បព្វជិតភាពអើរ៉ុន
ជាបព្វជិតភាពតូចជាង (ហេព្រើរ ៧:១១–១២; គ. និង ស. ១០៧:១៣–១៤)។ តំណែងខាងបព្វជិតភាពនេះ គឺប៊ីស្សព សង្ឃ គ្រូ និងឌីកុន (គ. និង ស. ៨៤:៣០; ១០៧:១០, ១៤–១៥, ៨៧–៨៨)។ ពីសម័យបុរាណ នៅក្រោមក្រឹត្យវិន័យលោកម៉ូសេ នោះមានពួកសង្ឃជាន់ខ្ពស់ ពួកសង្ឃ និងពួកលេវី។ បព្វជិតភាពអើរ៉ុនត្រូវបានបើកសម្ដែងប្រាប់ដល់លោកម៉ូសេ ពីព្រោះពួកសាសន៍អ៊ីស្រាអែលពីសម័យបុរាណ បានបះបោរទាស់នឹងព្រះ។ ពួកគេមិនព្រមទទួលការញែកចេញជាបរិសុទ្ធ និងបព្វជិតភាពម៉ិលគីស្សាដែក និងពិធីបរិសុទ្ធទាំងឡាយឡើយ (គ. និង ស. ៨៤:២៣–២៥)។ បព្វជិតភាពអើរ៉ុនទាក់ទងទៅនឹងពិធីទាំងឡាយខាងសាច់ឈាម និងខាងក្រៅ ដែលមាននៅក្នុងក្រឹត្យវិន័យ និងដំណឹងល្អ។ (១ របា. ២៣:២៧–៣២; គ. និង ស. ៨៤:២៦–២៧; ១០៧:២០)។ បព្វជិតភាពនេះកាន់កូនសោទាំងឡាយខាងការបម្រើនៃពួកទេវតា ខាងដំណឹងល្អនៃការប្រែចិត្ត និងខាងបុណ្យជ្រមុជទឹក (គ. និង ស. ១៣)។ បព្វជិតភាពអើរ៉ុនត្រូវបានសាងឡើងវិញលើផែនដី នៅក្នុងការកាន់កាប់ត្រួតត្រានេះ នៅថ្ងៃទី ១៥ ខែឧសភា ១៨២៩។ យ៉ូហាន-បាទីស្ទបានប្រគល់បព្វជិតភាពនេះមកលើយ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី នៅលើច្រាំងទន្លេសុសគ្វីហាណា នៅក្បែរភូមិ ហាម៉ូនី រដ្ឋផែនសិលវេញ៉ា (គ. និង ស. ១៣; យ.ស.—ប្រវត្តិ ១:៦៨–៧៣)។