ជំនួយ​ការសិក្សា
ព្រះ​វិហារ​បរិសុទ្ធ, ដំណាក់​នៃ​ព្រះ​អម្ចាស់


ព្រះ​វិហារ​បរិសុទ្ធ, ដំណាក់​នៃ​ព្រះ​អម្ចាស់

គឺ​ពិតជា​ដំណាក់​នៃ​ព្រះ​អម្ចាស់។ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្គាប់​រាស្ត្រ​ទ្រង់​រហូត​ឲ្យ​សង់​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ គឺជា​អគារ​ដ៏​បរិសុទ្ធ​ទាំង​ឡាយ​សម្រាប់​ពួក​បរិសុទ្ធ​ដ៏​សក្ដិសម​ធ្វើ​ពិធី​ពិសិដ្ឋ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​សម្រាប់​ខ្លួន និង​ជំនួស​មនុស្ស​ស្លាប់។ ព្រះ​អម្ចាស់ ទ្រង់​យាង​មក​ឯ​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បរិសុទ្ធ​បំផុត លើ​អស់​ទាំង​កន្លែង​ថ្វាយ​បង្គំ។

រោង​ឧបោសថ ដែល​លោក​ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សង់ នោះ​គឺជា​ព្រះ​វិហារ​បរិសុទ្ធ ដែល​រើ​ចុះ​ទៅ​ណា​បាន។ ពួក​សាសន៍​អ៊ីស្រាអែល​បាន​ប្រើ​រោង​ឧបោសថ កាល​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

ព្រះ​វិហារ​បរិសុទ្ធ​ដែល​មាន​គេឯង​ស្គាល់​ជាងគេ ដែល​ពោល​ដល់​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប គឺជា​ព្រះ​វិហារ​បរិសុទ្ធ​ដែល​ហ្លួង​សាឡូម៉ូន​បាន​សង់​នៅ​ក្រុង​យេរូសាឡិម (២ របា. ២–៥)។ ព្រះ​វិហារ​បរិសុទ្ធ​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ ៦០០ ម.គ.ស. ដោយ​ពួក​បាប៊ីឡូន ហើយ​បាន​សង់​ឡើង​វិញ​ដោយ​សូរ៉ូបាបិល ជិត​ដល់​ទៅ ១០០ ឆ្នាំ​ក្រោយ​មក (អែសរ៉ា ១–៦)។ ផ្នែក​ខ្លះ​នៃ​ព្រះ​វិហារ​បរិសុទ្ធ​នេះ ត្រូវ​បាន​ឆេះ​នៅ​ឆ្នាំ ៣៧ ម.គ.ស. ហើយ​ក្រោយ​មក ស្ដេច​ហេរ៉ូឌ​ដ៏​ធំ​បាន​សង់​ឡើង​វិញ។ ពួក​សាសន៍​រ៉ូម​បាន​បំផ្លាញ​ព្រះ​វិហារ​បរិសុទ្ធ​ចោល​នៅ​ឆ្នាំ ៧០ គ.ស.។

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ពួក​អ្នក​ដើរ​តាម​ដ៏​សុចរិត​របស់​ព្រះ ត្រូវ​បាន​ដឹកនាំ​ឲ្យ​សង់ ហើយ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ (២ នីហ្វៃ ៥:១៦; ម៉ូសាយ ១:១៨; ៣ នីហ្វៃ ១១:១)។ ការ​សង់ និង​ការ​ប្រើ​ព្រះ​វិហារ​បរិសុទ្ធ​តាម​របៀប​ត្រឹម​ត្រូវ គឺ​ជាទី​សម្គាល់​ទាំង​ឡាយ អំពី​សាសនាចក្រ​ពិត នៅ​គ្រា​កាន់កាប់​ត្រួតត្រា​ណាមួយ រួម​ទាំង​សាសនាចក្រ​ដែល​សាង​ឡើង​វិញ​នៅ​សម័យ​ពួក​យើង។ ព្រះ​វិហារ​បរិសុទ្ធ​ខឺតឡង់ គឺជា​ព្រះ​វិហារ​បរិសុទ្ធ​មុនដំបូង​ដែល​បាន​សង់​ឡើង ហើយ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​នៅ​ដែនដី​ជា​ច្រើន​នៅ​លើ​ផែនដី។