លូកា
ជាអ្នកនិពន្ធដំណឹងល្អតាមលោកលូកា និងគម្ពីរកិច្ចការនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយជាអ្នកផ្សាយសាសនាគូកនរបស់ប៉ុល។ លោកបានកើតមកពីឪពុកម្ដាយសាសន៍ក្រេក ហើយបានធ្វើគ្រូពេទ្យ (កូល៉ុស ៤:១៤)។ លូកាជាអ្នករៀនចេះដឹងណាស់។ លោកបានប្រាប់ថាខ្លួនជាគូកនរបស់សាវកប៉ុល កាលលោកបានចូលរួមដំណើរនឹងប៉ុលនៅឯទ្រអាស (កិច្ចការ ១៦:១០–១១)។ លូកាក៏បាននៅជាមួយនឹងប៉ុលនៅឯពីលីព កាលប៉ុលធ្វើដំណើរទៅក្រុងយេរូសាឡិមចុងក្រោយបង្អស់ (កិច្ចការ ២០:៦) ហើយអ្នកទាំងពីរបាននៅជាមួយគ្នា រហូតដល់ទៅដល់ក្រុងរ៉ូម។ លូកាក៏បាននៅជាមួយនឹងប៉ុល នៅគ្រាប៉ុលត្រូវពួករ៉ូមដាក់គុកលើកទីពីរ (២ ធីម៉ូ. ៤:១១)។ តាមទំនៀមទម្លាប់ពោលថា លោកត្រូវស្លាប់ជាទុក្ករបុគ្គល។
ដំណឹងល្អតាមលោកលូកា
ជាដំណើររឿងមួយដែលលូកាបានសរសេរអំពីព្រះយេស៊ូវគ្រីស្ទ និងការងារបម្រើកាលទ្រង់គង់នៅលើផែនដី។ គម្ពីរកិច្ចការរបស់ពួកសាវក គឺជាការបន្តនូវដំណឹងល្អតាមលោកលូកា។ លូកាបានទុកដំណើររឿងដែលបានសរសេរយ៉ាងក្បោះក្បាយ អំពីការងារបម្រើរបស់ព្រះយេស៊ូវ ដោយបង្ហាញថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនៃពួកសាសន៍យូដា ព្រមទាំងពួកសាសន៍ដទៃផង។ លោកបានសរសេរជាច្រើនអំពីការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវ និងអំពីព្រឹត្តិការណ៍ទាំងឡាយរបស់ទ្រង់។ នៅក្នុងគម្ពីរលូកា យើងបានដឹងពីដំណើររឿងតែមួយអំពីកាព្រីយ៉ែលមកឯសាការី និងនាងម៉ារា (លូកា ១); ពីពួកអ្នកគង្វាលសត្វចៀមទៅមើលទារកយេស៊ូវ (លូកា ២:៨–១៨); ពីព្រះយេស៊ូវនៅឯព្រះវិហារបរិសុទ្ធ កាលទ្រង់មានព្រះជន្មាយុ ១២ ឆ្នាំ (លូកា ២:៤១–៥២); ពីការហៅ និងចាត់ពួក៧០ នាក់ឲ្យទៅ (លូកា ១០:១–២៤); ពីព្រះយេស៊ូវបែកញើសទៅជាដំណក់ឈាម (លូកា ២២:៤៤); ពីការពិភាក្សាដែលព្រះយេស៊ូវទ្រង់បានមានព្រះបន្ទូលជាមួយនឹងពួកចោរ ដែលជាប់នៅលើឈើឆ្កាង (លូកា ២៣:៣៩–៤៣); និងពីព្រះយេស៊ូវទ្រង់សោយត្រី និងទឹកឃ្មុំ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ (លូកា ២៤:៤២–៤៣)។
ចំពោះជំពូកសង្ខេប សូមមើល « ដំណឹងល្អទាំងឡាយ »។