ជំនួយ​ការសិក្សា
ក្រុង​ណៅវូ, រដ្ឋ​អិលលីណោយ (សហរដ្ឋ)


ក្រុង​ណៅវូ, រដ្ឋ​អិលលីណោយ (សហរដ្ឋ)

ជាទី​ក្រុង​មួយ​ដែល​បាន​តាំង​ឡើង ដោយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រាយ នៅ​ឆ្នាំ ១៨៣៩ នៅ​រដ្ឋ​អិលលីណោយ។ ក្រុង​នេះ​ស្ថិត​នៅ​ឯ​ទន្លេ មិស៊ីស៊ិបពី មាន​ចម្ងាយ​ប្រហែល ៣២០ គ.ម. ផ្នែក​ខាង​លើ​ទន្លេ​ពី​ក្រុង​សន្តលូវិស។

មក​ពី​មាន​ការ​បៀតបៀន​ទាំង​ឡាយ​នៅ​រដ្ឋ​មិសសួរី ទើប​ពួក​បរិសុទ្ធ បាន​ផ្លាស់​កន្លែង​ប្រមាណ ៣២០ គ.ម. ទៅ​ខាង​ទិស​ឦសាន គឺ​ឆ្លងកាត់​ទន្លេ​មិស៊ីស៊ិបពី ហើយ​ចូល​ទៅ​ក្នុង​រដ្ឋ​អិលលីណោយ ជា​កន្លែង​ដែល​គេ​រក​ឃើញ​ថា​មាន​ស្ថានភាព​ដ៏​គួរ​គាប់​ចិត្ត​ជាង។ បន្ទាប់​មក ពួក​បរិសុទ្ធ​បាន​ទិញ​ដី​នៅ​ក្បែរ​ទី​ក្រុង​ខមមើស ដែល​មិនទាន់​លូត​លាស់​នៅ​ឡើយ។ ដី​នេះ​គឺ​ស្ទើរ​ជា​វាលភក់​ល្បប់​ទាំង​ស្រុង ក្រៅ​ពី​អគារ​តូចតាច​ប៉ុណ្ណោះ។ ពួក​បរិសុទ្ធ​បាន​បង្ហូរទឹក​ចេញ​ពី​ដែនដី ហើយ​បាន​តាំង​ផ្ទះ​សំបែង​នៅ។ យ៉ូសែប ស៊្មីធ បាន​នាំ​គ្រួសារ​ទៅ​នៅ​ក្នុង​ផ្ទះ​ឈើ​តូច​មួយ។ ឈ្មោះ​ទី​ក្រុង​ខម​មើ​ស ក៏​បាន​ដូរ​ទៅ​ជា ណៅវូ តាម​ពាក្យ​ហេព្រើរ មាន​ន័យ​ថា « ស្អាតស្អំ »។

មាន​កណ្ឌ​ជា​ច្រើន​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​ដែល​បាន​កត់​នៅ​ក្រុង​ណៅវូ (គ. និង ស. ១២៤–១២៩, ១៣២, ១៣៥)។ ពួក​បរិសុទ្ធ​ត្រូវ​បាន​ប្រាប់​ឲ្យ​សង់​ព្រះ​វិហារ​មួយ​នៅ​ក្រុង​ណៅវូ (គ. និង ស. ១២៤:២៦–២៧)។ ពួក​គេ​បាន​សង់​ព្រះ​វិហារ​មួយ ហើយ​បាន​រៀបចំ​ធ្វើ​ស្តេក​ទាំង​ឡាយ​នៃ​ស៊ីយ៉ូន មុន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សំបែង​គេ នៅ​ឆ្នាំ ១៨៤៦។ ដោយ​សារ​តែ​ការ​បៀតបៀន​នេះ ទើប​ពួក​បរិសុទ្ធ​បាន​ចេញ​ពី​ទី​កន្លែង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច។