យ៉ូប
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាបុរសសុចរិតម្នាក់ ដែលបានរងទុក្ខនូវសេចក្ដីទុក្ខវេទនាជាច្រើន ប៉ុន្តែនៅតែមានចិត្តស្មោះត្រង់ចំពោះជំនឿរបស់លោកដល់ព្រះ។ រឿងលោកគឺបានរៀបរាប់ប្រាប់នៅក្នុងគម្ពីរយ៉ូប។
គម្ពីរយ៉ូប
ទោះបីជាគម្ពីរនេះស្ដីអំពីការរងទុក្ខរបស់យ៉ូបក៏ដោយ គង់តែមិនបានប្រាប់អំពីហេតុអ្វីបានជាយ៉ូប (ឬអ្នកឯទៀត) ត្រូវរងទុក្ខឈឺចាប់ ហើយបាត់បង់គ្រួសារ និងរបស់របរលោកដែរ។ គម្ពីរនេះបញ្ជាក់ថា ការមានសេចក្ដីទុក្ខវេទនា គឺមិនចាំបាច់ថា មនុស្សនោះមានបាបឡើយ។ ព្រះអម្ចាស់ទ្រង់អាចប្រើសេចក្ដីទុក្ខវេទនាសម្រាប់ការពិសោធន៍ ការអប់រំ និងការប្រៀនប្រដៅ ព្រមទាំងសម្រាប់ដាក់ទោស (គ. និង ស. ១២២)។
គម្ពីរនេះអាចចែកចេញជាបួនភាគ។ ជំពូកទី ១–២ ជាអារម្ភបទរឿង។ ជំពូកទី ៣–៣១ រៀបរាប់អំពីការពិគ្រោះគ្នារវាងយ៉ូប និងមិត្តបីនាក់។ ជំពូកទី ៣២–៣៧ មានពាក្យពេចន៍របស់អេលីហ៊ូវ ជាមិត្តទីបួន ដែលបានថ្កោលទោសយ៉ូប ចំពោះហេតុផ្សេងៗ ផ្សេងពីហេតុនៃពួកមិត្តបីនាក់មុន។ ជំពូកទី ៣៨–៤២ បញ្ចប់គម្ពីរដោយពាក្យធានាជាថ្មីទៀតដល់យ៉ូបថា ដំណើរជីវិតលោកគឺជាដំណើរដ៏ល្អមួយ ចាប់តាំងពីដើមដំបូងមក។
គម្ពីរយ៉ូបបង្រៀនថា បើអ្នកណាមានការចេះដឹងដ៏ពិតប្រាកដអំពីព្រះ ហើយរស់នៅតាមរបៀបដែលគួរសមចំពោះព្រះ អ្នកនោះនឹងអាចទ្រាំនូវការពិសោធន៍ ដែលមានមកលើខ្លួន បានកាន់តែប្រសើរឡើង។ សេចក្ដីជំនឿដ៏ស្ថិតស្ថេររបស់យ៉ូបមានខ្លឹមសារតាមបទបន្ទរថា ៖ « ទោះបីទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ » (យ៉ូប ១៣:១៥)។ យ៉ូបក៏បានពោលដល់នៅក្នុងគម្ពីរអេសេ. ១៤:១៤; យ៉ាកុប (ព.ស.ថ.) ៥:១១; គ. និង ស. ១២១:១០។