ដានីយ៉ែល
ជាតួសំខាន់ក្នុងគម្ពីរដានីយ៉ែល នៅក្នុងព្រះគម្ពីរសញ្ញាចាស់; ជាព្យាការីនៃព្រះ ហើយជាបុរសដែលមានសេចក្ដីជំនឿដ៏ខ្លាំងបំផុត។
គ្មានដំណឹងអ្វីអំពីឪពុកម្ដាយលោកទេ តែលោកដូចជាមកពីពូជស្ដេច (ដានី. ១:៣)។ លោកត្រូវគេចាប់យកទៅជាឈ្លើយនៅក្រុងបាប៊ីឡូន ជាទីដែលលោកបានទទួលឈ្មោះជា បេលថិស្សាសារ (ដានី. ១:៦–៧)។ ដានីយ៉ែល និងពួកឈ្លើយបីនាក់ទៀត មិនព្រមបរិភោគអាហារស្ដេចដោយព្រោះសាសនា (ដានី. ១:៨–១៦)។
ដានីយ៉ែលត្រូវស្ដេចនេប៊ូក្នេសា និងស្ដេចដារីយុសសព្វព្រះទ័យ ដោយសារអំណាចលោកដែលលោកមានក្នុងការបកស្រាយន័យ សុបិន (ដានី. ២; ៤)។ លោកបានអាន ហើយបកស្រាយន័យអក្សរនៅលើជញ្ជាំង (ដានី. ៥)។ ពួកខ្មាំងសត្រូវរបស់លោកបានរកផ្លូវទាស់នឹងលោក ហើយលោកត្រូវគេបោះចុះទៅក្នុងរូងសិង្ហ ប៉ុន្តែព្រះអម្ចាស់ទ្រង់ជួយរក្សាជីវិតលោកទុក (ដានី. ៦)។
គម្ពីរដានីយ៉ែល
គម្ពីរនេះមានពីរភាគ គឺ ៖ ជំពូកទី ១–៦ ជារឿងអំពីដានីយ៉ែល និងមិត្តលោកបីនាក់។ ជំពូកទី ៧–១២ ជាការ និមិត្តដ៏ប្រកបដោយការព្យាករណ៍ ដែលដានីយ៉ែលបានឃើញ។ គម្ពីរនេះបង្រៀននូវសារៈសំខាន់អំពីការនៅស្មោះចំពោះព្រះ ហើយអធិប្បាយប្រាប់ថា ព្រះអម្ចាស់ទ្រង់ប្រទានពរដល់ពួកស្មោះត្រង់។
ការផ្ដល់ដ៏សំខាន់ក្នុងគម្ពីរ គឺការបកស្រាយន័យសុបិននៃស្ដេចនេប៊ូក្នេសា។ ក្នុងសុបិននោះមាននគរព្រះនៅថ្ងៃចុងក្រោយបង្អស់បានត្រូវយកមកធ្វើជាតំណាងថ្មមួយដែលកាត់ចេញពីភ្នំ។ ថ្មនឹងរមៀលទៅរហូតដល់ពេញផែនដីទាំងមូល (ដានី. ២; សូមមើលផង គ. និង ស. ៦៥:២)។