យ៉ាកុប, ប្អូនប្រុសរបស់ព្រះអម្ចាស់
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាប្អូនប្រុសរបស់ព្រះអម្ចាស់ (កាឡាទី ១:១៩)។ ហើយជាបងរបស់យ៉ូស្វេ ស៊ីម៉ូន យូដាស និងប្អូនស្ត្រីខ្លះ (ម៉ាថាយ ១៣:៥៥–៥៦; ម៉ាកុស ៦:៣; យូដាស ១:១)។ លោកក៏បានស្គាល់ថា យ៉ាកុប ជាអ្នកសុចរិត ហើយបានកាន់មុខងារសំខាន់មួយ នៅក្នុងសាសនាចក្រ នៅក្រុងយេរូសាឡិម (កិច្ចការ ១២:១៧; ១៥:១៣; ១ កូរិន. ១៥:៧; កាឡាទី ២:៩–១២)។ ប្រហែលជាលោកនេះហើយ ដែលបានសរសេរសំបុត្ររបស់យ៉ាកុប។
សំបុត្ររបស់យ៉ាកុប
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ប្រភពទឹកដើមគឺជាសំបុត្រដែលបានសរសេរទៅពូជអ៊ីស្រាអែលទាំង១២ អំបូរ ដែលបានខ្ចាត់ខ្ចាយពាសពេញ ហើយប្រហែលជាបានសរសេរចេញពីក្រុងយេរូសាឡិម។ សំបុត្រនេះមាននូវសេចក្ដីចងក្រងដ៏ក្បោះក្បាយ អំពីសាសនាកិច្ច ព្រមទាំងពាក្យទូន្មានដ៏សំខាន់នៅក្នុងជំពូកទី ១ ថាបើអ្នកណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះឲ្យជួយ (យ៉ាកុប [ព.ស.ថ.] ១:៥–៦; យ.ស.—ប្រវត្តិ ១:៩–២០)។ ជំពូកទី ២ ទាក់ទងទៅនឹងសេចក្ដីជំនឿ និងការងារ។ ជំពូកទី ៣–៤ ស្ដីអំពីសេចក្ដីត្រូវការឲ្យទប់មាត់ និងការទូន្មាន កុំឲ្យពួកបរិសុទ្ធនិយាយអាក្រក់ពីគ្នា។ ជំពូកទី ៥ លើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យមានការអត់ធន់ ហើយឲ្យហៅពួកអែលឌើរឲ្យប្រទានពរឲ្យ កាលណាមានជំងឺ ក៏បង្រៀនអំពីព្រះពរអំពីការជួយអ្នកដទៃឲ្យប្រែចិត្តជឿ។