សាំយូអែល, ព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់
ជាកូនប្រុសរបស់អែលកាណា និងនាងហាណា សាំយូអែលបានកើតមកជាចម្លើយរបស់ម្ដាយលោកដែលបានអធិស្ឋានសូម (១ សាំយូ. ១)។ កាលលោកនៅវ័យក្មេង លោកនៅក្រោមការថែទាំនៃលោកអេលីដែលជាសង្ឃជាន់ខ្ពស់ម្នាក់ ធ្វើការនៅឯទីឧបោសថនៅឯស៊ីឡូរ (១ សាំយូ. ២:១១; ៣:១)។ ព្រះអម្ចាស់ទ្រង់បានហៅសាំយូអែល ឲ្យធ្វើជាព្យាការី តាំងពីលោកនៅវ័យក្មេងម្ល៉េះ (១ សាំយូ. ៣)។ ក្រោយពីអេលីបានស្លាប់ទៅសាំយូអែលបានក្លាយទៅជាព្យាការី ហើយជាចៅហ្វាយនៃពួកអ៊ីស្រាអែលដ៏មហិមាម្នាក់ ព្រមទាំងបានចែងឡើងវិញនូវក្រឹត្យវិន័យច្បាប់ និងការថ្វាយបង្គំដ៏ទៀងទាត់ខាងសាសនានៅក្នុងស្រុក (១ សាំយូ. ៤:១៥–១៨; ៧:៣–១៧)។
១ សាំយូ. ២៨:៥–២០ មាននូវដំណើររឿង អំពីការខាបយកសាំយូអែលពីស្លាប់មកវិញ ដោយស្ត្រីខាបខ្មោចនៅឯអេន-ដោរតាមសំណូមពររបស់ស្ដេចសូល។ ដំណើររឿងនេះពុំអាចចាត់ទុកថាជាការនិមិត្ត មកពីព្រះបានឡើយ ពីព្រោះស្រីខាបខ្មោច ឬអ្នកហៅខ្មោចណាម្នាក់ ក៏ពុំអាចមានឥទ្ធិពលឲ្យព្យាការីលេចមកតាមសំណូមពររបស់គេបានឡើយ (១ សាំយូ. ២៨:២០; ៣១:១–៤)។
គម្ពីរសាំយូអែលទី ១ និងទី ២
នៅក្នុងព្រះគម្ពីរប៊ីបខ្លះ គម្ពីរសាំយូអែលទី ១ និងទី ២ គឺជាគម្ពីរតែមួយទេ។ រីឯនៅក្នុងព្រះគម្ពីរផ្សេងទៀត គឺជាគម្ពីរពីរក្បាល។ គម្ពីរនេះរៀបរាប់អំពីរយៈកាលប្រមាណ ១៣០ ឆ្នាំ គឺពីកំណើតរបស់សាំយូអែល រហូតដល់ពេលមុនស្ដេចដាវីឌសុគតបន្តិច។
គម្ពីរសាំយូអែលទី ១
ជំពូកទី ១–៤ រៀបរាប់ថា ព្រះអម្ចាស់ទ្រង់បានដាក់បណ្ដាសា ហើយធ្វើទោសដល់គ្រួសាររបស់អេលី ហើយហៅសាំយូអែលឲ្យធ្វើជាសង្ឃជាន់ខ្ពស់ ហើយឲ្យធ្វើជាចៅហ្វាយ។ ជំពូកទី ៤–៦ ប្រាប់អំពីហឹបនៃសេចក្ដីសញ្ញាដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍ភីលីស្ទីន។ ជំពូកទី ៧–៨ កត់នូវពាក្យបម្រាមរបស់សាំយូអែលអំពីការមានព្រះក្លែងក្លាយ និងស្ដេចអាក្រក់។ ជំពូកទី ៩–១៥ រៀបរាប់អំពីការអភិសេកសូលឲ្យធ្វើជាស្ដេច និងអំពីរាជ្យទ្រង់។ ជំពូកទី ១៦–៣១ ប្រាប់អំពីប្រវត្តិដាវីឌ និងអំពីរបៀបដែលទ្រង់បានអំណាចមក — សាំយូអែលបានចាក់ប្រេងលាបដាវីឌ ជាអ្នកដែលបានប្រហារកូលីយ៉ាត។ សូលក៏ស្អប់ដាវីឌ ប៉ុន្តែដាវីឌ មិនព្រមសម្លាប់សូលឡើយ ទោះបីលោកមានឱកាសនឹងសម្លាប់ក្ដី។
គម្ពីរសាំយូអែលទី ២
គម្ពីរនេះមាននូវសេចក្ដីរាយការណ៍អំពីរាជ្យរបស់ដាវីឌ ជាស្ដេចស្រុកយូដា ហើយចុងក្រោយបង្អស់ ជាស្ដេចស្រុកអ៊ីស្រាអែលទាំងមូល។ ជំពូកទី ១–៤ បង្ហាញនូវការប្រយុទ្ធយ៉ាងយូរអង្វែងរវាងពួកអ្នកដើរតាមដាវីឌ នឹងពួកអ្នកដើរតាមសូល បន្ទាប់ពីដាវីឌត្រូវបានអភិសេកឲ្យធ្វើជាស្ដេច ដោយពួកស្រុកយូដា។ ជំពូកទី ៥–១០ បង្ហាញថា ដាវីឌបានក្លាយទៅជាមានអំណាចជាខ្លាំងលើដែនដីជាច្រើន។ ជំពូកទី ១១–២១ បង្ហាញនូវការចុះអន់ថយនៃអំណាចខាងវិញ្ញាណរបស់ដាវីឌ មកពីអំពើបាបទាំងឡាយរបស់ទ្រង់ និងមកពីការបះបោររវាងវង្សាទ្រង់។ ជំពូកទី ២២–២៤ អធិប្បាយប្រាប់អំពីការព្យាយាម ដែលដាវីឌខំប្រឹងប្រែងដើម្បីឲ្យបានស្រុះស្រួលនឹងព្រះអម្ចាស់។