ពេត្រុស
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពីដើមគេស្គាល់ពេត្រុសថាជាស៊ីម្មាន ឬស៊ីម៉ូន (២ ពេត្រុស ១:១), គឺជាអ្នកនេសាទពីស្រុកបេតសៃដា រស់នៅក្រុងកាពើណិមជាមួយនឹងប្រពន្ធលោក។ ព្រះយេស៊ូវបានប្រោសឲ្យម្ដាយនៃប្រពន្ធពេត្រុសបានជា (ម៉ាកុស ១:២៩–៣១)។ ពេត្រុសត្រូវបានហៅជាមួយនឹងអនទ្រេ ជាប្អូនប្រុស ឲ្យធ្វើជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ (ម៉ាថាយ ៤:១៨–២២; ម៉ាកុស ១:១៦–១៨; លូកា ៥:១–១១)។ ឈ្មោះលោកក្នុងភាសាអើរ៉ាមគឺ កេផាស មានន័យថា « អ្នកមើលឆុត » ឬ « ថ្ម » ដែលព្រះអម្ចាស់ទ្រង់បានដាក់ឲ្យ (យ៉ូហាន ១:៤០–៤២; ក.យ.ស., យ៉ូហាន ១:៤២)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី បានស្ដីអំពីការទន់ខ្សោយខាងសាច់ឈាមរបស់ពេត្រុសខ្លះៗ តែក៏បានបង្ហាញថា លោកមានជ័យជម្នះលើការទន់ខ្សោយទាំងនោះ ហើយត្រូវបានធ្វើឲ្យមានកម្លាំងមាំមួន ដោយសារសេចក្ដីជំនឿដែលលោកមានដល់ព្រះយេស៊ូវគ្រីស្ទ។
ពេត្រុសបានធ្វើបន្ទាល់ថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ហើយជាព្រះរាជបុត្រានៃព្រះ (យ៉ូហាន ៦:៦៨–៦៩), ហើយព្រះអម្ចាស់ ទ្រង់បានរើសតាំងលោកឲ្យកាន់កូនសោទាំងឡាយនៃនគរនៅលើផែនដី (ម៉ាថាយ ១៦:១៣–១៨)។ នៅលើភ្នំនៃការប្រែរូប ពេត្រុសបានឃើញព្រះអង្គសង្គ្រោះ ដែលបានប្រែរូប ព្រមទាំងលោកម៉ូសេ និងលោកអេលីយ៉ាផង (ម៉ាថាយ ១៧:១–៩)។
ពេត្រុសជាមេសាវកនៅសម័យលោក។ បន្ទាប់ពីការសុគត ការរស់ឡើងវិញ និងការយាងឡើងនៃព្រះអង្គសង្គ្រោះ នោះលោកបានហៅសាសនាចក្រមកជុំគ្នា ហើយបានចាត់ចែងហៅសាវកម្នាក់ឲ្យធ្វើជំនួស យូដាស-អ៊ីស្ការីយ៉ុត (កិច្ចការ ១:១៥–២៦)។ ពេត្រុស និងយ៉ូហានបានប្រោសមនុស្សម្នាក់ ដែលខ្វិនពីកំណើតឲ្យជា (កិច្ចការ ៣:១–១៦) ហើយត្រូវបានលែងចេញពីគុកដោយអព្ភូតហេតុ (កិច្ចការ ៥:១១–២៩; ១២:១–១៩)។ តាមរយៈការងារបម្រើរបស់ពេត្រុស ទើបដំណឹងល្អត្រូវបានបើកផ្សាយជាលើកទីមួយដល់ពួកសាសន៍ដទៃ (កិច្ចការ ១០–១១)។ នៅគ្រាចុងក្រោយ ពេត្រុស ជាមួយនឹងយ៉ាកុប និងយ៉ូហាន បានចុះមកពីស្ថានសួគ៌ ហើយបានប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងកូនសោទាំងឡាយនៃបព្វជិតភាពនោះទៅលើយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី (គ. និង ស. ២៧:១២–១៣; ១២៨:២០)។
សំបុត្រទី១របស់ពេត្រុស
គឺជាសំបុត្រទី ១ ដែលបានសរសេរពី « ក្រុងបាប៊ីឡូន » (ប្រហែលជាក្រុងរ៉ូម) ហើយបានផ្ញើទៅពួកបរិសុទ្ធ នៅកន្លែងដែលឥឡូវនេះហៅថា អាស៊ីតូច ក្រោយបន្តិចពីនេរ៉ូបានចាប់ផ្ដើមបៀតបៀនពួកគ្រីស្ទាន។
ជំពូកទី ១ ស្ដីអំពីតំណែងរបស់ព្រះគ្រីស្ទ ដែលបានតែងតាំងមុនផែនដី ឲ្យធ្វើជាព្រះដ៏ប្រោសលោះ។ ជំពូកទី ២–៣ ពន្យល់ប្រាប់ថាព្រះគ្រីស្ទ គឺជាថ្មជ្រុងយ៉ាងឯកនៃសាសនាចក្រ ថាពួកបរិសុទ្ធកាន់នូវបព្វជិតភាពក្សត្រ ហើយថា ព្រះគ្រីស្ទ ទ្រង់បានទៅផ្សាយនៅឯស្ថានឃុំព្រលឹង។ ជំពូកទី ៤–៥ ពន្យល់ប្រាប់អំពីមូលហេតុដែលដំណឹងល្អត្រូវបានផ្សាយដល់ពួកមនុស្សស្លាប់ ហើយអំពីមូលហេតុដែលពួកអែលឌើរត្រូវចិញ្ចឹមហ្វូងចៀម។
សំបុត្រទី២របស់ពេត្រុស
ជំពូកទី ១ ទូន្មានឲ្យពួកបរិសុទ្ធធ្វើការងារ និងការរើសតាំងឲ្យបានពិតប្រាកដ។ ជំពូកទី ២ ព្រមានអំពីពួកគ្រូក្លែងក្លាយ។ ជំពូកទី ៣ ស្ដីអំពីគ្រាចុងក្រោយ និងអំពីការយាងមកលើកទីពីរនៃព្រះគ្រីស្ទ។