អ័ប្រាហាំ
ជាកូនប្រុសរបស់ថេរ៉ា កើតនៅអ៊ើរ ស្រុកខាល់ដេ (លោកុ. ១១:២៦, ៣១; ១៧:៥)។ ជាព្យាការីនៃព្រះអម្ចាស់ដែលព្រះអម្ចាស់ទ្រង់ បានធ្វើសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច ជាមួយនឹងលោក តាមរយៈសេចក្ដីសញ្ញាទាំងនេះ នោះអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរ។ អ័ប្រាហាំមានឈ្មោះដើមថា អាប់រ៉ាម។
គម្ពីរអ័ប្រាហាំ
បញ្ជីបុរាណដែលបានសរសេរដោយលោកអ័ប្រាហាំ ដែលបានមកជារបស់ផងសាសនាចក្រ ក្នុងឆ្នាំ ១៨៣៥។ បញ្ជីទាំងនេះ និងរក្ខិតសពខ្លះៗ បានរកឃើញនៅក្នុងរូងនៃពួកសាសន៍អេស៊ីព្ទ ដោយលោក អាន់តូនីយ៉ូ ឡេបូឡូ ដែលបានឲ្យរបស់ទាំងនេះទៅលោក មីកែល ចន្ទឡើរ។ លោកចន្ទឡើរបានតាំងពិព័រណ៍របស់ទាំងនេះនៅសហរដ្ឋ ក្នុងឆ្នាំ ១៨៣៥។ មិត្តភក្តិរបស់យ៉ូសែប ស៊្មីធខ្លះបានទិញរបស់ទាំងនោះពីលោកចន្ទឡើរ ហើយបានយករបស់ទាំងនោះទៅឲ្យព្យាការីដែលលោកបានបកប្រែ។ ឥឡូវនេះមានឃើញភាគខ្លះៗពីបញ្ជីទាំងឡាយនោះនៅក្នុងមុក្ដាដ៏មានតម្លៃមហិមា។
ជំពូកទី ១ កត់ត្រានូវការពិសោធន៍ទាំងឡាយរបស់អ័ប្រាហាំនៅអ៊ើរ ស្រុកខាល់ដេ ជាទីដែលពួកសង្ឃទុច្ចរិតបានខំរកបូជាលោក។ ជំពូកទី ២ ប្រាប់អំពីដំណើររបស់លោកទៅស្រុកកាណាន។ ព្រះអម្ចាស់ទ្រង់បានលេចមកឯលោក ហើយបានធ្វើសេចក្ដីសញ្ញាជាមួយ នឹងលោក។ ជំពូកទី ៣ កត់ត្រាថា លោកបានមើលឃើញសាកលលោក ហើយបានយល់ពីទំនាក់ទំនងរវាងភពទាំងឡាយនៅលើមេឃ។ ជំពូកទី ៤–៥ ជាដំណើររឿងមួយទៀតស្ដីអំពីការបង្កបង្កើត។
ពូជរបស់អ័ប្រាហាំ
ជាប្រជាជនណាដែលទទួលសេចក្ដីសន្យា និងសេចក្ដីសញ្ញាទាំងឡាយ ដែលព្រះទ្រង់បានធ្វើដល់លោកអ័ប្រាហាំ ដោយការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ មនុស្សប្រុសស្រីអាចទទួលពរទាំងឡាយនេះបាន បើសិនជាពួកគេជាពូជពង្សរបស់អ័ប្រាហាំពិត ឬក៏បានរាប់ចូលក្នុងត្រកូលរបស់លោក ដោយការឱបក្រសោបយកដំណឹងល្អ និងដោយការទទួលបុណ្យជ្រមុជទឹក (កាឡាទី ៣:២៦–២៩; ៤:១–៧; គ. និង ស. ៨៤:៣៣–៣៤; ១០៣:១៧; ១៣២:៣០–៣២; អ័ប្រា. ២:៩–១១)។ ពូជពង្សរបស់អ័ប្រាហាំពិត អាចបាត់បង់ពរទាំងប៉ុន្មាននោះទៅវិញ មកពីការមិនគោរពតាម (រ៉ូម ៤:១៣; ៩:៦–៨)។