ជំនួយ​ការសិក្សា
បុព្វកថា


បុព្វកថា

សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ​ឲ្យ​ន័យ​ចំពោះ​គោល​លទ្ធិ គោលការណ៍ ប្រជាជន និង​កន្លែង​ខ្លះៗ​ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ព្រះ​គម្ពីរ​មរមន គោល​លទ្ធិ និង​សេចក្ដី​សញ្ញា និង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។ សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ​ព្រម​ទាំង​ផ្ដល់​នូវ​សេចក្ដី​យោង​ខាង​បទ​ព្រះ​គម្ពីរ​សំខាន់ៗ​សម្រាប់​ឲ្យ​អ្នក​សិក្សា​ប្រធានបទ​នីមួយៗ។ សេចក្ដី​ណែនាំ​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង និង​ជា​គ្រួសារ។ វា​អាច​ជួយ​អ្នក​ឆ្លើយ​នូវ​ចម្លើយ​អំពី​ដំណឹង​ល្អ សិក្សា​នូវ​ប្រធានបទ​ទាំង​ឡាយ​ក្នុង​បទ​ព្រះ​គម្ពីរ តែង​បាឋកថា និង​មេរៀន​នាន ហើយ​បង្កើន​ការ​ចេះ​ដឹង និង​ទី​បន្ទាល់​របស់​អ្នក​អំពី​ដំណឹង​ល្អ។

សេចក្ដី​ណែនាំ​នេះ​មាន​បី​ភាគ​គឺ៖ (១) តារាង​ប្រធានបទ​ទាំង​ឡាយ​តាម​លំដាប់​អក្ខរក្រម (២) បទ​ជម្រើស​នានា​ចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស៊្មីធ (ក.យ.ស.) (៣) ប្រវត្តិ​សាសនាចក្រ​តាម​លំដាប់​ពេល​កើត​ឡើង ផែនទី និង​រូបថត​ទាំង​ឡាយ ហើយ​នឹង​ផែនទី និង​រូបថត​ទាំង​ឡាយ​អំពី​ព្រះ​គម្ពីរ​ប៊ីប។

  1. តារាង​ប្រធានបទ​ទាំង​ឡាយ​តាម​លំដាប់​អក្ខរក្រម - ភាគ​នេះ​ឲ្យ​ន័យ​ខ្លីៗ​ដល់​ប្រធានបទ​នីមួយៗ ហើយ​រាយ​នូវ​សេចក្ដី​យោង​សំខាន់ៗ​ខាង​បទ​ព្រះ​គម្ពីរ ដែល​ស្ដី​អំពី​ប្រធានបទ​នោះ។ នៅ​ពីមុខ​សេចក្ដី​យោង​នីមួយៗ​មាន​ពាក្យ​ស្រង់ ឬ​ពាក្យ​សង្ខេប​ខ្លីៗ​អំពី​បទ​ព្រះ​គម្ពីរ​នោះ។ សេចក្ដី​យោង​ខាង​បទ​ព្រះ​គម្ពីរ​ទាំង​ឡាយ​មាន​តាម​លំដាប់​ដូច​ត​ទៅ​នេះ​គឺ ៖ ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​គម្ពីរ​មរមន គោល​លទ្ធិ និង​សេចក្ដី​សញ្ញា និង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។

  2. បទ​ជម្រើស​នានា​ចេញ​ពី​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស៊្មីធ - នៅ​ឆ្នាំ​១៨៣០ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្គាប់​ព្យាការី​យ៉ូសែប ស៊្មីធ ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ​កែ​សម្រួល ឬ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​ច្បាប់​ស្ដេច​យេម្ស។ គោលបំណង​របស់​ព្យាការី គឺ​ដើម្បី​សាង​ឡើង​វិញ​នូវ​ការ​ពិត​ដ៏​ច្បាស់ និង​ពិសេស​ទាំង​ឡាយ ដែល​បាន​បាត់​ពី​ព្រះ​គម្ពីរ​ប៊ីប​ច្បាប់​ដើម។ លោក​បាន​សម្រេច​កិច្ចការ​ភាគ​ច្រើន​នោះ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៨៣៣។ ក៏​ប៉ុន្តែ​រហូត​ដល់​មរ​ណ​ភាព​របស់​លោក​នៅ​ឆ្នាំ ១៨៤៤ នោះ​លោក​នៅ​តែ​ធ្វើ​ការ​កែសម្រួល​រហូត​ក្នុង​ការ​រៀបចំ​អត្ថបទ​សរសេរ​សម្រាប់​បោះពុម្ព។ ទោះ​បី​គម្ពីរ​ទាំង​មូល​នោះ​ពុំ​ទាន់​បាន​សម្រេច ឬ​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ការ ដោយ​សាសនាចក្រ​ក្ដី គង់តែ​ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ មាន​នូវ​ការ​យល់​ធ្លុះ​ជ្រៅ​អំពី​ន័យ​បទ​ព្រះ​គម្ពីរ ហើយ​ជា​ជំនួយ​ដ៏​សំខាន់​មួយ​ក្នុង​ការ​យល់​ព្រះ​គម្ពីរ​ប៊ីប​ដែរ។ ការ​កែសម្រួល​ខ្លះៗ​ដែល​មាន​សារៈសំខាន់ នោះ​មាន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ។ (បើ​សិន​ជា​ចង់​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ប្រធានបទ « ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ » នៅ​ក្នុង​សេចក្ដី​ណែនាំ)។

    សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យក​ការ​បកប្រែ​ចេញ​ជា​ភាសា​អង់គ្លេស​នូវ​ព្រះ​គម្ពីរ​ប៊ីប​ច្បាប់​ស្ដេច​យេម្ស​មក​ប្រើ​ជា​ផ្លូវ​ការ។ ព្រះ​គម្ពីរ​ច្បាប់​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ ហើយ​ចេះតែ​មាន​ឥទ្ធិពល​ត​ទៅ​ទៀត ចំពោះ​សាសន៍​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ទូ​ទៅ។

  3. ប្រវត្តិ​សាសនាចក្រ​តាម​លំដាប់​ពេល​កើត​ឡើង ផែនទី និង​រូបថត​ទាំង​ឡាយ ហើយ​និង ផែនទី និង​រូបថត​ទាំង​ឡាយ អំពី​ព្រះ​គម្ពីរ​ប៊ីប - ដោយ​ការ​ស្គាល់​នូវ​ភូមិ​សាស្ត្រ​នៃ​ដែនដី ដែល​បាន​ពោល​ដល់​នៅ​ក្នុង​បទ​ព្រះ​គម្ពីរ នោះ​អ្នក​អាច​យល់​អំពី​ហេតុ​ការណ៍​នានា​ក្នុង​គម្ពីរ​កាន់តែ​ច្រើន​ឡើង។ សេចក្ដី​ណែនាំ​នេះ​មាន​រួម​នូវ​ផែនទី ៨ ផែន អំពី​តំបន់​សំខាន់ៗ​ក្នុង​ប្រវត្តិ​សាសនាចក្រ ១៤​ផែន​អំពី​ដែនដី​ក្នុង​ព្រះ​គម្ពីរ​ប៊ីប និង​១​ផែន​អំពី​ពិភពលោក។ ដើម្បី​រក​ទី​កន្លែង​ណា​មួយ សូម​មើល​លិបិក្រម​ផ្នែក​ផែនទី​ដែល​អ្នក​ចង់​ដឹង។ លិបិក្រម​នោះ​នឹង​ប្រាប់​អ្នក​នូវ​ផែន​ទីណា​ដែល​សម និង​ក្រឡា​នៃ​ទី​កន្លែង​នោះ​នៅ​លើ​ផែនទី។ រីឯ​រូបថត ១៨ សន្លឹក​អំពី​ប្រវត្តិ​សាសនាចក្រ និង​អំពី​ព្រះ​គម្ពីរ​ប៊ីប នោះ​ក៏​មាននូវ​ការ​ពិពណ៌នា​ទាំង​ឡាយ ដែល​នឹង​ជួយ​ឲ្យ​អ្នក​យល់​អំពី​ហេតុការណ៍​ក្នុង​គម្ពីរ​កាន់តែ​ច្រើន​ឡើង​ដែរ។

    ប្រវត្តិ​សាសនាចក្រ​តាម​លំដាប់​ពេល​នោះ​រាយរ៉ាប់​ប្រាប់​ពី​ថ្ងៃ​ទីនៃ​ហេតុការណ៍​សំខាន់ៗ ដែល​កើត​ឡើង​ចំពោះ​ការ​សាង​ឡើង​វិញ និង​ការ​លូតលាស់​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។

ដើម្បី​ជួយ​អ្នក​ថែម​ទៀត ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក នោះ​សេចក្ដី​ណែនាំ​នេះ​មាន​នូវ​ជំនួយ​ពិសេស​ផ្សេងៗ​ទៀត។ ជា​ឧទាហរណ៍ បើ​សិន​ជា​អ្នក​បើក​មើល « ព្រះ​យេស៊ូវ​គ្រីស្ទ » នោះ​អ្នក​នឹង​ឃើញ​ថា​មាន​បញ្ជី​ដ៏​ទូលំទូលាយ​អំពី​ប្រធានបទ​នីមួយៗ នៅ​ក្នុង​សេចក្ដី​ណែនាំ​ដែល​ផ្ដល់​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​ព្រះ​អម្ចាស់ និង​ការងារ​បម្រើ​របស់​ទ្រង់​ផ្ទាល់។ ប្រធានបទ​នេះ​គឺជា​ប្រធានបទ​តែ​មួយ​គត់​នៅ​ក្នុង​សេចក្ដី​ណែនាំ ដែល​មាន​បញ្ជី​ដ៏​វែង​ឆ្ងាយ ដែល​បញ្ជាក់​ប្រាប់​សារៈសំខាន់​អំពី​ព្រះ​គ្រីស្ទ​ចំពោះ​មនុស្ស​លោក​ទាំង​អស់។ បន្ថែម​លើ​នេះ​ទៀត នៅ​ក្រោម​ប្រធានបទ « លំដាប់​ពេល » នោះ​រាយរ៉ាប់​ប្រាប់​អំពី​ហេតុការណ៍​សំខាន់ៗ​បំផុត​ដែល​កើត​ឡើង​នៅ​សម័យ​ព្រះ​គម្ពីរ​ប៊ីប និង​ព្រះ​គម្ពីរ​មរមន ព្រម​ទាំង​ថ្ងៃ​ទី​ដែល​ប្រហាក់​ប្រហែល​ផង។ ប្រធានបទ « ដំណឹង​ល្អ​ទាំង​ឡាយ » រួម​ទាំង​មាន​តារាង​សមស្រប​គ្នា​អំពី​ដំណឹង​ល្អ​ទាំង​ឡាយ។ តារាង​នេះ​ប្រៀបផ្ទឹម​នូវ​សេចក្ដី​បង្រៀន​នៃ​ព្រះ​អង្គ​សង្គ្រោះ ដូចដែល​ឃើញ​មាន​នៅ​ក្នុង​គម្ពីរ​ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន និង​វិវរណៈ​ប្រចាំ​ថ្ងៃ​ចុង​ក្រោយ។