ជំនួយ​ការសិក្សា
អាលម៉ា, កូន​ប្រុស​របស់​អាលម៉ា


អាលម៉ា, កូន​ប្រុស​របស់​អាលម៉ា

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ជា​មេ​ចៅក្រម​ទី១ ហើយ​ជា​ព្យាការី​លើ​សាសន៍​នីហ្វៃ។ កាល​លោក​នៅ​វ័យ​ក្មេង លោក​បាន​ព្យាយាម​រក​បំផ្លាញ​សាសនាចក្រ​ចោល (ម៉ូសាយ ២៧:៨–១០)។ ប៉ុន្តែ​មាន​ទេវតា​មួយ​បាន​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​លោក​បាន​ប្រែ​ចិត្ត​ជឿ​តាម​ដំណឹង​ល្អ (ម៉ូសាយ ២៧:៨–២៤; អាលម៉ា ៣៦:៦–២៧)។ ក្រោយ​មក លោក​បាន​លា​ចេញ​ពី​តំណែង​ជា​មេ​ចៅក្រម ដើម្បី​ទៅ​បង្រៀន​ប្រជាជន (អាលម៉ា ៤:១១–២០)។

គម្ពីរ​អាលម៉ា 

ជា​គម្ពីរ​មួយ​ដោយ​ឡែក​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ដែល​មាន​រួម​នូវ​សេចក្ដី​សង្ខេប​ពី​បញ្ជី​របស់​ព្យាការី​អាលម៉ា​ទាំង​ពីរ កូន​ប្រុស​របស់​អាលម៉ា និង​កូន​ប្រុស​របស់​ហេលេមិន។ ហេតុការណ៍​ទាំង​ឡាយ​ដែល​ពោល​ដល់​នៅ​ក្នុង​គម្ពីរ​នោះ​បាន​កើត​ឡើង ប្រហែលជា​ឆ្នាំ ៩១ ទៅ ៥២ មុន​គ្រីស្ទ​សករាជ (ម.គ.ស.)។ គម្ពីរ​នេះ​មាន ៦៣ ជំពូក។ ជំពូក​ទី ១–៤ អធិប្បាយ​ប្រាប់​ពី​ការ​បះបោរ​នៃ​ពួក​អ្នក​ដែល​ដើរ​តាម​នីហូរ និង​អាំលីសៃ ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ។ សង្គ្រាម​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នោះ ក្លាយ​ទៅ​ជា​សង្គ្រាម​ដ៏​ប្រកប​ដោយ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធំ​បំផុត​នៅ​ពេល​នោះ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពួក​សាសន៍​នីហ្វៃ។ ជំពូក​ទី ៥–១៦ មាន​ដំណើរ​រឿង​ពី​ការ​ផ្សាយ​សាសនា​មុនដំបូង​របស់​អាលម៉ា ព្រម​ទាំង​សេចក្ដី​បង្រៀន​របស់​លោក អំពី​អ្នក​គង្វាល​ល្អ (អាលម៉ា ៥) និង​ការ​ផ្សាយ​សាសនា​ជាមួយ​អាមូលេក នៅ​ទី​ក្រុង​អាំម៉ូណៃហា។ ជំពូក​ទី ១៧–២៧ មាន​នូវ​បញ្ជី​អំពី​ពួក​បុត្រា​របស់​ម៉ូសាយ និង​ការងារ​បម្រើ​របស់​ពួក​គេ នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។ ជំពូក​ទី ២៨–៤៤ មាន​នូវ​សេចក្ដី​បង្រៀន​របស់​អាលម៉ា ដែល​សំខាន់ៗ​បំផុត។ នៅ​ក្នុង​ជំពូក​ទី ៣២ អាលម៉ា​បាន​ប្រៀបធៀប​ព្រះ​បន្ទូល​ទៅ​នឹង​គ្រាប់​ពូជ នៅ​ក្នុង​ជំពូក​ទី ៣៦ លោក​រៀបរាប់​អំពី​ការ​ប្រែ​ចិត្ត​លោក​ប្រាប់ ហេលេមិន ជា​កូន​ប្រុស​របស់​លោក។ ជំពូក​ទី ៣៩–៤២ កត់​អំពី​ពាក្យ​ទូន្មាន​របស់​លោក​ដល់​កូន​ប្រុស​របស់​លោក គឺ​កូរីអានតុន ដែល​បាន​សេពគប់​ក្នុង​អំពើ​រំលង​ខាង​កាមគុណ សេចក្ដី​បង្រៀន​ដ៏​សំខាន់​នេះ ពន្យល់​ប្រាប់​អំពី​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តា​ករុណា ដំណើរ​រស់​ឡើង​វិញ និង​អំពី​ដង្វាយ​ធួន។ ជំពូក​ទី ៤៥–៦៣ អធិប្បាយ​ប្រាប់​អំពី​សង្គ្រាម​ទាំង​ឡាយ​នៃ​ពួក​សាសន៍​នីហ្វៃ​នៅ​ពេល​នោះ និង​អំពី​ការ​បន្លាស់​ទីលំនៅ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ហាកូត។ ពួក​អ្នក​ដឹកនាំ​ដ៏​ឆ្នើមៗ ដូច​ជា​មេ​ទ័ព​មរ៉ូណៃ ទីអានគុម និង​លីហៃ បាន​ជួយ​ថែរក្សា​ពួក​សាសន៍​នីហ្វៃ​ទុក​ឲ្យ​បាន​គង់​វង់ ដោយ​សារ​សកម្ម​ភាព​ដ៏​ក្លាហាន និង​ទាន់​ពេល​របស់​ពួក​គេ។