ម៉ូសេ
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបាននាំពួកសាសន៍អ៊ីស្រាអែលចេញពីការឃុំឃាំងរបស់ពួកសាសន៍អេស៊ីព្ទ ហើយបានផ្ដល់ដល់ពួកគេនូវក្រឹត្យវិន័យទាំងឡាយខាងសាសនា ខាងសង្គម និងខាងម្ហូបអាហារ ដែលបានបើកសម្ដែងប្រាប់ដោយព្រះ។
ការងារបម្រើរបស់ម៉ូសេបន្តហួសកម្រិតនៃជីវិតរបស់លោកនៅលើផែនដី។ យ៉ូសែប ស៊្មីធបានបង្រៀនថា លោកបានមកជាមួយនឹងអេលីយ៉ា មកលើភ្នំនៃការប្រែរូប ហើយបានប្រគល់កូនសោទាំងឡាយនៃបព្វជិតភាព ទាំងប៉ុន្មានមកលើពេត្រុស យ៉ាកុប និងយ៉ូហាន (ម៉ាថាយ ១៧:៣–៤; ម៉ាកុស ៩:៤–៩; លូកា ៩:៣០; គ. និង ស. ៦៣:២១)។
ម៉ូសេបានលេចមកឯយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ១៨៣៦ នៅក្នុងព្រះវិហារនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ហើយបានប្រគល់ដល់គេនូវកូនសោទាំងឡាយនៃការប្រមូលសាសន៍អ៊ីស្រាអែល (គ. និង ស. ១១០:១១)។
វិវរណៈនៅថ្ងៃចុងក្រោយស្ដីជាច្រើនអំពីម៉ូសេ។ លោកត្រូវបានពោលដល់ជាញឹកញាប់ នៅក្នុងព្រះគម្ពីរមរមន ហើយចេញពីគោលលទ្ធិ និងសេចក្ដីសញ្ញា យើងដឹងអំពីការងារបម្រើរបស់លោក (គ. និង ស. ៨៤:២០–២៦) ហើយដឹងថាលោកបានទទួលបព្វជិតភាពពីយេត្រូ ជាឪពុកក្មេករបស់លោក (គ. និង ស. ៨៤:៦)។
វិវរណៈនៅថ្ងៃចុងក្រោយ ក៏បញ្ជាក់ប្រាប់ពីហេតុរឿងក្នុងព្រះគម្ពីរប៊ីប អំពីការងារបម្រើរបស់លោក នៅក្នុងចំណោមពួកកូនចៅអ៊ីស្រាអែល ហើយបញ្ជាក់ប្រាប់ថែមទៀតថា លោកគឺជាអ្នកនិពន្ធគម្ពីរ៥ច្បាប់ ដែលចាប់ផ្ដើមព្រះគម្ពីរសញ្ញាចាស់ (១ នីហ្វៃ ៥:១១; ម៉ូសេ ១:៤០–៤១)។
គម្ពីរម៉ូសេ
ជាគម្ពីរមួយនៅក្នុងមុក្ដាដ៏មានតម្លៃមហិមា ដែលមាននូវការបកប្រែដ៏បំផុសគំនិតដោយយ៉ូសែប ស៊្មីធ គឺ ប្រាំពីរជំពូកដំបូងបង្អស់នៃគម្ពីរលោកុប្បត្តិ។
ជំពូកទី ១ កត់អំពីការនិមិត្តមួយ ដែលម៉ូសេបានឃើញព្រះ ដែលបានបើកសម្ដែងដល់លោក អំពីផែនការនៃសេចក្ដីសង្គ្រោះទាំងមូល។ ជំពូកទី ២–៥ គឺជាដំណើររឿងអំពីការបង្កបង្កើត និងការធ្លាក់នៃមនុស្ស។ ជំពូកទី ៦–៧ មានការនិមិត្តមួយអំពីលោកហេណុក និងការងារបម្រើរបស់លោកនៅលើផែនដី។ ជំពូកទី ៨ មានការនិមិត្តមួយអំពីលោកណូអេ និងទឹកជំនន់ដ៏ធំ។
គម្ពីរ៥ច្បាប់នៃលោកម៉ូសេ
គម្ពីរ៥ច្បាប់ដំបូងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺបានស្គាល់ជាគម្ពីរទាំងឡាយនៃលោកម៉ូសេ។ ផ្ទាំងលង្ហិនដែលនីហ្វៃបានយកពីឡាបាន់ នោះមានគម្ពីរទាំងឡាយនៃលោកម៉ូសេ (១ នីហ្វៃ ៥:១១)។