ជំនួយ​ការសិក្សា
នីហ្វៃ, កូន​ប្រុស​របស់​នីហ្វៃ ដែល​ជា​កូន​ប្រុស​របស់​ហេលេមិន


នីហ្វៃ, កូន​ប្រុស​របស់​នីហ្វៃ ដែល​ជា​កូន​ប្រុស​របស់​ហេលេមិន

ជា​សិស្ស​ម្នាក់​ក្នុង​សិស្ស ១២ នាក់​នៃ​សាសន៍​នីហ្វៃ ដែល​បាន​រើស​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន (៣ នីហ្វៃ ១:២–៣; ១៩:៤)។ ព្យាការី​នេះ​បាន​អធិស្ឋាន​យ៉ាង​ខ្លាំង​ដល់​ព្រះ​អម្ចាស់​ជំនួស​ប្រជាជន​លោក។ នីហ្វៃ​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់ (៣ នីហ្វៃ ១:១១–១៤)។ នីហ្វៃ​ត្រូវ​បាន​ពួក​ទេវតា​មក​ជួប បាន​បណ្ដេញ​អារក្ស​អសោចិ៍​ចេញ បាន​ប្រោស​ឲ្យ​ប្អូន​ប្រុស​លោក​រស់​ឡើង​វិញ ហើយ​បាន​ថ្លែង​ទី​បន្ទាល់​មួយ ដែល​ពុំ​អាច​បដិសេធ​បាន​ឡើយ (៣ នីហ្វៃ ៧:១៥–១៩; ១៩:៤)។ នីហ្វៃ​បាន​កត់​បញ្ជី​ខាង​បទគម្ពីរ (៣ នីហ្វៃ ១:២–៣)។

គម្ពីរ​នីហ្វៃ​ទី ៣ 

ជា​គម្ពីរ​មួយ​ដែល​បាន​សរសេរ​ដោយ​នីហ្វៃ ជា​កូន​ប្រុស​របស់​នីហ្វៃ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ ជំពូក​ទី ១–១០ បង្ហាញ​នូវ​ការ​សម្រេច​នៃ​ពាក្យ​ព្យាករណ៍ អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់។ ទី​សម្គាល់​អំពី​កំណើត​នៃ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​រៀបរាប់​ប្រាប់ ប្រជាជន​បាន​ប្រែ​ចិត្ត ប៉ុន្តែ​ពួក​គេ​បាន​ត្រឡប់​ទៅ​រក​អំពើ​ទុច្ចរិត​វិញ។ នៅ​ទី​បញ្ចប់ ព្យុះសង្ឃរា ផែនដី​រញ្ជួយ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ និង​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​ធំ​បាន​ឲ្យ​ទី​សម្គាល់​អំពី​ការ​សុគត​នៃ​ព្រះ​គ្រីស្ទ។ ជំពូក​ទី ១១–២៨ កត់​អំពី​ការ​យាង​មក​ឯ​ទ្វីប​អាមេរិក​របស់​ព្រះ​គ្រីស្ទ។ នេះ​គឺជា​ភាគ​កណ្ដាល​នៃ​គម្ពីរ​នីហ្វៃ​ទី ៣។ ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ​ជា​ច្រើន គឺ​ដូច​ជា​បទ​បង្រៀន​របស់​ទ្រង់​ដែល​បាន​កត់​ទុក នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប (ជា​ឧទាហរណ៍, ម៉ាថាយ ៥–៧ និង ៣ នីហ្វៃ ១២–១៤)។ ជំពូក​ទី ២៩–៣០ គឺជា​ពាក្យ​សំដី​របស់​មរមន​ដល់​សាសន៍​ទាំង​ឡាយ​នៅ​ថ្ងៃ​ចុង​ក្រោយ។

គម្ពីរ​នីហ្វៃ​ទី ៤ 

គម្ពីរ​នេះ​មាន​តែ ៤៩ ខ ប៉ុណ្ណោះ ខ​ទាំង​អស់​នៅ​ក្នុង​ជំពូក​តែ​មួយ ប៉ុន្តែ​គម្ពីរ​នេះ​រៀបរាប់​ប្រវត្តិ​នៃ​ពួក​សាសន៍​នីហ្វៃ ជិត​ដល់​ទៅ​៣០០ ឆ្នាំ (ឆ្នាំ ៣៤–៣២១ គ.ស.)។ មាន​អ្នក​សរសេរ​ជា​ច្រើន​តំណ ព្រម​ទាំង​នីហ្វៃ ក៏​បាន​ដាក់​ពាក្យ​ទុក​ក្នុង​បញ្ជី​ដែរ។ ខ ១–១៩ ប្រាប់​ថា បន្ទាប់​ពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​បាន ប្រែ​ចិត្ត​ជឿ​ដល់​ដំណឹង​ល្អ។ សេចក្ដី​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ស្រុះស្រួល​គ្នា​បាន​សោយរាជ្យ​លើ​ដែនដី។ ពួក​សិស្ស​សាសន៍​នីហ្វៃ​បី​នាក់ ដែល​ព្រះ​គ្រីស្ទ​បាន​អនុញ្ញាត​ឲ្យ​អាស្រ័យ​នៅ​លើ​ផែនដី ដរាប​ដល់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់ (៣ នីហ្វៃ ២៨:៤–៩) បាន​ធ្វើ​ការងារ​បម្រើ​ប្រជាជន។ នីហ្វៃ​បាន​ទុក​បញ្ជី​ប្រវត្តិ​ឲ្យ​អេម៉ុស ជា​កូន​ប្រុស​របស់​លោក។ ខ ១៩–៤៧ គឺជា​បញ្ជី​អំពី​ការងារ​បម្រើ​របស់​អេម៉ុស (៨៤ ឆ្នាំ) និង​អំពី​ការងារ​បម្រើ​របស់​អេម៉ុស ជា​កូន​ប្រុស​របស់​លោក (១១២ ឆ្នាំ)។ នៅ​ឆ្នាំ ២០១ គ.ស. សេចក្ដី​ឆ្មើងឆ្មៃ​ក៏​ចាប់​ផ្ដើម​បណ្ដាល​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​បាន​បំបែក​ខ្លួន​ចេញ​តាម​វណ្ណ: ហើយ​បាន​ចាប់​ផ្ដើម បង្កើត​សាសនាចក្រ​ក្លែងក្លាយ ដើម្បី​រក​កម្រៃ​ដល់​ខ្លួន (៤ នីហ្វៃ ១:២៤–៣៤)។

ខ​ចុង​ក្រោយ​បង្អស់​នៃ​គម្ពីរ​នីហ្វៃ​ទី ៤ បង្ហាញ​ថា ប្រជាជន​បាន​វិល​ទៅ​រក​អំពើ​ទុច្ចរិត​វិញ (៤ នីហ្វៃ ១:៣៥–៤៩)។ នៅ​ឆ្នាំ ៣០៥ គ.ស. អេម៉ុស ជា​កូន​ប្រុស​របស់​អេម៉ុស​ក៏​ស្លាប់​ទៅ ហើយ​អាំម៉ារ៉ុន ជា​ប្អូន​ប្រុស​របស់​លោក បាន​លាក់​អស់​ទាំង​បញ្ជី​ប្រវត្តិ​ដ៏​ពិសិដ្ឋ​ទុក ដើម្បី​ឲ្យ​បាន​គង់​វង់។ ក្រោយ​មក អាំម៉ារ៉ុន​បាន​ប្រគល់​បញ្ជី​ប្រវត្តិ​ទាំង​ឡាយ​ឲ្យ​ទៅ​មរមន ដែល​បាន​កត់​ហេតុការណ៍​ជា​ច្រើន​អំពី​សម័យ​លោក រួច​ហើយ​ក៏​បាន​សង្ខេប​ចូល​គ្នា (មរមន ១:២–៤)។