ជំនួយ​ការសិក្សា
ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ (ក.យ.ស.)


ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ (ក.យ.ស.)

ជា​ការ​កែ​សម្រួល ឬ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប​របស់​ស្ដេច​យេម្ស​ក្នុង​ភាសា​អង់គ្លេស ដែល​ព្យាការី​យ៉ូសែប ស៊្មីធ បាន​ចាប់​ផ្ដើម​កែ​នៅ​ខែ​មិថុនា ឆ្នាំ ១៨៣០។ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​លោក​ឲ្យ​បកប្រែ ហើយ​រាប់​ទុកជា​ផ្នែក​នៃ​តំណែង​របស់​លោក​ជា​ព្យាការី។

ទោះ​បី​យ៉ូសែប​បាន​បញ្ចប់​ការ​បកប្រែ​ភាគ​ច្រើន​នៅ​ខែ​កក្កដា ឆ្នាំ ១៨៣៣ ហើយ​ក៏​ដោយ គង់តែ​លោក​នៅ​តែ​ធ្វើ​ការ​កែប្រែ​ត​ទៅ រហូត​ដល់​ពេល​លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤៤ កាល​រៀបចំ​ឯកសារ​សម្រាប់​បោះពុម្ព។ លោក​បាន​បោះពុម្ព​ការ​បកប្រែ​ភាគ​ខ្លះ​នៅ​ក្នុង​ជីវិត​លោក ប្រហែលជា​លោក​អាច​បាន​កែប្រែ​បន្ថែម​ទៀត​ដែរ បើ​សិន​ជា​លោក​នៅ​រស់​ដើម្បី​បោះពុម្ព​ការ​បកប្រែ​ទាំង​អស់។ The Reorganized Church of Jesus Christ of Latter Day Saints (សាសនាចក្រ នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​រៀបចំ​ឡើង​វិញ) បាន​បោះពុម្ព​លើក​ទី ១ នូវ​ការ​បកប្រែ​ដ៏​ប្រសើរ​ដោយ​យ៉ូសែប ស៊្មីធ នៅ​ឆ្នាំ ១៨៦៩។ គេ​បាន​បោះពុម្ព​ជា​ច្រើន​លើក ចាប់​តាំង​ពី​ពេល​នោះ​មក។

ព្យាការី​បាន​ដឹង​អំពី​ការណ៍​ជា​ច្រើន នៅ​ពេល​ធ្វើ​ការ​បកប្រែ​នោះ។ កណ្ឌ​ជា​ច្រើន​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា នោះ​បាន​ទទួល​មក​ដោយ​សារ​ការ​បកប្រែ​របស់​លោក (ដូច​ជា គ. និង ស. ៧៦, ៧៧, ៩១ និង ១៣២)។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​ក៏​បាន​ប្រទាន​ដល់​យ៉ូសែប​នូវ​ការ​បង្គាប់​ដ៏​ជាក់​លាក់​សម្រាប់​ការ​បកប្រែ​នោះ ដែល​បាន​កត់​ទុក​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា (គ. និង ស. ៣៧:១; ៤៥:៦០–៦១; ៧៦:១៥–១៨; ៩០:១៣; ៩១; ៩៤:១០; ១០៤:៥៨; ១២៤:៨៩)។ ឥឡូវ​នេះ មាន​គម្ពីរ​ម៉ូសេ និង​យ៉ូសែប ស៊្មីធ — ម៉ាថាយ​បាន​បញ្ចូល​ជាមួយ មុក្ដា​ដ៏​មាន​តម្លៃ​មហិមា គឺ​បាន​ដកស្រង់​ចេញ​ពី​ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ផ្ទាល់។

ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ​បាន​សាង​ឡើង​វិញ​នូវ​សេចក្ដី​ដ៏​ច្បាស់ និង​វិសេស​ខ្លះៗ ដែល​បាន​បាត់​ពី​ព្រះ​គម្ពីរ​ប៊ីប (១ នីហ្វៃ ១៣)។ ទោះ​បី​ជា​វា​មិនមែន​ជា​គម្ពីរ​តាម​ផ្លូវការ​របស់​សាសនាចក្រ​ក៏​ដោយ គង់តែ​ការ​បកប្រែ​នេះ​ផ្ដល់​នូវ​ការ​យល់​ដ៏​ជ្រាលជ្រៅ​ជា​ច្រើន ហើយ​ដ៏​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការ​យល់​ព្រះ​គម្ពីរ​ប៊ីប​ដែរ។ វា​ក៏​ជា​សាក្សី​មួយ​ចំពោះ​តំណែង និង​ការងារ​បម្រើ​ដ៏​ឧត្ដម​នៃ​ព្យាការី​យ៉ូសែប ស៊្មីធ។