កណ្ឌទី ៦០
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅស្រុកចាកសុន រដ្ឋមិសសួរី ថ្ងៃទី៨ ខែសីហា ឆ្នាំ១៨៣១ (History of the Church, ១:២០១–២០២)។ នៅគ្រានេះ ពួកអែលឌើរដែលបានចាត់ឲ្យវិលទៅភូមិភាគទិសខាងកើត គេមានបំណងចង់ដឹងពីរបៀបដែលពួកគេត្រូវចាប់ផ្ដើម និងតាមផ្លូវ និងរបៀបណាដែលពួកគេត្រូវធ្វើដំណើរ។
១–៩, ពួកអែលឌើរត្រូវផ្សាយដំណឹងល្អនៅក្នុងក្រុមជំនុំទាំងឡាយរបស់ពួកមនុស្សអាក្រក់; ១០–១៤, ពួកគេមិនត្រូវបង្ខាតពេលវេលារបស់ខ្លួនចោល ឬកប់ការប៉ិនប្រសប់របស់ខ្លួនចោលដែរ; ១៥–១៧, ពួកគេអាចលាងជើងរបស់ខ្លួនទុកជាទីបន្ទាល់ទាស់នឹងអស់អ្នកណាដែលបដិសេធដំណឹងល្អ។
១មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់ពួកអែលឌើរនៃសាសនាចក្ររបស់ទ្រង់ ដែលត្រូវវិលមកដែនដីវិញយ៉ាងឆាប់រហ័សពីកន្លែងដែលពួកគេបានមកថា ៖ មើលចុះ យើងសព្វព្រះហឫទ័យដែលអ្នកបានឡើងមកទីនេះ
២ប៉ុន្តែចំពោះមនុស្សខ្លះ យើងមិនសព្វព្រះហឫទ័យទេ ត្បិតពួកគេមិនព្រមបើកមាត់គេឡើយ ប៉ុន្តែពួកគេលាក់ការប៉ិនប្រសប់របស់ខ្លួន ដែលយើងបានប្រទានដល់ពួកគេទៅវិញ ពីព្រោះតែការខ្លាចដល់មនុស្ស។ វេទនាដល់មនុស្សបែបនេះ ត្បិតសេចក្ដីខ្ញាល់របស់យើង ឆួលឡើងទាស់នឹងពួកគេ។
៣ហើយហេតុការណ៍នឹងកើតឡើង បើសិនជាពួកគេមិនមានចិត្តស្មោះត្រង់ចំពោះយើងជាងនេះទេ នោះនឹងត្រូវយកចេញ សូម្បីតែអ្វីដែលពួកគេមានផង។
៤ត្បិតយើងជាព្រះអម្ចាស់ គ្រប់គ្រងនៅស្ថានសួគ៌ខាងលើ និងនៅចំណោមពលទ័ពនៅលើផែនដី ហើយនៅថ្ងៃដែលយើងនឹងធ្វើគ្រឿងអលង្ការទាំងឡាយរបស់យើង នោះមនុស្សទាំងអស់នឹងស្គាល់ថា អ្វីហ្ន៎ដែលវាចាពីព្រះចេស្ដានៃព្រះ។
៥ប៉ុន្តែប្រាកដមែន យើងនឹងមានបន្ទូលដល់អ្នកអំពីដំណើររបស់អ្នកទៅរកដែនដី ដែលអ្នកបានចេញមក។ ចូរឲ្យធ្វើទូក ឬទិញ ដូចដែលឃើញថាល្អដល់អ្នកចុះ វាមិនសំខាន់ដល់យើងឡើយ ហើយចូរចេញដំណើរជាបន្ទាន់ទៅកន្លែងដែលហៅថា សន្តលូវិស ចុះ។
៦ហើយចេញពីទីនោះ ចូរឲ្យស៊ីឌនី រិកដុន, យ៉ូសែប ស៊្មីធ ជុញ្ញ័រ និងអូលីវើរ ខៅឌើរី ជាពួកអ្នកបម្រើរបស់យើងចេញដំណើររបស់ពួកគេទៅក្រុងស៊ិនស៊ិនណាទី
៧ហើយនៅកន្លែងនេះ ចូរឲ្យពួកគេបន្លឺសំឡេងរបស់ពួកគេឡើង ហើយប្រកាសព្រះបន្ទូលរបស់យើងដោយសំឡេងខ្លាំងៗ ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ ដោយលើកដៃបរិសុទ្ធនៅលើពួកគេចុះ។ ត្បិតយើងអាចធ្វើឲ្យអ្នកក្លាយទៅជាបរិសុទ្ធបាន ហើយអំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ។
៨ហើយចូរឲ្យពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ចេញដំណើររបស់ពួកគេទៅក្រុងសន្តលូវិសជាគូៗ ហើយផ្សាយព្រះបន្ទូល ដោយមិនប្រញាប់នៅចំណោមក្រុមជំនុំនៃមនុស្សទុច្ចរិតឡើយ រហូតដល់ពួកគេវិលទៅសាសនាចក្រទាំងឡាយ ដែលពួកគេបានចេញមក។
៩ហើយគ្រប់ការណ៍នេះ គឺសម្រាប់សេចក្ដីល្អដល់សាសនាចក្រទាំងឡាយ ត្បិតមកពីបំណងនេះហើយ ដែលយើងបានចាត់ឲ្យពួកគេទៅ។
១០ហើយចូរឲ្យអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ចែកប្រាក់ដែលយើងបានប្រទានដល់គាត់ គឺមួយចំនួនដល់ពួកអែលឌើររបស់យើង ដែលត្រូវបានបញ្ជាឲ្យវិលមកវិញ
១១ហើយអ្នកណាដែលអាចធ្វើទៅបាន ចូរឲ្យអ្នកនោះសងប្រាក់វិញ តាមមាគ៌ាខាងភ្នាក់ងារចុះ ហើយអ្នកណាដែលមិនអាចធ្វើបាន គឺមិនត្រូវឲ្យអ្នកនោះសងឡើយ។
១២ហើយឥឡូវនេះ យើងមានបន្ទូលពីពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ដែលត្រូវឲ្យមកដែនដីនេះ។
១៣មើលចុះ ពួកគេត្រូវបានចាត់ឲ្យទៅផ្សាយដំណឹងល្អរបស់យើង នៅចំណោមក្រុមជំនុំនៃមនុស្សទុច្ចរិត ហេតុដូច្នោះហើយ យើងប្រទានបញ្ញត្តិមួយដល់ពួកគេថា ៖ អ្នកមិនត្រូវបង្ខាតពេលវេលារបស់ខ្លួន ឬកប់ការប៉ិនប្រសប់របស់ខ្លួនចោល ប្រយោជន៍កុំឲ្យបានដឹងនោះឡើយ។
១៤ហើយបន្ទាប់ពីអ្នកបានឡើងមកដល់ដែនដីស៊ីយ៉ូន ហើយបានប្រកាសព្រះបន្ទូលរបស់យើងរួចហើយ នោះអ្នកត្រូវវិលទៅវិញជាបន្ទាន់ ដោយប្រកាសព្រះបន្ទូលរបស់យើងនៅចំណោមក្រុមជំនុំនៃមនុស្សទុច្ចរិត ដោយមិនប្រញាប់ ឬដោយខឹង ឬដោយឈ្លោះប្រកែកឡើយ។
១៥ហើយចូររលាស់ធូលីពីបាតជើងអ្នកទាស់នឹងពួកអ្នកណាដែលមិនទទួលអ្នក គឺពុំមែននៅវត្តមានរបស់ពួកគេទេ ក្រែងអ្នកធ្វើឲ្យពួកគេខឹង ប៉ុន្តែដោយសម្ងាត់ ហើយចូរលាងជើងរបស់អ្នក ទុកជាទីបន្ទាល់ទាស់នឹងពួកគេនៅថ្ងៃជំនុំជំរះ។
១៦មើលចុះ នេះគឺគ្រប់គ្រាន់ដល់អ្នកហើយ ហើយនេះជាព្រះហឫទ័យរបស់ទ្រង់ដែលបានចាត់អ្នកឲ្យទៅ។
១៧ហើយដោយសារមាត់នៃយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ការណ៍នេះត្រូវបានធ្វើឲ្យដឹងអំពីស៊ីឌនី រិកដុន និងអូលីវើរ ខៅឌើរី។ រីឯពួកដែលនៅសល់ទាំងប៉ុន្មាននោះ គឺនៅពេលក្រោយ។ គឺដូច្នោះមែន។ អាម៉ែន៕