ជំនួយ​ការសិក្សា
យ៉ូហាន, កូន​ប្រុស​របស់​សេបេដេ


យ៉ូហាន, កូន​ប្រុស​របស់​សេបេដេ

ជា​សាវក​ម្នាក់​ក្នុង​ពួក​១២ នាក់ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺជា​កូន​ប្រុស​របស់​សេបេដេ ហើយ​ជា​ប្អូន​ប្រុស​របស់​យ៉ាកុប។ លោក​ជា​អ្នក​នេសាទ​មុនដំបូង (ម៉ាកុស ១:១៧–២០)។ លោក​ប្រហែលជា​សិស្ស​របស់​យ៉ូហាន-បាទីស្ទ ដែល​មិន​បាន​ប្រាប់​ឈ្មោះ ដែល​បាន​ពោល​ដល់​នៅ​ក្នុង​គម្ពីរ​យ៉ូហាន ១:៤០។ ក្រោយ​មក លោក​បាន​ទទួល​ការងារ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ (ម៉ាថាយ ៤:២១–២២; លូកា ៥:១–១១)។ លោក​បាន​សរសេរ​ដំណឹង​ល្អ​តាម​លោក​យ៉ូហាន សំបុត្រ​បី​ច្បាប់ និង​គម្ពីរ​វិវរណៈ។ លោក​ជា​សិស្យ​ម្នាក់​ក្នុង​ពួក​បី​នាក់ ដែល​បាន​នៅ​ជាមួយ​នឹង​ព្រះ​អម្ចាស់ នៅ​គ្រា​ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស​ឲ្យ​រស់ (ម៉ាកុស ៥:៣៥–៤២), នៅ​លើ​ភ្នំ​នៃ​ការ​ប្រែ​រូប (ម៉ាថាយ ១៧:១–៩), ហើយ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី (ម៉ាថាយ ២៦:៣៦–៤៦)។ នៅ​ក្នុង​ការ​សរសេរ​របស់​លោក នោះ​លោក​បាន​ហៅ​ខ្លួន​ថា ជា​សិស្ស​ដែល​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់ (យ៉ូហាន ១៣:២៣; ២១:២០) ហើយ​ជា « សិស្ស​មួយ​នោះ » (យ៉ូហាន ២០:២–៨)។ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​ហៅ​លោក និង​បង​ប្រុស​លោក​ថា បោនអ៊ើកេ គឺ « កូន​ផ្គរលាន់ » (ម៉ាកុស ៣:១៧)។ មាន​ពាក្យ​យោង​អំពី​លោក​ជា​ញឹកញាប់ នៅ​ក្នុង​ដំណើរ​រឿង​នៃ​ការ​ឆ្កាង និង​ដំណើរ​រស់​ឡើង​វិញ (លូកា ២២:៨; យ៉ូហាន ១៨:១៥; ១៩:២៦–២៧; ២០:២–៨; ២១:១–២)។ ក្រោយ​មក លោក​ត្រូវ​ប្រោស​ចាល​ទៅ​ឯ​កោះ​ប៉ាត់ម៉ុស ជាទី​ដែល​លោក​សរសេរ គម្ពីរ​វិវរណៈ (វិវរ. ១:៩)។

យ៉ូហាន​ក៏​បាន​ពោល​ដល់​ជា​ញឹកញាប់​នៅ​ក្នុង​វិវរណៈ​ថ្ងៃ​ចុង​ក្រោយ (១ នីហ្វៃ ១៤:១៨–២៧; ៣ នីហ្វៃ ២៨:៦; អេធើរ ៤:១៦; គ. និង ស. ៧; ២៧:១២; ៦១:១៤; ៧៧; ៨៨:១៤១)។ វគ្គ​ទាំង​នេះ​បញ្ជាក់​នូវ​បញ្ជី​របស់​យ៉ូហាន ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ហើយ​ក៏​ផ្ដល់​នូវ​ការ​យល់​ដ៏​ជ្រាលជ្រៅ​អំពី​ការ​ធំ​សម្បើម និង​ការ​សំខាន់ៗ​នៃ​កិច្ច​ការ​ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​ធ្វើ​នៅ​លើ​ផែនដី នៅ​គ្រា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​នៅ​គ្រា​ចុង​ក្រោយ​នេះ។ បទគម្ពីរ​នៅ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​ថា យ៉ូហាន​មិន​បាន​ស្លាប់​ទេ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​នៅ​លើ​ផែនដី ជា​អ្នក​បម្រើ​ខាង​ការងារ​បម្រើ ដរាប​ដល់​ពេល​នៃ​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​អម្ចាស់ (យ៉ូហាន ២១:២០–២៣; ៣ នីហ្វៃ ២៨:៦–៧; គ. និង ស. ៧)។

សំបុត្រ​របស់​យ៉ូហាន 

ទោះ​បី​អ្នក​សរសេរ​សំបុត្រ​ទាំង​បី​ច្បាប់​នេះ មិន​បាន​ប្រាប់​ឈ្មោះ​ខ្លួន​ក៏​ដោយ គង់តែ​ពាក្យ​សំដី​មាន​បែបបទ​ជា​ខ្លាំង​ដូច​ជា​ពាក្យ​សំដី​របស់​យ៉ូហាន ជា​សាវក ម្ល៉ោះ​ហើយ បាន​ជា​គេ​សន្និដ្ឋាន​ថា​លោក​នេះ​ហើយ ដែល​បាន​សរសេរ​សំបុត្រ​ទាំង​បី​ច្បាប់​នេះ។

យ៉ូហាន​ទី ១ ជំពូក​ទី ១ ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​បាន​សេចក្ដី​ប្រកប​នឹង​ព្រះ។ ជំពូក​ទី ២ បញ្ជាក់​ថា​ពួក​បរិសុទ្ធ​ស្គាល់​ព្រះ ដោយ​សារ​ការ​គោរព​តាម ហើយ​បង្គាប់​កុំ​ឲ្យ​គេ​ស្រឡាញ់​លោកិយ។ ជំពូក​ទី ៣ ហៅ​ឲ្យ​មនុស្ស​ទាំង​អស់​ក្លាយ​ទៅ​ជា​កូន​ចៅ​នៃ​ព្រះ ហើយ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ជំពូក​ទី ៤ ពន្យល់​ប្រាប់​ថា ព្រះ​ជា​សេចក្ដី​ស្រឡាញ់ ហើយ​គង់​នៅ​ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ ជំពូក​ទី ៥ ពន្យល់​ប្រាប់​ថា ពួក​បរិសុទ្ធ​កើត​អំពី​ព្រះ ដោយ​សារ​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ។

យ៉ូហាន​ទី ២ ក៏​ដូច​ជា​យ៉ូហាន​ទី ១ ដែរ។ នៅ​ក្នុង​សំបុត្រ​នេះ យ៉ូហាន​អរ​សប្បាយ ពី​ព្រោះ​តែ​សេចក្ដី​ស្មោះត្រង់​នៃ​កូន​ចៅ​របស់ « លោក​រើស​តាំង »។

យ៉ូហាន​ទី ៣ សរសើរ​មនុស្ស​ម្នាក់​ឈ្មោះ​កៃយុស ចំពោះ​សេចក្ដី​ស្មោះត្រង់ និង​ជំនួយ​របស់​គាត់ ដែល​បាន​ផ្ដល់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត។

ដំណឹង​ល្អ​តាម​លោក​យ៉ូហាន 

នៅ​ក្នុង​គម្ពីរ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នេះ យ៉ូហាន​ជា​សាវក បាន​ធ្វើ​បន្ទាល់​ថា (១) ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ ឬ​ព្រះ​មែស៊ី ហើយ (២) ថា​ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ (យ៉ូហាន ២០:៣១)។ ភាព​អំពី​ជីវិត​របស់​ព្រះ​យេស៊ូវ ដែល​លោក​បាន​អធិប្បាយ​ប្រាប់ គឺ​បាន​រើស ហើយ​រៀប​យ៉ាង​ផ្ចិតផ្ចង់ ដោយ​ព្រោះ​គោលបំណង​នេះ។ គម្ពីរ​នេះ​ចាប់​ផ្ដើម​នឹង​សេចក្ដី​ថ្លែង​អំពី​ស្ថានភាព​នៃ​ព្រះ​គ្រីស្ទ កាល​មាន​ព្រះ​ជន្ម​រស់នៅ​មុន​ផែនដី​គឺ ៖ ទ្រង់​គង់​នៅ​ជាមួយ​នឹង​ព្រះ ទ្រង់​ជា​ព្រះ ហើយ​ទ្រង់​ជា​អ្នក​បង្កើត​នូវ​អ្វីៗ​ទាំង​អស់។ ទ្រង់​បាន​កើត​ក្នុង​សាច់ឈាម ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា។ យ៉ូហាន​រៀបរាប់​អំពី​ដំណើរ​ការងារ​បម្រើ របស់​ព្រះ​យេស៊ូវ គឺ​បញ្ជាក់​យ៉ាង​ខ្លាំង​អំពី​ទេវ​ភាព​របស់​ទ្រង់ និង​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ទ្រង់។ លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​សម្ដែង​ដោយ​ឫទ្ធិ​បារមី ដោយ​ទី​បន្ទាល់ ដោយ​ពួក​ព្យាការី និង​ដោយ​សំឡេង​របស់​ព្រះ​គ្រីស្ទ​ផ្ទាល់។ យ៉ូហាន​បង្រៀន ដោយ​ប្រើ​ពាក្យ​ផ្ទុយ​អំពី​ពន្លឺ និង​ងងឹត, ខុស និង​ត្រូវ, ល្អ និង​អាក្រក់, ព្រះ និង​អារក្ស។ មើល​ទៅ ប្រហែលជា​គ្មាន​បញ្ជី​ឯណា​ទៀត ដែល​ប្រកាស​ប្រាប់​អំពី​បរិសុទ្ធភាព​នៃ​ព្រះ​យេស៊ូវ និង​ភាព​ស្មោះត្រង់​នៃ​ពួក​អ្នក​ត្រួតត្រា​សាសន៍​យូដា ដែល​ច្បាស់​ជាង​នេះ​ឡើយ។

យ៉ូហាន​បាន​សរសេរ​តែ​ពី​ការងារ​បម្រើ​របស់​ព្រះ​គ្រីស្ទ​នៅ​ខេត្ត​យូដា ជា​ពិសេស គឺ​អាទិត្យ​ចុង​ក្រោយ​បង្អស់​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី រីឯ​ម៉ាថាយ ម៉ាកុស និង​លូកា​បាន​សរសេរ​តែ​ពី​ការងារ​បម្រើ​របស់​ទ្រង់នៅ​ស្រុក​កាលីឡេ។ វគ្គ​ជា​ច្រើន​ចេញ​ពី​ដំណឹង ល្អ​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ (គ. និង ស. ៧ និង គ. និង ស. ៨៨:១៣៨–១៤១)។

ចំពោះ​ជំពូក​សង្ខេប សូម​មើល « ដំណឹង​ល្អ​ទាំង​ឡាយ »។

គម្ពីរ​វិវរណៈ