បព្វជិតភាពម៉ិលគីស្សាដែក
បព្វជិតភាពម៉ិលគីស្សាដែក គឺជាបព្វជិតភាពដ៏ខ្ពស់ ឬធំជាង។ បព្វជិតភាពអើរ៉ុន គឺជាបព្វជិតភាពទាបជាង។ បព្វជិតភាពម៉ិលគីស្សាដែក មានរួមទាំងកូនសោនៃព្រះពរទាំងឡាយខាងវិញ្ញាណនៅក្នុងសាសនាចក្រ។ ដោយសារពិធីបរិសុទ្ធនៃបព្វជិតភាពដ៏ខ្ពស់ជាង នោះអំណាចនៃការងារខាងព្រះត្រូវបានបង្ហាញដល់មនុស្ស (គ. និង ស. ៨៤:១៨–២៥; ១០៧:១៨–២១)។
មុនដំបូង ព្រះទ្រង់បានបង្ហាញបព្វជិតភាពដ៏ខ្ពស់ជាងនេះ ដល់លោកអ័ដាម។ ពួកអយ្យកោ និងពួកព្យាការីនៅគ្រប់ការកាន់កាប់ត្រួតត្រា គេមានអំណាចនេះ (គ. និង ស. ៨៤:៦–១៧)។ មុនដំបូង បព្វជិតភាពនេះត្រូវបានហៅថា បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ។ ក្រោយមក បានស្គាល់ថា បព្វជិតភាពម៉ិលគីស្សាដែក (គ. និង ស. ១០៧:២–៤)។
កាលពួកកូនចៅអ៊ីស្រាអែលមិនបានរស់នៅតាមឯកសិទ្ធិ និងសេចក្ដីសញ្ញាទាំងឡាយ នៃបព្វជិតភាពម៉ិលគីស្សាដែក នោះព្រះអម្ចាស់ ទ្រង់បានដកយកក្រឹត្យវិន័យដ៏ខ្ពស់ជាង ហើយបានប្រទានឲ្យគេនូវបព្វជិតភាពទាបជាង និងក្រឹត្យវិន័យទាបជាង (គ. និង ស. ៨៤:២៣–២៦)។ គឺបានហៅថា បព្វជិតភាពអើរ៉ុន និងក្រឹត្យវិន័យលោកម៉ូសេ។ កាលព្រះយេស៊ូវទ្រង់បានយាងមកផែនដី នោះទ្រង់បានសាងឡើងវិញនូវបព្វជិតភាពម៉ិលគីស្សាដែកដល់ពួកសាសន៍យូដា ហើយបានចាប់ផ្ដើមសាងសាសនាចក្រនៅក្នុងចំណោមពួកគេ។ ប៉ុន្តែបព្វជិតភាព និងសាសនាចក្រក៏បានបាត់ម្ដងទៀត ដោយសារការក្បត់សាសនា។ ក្រោយមក គឺបានសាងឡើងវិញ ដោយយ៉ូសែប ស៊្មីធ ជុញ្ញ័រ (គ. និង ស. ២៧:១២–១៣; ១២៨:២០; យ.ស.—ប្រវត្តិ ១:៧៣)។
នៅក្នុងបព្វជិតភាពម៉ិលគីស្សាដែក គឺមានតំណែងទាំងឡាយនៃអែលឌើរនៃសង្ឃជាន់ខ្ពស់ នៃអយ្យកោ នៃពួក៧០នាក់ និងនៃសាវក (គ. និង ស. ១០៧)។ បព្វជិតភាពម៉ិលគីស្សាដែកនឹងទៅជាផ្នែកនៃនគរព្រះនៅលើផែនដីជានិច្ច។
ប្រធានលើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ឬបព្វជិតភាពម៉ិលគីស្សាដែក ហើយលោកកាន់អស់ទាំងកូនសោដែលទាក់ទងទៅនឹងនគរព្រះនៅលើផែនដី។ តំណែងជាប្រធាន គឺកាន់ដោយបុរសម្នាក់ប៉ុណ្ណោះនៅសម័យមួយៗ ហើយលោកជាមនុស្សតែមួយគត់នៅលើផែនដី ដែលមានសិទ្ធិអំណាចដើម្បីអនុវត្តនូវគ្រប់អស់ទាំងកូនសោនៃបព្វជិតភាព (គ. និង ស. ១០៧:៦៤–៦៧; គ. និង ស. ១៣២:៧)។