ជំនួយ​ការសិក្សា
និក្ខមនំ


និក្ខមនំ

ជា​គម្ពីរ​មួយ​សរសេរ​ដោយ​លោក​ម៉ូសេ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​អធិប្បាយ​ប្រាប់​អំពី​ការ​ចាក​ចេញ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីព្ទ។ ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល​មុនដំបូង ដូចដែល​បាន​កត់​ទុក​នៅ​ក្នុង​គម្ពីរ​និក្ខមនំ អាច​ចែក​ចេញ​ជា​បី​ភាគ​គឺ ៖ (១) ទាស​ភាព​នៃ​ប្រជាជន​ទៅ​ស្រុក​អេស៊ីព្ទ (២) ការ​ដែល​គេ​ចេញ​ដំណើរ​ពី​ស្រុក​អេស៊ីព្ទ​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​លោក​ម៉ូសេ និង (៣) ការ​ដែល​គេ​ឧទ្ទិស​កិច្ចការ​ព្រះ​ក្នុង​ជីវភាព​ខាង​សាសនា​របស់​គេ និង​ជីវភាព​ខាង​រដ្ឋាភិបាល​របស់​គេ។

ភាគ​ទី ១ គឺ​ជំពូក​ទី ១–១៥ ពន្យល់​ប្រាប់​អំពី​ការ​សង្កត់សង្កិន​ពួក​សាសន៍​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ; អំពី​ប្រវត្តិ​មុនដំបូង និង​ការ​ហៅ​របស់​ម៉ូសេ; អំពី​និក្ខមនំ និង​បាន​ស្ថាបនា​បុណ្យ​រំលង; និង​អំពី​ដំណើរ​ទៅ​សមុទ្រ​ក្រហម ការ​បំផ្លាញ​ទ័ព​ផារ៉ោន និង​ចម្រៀង​របស់​ម៉ូសេ​អំពី​ជ័យ​ជម្នះ។

ភាគ​ទី ២ គឺ​ជំពូក​ទី ១៥–១៨ ប្រាប់​អំពី​សេចក្ដី​ប្រោស​លោះ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល និង​ហេតុការណ៍​ក្នុង​ដំណើរ​ពី​សមុទ្រ​ក្រហម​ទៅ​ភ្នំ​ស៊ីណាយ អំពី​ទឹក​ម៉ា​រ៉ា​ល្វីង ការ​ប្រទាន​នូវ​សត្វ​ក្រួច និង​នំ​ម៉ាន៉ា ការ​គោរព​ថ្ងៃ​ឈប់​សម្រាក អំណោយ​ទាន​នូវ​ទឹក នៅ​រេផិឌីម យ៉ាង​អស្ចារ្យ និង​ចម្បាំង​នៅ​ទី​នោះ​ជាមួយ​នឹង​ពួក​សាសន៍​អាម៉ាលេក អំពី​ការ​មក​នៃ​លោក​យេត្រូ​នៅ​ក្នុង​ជំរំ និង​ពាក្យ​ទូន្មាន​របស់​លោក​អំពី​រដ្ឋាភិបាល​របស់​ប្រជាជន។

ភាគ​ទី ៣ គឺ​ជំពូក​ទី ១៩–៤០ ទាក់​ទង​នឹង​ការ​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ថ្វាយ​ខ្លួន​ចំពោះ​កិច្ចការ​របស់​ព្រះ​ចំពោះ​ហេតុការណ៍ ដ៏​ម៉ឺងម៉ាត់​នៅ​ភ្នំ​ស៊ីណាយ។ ព្រះ​អម្ចាស់​ទ្រង់​ញែក​ប្រជាជន​ចេញ​ជា​នគរ​នៃ​ពួក​សង្ឃ និង​ជា​សាសន៍​បរិសុទ្ធ ទ្រង់​បាន​ប្រទាន​ព្រះ​បញ្ញត្តិ ១០ ប្រការ ហើយ​ទ្រង់​បាន​បង្គាប់​អំពី​រោង​ឧបោសថ គ្រឿង​តុបតែង និង​ការ​ថ្វាយ​បង្គំ​នៅ​ខាង​ក្នុង។ បន្ទាប់​មក មាន​ដំណើរ​រឿង​អំពី​អំពើ​បាប​របស់​ប្រជាជន ចំពោះ​ការ​ថ្វាយ​បង្គំ​កូន​គោ​មាស ហើយ​ចុង​ក្រោយ​បង្អស់ អំពី​ដំណើរ​រឿង​នៃ​ការ​សង់​រោង​ឧបោសថ និង​គ្រឿង​សម្រាប់​កិច្ចការ។