដែលព្រះអម្ចាស់ទ្រង់បានសម្ដែងប្រាប់ដល់យើង ហើយទុកពួកព្យាការី និងពួកសាវក និងពួកឪពុករបស់យើងឲ្យនៅជាមនុស្សសេរី ហើយទុកព្រះវិហារទាំងឡាយឲ្យនៅក្នុងកណ្ដាប់ដៃនៃប្រជាជន ដើម្បីឲ្យពួកអ្នកស្លាប់អាចបានប្រោសលោះ។ មានមនុស្សមួយចំនួនធំហើយដែលត្រូវបានដោះលែងឲ្យរួចពីគុកនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយប្រជាជននេះ ហើយតើត្រូវឲ្យកិច្ចការនោះមានតទៅ ឬឈប់មាន? នេះគឺជាសំណួរដែលខ្ញុំសូមដាក់ខាងមុខពួកបរិសុទ្ធថ្ងៃចុងក្រោយ។ អ្នកត្រូវវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់។ ខ្ញុំចង់ឲ្យអ្នកឆ្លើយសំណួរនោះសម្រាប់ខ្លួនឯងផ្ទាល់។ ខ្ញុំនឹងមិនឆ្លើយទេ ប៉ុន្តែខ្ញុំសូមប្រាប់អ្នកថា នោះច្បាស់លក្ខខណ្ឌដែលយើងជាប្រជាជនត្រូវប្រទះ បើសិនជាយើងពុំបានរើសផ្លូវដែលយើងបានរើសនោះ។
… ខ្ញុំច្បាស់ជាបានឃើញអ្វីដែលនឹងកន្លងផុតទៅ បើសិនជាពុំបានសម្រេចអ្វីមួយ។ ខ្ញុំមានវិញ្ញាណនេះស្ថិតលើខ្ញុំជាយូរយារណាស់មកហើយ។ ប៉ុន្តែខ្ញុំចង់និយាយយ៉ាងនេះទៅវិញថា ៖ ខ្ញុំគប្បីបណ្ដោយឲ្យគេយកព្រះវិហារទាំងអស់ចេញពីកណ្ដាប់ដៃយើងទៅ ខ្ញុំគប្បីទៅចូលគុកដោយខ្លួនឯង ហើយបណ្ដោយឲ្យមនុស្សផ្សេងៗទៅដែរ បើសិនជាព្រះនៃស្ថានសួគ៌ទ្រង់បានបញ្ជាដល់ខ្ញុំឲ្យខ្ញុំប្រព្រឹត្តនូវអ្វីៗដែលខ្ញុំបានប្រព្រឹត្តនោះ ហើយកាលពេលនោះមកដល់ នោះខ្ញុំត្រូវបានបញ្ជាឲ្យប្រព្រឹត្តបែបនោះ ការណ៍នោះគឺច្បាស់លាស់ដល់ខ្ញុំ។ ខ្ញុំបានទៅចំពោះព្រះអម្ចាស់ ហើយខ្ញុំបានសរសេរនូវអ្វីដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យឲ្យខ្ញុំសរសេរ …។
ខ្ញុំសូមផ្ញើការណ៍ទុកជាមួយនឹងអ្នក សម្រាប់ឲ្យអ្នកសញ្ជឹងគិត ហើយពិចារណា។ ព្រះអម្ចាស់ទ្រង់កំពុងធ្វើការជាមួយពួកយើង។ (សន្និសីទប្រចាំស្តេកខែស ក្រុងឡូកាន់ រដ្ឋយូថាហ៍ ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ១៨៩១ បានរាយការណ៍នៅក្នុង Deseret Weekly, ១៤ វិច្ឆិកា ១៨៩១)។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកនូវអ្វីដែលបានសម្ដែងដល់ខ្ញុំ និងពីអ្វីដែលព្រះរាជបុត្រានៃព្រះបានធ្វើចំពោះការណ៍នេះ …។ ប្រាកដដូចជាព្រះដ៏មានមហិទ្ធិឫទ្ធិទ្រង់មានព្រះជន្មរស់នៅ គឺគ្រប់ការណ៍ទាំងអស់នឹងកើតឡើងមែន បើសិនជាពុំបានប្រទានសេចក្ដីប្រកាសនោះមកទេ។ ហេតុដូច្នេះហើយ ទើបព្រះរាជបុត្រានៃព្រះ ទ្រង់សព្វព្រះហឫទ័យឲ្យមានការណ៍នេះសម្ដែងដល់សាសនាចក្រ និងដល់ពិភពលោកសម្រាប់គោលបំណងទាំងឡាយ ដែលនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ព្រះអម្ចាស់ទ្រង់បានចេញបញ្ញត្តិឲ្យតាំងក្រុងស៊ីយ៉ូន។ ទ្រង់បានចេញបញ្ញត្តិឲ្យធ្វើព្រះវិហារនេះឲ្យរួច។ ទ្រង់បានចេញបញ្ញត្តិថាសេចក្ដីសង្គ្រោះដល់ពួកអ្នកនៅរស់ និងពួកអ្នកស្លាប់ ត្រូវបានប្រទានមកនៅក្នុងច្រកភ្នំទាំងឡាយ។ ហើយព្រះដ៏មានមហិទ្ធិឫទ្ធិបានចេញបញ្ញត្តិថា អារក្សនឹងមិនដែលបង្អាក់ការណ៍នោះបានឡើយ។ បើសិនជាអ្នកអាចយល់នូវការណ៍នោះ នោះហើយជាកូនសោចំពោះការណ៍នោះ។ (ចេញពីសេចក្ដីថ្លែងប្រចាំពិធីឧទ្ទិសទី៦ នៃព្រះវិហារសលត៍ លេក ខែមេសា ឆ្នាំ១៨៩៣។ ឯកសារបោះពុម្ពនូវពិធីឧទ្ទិស ចេញពីប័ណ្ណសារនៃផ្នែកប្រវត្តិរបស់សាសនាចក្រ ទីក្រុងសលត៍លេក រដ្ឋយូថាហ៍)៕