រោងឧបោសថ
ជាដំណាក់នៃព្រះអម្ចាស់ គឺជាកន្លែងដែលពួកអ៊ីស្រាអែលថ្វាយបង្គំ កាលបានចេញមកពីស្រុកអេស៊ីព្ទ។ តាមពិត រោងឧបោសថ គឺជាព្រះវិហារយកទៅណាបាន ហើយអាចរើជាបំណែក ហើយដំឡើងវិញបាន។ ពួកកូនចៅអ៊ីស្រាអែលបានប្រើរោងឧបោសថបែបនេះ រហូតដល់គេសង់ព្រះវិហារសាឡូម៉ូន (គ. និង ស. ១២៤:៣៨)។
ព្រះទ្រង់បានបើកសម្ដែងប្រាប់គំរូនៃរោងឧបោសថដល់លោកម៉ូសេ (និក្ខ. ២៦–២៧) ហើយពួកកូនចៅអ៊ីស្រាអែលបានធ្វើតាមគំរូនោះ (និក្ខ. ៣៥–៤០)។ កាលគេបានធ្វើរោងឧបោសថរួចស្រេចហើយ នោះមានពពកមកគ្របដណ្ដប់លើត្រសាល ហើយសិរីល្អនៃព្រះអម្ចាស់បានស្ថិតនៅពេញក្នុងរោងឧបោសថ (និក្ខ. ៤០:៣៣–៣៤)។ ពពកគឺជាទីសម្គាល់ថា ព្រះទ្រង់គង់នៅទីនោះ។ នៅពេលយប់ មានរូបរាងដូចជាភ្លើង។ កាលណាពពកស្ថិតនៅលើត្រសាល ពួកកូនចៅអ៊ីស្រាអែលក៏បោះជំរំ។ កាលណាពពកចេញទៅ ពួកគេក៏ចេញទៅតាម (និក្ខ. ៤០:៣៦–៣៨; ជនគ. ៩:១៧–១៨)។ ពួកកូនចៅអ៊ីស្រាអែលបានសែងរោងឧបោសថទៅជាមួយពួកគេ កាលគេដើររសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយកាលគេច្បាំងយកដែនដីកាណាន។ បន្ទាប់ពីចម្បាំងនោះមក រោងឧបោសថត្រូវបានទុកនៅស្រុកស៊ីឡូរ ជាកន្លែងដែលព្រះអម្ចាស់ទ្រង់បានរើស (យ៉ូស្វេ ១៨:១)។ ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានសង់ព្រះវិហារ សាឡូម៉ូនរួច នោះរោងឧបោសថក៏បាត់បង់អស់ពីប្រវត្តិសាស្ត្រទៅ។
ព្រះអម្ចាស់ និងអេសាយបានយករោងឧបោសថ មកប្រើជានិមិត្តរូបអំពីទីក្រុងស៊ីយ៉ូនទាំងឡាយ និងជានិមិត្តរូបអំពីក្រុងយេរូសាឡិម កាលព្រះអម្ចាស់ទ្រង់នឹងយាងមកជាលើកទីពីរ (អេសាយ ៣៣:២០; ម៉ូសេ ៧:៦២)។