អេណុស, កូនប្រុសរបស់យ៉ាកុប
ជាព្យាការីសាសន៍នីហ្វៃ ហើយជាអ្នកកត់បញ្ជីម្នាក់នៅក្នុងព្រះគម្ពីរមរមន ដែលបានអធិស្ឋានសូម ហើយបានទទួលការផ្ដាច់បាបរបស់លោក ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ (អេណុស ១:១–៨)។ ព្រះអម្ចាស់ទ្រង់បានធ្វើសេចក្ដីសញ្ញានឹងអេណុសថា នឹងនាំព្រះគម្ពីរមរមនចេញមកឲ្យពួកសាសន៍លេមិន (អេណុស ១:១៥–១៧)។
គម្ពីរអេណុស
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរមរមន ដែលប្រាប់អំពីពាក្យអធិស្ឋានរបស់អេណុសដល់ព្រះអម្ចាស់ សូមការអត់ទោសផ្ទាល់ខ្លួន ហើយជំនួសប្រជារាស្ត្រលោក និងជំនួសអ្នកផ្សេងៗទៀត។ ព្រះអម្ចាស់ទ្រង់បានសន្យានឹងលោកថា ព្រះគម្ពីរមរមននឹងត្រូវបានរក្សាទុក ហើយនឹងធ្វើឲ្យមានដល់ពួកសាសន៍លេមិននៅថ្ងៃក្រោយ។ ទោះជាគម្ពីរមានតែមួយជំពូកក៏ដោយ គង់តែបានកត់នូវរឿងដ៏អស្ចារ្យអំពីបុរសម្នាក់ ដែលបានស្វែងរកព្រះរបស់លោក ដោយការអធិស្ឋាន បានរស់នៅដោយគោរពតាមបញ្ញត្តិទាំងឡាយរបស់ព្រះ ហើយមុនលោកស្លាប់ទៅ នោះលោកមានសេចក្ដីអំណរចំពោះការចេះដឹងរបស់លោកអំពីព្រះដ៏ប្រោសលោះ។