ជំនួយ​ការសិក្សា
បូជា, យញ្ញ​បូជា, លះបង់


បូជា, យញ្ញ​បូជា, លះបង់

កាលពី​បុរាណ ពាក្យ បូជា មាន​ន័យ​ថា ធ្វើ​ឲ្យ​អ្វី ឬ​ធ្វើ​ឲ្យ​មនុស្ស​ណា​ម្នាក់​បាន​បរិសុទ្ធ។ ឥឡូវ​រនះ ពាក្យ​នេះ​ត្រឡប់​ទៅ​ជា​មាន​ន័យ​ថា លះបង់​ចោល ឬ​សុខ​ចិត្ត​ចោល​របស់​ទ្រព្យ​ខាង​លោកិយ ដើម្បី​ព្រះ​អម្ចាស់ និង​នគរ​របស់​ទ្រង់។ សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ​អម្ចាស់ គួរតែ​យល់​ព្រម​បូជា​នូវ​អ្វីៗ​ទាំង​អស់ ដើម្បី​ព្រះ​អម្ចាស់។ យ៉ូសែប ស៊្មីធ បាន​មាន​បង្រៀន​ថា « សាសនា​ណា​ដែល​មិន​តម្រូវ​ឲ្យ​បូជា​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ នោះ​មិនដែល​មាន​អំណាច​គ្រប់​គ្រាន់ ដើម្បី​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ចាំ​បាច់​ដល់​ជីវិត និង​សេចក្ដី​សង្គ្រោះ​ឡើយ »។ បើ​សិន​ជា​គិត​ឲ្យ​បាន​វែងឆ្ងាយ​ទៅ ព្រះ​ពរ​ទាំង​ឡាយ​ដែល​បាន​មក ដោយ​សារ​ការ​បូជា នោះ​ធំ​ជាង​អ្វីៗ ដែល​បាន​លះបង់​ទៅ​ទៀត។

ក្រោយ​ពី​លោក​អ័ដាម និង​នាង​អេវ៉ា​ត្រូវ​បាន​ដេញ​ចេញ​ពី​សួនច្បារ​អេដែន ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​គេ​នូវ​ក្រឹត្យ​វិន័យ​នៃ​យញ្ញ​បូជា។ ក្រឹត្យ​វិន័យ​នេះ​មាន​រួម​នូវ​ការ​បូជា​កូន​ចៀម​ច្បង​ពី​ហ្វូង​ចៀម​គេ។ យញ្ញ​បូជា​នេះ គឺជា​និមិត្តរូប​អំពី​យញ្ញ​បូជា ដែល​នឹង​បាន​ធ្វើ​ដោយ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ (ម៉ូសេ ៥:៤–៨)។ ការ​បូជា​របៀប​នេះ មាន​រៀង​ដរាប​រហូត​មក​ដល់​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​សុគត ដែល​ជា​ទី​បញ្ចប់​នូវ​យញ្ញ​បូជា​សត្វ ជា​ពិធី​បរិសុទ្ធ​មួយ​នៃ​ដំណឹង​ល្អ (អាលម៉ា ៣៤:១៣–១៤)។ នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ សមាជិក​ទទួល​ទាន​សាក្រាម៉ង់ ជា​នំប៉័ង និង​ទឹក ដើម្បី​នឹក​ចាំ​ដល់​ការ​បូជា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។ សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ សព្វ​ថ្ងៃ​នេះ ក៏​សូម​ឲ្យ​បូជា​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប (៣ នីហ្វៃ ៩:១៩–២២)។ ទាំង​នេះ គឺ​មាន​ន័យ​ថា គេ​ជា​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាបសា ដែល​ប្រែ​ចិត្ត ហើយ​សុខ​ចិត្ត​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ។