កណ្ឌទី ១២៥
វិវរណៈដែលបានប្រទានមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងណៅវូ រដ្ឋអិលលីណោយ ខែមីនា ឆ្នាំ១៨៤១ អំពីពួកបរិសុទ្ធនៅក្នុងភូមិភាគអៃអូវ៉ា (History of the Church, ៤:៣១១–៣១២)។
១–៤, ពួកបរិសុទ្ធត្រូវស្ថាបនាទីក្រុងទាំងឡាយ ហើយត្រូវប្រមូលគ្នាទៅឯស្តេកទាំងឡាយនៃក្រុងស៊ីយ៉ូន។
១តើព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យយ៉ាងណា អំពីពួកបរិសុទ្ធនៅក្នុងភូមិភាគអៃអូវ៉ា?
២ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា យើងប្រាប់ដល់អ្នក បើសិនអស់អ្នកដែលហៅខ្លួនតាមព្រះនាមយើង ហើយប្រុងនឹងធ្វើជាពួកបរិសុទ្ធរបស់យើង បើសិនជាពួកគេធ្វើតាមព្រះហឫទ័យរបស់យើង ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដែលយើងមានអំពីពួកគេ នោះចូរឲ្យពួកគេប្រមូលគ្នាមករកកន្លែងទាំងឡាយ ដែលយើងនឹងតាំងដល់ពួកគេ ដោយយ៉ូសែប ជាអ្នកបម្រើរបស់យើងចុះ ហើយស្ថាបនាទីក្រុងទាំងឡាយឡើងដល់ព្រះនាមរបស់យើង ប្រយោជន៍ឲ្យពួកគេអាចបានរៀបចំទុកជាស្រេចសម្រាប់អ្វីដែលនឹងមកនៅពេលអនាគត។
៣ចូរឲ្យពួកគេស្ថាបនាទីក្រុងមួយឡើងដល់ព្រះនាមរបស់យើង នៅលើដែនដីបណ្ដោយនឹងទីក្រុងណៅវូ ហើយចូរហៅឈ្មោះ សារ៉ាហិមឡា ជាឈ្មោះទីក្រុងនោះចុះ។
៤ហើយចូរឲ្យអស់អ្នកដែលមកពីទិសខាងកើត និងខាងលិច និងខាងជើង និងខាងត្បូងណាដែលមានសេចក្ដីប្រាថ្នាចង់អាស្រ័យនៅទីនេះ ចូរឲ្យយកទីកេរ្តិ៍អាករនៅទីដដែលនោះ ព្រមទាំងនៅក្នុងទីក្រុងណាស្វិល ឬក៏នៅក្នុងទីក្រុងណៅវូ និងនៅក្នុងស្តេកទាំងឡាយ ដែលយើងបានតាំងឡើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។