ម៉ាកុស
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យ៉ូហាន-ម៉ាកុស គឺជាកូនរបស់នាងម៉ារា ដែលនៅក្រុងយេរូសាឡិម (កិច្ចការ ១២:១២)។ លោកក៏ប្រហែលជាបងប្អូនជីដូនមួយ (ឬក្មួយ) របស់បាណាបាស (កូល៉ុស ៤:១០)។ លោកបានចេញពីក្រុងយេរូសាឡិមទៅជាមួយនឹងប៉ុល និងបាណាបាស កាលធ្វើដំណើរទៅផ្សាយសាសនាដំបូង ហើយបានទុកពួកគេនៅឯពើកា (កិច្ចការ ១២:២៥; ១៣:៥, ១៣)។ បន្ទាប់មក លោកបានទៅគីប្រុសជាមួយនឹងបាណាបាស (កិច្ចការ ១៥:៣៧–៣៩)។ លោកបាននៅឯក្រុងរ៉ូមជាមួយនឹងប៉ុល (កូល៉ុស ៤:១០; ភីលេ. ១:២៤)។ ហើយលោកបាននៅជាមួយនឹងពេត្រុស នៅឯបាប៊ីឡូន (ប្រហែលជារ៉ូម) (១ ពេត្រុស ៥:១៣)។ ចុងក្រោយបង្អស់ លោកបាននៅឯអេភេសូរជាមួយនឹងធីម៉ូថេ (២ ធីម៉ូ. ៤:១១)។
ដំណឹងល្អតាមលោកម៉ាកុស
ជាគម្ពីរទីពីរនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដំណឹងល្អតាមលោកម៉ាកុស ប្រហែលជាបានសរសេរនៅក្រោមការដឹកនាំរបស់ពេត្រុស។ គោលបំណងរបស់លោក គឺដើម្បីអធិប្បាយប្រាប់ថាព្រះអម្ចាស់ ជាព្រះរាជបុត្រានៃព្រះ ដែលមានព្រះជន្មរស់នៅ ហើយធ្វើកិច្ចការនៅក្នុងចំណោមមនុស្សលោក។ ម៉ាកុសអធិប្បាយ ដោយកម្លាំង និងចិត្តសុភាពរាបសា អំពីការសរសើរដែលមនុស្សផ្សេងគិតដល់ព្រះយេស៊ូវ។ ទំនៀមទម្លាប់ចែងថា បន្ទាប់ពីពេត្រុសបានស្លាប់ទៅ នោះម៉ាកុសបានទៅឯស្រុកអេស៊ីព្ទ បានរៀបកសាងសាសនាចក្រនៅឯស្រុកអ័លេក្សានទ្រា ហើយបានស្លាប់ដោយទុក្ករកម្ម។
ចំពោះជំពូកសង្ខេប សូមមើល « ដំណឹងល្អទាំងឡាយ »។