ហេព្រើរ, សំបុត្រដល់ពួក
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ប៉ុលបានសរសេរសំបុត្រនេះដល់សមាជិកក្នុងសាសនាចក្រដែលជាសាសន៍យូដា ដើម្បីបញ្ចុះបញ្ចូលគេថា សារៈសំខាន់នៃក្រឹត្យវិន័យលោកម៉ូសេ នោះត្រូវបានសម្រេចក្នុងព្រះគ្រីស្ទហើយ ហើយថា ក្រឹត្យវិន័យខាងដំណឹងល្អនៃព្រះគ្រីស្ទដែលខ្ពស់ជាង នោះត្រូវបានយកមកជួសវិញ។ កាលប៉ុលបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ នៅចុងបេសកកម្មទីបី (ប្រមាណជាឆ្នាំ ៦០ គ.ស.) នោះលោកបានឃើញថា សមាជិកក្នុងសាសនាចក្រដែលជាសាសន៍យូដាជាច្រើន នៅតែគោរពតាមក្រឹត្យវិន័យលោកម៉ូសេនៅឡើយ (កិច្ចការ ២១:២០)។ នោះគឺយ៉ាងតិច ១០ ឆ្នាំក្រោយពីសន្និសីទនៃសាសនាចក្រនៅក្រុងយេរូសាឡិម ដែលបានចាត់ថា ពិធីបរិសុទ្ធនៃក្រឹត្យវិន័យលោកម៉ូសេខ្លះ ទុកជាមិនចាំបាច់សម្រាប់សេចក្ដីសង្គ្រោះដល់ពួកគ្រីស្ទាន ដែលជាសាសន៍ដទៃឡើយ។ តាមមើលទៅ បន្ទាប់ពីនោះភ្លាម ប៉ុលក៏សរសេរទៅពួកហេព្រើរដើម្បីបង្ហាញគេ ដោយគម្ពីររបស់គេ និងដោយហេតុសមរម្យថា មូលហេតុដែលគេមិនគួរប្រព្រឹត្តតាមក្រឹត្យវិន័យលោកម៉ូសេតទៅទៀតនោះ។
ជំពូកទី ១ និងទី ២ ពន្យល់ប្រាប់ថាព្រះយេស៊ូវទ្រង់ធំជាងពួកទេវតា។ ជំពូកទី ៣–៧ ប្រៀបធៀបព្រះយេស៊ូវទៅនឹងលោកម៉ូសេ ហើយទៅនឹងក្រឹត្យវិន័យលោកម៉ូសេ ហើយធ្វើបន្ទាល់ថា ទ្រង់ធំជាងលោកម៉ូសេ និងក្រឹត្យវិន័យលោកម៉ូសេ។ ក៏បង្រៀនថា បព្វជិតភាពម៉ិលគីស្សាដែក ធំជាងបព្វជិតភាពអើរ៉ុន។ ជំពូកទី ៨–៩ អធិប្បាយប្រាប់ថា ពិធីបរិសុទ្ធម៉ូសេបានរៀបចំប្រជាជន សម្រាប់ការបង្រៀនរបស់ព្រះគ្រីស្ទ ហើយពីរបៀបដែលព្រះគ្រីស្ទជាអ្នកកណ្ដាលចំពោះសេចក្ដីសញ្ញាថ្មី (អាលម៉ា ៣៧:៣៨–៤៥; គ. និង ស. ៨៤:២១–២៤)។ ជំពូកទី ១០ ជាការទូន្មានឲ្យមានចិត្តឧស្សាហ៍ ហើយមានចិត្តស្មោះត្រង់។ ជំពូកទី ១១ ជាសេចក្ដីថ្លែងអំពីសេចក្ដីជំនឿ។ ជំពូកទី ១២ ផ្ដល់នូវសេចក្ដីទូន្មាន និងសេចក្ដីសួរសុខទុក្ខ។ ជំពូកទី ១៣ ពិគ្រោះអំពីស្ថានភាពនៃអាពាហ៍ពិពាហ៍ដ៏មានកិត្តិយស និងការសំខាន់ខាងការគោរពតាម។