ជាទំនាក់ទំនងពីព្រះមកដល់កូនចៅរបស់ទ្រង់នៅលើផែនដី។ វិវរណៈអាចបានមកតាមរយៈពន្លឺនៃព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ តាមមាគ៌ាខាងការបំផុសគំនិត ការនិមិត្ត សុបិន ឬការមកជួបរបស់ពួកទេវតា។ វិវរណៈផ្ដល់នូវការដឹកនាំ ដែលអាចនាំពួកស្មោះត្រង់ ទៅឯសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល។
ព្រះអម្ចាស់ទ្រង់បើកសម្ដែងកិច្ចការរបស់ទ្រង់ដល់ពួកព្យាការីរបស់ទ្រង់ ហើយបញ្ជាក់ប្រាប់ដល់ពួកអ្នកដែលជឿថា វិវរណៈទាំងឡាយ ដែលបានប្រទានដល់ពួកព្យាការីនោះសុទ្ធតែពិត (អេម៉ុស ៣:៧)។ តាមរយៈវិវរណៈ នោះព្រះអម្ចាស់ផ្ដល់នូវការដឹកនាំផ្សេងគ្នាសម្រាប់ជននីមួយៗ ដែលស្វែងរកវិវរណៈ ហើយដែលមានសេចក្ដីជំនឿជឿ ប្រែចិត្ត ហើយគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។ យ៉ូសែបស៊្មីធមានប្រសាសន៍ថា « ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះដ៏បើកសម្ដែង » ហើយថា « គ្មានមនុស្សណាអាចទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលពុំបានទទួលវិវរណៈទាំងឡាយនេះឡើយ »។
នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ គណៈប្រធានទីមួយ និងក្រុមសាវក១២នាក់ គឺជាពួកព្យាការី ពួកអ្នកមើលឆុត និងពួកអ្នកទទួលវិវរណៈសម្រាប់សាសនាចក្រ និងសម្រាប់ពិភពលោក។ ប្រធាននៃសាសនាចក្រគឺជាបុរសម្នាក់គត់ ដែលព្រះអម្ចាស់ទ្រង់អនុញ្ញាតឲ្យទទួលវិវរណៈសម្រាប់សាសនាចក្រ (គ. និង ស. ២៨:២–៧)។ ជននីមួយៗអាចទទួលវិវរណៈផ្ទាល់ខ្លួនសម្រាប់ប្រយោជន៍ដល់ខ្លួនឯងបាន។