ព្រះគម្ពីរសញ្ញាចាស់
ជាការសរសេររបស់ពួកព្យាការីពីបុរាណ ដែលបានធ្វើនៅក្រោមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយជាពួកអ្នកដែលបានធ្វើបន្ទាល់ជាច្រើនសតវត្សមកហើយអំពីព្រះគ្រីស្ទ និងការងារបម្រើរបស់ទ្រង់នៅពេលខាងមុខ។ ព្រះគម្ពីរសញ្ញាចាស់ក៏បានកត់នូវប្រវត្តិអ័ប្រាហាំ និងពូជពង្សរបស់លោក ចាប់ផ្ដើមនឹងអ័ប្រាហាំ និងសេចក្ដីសញ្ញា ឬ សញ្ញា ដែលព្រះអម្ចាស់ទ្រង់បានធ្វើជាមួយនឹងអ័ប្រាហាំ និងពូជពង្សរបស់លោក។
គម្ពីរ៥ច្បាប់ដំបូងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺបានសរសេរដោយលោកម៉ូសេ។ គម្ពីរទាំងនេះគឺ លោកុប្បត្តិ និក្ខមនំ លេវីវិន័យ ជនគណនា និង ចោទិយកថា។ គម្ពីរលោកុប្បត្តិសំដៅចំពោះការបង្កបង្កើតនៃផែនដី មនុស្សលោក ភាសា សាសន៍ និងដើមកំណើតនៃវង្សអ៊ីស្រាអែល។
គម្ពីរខាងប្រវត្តិប្រាប់អំពីហេតុការណ៍នៃពួកអ៊ីស្រាអែល។ គម្ពីរទាំងនេះគឺ យ៉ូស្វេ ចៅហ្វាយ នាងរស់ សាំយូអែលទី១ និង២ ពង្សាវតារក្សត្រទី១ និង២ របាក្សត្រទី១ និង២ អែសរ៉ា នេហេមា និងនាងអេសធើរ។
គម្ពីរខាងកំណាព្យកត់នូវពាក្យដំបូន្មាន និងការនិពន្ធខ្លះៗនៃពួកព្យាការី។ គម្ពីរទាំងនេះគឺយ៉ូប ទំនុកដំកើង សុភាសិត សាស្ដា បទចំរៀងសាឡូម៉ូន និងបរិទេវ។
ពួកព្យាការីបានព្រមានពួកសាសន៍អ៊ីស្រាអែលអំពីអំពើបាបរបស់ពួកគេ ហើយបានធ្វើបន្ទាល់អំពីព្រះពរ ដែលបានមកពីការគោរពប្រតិបត្តិតាម។ ពួកគេបានព្យាករអំពីការយាងមកនៃព្រះគ្រីស្ទ គឺជាអ្នកដែលនឹងធ្វើឲ្យធួននឹងបាបនៃអស់អ្នកណាដែលប្រែចិត្ត ទទួលពិធី បរិសុទ្ធ ហើយរស់នៅតាមដំណឹងល្អ។ គម្ពីរទាំងឡាយនៃពួកព្យាការីគឺ អេសាយ យេរេមា អេសេគាល ដានីយ៉ែល ហូសេ យ៉ូអែល អេម៉ុស អូបាឌា យ៉ូណាស មីកា ណាហ៊ុម ហាបាគុក សេផានា ហាកាយ សាការី និងម៉ាឡាគី។
ព្រះគម្ពីរសញ្ញាចាស់ភាគច្រើនត្រូវបានសរសេរក្នុងភាសាហេព្រើរ។ មានការសរសេរបន្តិចបន្តួចដែរដែលជាភាសាអើរ៉ាម ជាភាសាប្រហែលគ្នា។