ជំនួយ​ការសិក្សា
យ៉ូអែល


យ៉ូអែល

ជា​ព្យាការី​ម្នាក់​នៅ​ស្រុក​យូដា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ថ្ងៃ​កំណើត​លោក គឺ​មិន​បាន​ដឹង​ជា​ប្រាកដ​ទេ — លោក​ប្រហែលជា​បាន​រស់នៅ​រវាង​រាជ្យ​យ៉ូអាស គឺ​មុន​ឆ្នាំ ៨៥០ ម.គ.ស. នឹង​ការ​វិល​មក​វិញ​នៃ​ពូជ​អំបូរ​យូដា​ពី​ការ​ឃុំឃាំង​នៅ​ក្រុង​បាប៊ីឡូន។

គម្ពីរ​យ៉ូអែល 

គម្ពីរ​នេះ​ផ្ចិតផ្ចង់​ទៅ​លើ​ពាក្យ​ព្យាករណ៍​ដែល​យ៉ូអែល​បាន​ទាយ បន្ទាប់​ពី​ស្រុក​យូដា​ត្រូវ​វាយ ដោយ​ភាព​រាំងស្ងួត​ជា​ខ្លាំង និង​ដោយ​កណ្ដូប (យ៉ូអែល ១:៤–២០)។ យ៉ូអែល​បាន​បញ្ជាក់​ដល់​ប្រជាជន​ថា តាម​រយៈ​ការ​ប្រែ​ចិត្ត នោះ​គេ​នឹង​បាន​ទទួល​ព្រះ​ពរ​ទាំង​ឡាយ​នៃ​ព្រះ​ទៀត (យ៉ូអែល ២:១២–១៤)។

ជំពូក​ទី ១ ជា​ការ​ហៅ​ឲ្យ​មាន​ជំនុំ​មុតមាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់។ ជំពូក​ទី ២ ប្រាប់​អំពី​សង្គ្រាម និង​ការ​ស្ងាត់​សូន្យឈឹង​ដែល​នឹង​កើតមុន​សហស្សវត្ស។ ជំពូក​ទី ៣ និយាយ​អំពី​ថ្ងៃ​ចុង​ក្រោយ ហើយ​បញ្ជាក់​ថា សាសន៍​ទាំង​អស់​នឹង​មាន​សង្គ្រាម ប៉ុន្តែ​ថា​ព្រះ​អម្ចាស់ ទ្រង់​នឹង​គង់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ជាមិនខាន​ឡើយ។

ពេត្រុស​បាន​ស្រង់​ពាក្យ​ព្យាករណ៍​របស់​យ៉ូអែល អំពី​ការ​ចាក់​ព្រះ​វិញ្ញាណ​ដូច​បុណ្យ​ថ្ងៃ​ទី ៥០ (យ៉ូអែល ២:២៨–៣២; កិច្ចការ ២:១៦–២១)។ ទេវ​តា​មរ៉ូណៃ​ក៏​បាន​ស្រង់​វគ្គ​ដដែល​នេះ​ដល់​យ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១:៤១)។