យ៉ូស្វេ
ជាព្យាការី ហើយជាអ្នកដឹកនាំម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយជាអ្នកជំនួសម៉ូសេ។ លោកបានកើតនៅស្រុកអេស៊ីព្ទ មុនពួកកូនចៅអ៊ីស្រាអែលបានរត់ចេញ (ជនគ. ១៤:២៦–៣១)។ លោក និងកាលែប បាននៅក្នុងចំណោមពួកអ្នក ១២ នាក់ ដែលបានចាត់ឲ្យទៅសង្កេតមើលស្រុកកាណាន។ ពួកគេពីរនាក់ប៉ុណ្ណោះដែលបានរាយការណ៍ល្អអំពីស្រុកនោះ (ជនគ. ១៣:៨, ១៧–៣៣; ១៤:១–១០)។ លោកស្លាប់កាលមានអាយុ ១១០ ឆ្នាំ (យ៉ូស្វេ ២៤:២៩)។ យ៉ូស្វេជាតម្រាប់ដ៏ល្អមួយ អំពីព្យាការី-អ្នកចម្បាំងដ៏បរិសុទ្ធម្នាក់។
គម្ពីរយ៉ូស្វេ
គម្ពីរនេះដាក់ឈ្មោះតាមយ៉ូស្វេ ពីព្រោះលោកជាអ្នកសំខាន់នៅក្នុងគម្ពីរ ហើយគឺមិនមែនដោយព្រោះលោកជាអ្នកនិពន្ធនោះទេ។ ជំពូកទី ១–១២ អធិប្បាយប្រាប់អំពីការច្បាំងយកស្រុកកាណាន។ ជំពូកទី ១៣–២៤ ប្រាប់អំពីការចែកដីដល់ពួកពូជអំបូរនៃអ៊ីស្រាអែល និងពាក្យទូន្មានចុងក្រោយបង្អស់របស់យ៉ូស្វេ។
មានពីរខដែលពិសេសនៅក្នុងគម្ពីរយ៉ូស្វេ គឺព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដល់លោកឲ្យនឹកជញ្ជឹងដល់បទគម្ពីរ (យ៉ូស្វេ ១:៨) និងការដែលយ៉ូស្វេហៅឲ្យបណ្ដាជនមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ (យ៉ូស្វេ ២៤:១៥)។