ជាជនណាម្នាក់ដែលព្រះទ្រង់បានហៅ ហើយនិយាយជំនួសព្រះ។ ជាទូតពីព្រះ ព្យាការីទទួលព្រះបញ្ញត្តិទាំងឡាយ ការព្យាករណ៍ទាំងឡាយ និងវិវរណៈទាំងឡាយពីព្រះ។ ភារកិច្ចរបស់លោក គឺដើម្បីប្រាប់មនុស្សលោកអំពីព្រះហឫទ័យ និងលក្ខណៈដ៏ពិតរបស់ព្រះ ហើយដើម្បីបង្ហាញអំពីអត្ថន័យនៃការទាក់ទងរបស់ទ្រង់ជាមួយនឹងពួកគេ។ ព្យាការីជំទាស់នឹងអំពើបាប ហើយទាយប្រាប់អំពីលទ្ធផលរបស់វា។ លោកគឺជាអ្នកផ្សាយអំពីសេចក្ដីសុចរិត។ ជួនកាល ពួកព្យាការីអាចបានទទួលការបំផុសគំនិតឲ្យទាយប្រាប់ពេលខាងមុខ សម្រាប់ផលប្រយោជន៍ដល់មនុស្សលោក។ ប៉ុន្តែ ភារកិច្ចទីមួយរបស់លោក គឺដើម្បីធ្វើទីបន្ទាល់អំពីព្រះគ្រីស្ទ។ ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាព្យាការីរបស់ព្រះនៅលើផែនដីសព្វថ្ងៃនេះ។ សមាជិកក្នុងគណៈប្រធានទីមួយ និងពួកសាវក ១២ នាក់ ត្រូវបានគាំទ្រឲ្យធ្វើជាពួកព្យាការី ពួកអ្នកមើលឆុត និងពួកអ្នកទទួលវិវរណៈ។