ថ្ងៃឈប់សម្រាក
ជាថ្ងៃបរិសុទ្ធមួយ ដែលញែកចេញរាល់អាទិត្យទុកសម្រាប់សម្រាក និងថ្វាយបង្គំ។ បន្ទាប់ពីព្រះទ្រង់បានបង្កើតនូវគ្រប់អ្វីៗទាំងអស់ នោះទ្រង់បានឈប់សម្រាកនៅថ្ងៃទីប្រាំពីរ ហើយបានបង្គាប់ថា ទុកមួយថ្ងៃរាល់ៗអាទិត្យជាថ្ងៃឈប់សម្រាក ដើម្បីជួយឲ្យមនុស្ស រំឭកចាំដល់ទ្រង់ (និក្ខ. ២០:៨–១១)។
មុនព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សមាជិកនៃសាសនាចក្រ បានថ្វាយថ្ងៃចុងក្រោយបង្អស់ក្នុងសប្ដាហ៍ទុកជាថ្ងៃឈប់សម្រាក ដូចជាពួកសាសន៍យូដាដែរ។ បន្ទាប់ពីដំណើររស់ឡើងវិញ សមាជិកនៃសាសនាចក្រ ទោះបីជាពួកសាសន៍យូដា ឬសាសន៍ដទៃក្ដី បានថ្វាយថ្ងៃទីមួយក្នុងសប្ដាហ៍ (ថ្ងៃរបស់ព្រះអម្ចាស់) ដើម្បីរំឭកចាំដល់ការរស់ឡើងវិញនៃព្រះអម្ចាស់។ សព្វថ្ងៃនេះ សាសនាចក្រនៅតែថ្វាយមួយថ្ងៃរាល់អាទិត្យទុកជាថ្ងៃឈប់សម្រាកដ៏បរិសុទ្ធ ដើម្បីថ្វាយបង្គំព្រះ ហើយឈប់សម្រាកពីការងារទាំងឡាយនៃលោកិយ។
ថ្ងៃឈប់សម្រាករំឭកដល់មនុស្សទាំងឡាយ អំពីសេចក្ដីត្រូវការអាហារផ្នែកខាងវិញ្ញាណ និងអំពីការងាររបស់គេ ដើម្បីគោរពតាមព្រះ។ នៅពេលសាសន៍ណាមួយមិនយកចិត្តទុកដាក់ ក្នុងកាលកាន់នូវថ្ងៃឈប់សម្រាកទេ នោះស្ថានភាពនៃជីវិតគ្រប់យ៉ាង ក៏ប្រែប្រួលស្របទៅតាម ហើយជីវិតជីវ៉ាខាងសាសនា ក៏ក្លាយទៅជាចុះអាប់ឱន (នេហេ. ១៣:១៥–១៨; យេរេ. ១៧:២១–២៧)។